រដ្ឋាភិបាលកម្ពុជាគ្រោងនឹងកោះហៅតំណាងអង្គការក្រៅរដ្ឋាភិបាលចំនួនពីរគឺអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) និងសមាគមធាងត្នោត ដើម្បីមកពន្យល់អំពីរបាយការណ៍ស្តីពីប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។របាយការណ៍របស់អង្គការទាំងពីរបង្ហាញពីជនរងគ្រោះរហូតដល់បាត់បង់ដីធ្លីនិងផ្ទះសម្បែងដោយសារការខ្ចីបុលនេះ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យរដ្ឋាភិបាល បានបង្ហើបឲ្យដឹងថា លោកគ្រោងនឹងកោះហៅអង្គការទាំងពីរនៅសប្តាហ៍ក្រោយនេះ៖
«ខ្ញុំនឹងត្រៀមលក្ខណៈនឹងអញ្ជើញគាត់មកចូលរួម ដើម្បីជជែកគ្នា តើការលើករបស់គាត់ហ្នឹង វាត្រឹមត្រូវដែរឬទេ? គាត់មានទឡ្ហីករណ៍អីខ្លះ ខ្ញុំនឹងរៀបចំវេទិកាមួយបិទទ្វារ សម្រាប់អញ្ជើញធនាគារ សម្រាប់អញ្ជើញខាងផ្នែកស្រាវជ្រាវ ទាំងអស់គ្នា មកអង្គុយជជែកគ្នា»។
លោក ផៃ ស៊ីផាន បញ្ជាក់ដូច្នេះក្នុងសន្និសីទព័ត៌មានស្តីពី «ហិរញ្ញវត្ថុ និងផលប៉ះពាល់» នៅទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍នេះ។
ក្នុងរបាយការណ៍របស់ខ្លួនកាលពីដើមខែសីហានេះ អង្គការការពារសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត បានរកឃើញថា មានប្រជាពលរដ្ឋកម្ពុជាជាង ២លាននាក់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ហើយ«ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតនៃបំណុលរបស់ប្រជាពលរដ្ឋបានកើនឡើងកាន់តែខ្លាំងឡើងៗ ដែលនេះបណ្តាលឱ្យអាចកើតមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមមានការបង្ខំឱ្យលក់ដី ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុល និងការបញ្ចាំខ្លួនដើម្បីដោះបំណុល»។
របាយការណ៍ដដែលបានធ្វើឡើងនៅឃុំចំនួន១០ ក្នុងខេត្តចំនួន ៤ រួមទាំងរាជធានីភ្នំពេញផងដែរ។ ហើយការសិក្សាស្រាវជ្រាវនេះរួមបញ្ចូលទាំង ករណីសិក្សាលម្អិតចំនួន៧ នៃការរំលោភបំពានសិទ្ធិមនុស្ស បន្ទាប់ពីអ្នកស្រាវជ្រាវបានសម្ភាសអតិថិជនចំនួន២៨នាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោក ផៃ ស៊ីផាន បានលើកឡើងថារបាយការណ៍របស់អង្គការលីកាដូនិងសមាគមធាងត្នោត គ្រាន់តែ«ជាការបញ្ចេញយោបល់តែប៉ុណ្ណោះ»។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃសមាគមធាងត្នោត ស្វាគមន៍ការកោះអញ្ជើញរបស់មន្ត្រីរដ្ឋាភិបាល។លោកបន្ថែមថា ជំនួបជាយថាហេតុនៅសប្តាហ៍ក្រោយនេះនឹងជួយពន្យល់ពីការយល់ច្រឡំដល់ភាគីពាក់ព័ន្ធ។
«យើងស្វាគមន៍ឲ្យមានជំនួបហ្នឹង ដើម្បីបញ្ជាក់បន្ថែមអ្វីដែលយើងរកឃើញហ្នឹង កុំឲ្យពេលអានទៅមានការយល់ច្រឡំអីចឹងទៅណា»។
ចំណែកលោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) បានឲ្យដឹងថា រហូតមកដល់ពេលនេះ ខាងអង្គការលោកមិនទាន់ទទួលបានដំណឹងនៃការកោះអញ្ជើញពីខាងភាគីរដ្ឋាភិបាលនោះទេ។ ប៉ុន្តែអង្គការរបស់លោកក៏នឹងមិនរារែកក្នុងការចូលជជែកជាមួយភាគីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទៀតក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះដែរ។
លោក អំ សំអាត បញ្ជាក់ថា៖ «បើប្រជាពលរដ្ឋជួបទុក្ខរដ្ឋាភិបាលត្រូវមានការដោះស្រាយ ហើយបើបញ្ហាមិនល្អកើតឡើង អ៊ីចឹងមីក្រូហិរញ្ញវត្ថុ ក៏ត្រូវតែដោះស្រាយដែរ។ អ៊ីចឹង គិតទៅ លីកាដូ និងសមាគមធាងត្នោត យើងគ្រាន់តែចង់បង្ហាញ ដើម្បីធ្វើយ៉ាងណាឲ្យកម្ចីហ្នឹងវាប្រកបដោយតម្លាភាព ដោយគុណធម៌ និងសីលធម៌តែប៉ុណ្ណោះបាទ»។
របាយការណ៍របស់អង្គការលីកាដូនិងសមាគមធាងត្នោតបានរៀបរាប់ពិស្តារថា តុល្យភាពឥណទានរបស់មីក្រូហិរញ្ញវត្ថុផ្លូវការ កើនឡើងពីប្រមាណ៣០០លានដុល្លារ ក្នុងឆ្នាំ២០០៨ ដល់ប្រមាណ៥,៤ពាន់លានដុល្លារនាចុងឆ្នាំ២០១៨។
របាយការណ៍ដដែលបានឲ្យដឹងថា ការកំណត់ពិដានអត្រាការប្រាក់ប្រចាំឆ្នាំ ត្រឹម១៨% របស់រដ្ឋាភិបាលមិនបានជួយបន្ធូរបន្ថយដល់បន្ទុករបស់ពលរដ្ឋកម្ពុជាទេ ក៏ប៉ុន្តែស្ថាប័នហិរញ្ញវត្ថុធំៗចំនួន ៧នៅក្នុងប្រទេសកម្ពុជារកប្រាក់ចំណូលបានច្រើនជាង ១៣០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧។
យ៉ាងណាក៏ដោយ ក្រុមមន្ត្រីនៃមកពីសមាគមមីក្រូហិរញ្ញវត្ថុ និងធនាគារកណ្តាលរបស់កម្ពុជា បានច្រានចោលការលើកឡើងថា អត្រាការប្រាក់ប្រចាំឆ្នាំត្រឹម១៨%នេះ បានដាក់បន្ទុកធ្ងន់លើអ្នកខ្ចីប្រាក់។ ក្រុមមន្ត្រីទាំងនោះអះអាងថា អត្រាការបា្រក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានធ្លាក់ចុះពី១៨ភាគរយក្នុងពេលកន្លងមក រហូតដល់១៥ភាគរយនៅចុងឆ្នាំ២០១៨៕