ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ត្រៀម​កញ្ចប់​ថវិកា​ ១០០​លាន​ដុល្លារ​សម្រាប់​​ដាក់​មន្រ្តី​កសិកម្ម​តាម​ឃុំ​នីមួយៗ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា​រដ្ឋា​ភិបាលរបស់​លោក​បានត្រៀម​កញ្ចប់​ថវិកា​១០០​លាន​ដុលា្លរ ដើម្បី​ពង្រឹងវិស័យ​កសិកម្ម និង​ការ​ដាក់​មន្រ្តី​កសិ​កម្ម​តាម​ស្រុក ឃុំ​នីមួយៗ ដើម្បី​ជួយ​ទៅ​ដល់​ប្រជា​កសិករ​តាម​តំបន់​មូល​ដ្ឋាន។

លោក ហ៊ុន ម៉ាណែត ដែល​ទើប​កាន់​តំណែង​ជាង​មួយ​ខែ ថ្លែង​បែប​នេះ នៅ​ក្នុង​ជំនួប​សំណះ​សំណាល​ជាមួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​នា​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្រោយ​លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី​៧៨ ក្នុង​ទីក្រុង​ញូវ​យ៉ក សហរដ្ឋ​អាមេរិក។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «កសិកម្ម​គឺ​ដាក់​ចេញ​នូវ​យន្ត​ការ​សម្រប​សម្រួល​កម្មវិធី​ហិរញ្ញ​ប្បទាន​ សំដៅ​លើក​ស្ទួយ​កសិផល រក​ទីផ្សារ រក​លំនឹង​ផល​កសិកម្ម​នៅ​កម្រិត​សមរម្យ។ ខ្ញុំ​និយាយ​ហើយ​ដើរ​ចេញ​ទាក់​ម៉ូយភាគ​ច្រើន​គឺ​ផលិត​ផល​កសិកម្ម​របស់​យើង​។ ហើយ​ក្នុង​នោះ​យើង​បាន​ត្រៀម​កញ្ចប់​ថវិកា​១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ និង​អាច​វិភាជ​ថវិកា​បន្ថែម​បើ​សិន​មាន​តម្រូវ​ការ ដើម្បី​អន្តរាគមន៍​ឱ្យ​ទាន់​ពេល​វេលា ក្នុង​ការ​ធានា​នូវ​តម្លៃ​កសិផល​ក្នុង​កម្រិត​ណា​មួយ​ដែល​យើង​អាច​ធ្វើ​ទៅ​បាន នេះ​ដើម្បី​ជួយ​ដល់​គាត់​ [កសិករ]»។

គម្រោង​នៃ​ការដាក់​មន្រ្តី​ជំនាញ​ផ្នែក​កសិកម្ម​តាម​ឃុំ ត្រូវ​បាន​ប្រកាស​ដោយ​អតីត​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មុន​ពេល​លោក​ចុះ​ចេញ​ពី​តំណែង។

លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​លោក ហ៊ុន សែន លើក​ឡើង​ថា​រដ្ឋា​ភិបាល​នឹង​ជ្រើស​រើស​មន្ត្រី​បង្គោល​ជំនាញ​កសិកម្ម​ចំនួន​២៥០​នាក់ ដោយ​ត្រូវ​ការ​ពង្រាយ​តាម​ស្រុក​ឃុំ​នីមួយៗ ដើម្បី​ជួយ​ជា​ជំនាញ និង​ទំនើប​កម្ម​បច្ចេក​ទេស​ក្នុង​ការ​ដាំដុះ​ និង​ការ​ចិញ្ចឹម​សត្វ​ជា​ដើម។

លោក​ថ្លែង​ថា៖ «ហើយ​កិច្ច​ការ​ងារ​មួយ​ទៀត​ទាក់​ទង​កសិកម្ម​នេះ​គឺ​យើង​ពង្រាយ​មន្ត្រី​បច្ចេក​ទេស​កសិកម្ម​ឱ្យ​គ្រប់​ឃុំ-សង្កាត់​ឱ្យ​មាន​តម្រូវ​ការ​កសិកម្ម​ ព្រោះ​បញ្ហា​កសិករ​របស់​យើង​នៅ​ក្នុង​ទំនើប​កម្ម​គឺ​ត្រូវ​ការ​មាន​អ្នក​បច្ចេក​ទេស​ជួយ។ ហើយ​រដ្ឋ​កន្លង​ទៅ​យើង​មាន​អ្នក​បច្ចេកទេស ប៉ុន្តែ​អត់​គ្រប់ សម្តេច​តេជោ​បាន​អនុម័ត​តាំង​ពី​អាណត្តិ​មុន​ ហើយ​យើង​នឹង​ចាប់​ផ្តើម​ឥឡូវ​នេះ ពី​នេះ​ដល់​ចុង​ឆ្នាំ​ត្រូវ​រើស​២៥០​នាក់ ហើយ​ឆ្នាំ​បន្ទាប់​រើស​បន្ថែម​ទៀត​រុញ​ទៅ​មូល​ដ្ឋាន រក​មន្ត្រី​កសិកម្ម​ដើម្បី​នៅ​ជាមួយ​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​តែ​ម្តង​ ដើម្បី​ជួយ​ផ្តល់​ជំនាញ ជួយ​ដល់​ប្រជា​កសិករ​ក្នុង​ការ​ដាំ​ដុះ ចិញ្ចឹម​សត្វ​នេះ​ជា​កិច្ចការ​សំខាន់»។

