ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​ច្រាន​ចោល​សំណើ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​សហជីព​ណាហ្គាវើលដ៍​


ថ្នាក់ដឹកនាំ និងសមាជិកសហជីព​ណាហ្គាវើលដ៍ ៨ នាក់ ត្រូវបាន​បញ្ជូនទៅ​កាន់​សាលា​ឧទ្ធរណ៍​​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី ១០ ខែ​មីនា ឆ្នាំ​២០២២។ (Facebook/Licadho លីកាដូ)

​ការ​ទាមទារ​ឱ្យ​បាន​ស្ថិត​នៅក្រៅ​ឃុំ​របស់​ថ្នាក់​ដឹកនាំ​និង​សកម្មជន​សហជីព​៨នាក់​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រូវ​បាន​បដិសេធ​ដោយ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញក្រោម​ហេតុផល​ថា​ជន​ជាប់​ចោទ​ទាំង​៨រូបនោះ​អាច​នឹង​ប្រព្រឹត្ត​សកម្មភាព​ញុះ​ញង់​ជាថ្មី​ទៀតប្រសិន​បើ​ពួក​គេ​បាន​ដើរ​ចេញ​ពី​ការ​ឃុំ​ខ្លួន​នៅពន្ធនាគារ។​

អ្នកទាំង៨​ដែល​ជា​ថ្នាក់​ដឹកនាំនិង​សមាជិក​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍ ​(LRSU) ​ត្រូវ​តុលាការក្រុង​ភ្នំពេញចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជា​អាទិ៍​ដែល​ផ្តើម​ចេញ​ពី​ការ​ធ្វើកូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​កាល​ពីពាក់​កណ្តាល​ខែធ្នូ​ឆ្នាំ​២០២១។​

នាយក​រង​ទទួលបន្ទុក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកា​ដូ​លោក ​អំ សំអាត​និយាយថា​ការ​ច្រាន​ចោល​សំណើសុំ​នៅ​ក្រៅ​ឃុំ​ខាង​លើ​នេះ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះបន្ទាប់​ពី​ការប្រជុំរបស់អន្តរក្រសួង​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ​ស ខេង​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ដល់​បញ្ហា​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍។​

បើ​តាម​លោក ​អំ សំអាត​ ការ​បដិសេធ​របស់​សាលា​ឧទ្ធរណ៍​ដែល​មិន​ឱ្យ​អ្នកសហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មាន​សេរីភាព​ឡើង​វិញនោះ​នឹងស្តែង​ឱ្យ​ឃើញ​ភាព​អយុត្តិធម៌​កាន់​តែ​ខ្លាំងឡើង​ចំពោះ​កូដករ​ហើយ​វាថែម​ទាំងធ្វើ​ឱ្យ​អាក់​ខាន​ដំណើរ​ការ​ដោះស្រាយ​ជម្លោះ​ដែល​អូសបន្លាយពេល​ជិត​មួយ​ឆ្នាំ បន្ទាប់​ពី​ក្រុម​ហ៊ុន​បាន​បណ្តេញ​បុគ្គ​លិក​ចេញ​ពីការងារ​ជាង​១.៣០០នាក់​ដោយ​បង្ខំ​ កាល​ពី​អំឡុង​ខែមេសា​ឆ្នាំ​២០២១។

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​ថា៖ «ករណីនេះ​ក៏​វារឹត​តែ​ធ្វើ​ឱ្យ​មាន​ភាព​មួយ​បាន​ន័យ​ថា​អយុត្តិធម៌​បន្ថែម​ទៀត​សម្រាប់​ក្រុម​កូដករ​ដែល​ដំណោះ​ស្រាយ​ការងារ​វិវាទ​ការ​ងារ​មិន​ត្រូវបាន​ដោះស្រាយ​ប៉ុន្តែផ្ទុយ​ទៅ​វិញ​ការ​ឃុំ​ខ្លួន​ការចាប់​ខ្លួន​ហ្នឹង​កើត​ឡើង​ដែល​ចាប់​ក្រុម​កូដករ​ជា​ច្រើន​ទៀត​ទៅធ្វើ​ទៅ​យក​សំណាក​ហើយ​និង​ដាក់​នៅ​មណ្ឌល​ចត្តាឡី​ស័ក​បន្ថែម​ទៀត»។​

