ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឪពុក​ម្តាយ​ខ្ចី​លុយ​ឲ្យ​កូន​ធ្វើ​ការ​នៅ​ជប៉ុន ​ខណៈ​​ការ​ព្រួយ​បារម្ភ​​អំពី​ការ​បំពាន​សិទ្ធិ​ការងារ​នៅ​តែ​មាន​ 


ដន ស្រីនាង ​​ឈប់​រៀន​ថ្នាក់​ទី​៩​និង​ជា​អតីត​កម្មការិនី​រោងចក្រ​កាត់​ដេរ​ នឹងទៅ​ធ្វើ​ការ​ក្នុង​ចម្ការ​ដោយ​ដាំ​ដំឡូង​ឆ្វា ​និង​ឆៃថាវនៅ​ប្រទេស​ជប៉ុន។
ដន ស្រីនាង ​​ឈប់​រៀន​ថ្នាក់​ទី​៩​និង​ជា​អតីត​កម្មការិនី​រោងចក្រ​កាត់​ដេរ​ នឹងទៅ​ធ្វើ​ការ​ក្នុង​ចម្ការ​ដោយ​ដាំ​ដំឡូង​ឆ្វា ​និង​ឆៃថាវនៅ​ប្រទេស​ជប៉ុន។

ដោយ​សារ​ពិបាក​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស និង​ដោយសារ​ទទួល​បាន​ប្រាក់​ខែ​ទាប ប្រជាពល​រដ្ឋ​វ័យក្មេង​នៅ​ភូមិ​បែកពាង ខេត្ត​កំពង់ចាម បាន​សម្រេច​ចិត្ត​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។​ ចំណាក​ស្រុកទៅ​ជប៉ុន​នេះ ពួកគេត្រូវបង់ថ្លៃ​​ពី​៣.៥០០ទៅ៦.០០០​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​ក្រុមហ៊ុន​ជ្រើស​រើស​ពល​ករ។

កញ្ញា ជា សុគន្ធា ​អាយុ​២២​ឆ្នាំ ​និង​កញ្ញា ​ដន ស្រីនាង ​អាយុ​១៨​ឆ្នាំ​ ដែល​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា​ នឹង​ចេញ​ទៅ​ប្រទេស​ជប៉ុន​នៅ​សប្តាហ៍​នេះ​ ដើម្បី​ធ្វើ​ការ​នៅ​រោង​ចក្រ​ពង​មាន់ ​និង​ចម្ការ​បន្លែ។​

រស់​នៅ​ក្នុង​ភូមិ​បែក​ពាង ​ឃុំ​ជាលា ​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម ​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ​ សុគន្ធា​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ផ្ទះ​ថា ​នាងចេញ​ទៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​២៣​ ខែ​សីហា​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​ដែល​នាង​ទទួល​ខុស​ត្រូវ​ផ្នែក​រើស​ពងមាន់​ដាក់​ក្នុង​ផែ។

នាង​គិត​ថា​ប្រាក់​ខែ​របស់​នាង​នឹង​អាច​ជួយ​រំលែក​បន្ទុក​គ្រួសារ។​

នាង​បញ្ជាក់​ថា៖ «ព្រោះ​គិត​នៅ​ហ្នឹងវា​អាច​រក​បាន​ច្រើន​ជាង​ខ្មែរ។ អញ្ចឹង​អាច​រក​លុយ​ចិញ្ចឹម​ម៉ែ​ឪ​នៅ​ផ្ទះ​បាន»។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​សុគន្ធា​ចេញ​ទៅ​ក្រៅ​ប្រទេស។ ភាព​សប្បាយ​រីក​រាយ​របស់​នាង​មិន​មែន​ដោយ​សារ​តែ​អាច​រក​ប្រាក់​បាន​ច្រើន​ជាង​មុន​សម្រាប់​គ្រួសារ​នោះ​ទេ។ ​ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​បទ​ពិសោធន៍​ថ្មី​មួយ​ទៀត​ដែល​នាង​បាន​ទៅ​រស់​នៅបរទេស​ក្នុង​ក្របខណ្ឌ​ការងារ​ដែល​នាង​មិន​ធ្លាប់​បាន​រំពឹង​ទុក​ជា​មុន​នោះ​ទេ។

