ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​លើ​របាយការណ៍​ស្តី​ពី​បំណុល​មីក្រូហិរញ្ញវត្ថុ​របស់​សង្គម​ស៊ីវិល​​​​​​​​​​​​​​​​​​​​​​​​​


ធនាគារ​ជាតិ​នៃ​កម្ពុជា ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម​ នៅ​រាជធានី​ភ្នំពេញ​ នៅ​​ថ្ងៃទី៨ ខែ សីហា ២០១៥។ (អ៊ុច នីដា/ VOA)
ធនាគារ​ជាតិ​នៃ​កម្ពុជា ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម​ នៅ​រាជធានី​ភ្នំពេញ​ នៅ​​ថ្ងៃទី៨ ខែ សីហា ២០១៥។ (អ៊ុច នីដា/ VOA)

អង្គការ​លីកាដូ​និង​សមាគម​ធាងត្នោត​បាន​ចេញ​របាយការណ៍​មួយ​​កាល​ពី​ដើម​ខែ​សីហា​ដែល​​រិះ​គន់​ដល់​​​ការ​ផ្តល់​ប្រាក់កម្ចី​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ថា​​ បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ក្រី​ក្រ​ជាប់​បំណុល​វ័ណ្ឌ​ក​និង​បាត់បង់​ដីធ្លី​និង​ផ្ទះ​សម្បែង។

មន្ត្រី​ជាន់​ខ្ពស់​ធនាគារ​កណ្តាល​នៃ​ប្រទេស​កម្ពុជានៅ​ថ្ងៃ​ពុធ​នេះ​បាន​ហៅ​របាយការណ៍​ស្តី​ពី​ជន​រង​គ្រោះ​ដោយ​សារការ​ខ្ចីបុលពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ចំនួន​ពីរ​ថា​ គឺ​ជា​ការ​ឃោសនា​ ដែល​បង្ក​ឲ្យ​មាន​ការ​ភាន់ច្រឡំ។

​អង្គការ​ការពារ​សិទ្ធិម​នុស្ស​លីកាដូ និង​សមាគម​ធាង​ត្នោត​បាន​ចេញ​របាយការណ៍​រួម​គ្នា​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ២​លាន​នាក់​បាន​ខ្ចី​ប្រាក់​ពីគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។ ហើយ​«ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្រិត​នៃ​បំណុល​របស់​ប្រជាពល​រដ្ឋបាន​កើន​ឡើង​កាន់​តែខ្លាំង​ឡើងៗ​ ដែលនេះបណ្តាល​ឱ្យអាច​កើត​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ រួម​មានការ​បង្ខំ​ឱ្យ​លក់​ដី ​ការ​កេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សារបំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល»។

លោក ​រ័ត្ន សុវណ្ណនរៈ​ អគ្គ​នាយក​ត្រួត​ពិនិត្យ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​វេទិកា​តុ​មូល​ស្តីពី​ដំណើរការ​ប្រព្រឹត្ត​ទៅ​ និង​ភាព​ជា​ដៃគូ​នៃ​សេវាកម្ម​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា នៅ​ថ្ងៃ​នេះ​ថា ការ​លើក​ឡើងដោយ​មិន​បង្ហាញ​ឈ្មោះអង្គការ​ទាំង​ពីរ​ខាង​លើ​នេះ​ចំៗ​ថា របាយការណ៍​នេះ​គឺ​ជា​ការឃោសនា​ដែល​នាំឲ្យ​មាន​ការ​ភាន់ច្រឡំ។​

«មាន​មតិ​មួយ​ចំនួន​នៅ​បន្ត​រិះគន់​ថា ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ពុំ​បាន​ជួយ​អភិវឌ្ឍជា​វិជ្ជមាន​ប៉ុន្មាន​ទេ ដោយ​សារ​តែ​វិស័យ​នេះ​បាន​ធ្វើ​ឲ្យប្រជាពល​រដ្ឋ​ក្រី​ក្រ​អាច​ធ្លាក់​ក្នុង​បំណុល​លើស​លុប។ ​ការ​ឃោស​នា​អគតិ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ពី​សាធារណជន​និង​ស្ថាប័ន​មួយ​ចំនួន​ទៅ​លើ​សមិទ្ធិ​ផល​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ។»