លោក ស៊ឹង សុខុម អាយុ​៥៥​ឆ្នាំ កសិករ​ក្នុង​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ លើក​ឡើង​ថា​នេះ​ជា​រឿង​ដែល​ល្អ​មួយ ដែល​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រជា​កសិករ​នៅ​តាម​តំបន់​មូល​ដ្ឋាន ដោយ​លោក​ថា​កន្លង​ទៅ​គោល​នយោបាយ​ផ្នែក​កសិកម្ម​ដែល​ដាក់​ទៅ​នោះ គឺ​ត្រឹម​តែ​ជា​គោល​នយោបាយ​ប៉ុណ្ណោះ​ ហើយ​មិន​មាន​មន្ត្រី​ដែល​ជំនាញ​ណា​ចុះ​ជួយ​ពី​បញ្ហា​ប្រឈម​ដែល​កសិករ​បាន​ជួប​ប្រទះ​ឡើយ។

លោក​បន្ត​ថា​លោក​រំពឹង​នឹង​មាន​ការ​រៀប​ចំ​គោល​នយោបាយ​ឃុំ​១ មន្ត្រី​កសិកម្ម​១ បាន​យ៉ាង​ល្អ ដើម្បី​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ទទួល​បាន​បចេ្ចក​ទេស​ដាំ​ដុះ​ថ្មី និង​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន។

លោក​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​រំពឹង ហើយ​និង​តាម​ដាន​ថា​តើ​ការ​រៀប​ចំ​ផែន​ការ​នេះ​ វា​មាន​ប្រសិទ្ធ​ភាព​បែប​ណា​ កម្រិត​ណា​ ប៉ុន្តែ​អ្វី​ដែល​យើង​មាន​ការ​រំពឹង​នេះ​គឺ​យើង​ត្រេក​អរ​ជា​មុន​ហើយ។ ដូច​ដែល​ខ្ញុំ​បាន​បញ្ជាក់​ខាង​ដើម សូម្បី​តែ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​យើង​បាន​ផ្តល់​ពូជ​មាន់ ផ្តល់​ពូជ​អី​ចិញ្ចឹម​មាន់​ តែ​ពេល​ដែល​មាន់​កើត​ជំងឺ​កើតអញ្ចឹង​ យើង​ទាក់​ទង​មន្រ្តី​កសិកម្ម​ឱ្យ​ចូល​រួម​ផ្តល់ ឬ​បង្រៀន​អញ្ជឹង​ ជាទូទៅ​គាត់​ថា​គាត់​មិន​មាន​ថវិកា​ចុះ ហើយ​ដល់​អ៊ីចឹង​គាត់​អត់​ដែល​ទៅ​ចុះ​ទៅ​សម្រប​សម្រួល​ ទៅ​ជួយ​ផ្តល់​គំនិត​ ឬ​ផ្តល់​បច្ចេក​ទេស​ដល់​ប្រជា​កសិករ​ទេ»។