ឈប់​រៀន​នៅ​ត្រឹម​ថ្នាក់​ទី​៨ សុគន្ធា​ ​ត្រូវ​ក្រុមហ៊ុន​ឯកជន​មួយ​ជួយ​រៀបចំ​ឯកសារ​ឲ្យ​ដើម្បី​អាច​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​បាន។​ សុគន្ធា​មាន​ផែនការ​រួចជា​ស្រេច​មុន​នឹង​ចាក​ចេញ​ពី​គ្រួសារ​របស់​នាង។ នាង​បន្ថែម​ថា៖ «ចង់​ថែម​ម៉ោង​ឲ្យ​ច្រើន មូលហេតុ​បាន​លុយ​ច្រើន ព្រោះ​យើង​ទៅ​ដើម្បី​រក​លុយ។ ពេល​អញ្ចឹង ត្រូវ​តស៊ូ​ថែម​ម៉ោង​ថែម​អី»។

សុគន្ធាសង្ឃឹម​ថា​ ​នាង​នឹង​អាច​សន្សំ​ប្រាក់យ៉ាង​តិច​៥០០​ដុល្លារក្នុង​មួយ​ខែ​ដើម្បី​ផ្ញើ​មក​ឪពុក​ម្តាយ​របស់​នាង។

ប្អូន​ជីដូន​មួយ​របស់​សុគន្ធា គឺ ដន ស្រីនាង ​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ត្រឹម​ថ្នាក់​ទី​៩​ នឹងទៅ​បម្រើ​ការ​ក្នុង​ចម្ការ​ដោយ​ដាំ​ដំឡូង​ជ្វា និង​ឆៃថាវ។

បើ​តាម​សុគន្ធា និង​ស្រីនាង មុន​ពេល​ចាក​ចេញ​ទៅ​ប្រទេស​ជប៉ុន ពួកគេ​ត្រូវ​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ប្រមាណ​៩​ខែ ដោយ​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ពួកគេ​បាន​ចំណាយ​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន​៣.៥០០​ដុល្លារ​អាមេរិក បង់​ឲ្យ​ក្រុមហ៊ុន​សម្រាប់​ការ​បណ្តុះបណ្តាល រៀបចំ​ឯកសារ ទិញ​សំបុត្រ​យន្តហោះ និង​ធ្វើ​លិខិត​ឆ្លងដែន​ជាដើម។

កញ្ញា ដន ស្រីនាង (កណ្តាល) អាយុ១៨ឆ្នាំ ជាមួយម្តាយ និងឪពុក នៅក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ (ស៊ុន ណារិន/VOA)
កញ្ញា ដន ស្រីនាង (កណ្តាល) អាយុ១៨ឆ្នាំ ជាមួយម្តាយ និងឪពុក នៅក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ (ស៊ុន ណារិន/VOA)

បច្ចុប្បន្ន​ការ​អនុញ្ញាត​ឲ្យ​កូនៗ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​បាន​ក្លាយ​ជា​និន្នាការ​ថ្មី​សម្រាប់​ឪពុក​ម្តាយ​នៅ​ក្នុង​ភូមិ​បែកពាង ឃុំ​ជាលា ស្រុកបាធាយ ខេត្ត​កំពង់ចាម។​ ពោល​គឺ​ខុស​កាល​ពី​គ្រា​មុន​ដែល​ក្រុម​អ្នក​ភូមិ​ឲ្យ​កូនៗ​របស់​គេ​ឈប់​រៀន​ដើម្បី​ទៅ​បម្រើ​ការ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ឬ​រោងចក្រ​ស្បែក​ជើង ដើម្បីជួយរក​ប្រាក់​ចំណូល​ទ្រទ្រង់​គ្រួសារ។

