តំណាងអង្គការការពារសិទ្ធិមនុស្សលីកាដូចំនួនបីរូបនិងតំណាងសមាគមធាងត្នោតចំនួនពីររូប នឹងចូលបំភ្លឺរដ្ឋាភិបាលនៅថ្ងៃពុធស្អែកនេះ ទាក់ទងនឹងរបាយការណ៍បំណុលពីស្ថាប័នមីក្រូហិរញ្ញវត្ថុដែលចេញផ្សាយដោយអង្គការទាំងពីរ។ ការចេញរបាយការណ៍នេះ ធ្វើឲ្យរដ្ឋាភិបាលមិនពេញចិត្ត។
ក្នុងលិខិតពីរដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី៣០ខែសីហា លោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានអញ្ជើញលោកស្រីពុង ឈីវកេក ប្រធានអង្គការលីកាដូ និងលោកសឿន សារ៉ន នាយកប្រតិបត្តិសមាគមធាងត្នោត ឲ្យចូលប្រជុំក្នុងកិច្ចពិភាក្សាចង្អៀតដែលជាកិច្ចប្រជុំបិទទ្វារនៅរសៀលថ្ងៃពុធស្អែកនេះ។ កិច្ចប្រជុំដែលផ្តោតលើការជជែកអំពីរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលទាំងពីរ ក្រោមចំណងជើងថា «មីក្រូហិរញ្ញវត្ថុនិងផលប៉ះពាល់»។
កាលពីដើមខែសីហា អង្គការលីកាដូ និងសមាគមធាងត្នោត ដែលបានចេញរបាយការណ៍រួមគ្នានេះ បានលើកឡើងថា បច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជាចំនួន២លាននាក់កំពុងជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
នៅក្នុងរបាយការណ៍នេះ អង្គការទាំងពីរបានលើកឡើងថា «ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតនៃបំណុលរបស់ប្រជាពលរដ្ឋបានកើនឡើងកាន់តែខ្លាំងឡើងៗ ដែលនេះបណ្តាលឱ្យអាចកើតមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមមានការបង្ខំឱ្យលក់ដី ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុល និងការបញ្ចាំខ្លួនដើម្បីដោះបំណុល»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ឲ្យដឹងថា កិច្ចប្រជុំនៅថ្ងៃស្អែកនឹងចូលរួមដោយតំណាងរដ្ឋាភិបាលតំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងតំណាងពីធនាគារជាតិ។
លោក អំ សំអាត អះអាងថា នឹងមានការពិភាក្សាជុំវិញរបាយការណ៍របស់អង្គការលីកាដូ និងសមាគមធាងត្នោតខាងលើ។
«តាមពិតគឺទាក់ទងនឹងរបាយការណ៍របស់យើង ដែលយើងបានចេញផ្សាយនេះឯង»។
លោក សឿង សារ៉ន នាយកប្រតិបត្តិសមាគមធាងត្នោត បានប្រាប់ VOA នៅល្ងាចថ្ងៃអង្គារនេះថា លោកនឹងពន្យល់ក្នុងកិច្ចប្រជុំនោះទាក់ទងនឹងអ្វីដែលអង្គការទាំងពីរបានរកឃើញដោយផ្អែកលើភ័ស្តុតាងដែលសម្ភាសផ្ទាល់ជាមួយក្រុមប្រជាពលរដ្ឋ។
«យើងនៅតែរក្សាគោលជំហររបស់យើង ហើយអ្វីដែលយើងរកឃើញគឺជាភ័ស្តុតាងក្នុងរបាយការណ៍ ដែលយើងជួបជាមួយនឹងអ្នកសម្ភាសទាំងអស់។ វាជាព័ត៌មានជាក់ស្តែងដែលបានទទួលពីអ្នកចូលរួមក្នុងការសិក្សាស្រាវជ្រាវរបស់យើង»។
VOA បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលដែលបានចេញលិខិតកោះអញ្ជើញតំណាងអង្គការលីកាដូ និងសមាគមធាងត្នោត តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
របាយការណ៍ស្តីពី «មីក្រូហិរញ្ញវត្ថុនិងផលប៉ះពាល់»បានធ្វើការស្រាវជ្រាវនៅក្នុងឃុំចំនួន១០ ក្នុងខេត្តចំនួន៤ ដូចជាខេត្តកំពង់ចាម កណ្ដាល ព្រៃវែង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ។
របាយការណ៍បានធ្វើការសម្ភាសពលរដ្ឋចំនួន២៨គ្រួសារ ដែលធ្លាប់រងគ្រោះពីអំពើរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរដោយសារជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ។ក្នុងនោះ២២គ្រួសារបានប្រាប់ពីការបង្ខំឱ្យលក់ដីធ្លី ១៣គ្រួសារមានប្រើប្រាស់ពលកម្មកុមារ ១៨គ្រួសារមានសមាជិកចំណាកស្រុក ២៦គ្រួសារបរិភោគអាហារគ្មានគុណភាព និង២២គ្រួសារខ្ចីប្រាក់ពីអ្នកចងការប្រាក់ដើម្បីដោះបំណុលមីក្រូហិរញ្ញវត្ថុ។
ទោះជាយ៉ាងណា របាយការណ៍នេះបានធ្វើឲ្យមានប្រតិកម្មជាខ្លាំងពីសមាគមគ្រឹៈស្ថានហិរញ្ញវត្ថុនិងតំណាងធនាគារជាតិនៃកម្ពុជា។ តំណាងនៃស្ថាប័នហិរញ្ញវត្ថុទាំងពីរធ្លាប់បាននិយាយក្នុងសន្និសីទសារព័ត៌មានជាបន្តបន្ទាប់កាលពីចុងខែសីហាថា ភ័ស្តុតាងដែលបានរកឃើញក្នុងរបាយការណ៍នៃអង្គការក្រៅរដ្ឋាភិបាលទាំងពីរខាងលើមិនអាចជឿជាក់និងមិនអាចទទួលយកបានទេ៕