ចំណែក​ប្រជា​កសិករ​មួយ​រូប​ទៀត អ្នកស្រី យស សុភ័ណ្ឌ អាយុ​៤៤​ឆ្នាំ ក្នុង​ខេត្ត​ស្វាយ​រៀង លើក​ឡើង​ស្រដៀង​គ្នា​ថា​អ្នក​ស្រី​ក៏​មាន​សេចក្តី​ត្រេក​អរ ដែល​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ក្នុង​ការ​ពង្រឹង​ទៅ​លើ​វិស័យ​កសិកម្ម។ អ្នកស្រី​ថា កន្លង​ទៅ​ប្រជា​កសិករ​ភាគ​ច្រើន​ធ្វើ​ការ​ដាំ​ដុះ​តាម​បែប​ប្រពៃណី ដែល​ធ្វើ​ឱ្យ​ទទួល​បាន​ផល​តិច។ អ្នកស្រីបន្ត​ទៀត​ថា​អ្នកស្រី​រំពឹង​ថា​គោល​នយោបាយ​លើ​ការ​ពង្រឹង​កសិកម្ម​នេះ​នឹង​មាន​ការ​អនុវត្ត​ត្រឹម​ត្រូវ ដែល​អាច​ជួយ​ជា​ប្រយោ​ជន៍​ទៅ​កាន់​ប្រជា​កសិករ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​គិត​ថា​វា​ល្អ គ្រាន់​តែ​ថា​គោល​នយោបាយ​កន្លង​មក គោល​នយោ​បាយ​អី​ក៏​ល្អ​ដែរ ប៉ុន្តែ​ការ​អនុវត្ត​ ពិសេស​គឺ​ការ​អនុវត្ត​របស់​មន្ត្រី​ដែល​ចុះ​មក​អនុវត្ត​ផ្ទាល់​នៅ​មូល​ដ្ឋាន​ហ្នឹង​ មិន​ដូច​គោល​នយោបាយ​ដែល​រដ្ឋា​ភិបាល​ដាក់​មក​ទេ គឺ​តែង​តែ​មាន​ការ​ពុក​រលួយ ឬ​រើស​អើង​ទៅ​លើ​កសិករ»។

វិស័យ​កសិកម្ម​នៅ​កម្ពុជា ត្រូវ​បាន​រិះគន់​ថា​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ក្នុង​នោះ​មាន​ការ​ដាំ​ដុះ​មិន​ទទួល​បាន​ផល​ល្អ កសិករ​មិន​ដឹង​ទីផ្សារ​កសិផល កសិករ​ដាំ​ដំណាំ ប៉ុន្តែ​តម្លៃ​លើ​ទីផ្សារ​ទាប។

កាល​ពី​កន្លង​ទៅ មាន​ការ​រិះ​គន់​ថា​មិន​មាន​មន្រ្តី​កសិកម្ម​ចុះ​ទៅ​អប់រំ និង​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ឃុំ ទើប​បង្ក​ជា​បញ្ហា​ក្នុង​វិស័យ​កសិកម្ម​រហូត​មក​ដល់​ពេល​នេះ។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក​ ថេង សាវឿន​ យល់​ថា​ការ​ដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​នៅ​តាម​ស្រុក​ឃុំ​នីមួយៗ​ជា​រឿង​ដែល​ល្អ ហើយ​ជា​យន្ត​ការ​ថ្មី​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ធានា និង​លើក​កម្ពស់​វិស័យ​កសិកម្ម​របស់​កម្ពុជា​ ក៏​ដូច​ជា​ការ​ជួយ​ដល់​ប្រជា​កសិករ។ លោក​សង្ឃឹម​ថា​នឹង​មាន​ការ​អនុវត្ត​គោល​នយោបាយ​នេះ​ទាន់​ពេល​វេលា ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ ដែល​ប្រជា​កសិករ​កំពុង​ជួប​ប្រទះ។

លោក​ប្រាប់​វីអូអេ​ថា៖ «ប៉ុន្តែ​ការ​ដាក់​ពង្រាយ​នេះ​ក៏​វា​នឹង​អាច​ជួយ​ដល់​កសិករ​នៅ​ផ្នែក​ខ្លះ​ ដែល​កសិករ​ត្រូវ​ការ​ចាំបាច់​ពី​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​។ ហើយ​យើង​សង្ឈឹម​ថា​យន្ត​ការ​នៃ​ការ​ដាក់​ពង្រាយ​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ទាន់​ពេល​វេលា​ ហើយ​មន្រ្តី​ដែល​ដាក់​នោះ​ជា​មន្រ្តី​ដែល​មាន​សមត្ថ​ភាព​ជួយ​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ ពិសេស​គឺ​ការ​ជួយ​ដោះ​ស្រាយ​កសិករ​នៅ​ពេល​គាត់​មាន​បញ្ហា​ តួយ៉ាង​បញ្ហា​ការ​ដាំ​ដុះ និង​ការ​ចិញ្ចឹម»។