ការ​បញ្ជូន​កូនៗ​របស់​ពួក​គេ​ទៅ​ប្រទេស​ជប៉ុននៅ​ពេល​នេះ​ ក្រោយ​អ្នក​ភូមិ​មួយ​ចំនួន​បាន​កែ​ប្រែ​ជីវភាព​របស់​ពួកគេ ​ក្រោយ​សមាជិក​គ្រួសារ​ឬ​កូនៗ​របស់​ពួក​គេ​បាន​ផ្ញើ​ប្រាក់​ពី​ប្រទេស​ជប៉ុន។

ក៏ប៉ុន្តែ​ប្រាក់​ដែល​កម្មករ​ កម្មការិនី​នៃ​ភូមិ​បែកពាង ផ្ញើ​ពី​ប្រទេស​ជប៉ុន​មក​នោះ​ មួយ​ផ្នែក​គឺ​ដើម្បី​ដោះ​បំណុល​ពី​មីក្រូហិរញ្ញវត្ថុ។​ បំណុល​អ្នក​ភូមិ​ខ្ចី​ក្នុង​មួយ​គ្រួសារ​រាប់​ពាន់​ដុល្លារ​ពី​ស្ថាប័ន​មីក្រូហិរញ្ញ​វត្ថុ​ ដើម្បីបង់​សេវា​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​រៀបចំ​ឯកសារ​សម្រាប់កូនៗ​របស់​ពួក​គេ​ចេញ​ទៅ​ក្រៅ​ប្រទេស។

ឪពុក​របស់​កញ្ញា​សុគន្ធា គឺ​លោក សុខ សាវន អាយុ​៤២​ឆ្នាំ ជា​ទាហាន​ម្នាក់ និង​លក់​នំ​ចំណី​បន្តិចបន្តួច​ខាង​មុខ​ផ្ទះ។ លោក​បាន​ខ្ចី​ប្រាក់​ចំនួន​៥.០០០​ដុល្លារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ដើម្បី​ចំណាយ​ឲ្យ​កូន​ទៅ​ធ្វើ​ការ​នៅប្រទេស​ជប៉ុន។ លោក​ត្រូវ​បង់​សងរម្លស់​ប្រាក់​នេះ​ទៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិញ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ។

លោក​បញ្ជាក់​ថា៖ «យើង​បញ្ជាក់​នឹង​ក្រុមហ៊ុន​ហ្នឹង ហើយ​សួរ​ម្តាយ​មីង​ដែល​នៅ​ហ្នឹង​ថា អត់​អី​ដែរ។ យើង​ក៏​ហ៊ាន​ធានា​ទុក​ចិត្ត​នឹង​ក្រុមហ៊ុន​ដែរ»។

កញ្ញា ជា សុគន្ធា (កណ្តាល) អាយុ២២ឆ្នាំ ជាមួយម្តាយ និងឪពុក នៅក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ (ស៊ុន ណារិន/VOA)
កញ្ញា ជា សុគន្ធា (កណ្តាល) អាយុ២២ឆ្នាំ ជាមួយម្តាយ និងឪពុក នៅក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ (ស៊ុន ណារិន/VOA)

បច្ចុប្បន្ន​មាន​ពលករ​កម្ពុជា​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ចំនួន​ជាង​៩.០០០​នាក់ ក្រោម​កម្មវិធី​ធ្វើ​កម្មសិក្សា។ ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ប្រទេស​មួយ​ដែល​ពលករ​ខ្មែរ​អាច​រក​ចំណូល​ផ្ញើ​មក​គ្រួសារ ច្រើន​ជាង​ប្រទេស​ដទៃ។

អ្នក​ភូមិ​ម្នាក់ លោក សួន ភឿន អាយុ​៦៩​ឆ្នាំ មាន​ប្រសាសន៍​ថា ជីវភាព​របស់​គ្រួសារ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ក្រោយ​កូនស្រី​ពីរ​នាក់​របស់​លោក​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។

