មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនៅថ្ងៃសុក្រនេះលើកឡើងថា អាកាសធាតុនៅកម្ពុជាអាចនឹងចុះត្រជាក់ខ្លាំងក្នុងអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០១៩ខាងមុខ ជាពិសេសនៅតាមតំបន់ភ្នំ។
លោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយម និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ចាប់ពីថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៨នេះតទៅ អាកាសធាតុនៅកម្ពុជានឹងធ្លាក់ចុះរហូតដល់១៩អង្សារនាពេលព្រឹក ជាពិសេសនៅតាមតំបន់ភ្នំ។ លោកបន្តថា ចាប់ពីពាក់កណ្តាលខែមករា ឆ្នាំ២០១៩ អាកាសធាតុនឹងចុះត្រជាក់ជាងនេះ រហូតដល់ចុងខែមករា ប៉ុន្តែលោកថា ក្រសួងមិនទាន់អាចព្យាករណ៍ថា តើអាកាសធាតុនឹងចុះត្រជាក់ដល់កម្រិតណានៅឡើយ។
លោក អ៊ុំ រីណា បន្ថែមថា នៅពេលដែលអាកាសធាតុចុះត្រជាក់ខ្លាំង ក្រសួងនឹងជូនដំណឹងជាបន្តដល់ប្រជាពលរដ្ឋ ប៉ុន្តែលោកថា សម្រាប់អាកាសធាតុចុះត្រជាក់នាចុងខែធ្នូនេះ មិនមែនជាបញ្ហាគួរឲ្យបារម្ភខ្លាំងនោះទេ។
លោកបញ្ជាក់ថា៖
«នៅពេលដែលកម្រិតត្រជាក់ខ្លាំងក្រសួងធនធានទឹកយើង នឹងណែនាំគាត់ហើយ ប៉ុន្តែយើងសង្កេតឃើញថា វាមិនទាន់ដល់កម្រិតហ្នឹង។ ពេលហ្នឹងយើងនឹងធ្វើការជូនដំណឹងតាមគេហទំព័ររបស់យើង តាមហ្វេសប៊ុកហ្នឹង។ ប៉ុន្តែយើងឃើញថា ឆ្នាំហ្នឹងវាមិនត្រជាក់គំហុកខ្លាំងពេកទេដល់ពាក់កណ្តាលខែមួយ ចុងខែមួយ វាអាចត្រជាក់បន្តិច ប៉ុន្តែវាមិនមែនជាផលប៉ះពាល់ខ្លាំងទេ»។
នៅចុងសប្តាហ៍នេះ ទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម ក៏បានផ្សព្វផ្សាយអំពីការចុះអ័ព្ទនៅតាមបណ្តាខេត្តមួយចំនួន ដែលរួមមានខេត្តព្រៃវែង ខេត្តមណ្ឌលគិរី ត្បូងឃ្មុំជាដើម៕