ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​​នឹង​​ជំរុញ​អ្នក​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​ចូល​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដើម្បី​លើក​ស្ទួយ​ជីវភាព


អាជីវករម្នាក់ដឹកទំនិញលក់តាមតូបចល័ត នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣។
អាជីវករម្នាក់ដឹកទំនិញលក់តាមតូបចល័ត នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣។

នៅ​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​មួយ​របស់​រដ្ឋាភិបាលស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សម្រាប់​ឆ្នាំ​ ២០២៣​ ដល់​ឆ្នាំ​ ២០២៨ អ្នក​ដែល​កំពុង​រក​ស៊ីក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នឹង​ត្រូវបាន​រំកិល​ឱ្យ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​ស្ថិត​ក្រោម​ការគាំទ្ររបស់​អាជ្ញាធរ​ពាក់ព័ន្ធ។

យុទ្ធសាស្ត្រ​ថ្មី​នេះ​នឹង​រួម​ចំណែក​ក្នុងការ​កែ​លម្អ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ និងសម្រេច​ឱ្យ​បាន​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ហើយ​ធ្វើ​ឱ្យមាន​ភាព​ធន់​នឹង​វិបត្តិ​ផ្សេង​ៗ។ នេះ​បើ​តាម​លទ្ធផល​នៃសម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​ ២០ ខែ​កញ្ញា

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ​ប៉ែន បូណា​ ប្រាប់​វីអូអេ​ថា​ យុទ្ធសាស្រ្ត​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​ ២០២៣-២០២៨ នេះ គឺ​ជា​គិតគូរ​គាំពារ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ឱ្យ​មាន​ភាព​រីក​លូតលាស់​ដូច​អ្នក​ប្រកបរបរ​ក្នុង​សេដ្ឋ​កិច្ច​ក្នុង​ប្រព័ន្ធ។

លោក​ថ្លែង​ថា៖ «រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ នេះ​ គឺ​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សម្រាប់​ឆ្នាំ​ ២០២៣​ ដល់ ​២០២៨។ ហេតុ​អី​បាន​រៀបចំ​អាហ្នឹង ព្រោះ​រាជរដ្ឋាភិបាល​មាន​គោល​បំណង​គាំពារ​ទៅ​ដល់​បងប្អូន​ដែល​ប្រកប​របរ​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​ទាំង​អស់ ​ដើម្បី​ឱ្យ​គាត់​ទទួល​បាន​ផល​ប្រយោជន៍​ដូច​អ្នក​នៅ​ក្នុង​ប្រព័ន្ធ​ដែរ»។

លោក​បន្ថែមថា៖ «អ៊ីចឹង​ថ្មីៗ​នេះ​ នៅ​ពេល​មាន​ការប្រកាស​របស់​អាជ្ញាធរ​មួយ​ចំនួន​ឱ្យ​ពួក​គាត់​ទៅ​ចុះ​ឈ្មោះ​ គាត់​មាន​ការ​ព្រួយ​កាបារម្ភ គាត់​ព្រួយ​បារម្ភ​ថា​គាត់​ត្រូវ​ខាត​បង់​ បង់​ពន្ធ​ បង់​អី​នេះ​នោះ​អ៊ីចឹង​ទៅ។ អ៊ីចឹង​សម្តេចធិបតី​គឺ​លោក​ផ្អាក​មិន​ឱ្យ​មាន​ការចុះ​ឈ្មោះ​អី​សិន​ ចាំ​រៀបចំ​គោល​នយោបាយ​យុទ្ធសាស្រ្ត​ជាតិ​នេះ​រួច​រាល់​នឹង​ចេញ​ទៅ​តែ​ម្តង»។

អ្នក​ដែល​ពឹង​ផ្អែក​លើសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គឺ​សំដៅ​ដល់​អ្នក​មាន​អាជីវកម្ម​តូចតាច​ ឬ​អ្នក​លក់​ដូរ​ក្នុង​ផ្សារ​ និង​តាម​ដង​ផ្លូវ​ និងអ្នក​រត់​ម៉ូតូកង់​បីជា​ដើម។

បើ​តាមសេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រីដែ​ល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ នឹង​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​និង​ភាព​ជាក់ស្តែង​មួយចំនួន ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់ខ្ពស់​លើ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ និង​គាំទ្រ​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បន្ទាប់​ពីវិបត្តិជំងឺ​កូវីដ១៩។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក ​វន់ ពៅ សាទរ​ចំពោះ​ការយក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ទៅ​លើ​អ្នក​ប្រកប​មុខ​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថា​ជា​បរិបទ​ថ្មី​បន្ថែម​ទៀត​ ក្នុង​ការ​ជំរុញ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពួក​គេ​បាន​ចូល​ទៅក្នុង​ក្របខណ្ឌសេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​មាន​ការ​តាម​ដាន​ពី​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន។