អ្នក​ភូមិ​រូប​នេះ​ពន្យល់​ថា ៖ «វា​មិន​ធូរ​ណាស់​ណា​ទេ។ វា​គ្រាន់​ដោះ​បំណុល​គេ​ចាស់​បាន​រួច​ខ្លះ។ ហើយ​ការ​ហូប​ចុក​ខ្លួន​យើង។ ឈឺ​ស្កាត់​យប់​ព្រលប់​អី វា​មាន​នៅ​ក្នុង​ខ្លួន​ខ្លះ វា​មិន​ពិបាក​ដូច​មុន។ មុន​យើង​មាន​ការ​អី យប់​ព្រលប់ ​ឈឺ​ស្កាត់​យប់​ព្រលប់​អី យើង​ពិបាក​រត់​រក​លុយ​គេ​ក្រៅ​ភ្លាមៗ រត់​មិន​ទាន់​ចិត្ត»។

ចំណែក​អ្នក​ភូមិ​ម្នាក់​ទៀត គឺអ្នកស្រី សេង ណយ អាយុ​៥៨​ឆ្នាំ ក៏​មាន​កូន​ស្រី​ចំនួន​ពីរ​នាក់​ទៅ​ប្រទេស​ជប៉ុន​ដែរ។ អ្នកស្រី​ដែល​មាន​កូន​៦នាក់ ក៏​មាន​បំណង​បញ្ជូន​កូន​២​នាក់​ទៀត​ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​នៅ​ពេល​ខាង​មុខ​ ខណៈ​ពួកគេ​ទើប​រៀន​ថ្នាក់​ទី​១០ និង​ថ្នាក់​ទី​៤។

«ខ្ញុំ​អត់​បង្ខំ​កូន​ទេ ប៉ុន​កូន​វា​ចង់​ទៅ​ខ្លួន​វា។ បើ​មួយៗ​វា​ថា ​ឲ្យ​តែ​រៀន​ចប់ វា​ទៅ​ហើយ»។

នៅ​ក្នុង​ភូមិ​បែកពាង ឃុំ​ជាលា ខេត្ត​កំពង់​ចាម ប្រជាពលរដ្ឋ​ពេញ​កម្លាំង​តែង​តែ​ធ្វើ​ជា​កម្មករ​កាត់ដេរ និង​កម្មករ​សំណង់។ ចំពោះ​ចាស់ៗ ពួក​គេ​តែង​តែ​ធ្វើ​ស្រែ​ចម្ការ​សម្រាប់​ជីវភាព​របស់​ពួកគេ។ ប៉ុន្តែ​ពួក​គេ​ត្អូញត្អែរ​ថា ឆ្នាំ​នេះ មិន​អាច​ធ្វើ​ស្រែ​បាន​ផល​ល្អ​នោះ​ទេ ដោយសារ​កង្វះទឹក។ ដូច្នេះ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ជា​ជម្រើស​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​មួយ​នេះ។

លោក សួន ភឿន អាយុ៦៩ឆ្នាំ ក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានកូនស្រីពីរនាក់ធ្វើការនៅប្រទេសជប៉ុន។ (ស៊ុន ណារិន/VOA)
លោក សួន ភឿន អាយុ៦៩ឆ្នាំ ក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានកូនស្រីពីរនាក់ធ្វើការនៅប្រទេសជប៉ុន។ (ស៊ុន ណារិន/VOA)

លោក ជិន លី មេភូមិ​បែកពាង មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋក្នុង​ភូមិ​របស់​លោក​មួយ​ចំនួន​បានទៅ​ធ្វើ​ការ​នៅប្រទេស​កូរ៉េ និង​ជប៉ុន។​ ហើយ​ពួកគេ​បាន​ខ្ចី​លុយ​ពីស្ថាប័នមីក្រូហិរញ្ញវត្ថុដើម្បី​អាច​បញ្ជូន​កូនៗ​របស់​ពួក​គេ​ទៅ​ប្រទេស​ទាំង​នេះ​បាន។