លោក ថេង សាវឿន បន្ត​ថា​មន្ត្រី​កសិកម្ម​ដែល​ចុះ​ទៅ​តាម​ស្រុក​ឃុំ​មូល​ដ្ឋាន គឺ​មិន​ត្រូវ​មាន​និន្នាការ​រើស​អើង​ណា​មួយ​ទៅ​ប្រជា​កសិករ​ឡើយ ហើយ​លោក​ថា​ការ​ដែល​មាន​គោល​នយោបាយ​ឃុំ​១ មន្រ្តី​កសិកម្ម​១​នេះ ក៏​អាច​កាត់​បន្ថយ​ការ​ចំណាក​ស្រុក និង​បង្កើន​ផល​នៃ​ការ​ដាំ​ដុះ​របស់​ប្រជា​កសិករ​ផង​ដែរ។

លោក​បន្ថែម​ទៀត​ថា​ដើម្បី​ឱ្យ​មាន​ការ​បង្កើន​សមត្ថភាព​របស់​ប្រជា​កសិករ​ មន្រ្តី​កសិកម្ម​គួរ​មាន​ការ​សិក្សា​អំពី​តម្រូវ​ការ និង​បញ្ហា​ប្រឈម​នានា​ដែល​ប្រជា​កសិករ​ក្នុង​តំបន់​មូល​ដ្ឋាន​ជួប​ប្រទះ។

លោក​ថ្លែង​ថា៖ «បញ្ហា​តម្រូវ​ការ​របស់​កសិករ​នៅ​ឃុំ​នីមួយៗ​មាន​លក្ខណៈ​ផ្សេង​ពី​គ្នា​ អ៊ីចឹង​លុះ​ត្រា​តែ​មន្ត្រី​មាន​ភាព​វ័យ​ឆ្លាត​ ចេះ​សម្រប​សម្រួល​កិច្ច​ការ​ងារ​គ្រប់​ភាគី​ពាក់​ព័ន្ធ ដើម្បី​ធានា​ថា​ខ្លួន​ឯង​សម្រប​សម្រួល​ និង​ជួយ​គាំទ្រ​ដល់​កសិករ​បាន»។

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា ប្រាប់​វីអូអេ​ថា​ក្រសួង​កសិកម្ម​កំពុង​ធ្វើ​ការយ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​មុខ​ងារ​សាធារណៈ​សម្រាប់​ការ​ដាក់​ពង្រាយ​មន្រ្តី​កសិកម្ម​នៅ​តាម​ស្រុក​ឃុំ​នីមួយៗ​ដែល​មាន​សកម្ម​ភាព​កសិកម្ម​។ កញ្ញា​បន្ត​ថា​ក្រសួង​កសិកម្មគ្រោង​ដាក់​ពង្រាញ​មន្រ្តី​កសិកម្ម​ឱ្យ​បាន​គ្រប់​ចំនួន​ឃុំ​១៦០០ ដែល​មាន​សកម្ម​ភាព​កសិកម្ម​ទូទាំង​ប្រទេស​គិត​ត្រឹម​ឆ្នាំ​២០២៥។

កញ្ញា​ថ្លែង​ថា៖ «សម្រាប់​ឆ្នាំ​២០២៣​នេះ យើង​គ្រោង​ដាក់​ពង្រាយ​មន្ត្រី​ឃុំ​ចំនួន​២៥០​នាក់​ ហើយ​នៅ​ឆ្នាំ​២០២៤​ យើង​នឹង​បន្ថែម​ចំនួន​៥៥០​នាក់​ ហើយ​រហូត​ដល់​ឆ្នាំ​២០២៥​ យើង​នឹង​ដាក់​ពង្រាយ​ចំនួន​៨០០​នាក់​បន្ថែម​ទៀត​ សរុប​ទាំង​អស់​១៦០០​នាក់​ នៅ​តាម​ឃុំ​ចំនួន​១៦០០ ដែល​មាន​សកម្ម​ភាព​កសិកម្ម​នៅ​ទូទាំង​ប្រទេស»។

អ្នកនាំពាក្យ​ក្រសួង​កសិកម្មបន្ថែម​ថា​ការ​ជ្រើស​រើស​មន្រ្តី​កសិកម្ម​ឃុំ​នេះ​គឺ​ត្រូវ​មាន​ជំនាញ​ផ្នែក​កសិកម្ម និង​មាន​ឆន្ទៈ​ក្នុង​ការ​បម្រើ​ដល់​ប្រជា​កសិករ​ទាំង​ផ្នែក​បច្ចេក​ទេស ការ​ប្រមូល​ព័ត៌មាន​ពី​ថ្នាក់​មូល​ដ្ឋាន​ទៅ​ថ្នាក់​ជាតិ និង​មាន​យន្ត​ការ និង​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន​ឱ្យ​ទាន់​ពេល​វេលា​ជាដើម៕

XS
SM
MD
LG