លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលកាន់តំណែងបានជិតមួយខែ នឹងធ្វើដំណើរទៅកាន់ទីក្រុងNew York (ញូវយ៉ក) សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១ ខែកញ្ញា ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ នេះជាលើកដំបូងរបស់លោកក្នុងការថ្លែងទៅកាន់មេដឹកនាំពិភពលោក ក្នុងនាមជានាយករដ្ឋមន្រ្តីតំណាងប្រទេសកម្ពុជា។ នេះបើតាមសារបង្ហោះនៅលើហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត នាថ្ងៃពុធនេះ។
បើតាមសារនោះ លោក ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជាទៅចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨» នៅទីក្រុង New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករក្នុងស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃអង្គារ លោក ហ៊ុន ម៉ាណែត បានថ្លែងថាលោកនឹងយកឱកាសទៅសហរដ្ឋអាមេរិក ដើម្បីទាក់ទាញវិនិយោគទុនមកកម្ពុជាផងដែរ។
លោកថ្លែងថា៖«ខ្ញុំទើបត្រឡប់មកពីចិន ទៅជួបជាមួយថ្នាក់ដឹកនាំចិននៅប៉េកាំង ហើយក៏ចូលរួមពិពណ៌ពាណិជ្ជកម្មរបស់យើងនៅណាននីង ដើម្បីទាញវិនិយោគពីបណ្តាប្រទេសចិន។ ថ្ងៃទី២១នេះ ខ្ញុំនឹងត្រូវទៅអាមេរិកខ្ញុំមានគម្រោងជួបជាមួយអ្នកវិនិយោគអាមេរិក ជួបជាមួយនឹងសហគមន៍អ្នកវិនិយោគអាមេរិកខ្មែរ រៀបចំដោយសភាពាណិជ្ជកម្មរបស់យើងនៅអាមេរិក ទៅទាក់ម៉ូយពីអាមេរិកមកទៀត យកមកកម្ពុជា»។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយថាលោក ហ៊ុន ម៉ាណែត នឹងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិដោយផ្តោតលើវឌ្ឍនភាពសង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ក្រសួងបញ្ជាក់ថាមូលបទចម្បងសម្រាប់កិច្ចពិភាក្សានៅឆ្នាំនេះ គឺ«កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរកាលសម្រាប់ទាំងអស់គ្នា»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖ «ខ្លឹមសារនៃសុន្ទរកថារបស់សម្តេចធិបតីនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួនបី រួមមានបរិបទពិភពលោក វឌ្ឍនភាពសង្គមសេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព(SDGs)»។
បើតាមក្រសួងការបរទេសកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួន ក្នុងពេលស្នាក់នៅទីក្រុងញូវយ៉ក។
ក្នុងពេលដែលលោក ហ៊ុន ម៉ាណែតទៅសហរដ្ឋអាមេរិក អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានលើកឡើងថាពួកគេនឹងប្រមូលផ្តុំគ្នាតវ៉ា នៅថ្ងៃទី២២ ខែកញ្ញា ចាប់ពីម៉ោង១០ព្រឹក នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុង New York ដើម្បីបង្ហាញទៅពិភពលោកថាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមិនពេញចិត្តនឹងលោក ហ៊ុន ម៉ាណែត ដែលនឹងទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ គម្រោងតវ៉ានេះធ្វើឡើងដោយសារពួកគេមិនទទួលស្គាល់ការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្រ្តី ក្រោយលោក ហ៊ុន សែន ឈប់កាន់អំណាច។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថាលោកចង់ឃើញមានការស្តារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីធានាទំនាក់ទំនងកាន់តែល្អប្រសើរជាមួយប្រទេសដទៃទៀត។
លោកប្រាប់វីអូអេថា៖ «អ្វីដែលខ្ញុំចង់ឃើញលោកនាយករដ្ឋមន្ត្រីលើកឡើងគឺទីមួយពាក់ព័ន្ធជាមួយនឹងបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើង។ បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនេះ គឺជាមូលដ្ឋានមួយធំណាស់ក្នុងការទាក់ទាញការទំនាក់ទំនងក៏ដូចជាការវិនិយោគពីបណ្តាសហភាពអឺរ៉ុបក៏ដូចជាសហរដ្ឋអាមេរិកបាទ»។
គេមិនទាន់ដឹងនៅឡើយថាតើលោក ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយមន្រ្តីផ្លូវការអាមេរិកណាមួយ ឬយ៉ាងណា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក អាន សុខខឿន និងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបាននៅឡើយទេ។
ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ កាលពីឆ្នាំ២០២២ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាដែលបានទៅចូលរួមដោយផ្ទាល់ លើកឡើងបញ្ហាពាក់ព័ន្ធមួយចំនួន ក្នុងនោះមានផលប៉ះពាល់នៃសង្គ្រាមនៅអ៊ុយក្រែន ស្ថានការណ៍នៅឧបទ្វីបកូរ៉េ បញ្ហាជំងឺរាតត្បាតកូវីដ១៩ ភាពងាយរងគ្រោះនៃការប្រែប្រួលអាកាសធាតុ ការគំរាមកំហែងបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលកើតចេញពីការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន និងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាដើម។ លោក ហ៊ុន សែន ក៏បានលើកឡើងអំពីដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស ក្នុងនោះមានការបោះឆ្នោតឃុំ-សង្កាត់ ដែលត្រូវបានរៀបចំកាលពីខែមិថុនា ឆ្នាំ២០២២។
គួរបញ្ជាក់ថាការបោះឆ្នោតជាតិនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣ រងការរិះគន់ពីមតិជាតិនិងអន្តរជាតិមួយចំនួនថាធ្វើឡើងដោយអវត្តមានគណបក្សជំទាស់ដ៏ចម្បងគឺគណបក្សភ្លើងទៀន៕