លោក​មេ​ភូមិបន្ថែមថា ប្រជាពល​រដ្ឋ​ក្នុង​ភូមិមាន​ជីវភាព​ល្អ​ប្រសើរ​ឡើង ក្រោយ​ពី​កូនៗ​របស់​ពួក​គេ​បាន​ទៅ​ធ្វើ​ការ​នៅក្រៅ​ប្រទេស។

លោក​ ឌី ថេហូយ៉ា ​មន្រ្តី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស ​(Central) ​មាន​ប្រសាសន៍​ថា​បញ្ហា​មួយ​ចំនួន​បាន​កើត​ឡើង​ក្នុង​ការ​ជ្រើសរើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។ ជាក់​ស្តែង​ អង្គការ​របស់​លោកទទួល​បាន​ករណី​ដែល​ពលរដ្ឋ​ខ្មែរ​ជាង​១០០នាក់​ បាន​រង​គ្រោះ​ដោយសារ​ក្រុមហ៊ុន​ជ្រើសរើស​ពលករមិន​បាន​បញ្ជូន​ពលករ​ទៅ​ប្រទេស​ជប៉ុន​តាម​ការ​សន្យា។

«ក្នុង​កាលៈទេសៈ​នេះ មាន​ក្រុមហ៊ុន​មួយ​ចំនួន ក៏​ដូច​ជា​សាលា​មួយ​ចំនួន បន្លំ​ខ្លួន បើក​សាលា​បន្លំ​ជ្រើស​រើស​[ពលករ]​អី​ចឹង​ទៅ។ អ្នក​ខ្លះ​យក​លុយ​គេ​១​ពាន់ ២​ពាន់​ដុល្លារ គ្នា​មិន​បាន​ទៅ​អី​ជា​ដើម»។

កាល​ពី​ចុង​ឆ្នាំ​២០១៧ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ថា ប្រជាជន​១១​នាក់​បាន​ចេញ​មុខ​តវ៉ា​ ដោយ​ពួកគេ​បាន​ផ្តល់​ប្រាក់​រាប់​ពាន់​ដុល្លារ​ឲ្យ​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ ប៉ុន្តែ​ទី​បញ្ចប់​ក្រុម​ហ៊ុន​របស់​ពួក​គេ​មិន​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​ប្រទេស​ជប៉ុន​នោះទេ។

កន្លង​ទៅ រដ្ឋាភិបាល​ជប៉ុន​ក៏បាន​រក​ឃើញ​ក្រុមហ៊ុន​ដែល​យក​ពលករ​មក​ធ្វើ​ការ​នៅ​ប្រទេសរបស់​ខ្លួន​បានរំលោភ​សិទ្ធិ​ការងារ ក្នុង​នោះ​មាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ជាច្រើន​ម៉ោង ការ​ផ្តល់​ប្រាក់​កម្រៃ​តិចជាង​កម្រិត​អប្បបរមា​ដែល​ច្បាប់​តម្រូវ បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​ម៉ោង និង​កន្លែង​ធ្វើ​ការ​មិន​ត្រូវ​តាម​និយាម​សុវត្ថិភាព។

លោក ឈឹម សុខាម៉ា អនុ​ប្រធាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ឈ្មោះ Kizuna HR Asia ​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្រសួង​ការងារ​តាំង​ពី​ឆ្នាំ​២០១២ ទទួល​ស្គាល់​ថា ​មាន​ការ​បំពាន​សិទ្ធិ​ពលករ​នៅ​ប្រទេស​ជប៉ុន​មែន។