លោក​បន្ថែមថា៖ «យើង​ឃើញ​ថា​រូបភាព​ទាំង​អស់​នេះ​គឺ​ជា​ការ​មួយ​ដែល​គំរាម​កំហែង​បំភិតបំភ័យ​បន្ទុច​បង្អាក់​ដើម្បី​កុំ​ឱ្យក្រុម​កូដករ​ហ្នឹង​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ទាក់​ទង​នឹង​បញ្ហា​ស្វែង​រក​ដំណោះស្រាយ​តែ​ប៉ុណ្ណោះ»។​

អ្នក​ទាំង​៨​ដែល​មិន​ត្រូវ​តុលាការ​ឧទ្ធរណ៍​អនុញ្ញាតឱ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំនោះ​រួម​មាន​ថ្នាក់​ដឹកនាំកញ្ញា​ ​ឈឹម​ ​ស៊ី​ថរលេខា​សហជីព​ ​អ្នកស្រីឈឹម​ ​សុខន​ ​និង​សមាជិក​សហជីព​អ្នកស្រីហៃ​ ​សុភាព​ ​អ្នក​ស្រីឃ្លាំង​ សុបិន្ត ​អ្នក​ស្រីរី​ ​សុវណ្ណ​ឌី​ ​អ្នកនាងស៊ុន​ ​ស្រី​ពេជ្រ​ ​និង​អ្នកនាងទូច​ ​សេរី​មាសក៏ដូចជា​អតីត​សមាជិក​សហជីពលោក​ ​សុខ​ ​ណា​រិទ្ធ។​នេះ​បើតា​ម​អង្គការ​លីកាដូ។ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​ធ្នូឆ្នាំ​២​០​២​១ ​និង​ខែ​មករាឆ្នាំ​២​០​២​២ខណៈ​ពួក​គេចូលរួម​ក្នុង​កូដកម្ម​អហិង្សា​នៅ​មុខ​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៍។

រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​អ្នកស្រី ​ស្រេង​ សូយ៉េត បាន​បដិសេ​ធ​មិនផ្តល់​ការ​អត្ថាធិប្បាយ​ដោយ​ថា​ជាប់​ធ្វើ​ចត្តាឡីស័កនិង​មិន​បាន​បំពេញ​ការងារ​ពីរ​សប្តាហ៍​មកហើយ។​

មន្ត្រី​កម្មវិធី​ការ​ងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​លោក​ឃុន​ ថារ៉ូ​ចាត់​ទុ​ក​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ថា​អាច​ធ្វើឱ្យ​តំណាង​សហជីព​បាត់​បង់​ឱកាស​ក្នុងការ​ចេញ​មុខ​ចរចា​ដោះ​ស្រាយ​វិវាទ​ជា​មួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​កន្លងមក​បាន​ចោទប្រកាន់​ការ​ធ្វើកូដកម្មរបស់​កម្មរនិយោជិត​ខ្លួន​ថាខុសច្បាប់។

​លោក​ឃុន​ ថារ៉ូ​ ថ្លែង​ថា៖ «កន្លង​មក​យើង​គិត​ថា​ក្នុង​ករណី​ដែល​ពួក​គាត់​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​វានឹង​ផ្តល់​នូវ​លទ្ធភាព​ដើម្បី​ពួក​គាត់​អាច​ស្វែង​រក​នូវ​លទ្ធភាព​ក្នុង​ការ​ចរចា​ចូល​រួម​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ដើម្បី​បិទ​បញ្ចប់​នូវ​សំណុំរឿង​មួយ​នេះ​ប៉ុន្តែ​ការណ៍​ដែល​សម្រេច​បដិសេធ​របស់​សាលាឧទ្ធរណ៍​នេះ​ខ្ញុំគិត​ថា​វានឹង​អាច​ជាក់​ឥទ្ធិពល​ទៅ​នឹងដំណើរ​ការ​នៅ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ហើយ​និង​ដំណើរការ​នៃការ​ចរចា»។