លោក​បន្ត​ទៀតថា​ យុទ្ធសាស្រ្ត​ជាតិ​ស្តី​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​ ២០២៣-២០២៨ របស់​រាជរដ្ឋាភិបាល​ដែល​បាន​សម្រេច​នេះ គឺ​ជា​ការឆ្លើយ​តប​មួយ​ដ៏​សំខាន់​មក​កាន់​ប្រជា​ពលរដ្ឋ​ប្រកប​មុខ​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ខណៈ​ពួកគេ​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន ​រួម​មាន​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​ និង​សម្ពាធ​នៃ​ការ​កើនឡើង​ថ្លៃ​ទំនិញ​លើ​ទីផ្សារ ក្រោយមាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

លោក​ថ្លែងថា៖ «តម្រូវការ​របស់​គាត់​[អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ] គឺ​សេវា​សង្គម​ទាំង​សេវា​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច សង្គម​និង​វប្បធម៌​ និង​យុត្តិធម៌​សង្គម​សម្រាប់​របស់​ពួកគាត់​ដែរ។ នេះ​គឺ​ជា​តម្រូវ​ការចាំបាច់​ គឺ​ធ្វើ​យ៉ាង​ឱ្យ​សេដ្ឋកិច្ច​គាត់​ដំណើរការ​ល្អ​ឡើង​វិញ​ដូច​មុន​សម័យ​កូវីដ រដ្ឋ​ត្រូវ​ធ្វើ​អ៊ីចឹង​[នោះ​វា] គឺ[ជា]ការសាទរ​ហើយ​របស់​ពួកយើង​ប្រសិន​ជា​អាច​ធ្វើ​បាន»។

ការដាក់​ចេញ​នូវ​យុទ្ធសាស្ត្រនៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មាន​រយៈពេល​ ៥ ឆ្នាំ ក៏មាន​គោល​បំណង​ពង្រឹង​សមត្ថភាព​ផលិតភាព​ និង​ភាព​ធន់​នៃអ្នក​រក​ទទួល​ទាន​ក្នុងសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ពន្លឿន​ដល់​ការចូលរួម​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដើម្បី​ធានា​បាន​វឌ្ឍនភាព​នៃ​ការ​ធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និង​ការប្រកប​អាជីវកម្ម​ មុខ​របរ និង​ការងារ​ចិញ្ចឹម​ជីវិត​នៅ​កម្ពុជា។

យុទ្ធសាស្រ្ត​ជាតិ​នេះ បាន​កំណត់​អាទិភាព​លើ​ចំណុច​សំខាន់ៗ​ ចំនួន ​៥ រួម​មាន៖

  • ការ​កំណត់​ ការកែសម្រួល និង​ការរៀបចំ​យន្ត​ការ​ក្នុង​ការបង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ឈាន​ចូល​ក្នុង​ប្រព័ន្ធ
  • ការកាត់​បន្ថយ​បន្ទុក​លើ​ការ​បំពេញ​អនុលោម​ភាព
  • ការផ្តល់​ការគាំពារ​ និងគាំទ្រ​ដល់​អ្នក​ដែល​បាន​ឈាន​ចូល​ក្នុង​ប្រព័ន្ធ
  • ការ​លើក​កម្ពស់​សមត្ថភាព​ និង​គាំទ្រ​ដល់​អ្នក​ដែល​ឈាន​ចូល​ក្នុង​ប្រព័ន្ធ​
  • ការ​ពង្រឹង​និង​ពង្រីក​ការផ្សព្វផ្សាយ​ និង​លើក​កម្ពស់​ការយល់​ដឹង​និង​ការចូលរួម។

រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​ដាក់ចេញ​នូវយុទ្ធសាស្ត្រ​ជាតិ​ថ្មីមួយ​នេះ​ថា​ ជា​ការ​ត្រួស​ត្រាយ​ផ្លូវ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដើម្បី​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ ស្ថាប័ន​ វិស័យ​ឯកជន​ អង្គការជាតិ​ និង​អន្តរជាតិ​ និង​ការ​ផ្សាភ្ជាប់​ទំនាក់​ទំនង​ជា​មួយសមាគម​នានា៕

XS
SM
MD
LG