លោក​អគ្គ​នាយក​ត្រួត​ពិនិត្យ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បក​ស្រាយ​បន្ថែមថា​ «ការពិត» វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​បាន​ពង្រីក​សេវា​កម្ម​របស់​ខ្លួន​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​ជា​ច្រើន ដើម្បី​ជួយ​សម្រួល​ដល់​តម្រូវ​ការ​ប្រាក់​កម្ចី​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​។

របាយការណ៍​របស់​អង្គការ​លីកាដូ និង​សមាគម​ធាង​ត្នោត​បាន​ផ្តោត​ក្នុង​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន ៤ រួម​ទាំង​រាជធានីភ្នំ​ពេញ។ ហើយ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​រួម​បញ្ចូល​ទាំង​ ករណី​សិក្សា​លម្អិត​ចំនួន​៧ នៃការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស បន្ទាប់​ពី​អ្នកស្រាវជ្រាវ​បាន​សម្ភាសន៍​ជាមួយ​នឹង​អតិថិជន​ចំនួន​២៨​នាក់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

លោក​ រ័ត្ន សុវណ្ណនរៈ​ អគ្គ​នាយក​ត្រួត​ពិនិត្យ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចាត់​ទុក​ថា​ ការ​សិក្សា​ស្រាវជ្រាវ​ដោយ​ផ្អែក​លើ​តែ​មនុស្ស​២៨នាក់​ ដែល​ការណ៍​នេះ​ «មិន​គ្រប់​ជ្រុងជ្រោយ​និង​មិន​អាច​យក​ជាបាន​ទេ»។

របាយការណ៍​របស់​អង្គការ​លីកាដូ​និង​សមាគម​ធាងត្នោតបាន​កត់​រៀបរាប់​ពិស្តារ​ថា​ តុល្យភាព​ឥណទាន​របស់​មីក្រូ​ហិរញ្ញវត្ថុ​ផ្លូវការ​ កើន​ឡើង​ពី​ប្រមាណ​៣០០លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០០៨​ ដល់​ប្រមាណ​៥,៤ពាន់​លាន​ដុល្លារ​នា​ចុង​ឆ្នាំ​២០១៨។

របាយការណ៍​បន្ត​ថា​ ការ​កំណត់​ពិដាន​អត្រា​ការប្រាក់​ប្រចាំ​ឆ្នាំ​ ត្រឹម​១៨%​ ​របស់​រដ្ឋាភិបាល​មិន​បាន​ជួយ​បន្ធូរបន្ថយ​ដល់​បន្ទុក​របស់​ពលរដ្ឋ​កម្ពុជា​ទេ​ ក៏ប៉ុន្តែ​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ​ចំនួន​ ៧​នៅ​ក្នុង​ប្រទេស​កម្ពុជា​រកប្រាក់​ចំណូល​បាន​ច្រើន​ជាង​ ១៣០​លាន​ដុល្លា​រ​អាមេរិក​ក្នុង​ឆ្នាំ២០១៧។

លោក​ គា បូរាណ​ ប្រធាន​ក្រុមប្រឹក្សាភិបាលសមាគម​មីក្រូហិរញ្ញវត្ថុ​ បាន​លើក​ឡើង​ថា ​ប្រជាពល​រដ្ឋ​ក្រីក្រ​មិន​បាន​ខ្ចី​បុល​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​មាន​ទំហំ​ទឹកប្រាក់​ច្រើន​ដូច​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​អង្គការ​ទាំង​ពីរនោះទេ។

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​(LICADHO)​ ការពារ​របាយការណ៍ដែល​អង្គការ​លោក​ បាន​ធ្វើ​ជាមួយ​នឹង​សមាគម​ធាង​ត្នោត​ ដោយ​លោក​បញ្ជាក់​ថា​ ការ​សិក្សា​នេះ​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្តើម​មួយ​ដើម្បី​ធ្វើ​ការ​សិក្សា​ស៊ីជម្រៅ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​«​មាន​ តម្លាភាព​ គុណធម៌​ និង​សីលធម៌»៕​

XS
SM
MD
LG