កូដករ​មួយរូប វ័យ​៣២​ឆ្នាំដែល​នៅបន្ត​តវ៉ា​ជាមួយ​កូដករ​ដទៃទៀត​រកដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍អ្នកស្រី​ ឈិន​ ឧសភា​ប្រាប់វីអូអេ​ថាសេរីភាព​របស់​ថ្នាក់​ដឹកនាំ​និង​សកម្មជន​សហជីព​៨​រូប​ដែលកំពុង​ជាប់​ឃុំ​ស្ថិត​នៅចំ​ចំណុច​កណ្តាល​នៃ​ការ​បន្ត​ធ្វើ​កូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ នេះមាន​ន័យ​ថា​ បើ​អ្នកសហជីព​ទាំង​នោះ​មិន​ត្រូវ​បានតុលាការ​អនុញ្ញាត​ឱ្យ​នៅក្រៅ​ឃុំ​ទេ​កូដកម្ម​នឹង​មិន​អាចត្រូវ​បានបញ្ចប់​នោះ​ឡើយ។

អ្នកស្រី​និយាយ​ថា៖ «និយាយ​ទៅ​ទីមួយ​នៃ​ការ​បញ្ចប់​វិវាទ​គឺ​ផ្អែក​ទៅលើ​ការ​ដោះលែង​តំណាង​ព្រោះ​បើសិន​បើ​អត់​មាន​តំណាង​ទេ ក៏​អត់​មានការ​ចរ​ចា​ដែរ​អីចឹង​មាន​ន័យ​ថា​អ្វីដែល​គាត់​កំពុង​ធ្វើ​ឥឡូវហ្នឹង​គឺ​កំពុង​តែ​ឱ្យ​ពួក​យើង​ហ្នឹង​គឺ​នៅ​តែ​បន្ត​ការ​ធ្វើ​កូដកម្ម​ដោយ​គ្មាន​ដំណោះស្រាយ​ចឹង​បង»។​

ដោយ​ឡែក​លោក ​ឈឹម ប្រុស ​វ័យ​៣៣​ឆ្នាំ​ប្អូន​ប្រុស​បង្កើត​របស់​កញ្ញា​ឈឹម​ សីថរ​ស្នើ​ឱ្យ​ថា្នក់​ដឹកនាំ​ពិចារណា​ពន្លឿន​ការ​ដោះ​ស្រាយ​ទំនាស់​នៅ​ក្រុមហ៊ុន​ណា​ហ្គាវើល​ដ៍​និង​ថា​បើ​ទំនាស់​នេះ​នៅតែ​បន្ត​អូសបន្លាយ​ពេល​យូរ​នោះ​អ្នក​ខាត​បង់​គឺ​ក្រុម​កូដករ​ដែល​មាន​បន្ទុក​ក្នុងគ្រួសារ​រៀងៗ​ខ្លួន។​

លោក​ថ្លែង​ថា៖ «ម្នាក់ៗ​គាត់​មាន​បន្ទុក​នៅ​ក្នុង​គ្រួសារ​គាត់​មាន​បន្ទុក​នៅ​ក្នុង​ការ​ចិញ្ចឹម​ម្តាយ​ឬ​ក៏​កូន​ឬក៏​យាយ​របស់​គាត់»។

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​ការ​ងារ​លោក ហេង​ សួរ​ បាន​ទេ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ។​

បើតាម​ការ​អះអាង​របស់​កូដករ​មួយ​ចំនួន​ការ​ធ្វើ​កូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ក៏​នឹង​មិន​អាច​បញ្ឈប់​បាន​ដែរបើ​សិន​ក្រុមហ៊ុន​មិន​ព្រម​ទទួល​យកបុគ្គលិក​ចំនួន​៣៦៥​នាក់​ដែល​ភាគច្រើន​ជា​សមាជិក​សហជីព​នៅក្នុងក្រុម​ហ៊ុន។

នៅ​ក្នុង​វិវាទ​ការងារ​នេះ​ផង​ដែរ​សមាជិក​សហជីព៣នាក់​ទៀត​គឺ​លោក​ ​ជួប​ ​ចាន់ណា​តលោក​ ​សៅ​ ​សម្បត្តិ​ ​និង​លោក​សេង​ វណ្ណារិទិ្ធត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​កាល​ពីខែកុម្ភៈ​ឆ្នាំ​២០២២ ក្រោម​បទ​ចោទ​រារាំង​ដល់​ការ​អនុវត្តវិធានការសុខាភិបាល ក្រោម​ច្បាប់​កូវីដ១៩។ នេះ​បើ​តាម​អង្គការ​សិទ្ធិមនុស្ស​លីកាដូ៕​

XS
SM
MD
LG