ប៉ុន្តែ​លោកបញ្ជាក់​ថា​ រដ្ឋា​ភិបាល​ប្រទេសជប៉ុន​បាន​ចាត់​វិធានការ​ចំពោះ​រឿង​នេះ៖

«យើង​ឲ្យ​ថា​ ធានា​ថា​ ក្រុមហ៊ុន​ហ្នឹង​គាត់​ម៉េច នរណា​ក៏​មិន​អាច​ធានា​បាន​ដែរ ខ្ញុំ​ជឿ​ថា ​នរណា​ក៏​មិន​អាច​ធានា​បាន។ យើង​ទុក​ចិត្ត​ច្បាប់​ទម្លាប់​នៅ​ប្រទេស​ជប៉ុន ពីព្រោះ​អី​នៅ​ប្រទេស​ជប៉ុន មុន​គាត់​ទទួល​កូន​សិស្ស​បាន គាត់​ត្រូវ​តែ​ឆ្លង​កាត់​លក្ខខណ្ឌ​ការ​វាយ​តម្លៃ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​ជប៉ុន»។

ក្នុង​មួយ​ឆ្នាំ ក្រុមហ៊ុន​របស់​លោក ឈឹម សុខាម៉ា​ បញ្ជូន​ពលករ​កម្ពុជា​ជាង​១០០​នាក់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ហើយ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់​ថ្លៃ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​ចំនួន​៣.៥០០​ដុល្លារ។ ពួក​គេ​ធ្វើ​ការ​ក្នុង​ផ្នែក​ប្លាស្ទិក ធ្វើ​ម្ហូប​ វេច​ខ្ចប់​អាហារ និង​កាត់ដេរ​ជា​ដើម។ លោក​អះអាង​ថា ​ក្រុមហ៊ុន​តែង​តែ​តាម​ដាន​ស្ថានភាព​ពលករ​រយៈពេល​៣​ឆ្នាំ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។

បើ​តាម​លោក​ ឌី ថេហូយ៉ា ដើម្បី​អាច​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​បាន​ ប្រជាពលរដ្ឋ​ម្នាក់ៗ​អាច​នឹង​បង់​ប្រាក់​ឲ្យ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​រហូត​ដល់​៦.០០០​ដុល្លារ​អាមេរិក។ ការណ៍​នេះ​បង្ខំ​ឲ្យ​ពួក​គេ​រត់​ទៅ​ខ្ចី​បុល​ប្រាក់​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ដើម្បី​បង់​ថ្លៃ​ឲ្យ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ។

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ ហេង សួរ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ បាន​នៅ​ឡើយ​ទេ។

បើ​តាម​ទិន្នន័យ​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ចុះ​ខែសីហា ឆ្នាំ​២០១៩ មាន​ក្រុមហ៊ុន​ឯកជន​ដែលជ្រើសរើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ​ចំនួន​១០២​ក្រុមហ៊ុន។

កាល​ពី​ខែមីនា ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​និង​ជប៉ុន​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​ស្តីពី​ការ​យោគយល់​គ្នា​លើ​កិច្ច​សហ​ប្រតិបត្តិការ​បញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើ​ការ​ដោយ​ស្របច្បាប់​ និង​ជា​ការ​បង្កើន​ទី​ផ្សារ​ការងារ​ និង​ឱកាស​ដល់​ពលករ​កម្ពុជា។ ពលករ​ជំនាញ​ទាំង​នោះ​នឹងធ្វើ​ការ​នៅ​ផ្នែក​ថែទាំ​មនុស្ស​ចាស់ សម្អាត​អគារ ផលិត​គ្រឿង​បន្លាស់ ​គ្រឿង​រថយន្ត គ្រឿង​អគ្គិសនី​ និង​សំណង់​ជាដើម។

បើ​តាម​របាយការណ៍​របស់​ក្រសួង​ការងារ គិត​ត្រឹម​ឆ្នាំ​២០១៨ ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ជាង​១​លាន​២​សែន​នាក់ ក្នុង​នោះ​ថៃ​មាន​ចំនួន​ជាង​១លាន​១សែន​នាក់ កូរ៉េ​ខាង​ត្បូង​មាន​ជាង​៤៩.០០០​នាក់ ម៉ាឡេស៊ី​ជាង​៣០.០០០​នាក់ សឹង្ហបុរី​ជាង​៨៣០​នាក់ ហុងកុង​៤៥នាក់ និង​អារ៉ាប៊ីសាអូឌីត​១៦​នាក់៕

XS
SM
MD
LG