ក្រោយការចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ហៅកាត់ថា RCEP កម្ពុជាបាននាំចេញអាហារសមុទ្រ និងផលិតផលនេសាទផ្សេងទៀតទៅកាន់ប្រទេសចិនសរុបប្រមាណ ១០តោន។ នេះបើតាមក្រុមមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
RCEP គឺជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ដែលរួមមានប្រទេសទាំង ១០ នៃសមាគមអាស៊ាន និងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់។ កិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។ បណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង RCEP នឹងមានផលិតផលសរុបក្នុងស្រុកទាំងអស់ចំនួន ២៦.២ លានលានដុល្លារ ឬស្មើនឹងផលិតផលសរុបក្នុងពិភពលោកចំនួន ៣០ភាគរយ។
នៅក្នុងការថ្លែងបើកទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផលក្រោមគម្រោង CAPFish Capture កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ប្រាប់អ្នកសារព័ត៌មានថា កម្ពុជាបាននាំចេញអាហារសមុទ្រ និងផលិតផលជលផលផ្សេងទៀត ដែលរួមមានបង្កងប៉ាក ត្រីប៉្រា កំពិស និងអន្ទង់ ទៅកាន់ប្រទេសចិន ហើយរដ្ឋាភិបាលកំពុងរៀបចំសម្រួលនីតិវិធីនាំចេញអាហារស្រដៀងគ្នានេះទៅសហគមន៍អឺរ៉ុប។
អ្នកនាំពាក្យរូបនេះថ្លែងថា៖ «មែនទែនទៅ ចំពោះការរុញទីផ្សារផលិតផលជលផលរបស់យើងទៅកាន់ទីផ្សារអ៊ឺរ៉ុបនេះ ដូចបានដឹងស្រាប់ ហើយយើងបានបញ្ជាក់ជូនកន្លងមកហើយថា យើងបានធ្វើការជិតស្និទ្ធមែនទែនជាមួយអង្គការ UNIDO តាមរយៈផលិតផលជលផល។ អ៊ីចឹងហើយវាជាការងារមួយដែលត្រូវការពេលដែរ ហើយបញ្ហាប្រឈមវានៅតែមាន ប៉ុន្តែយើងកំពុងតែដោះស្រាយបញ្ហាទាំងអស់នេះហើយ»។
រដ្ឋបាលជលផល និងអង្គការ UNIDOកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលមានទឹកប្រាក់សរុបជាង ១៦លានដុល្លារ។ គម្រោងនេះជាផ្នែកមួយនៃគម្រោង CAPFish Capture ដែលជាកម្មវិធីរបស់រដ្ឋបាលជលផល ក្រោមហិរញ្ញប្បទានពីសហភាពអឺរុប ជាកម្មវិធីអភិវឌ្ឍន៍ជលផលធំជាងគេនៅអាស៊ីដែលមានទឹកប្រាក់ ១២០លានដុល្លារអាមេរិក។
អ្នកពាក់ព័ន្ធក្នុងគម្រោង CAPFish Captureថា កិច្ចព្រមព្រៀង RCEP នឹងអាចបើកផ្លូវឱ្យមានការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិន ក្រោមការជួយជ្រោមជ្រែងទាំងបច្ចេកទេស និងសម្ភារៈក្នុងគម្រោង CAPFish Capture ដែលត្រូវបានអនុវត្ត ៤ ឆ្នាំមកហើយ។ ម្ចាស់សិប្បកម្មមួយចំនួននៅក្នុងគម្រោងCAPFish Capture បានឱ្យដឹងថា ពួកគេបាននាំចេញផលិតផលរបស់ខ្លួនរួចទៅហើយទៅកាន់ប្រទេសបារាំង អាមេរិក អូស្ត្រាលី និងកាណាដាក្នុងចំនួនតិចតួច ហើយខ្លះទៀតថា ពួកគេចង់នាំផលិតផលកសិកម្មរបស់ផងខ្លួនទៅកាន់ប្រទេសចិនផងដែរ ទីដែលប្រជាជនចូលចិត្តបរិភាគត្រីទឹកសាប។
អគ្គនាយករដ្ឋបាលជលផល លោក ពុំ សុថា លើកឡើងថា ការនាំចេញផលិផលកសិកម្មថ្មីៗនេះទៅកាន់ប្រទេសចិន ផ្តើមចេញពីកិច្ចព្រមព្រៀង RCEPដែលជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ លោកបន្ថែមថា កម្ពុជាក៏បានចុះកិច្ចព្រមព្រៀងផ្សេងទៀតជាមួយភាគីគយចិន ដើម្បីអាចមានលទ្ធភាពនាំផលិតផលកសិកម្មចូលទៅក្នុងទីផ្សាររបស់ប្រទេសចិនបាន។
លោកបញ្ជាក់ថា៖ «យើងត្រូវចុះ protocol [ពិធីការ] ជាមួយខាងចិនទាំងអស់។និយាយរួមទៅ ផលិតផលដែលយើងអាចនាំចេញទៅចិនបានគឺថា យើងចុះជាមួយខាង GACC [អគ្គរដ្ឋបាលពន្ធគយចិន] បានន័យថា ខាងគយចិនទាំងអស់ គ្រប់ផលិតផលទាំងអស់»។
ចំណែក លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម ដែលជាអ្នកអនុវត្តគម្រោង CAPFish Capture លើកឡើងថា RCEP បានរួមចំណែកនៅក្នុងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ប៉ុន្តែលោកថា លក្ខខណ្ឌស្តង់ដា និងសុវត្ថិភាពចំណីអាហារ គឺត្រូវតែប្រកាន់ខ្ជាប់។
លោកថ្លែងថា៖ «យើងអាចនាំចេញទៅចិន គឺថា មានការសម្របសម្រួលពាណិជ្ជកម្មដោយមិនយកពន្ធ ពន្ធនាំចេញ ពន្ធនាំចូល ប៉ុន្តែលក្ខខណ្ឌស្តង់ដានៅតែមានដដែល ត្រូវតែមិនមានសារជាតិគីមីមិនមានគ្រោះថ្នាក់ ត្រូវតែមានស្តង់ដាមួយមិនប៉ះពាល់សុខភាព»។
លោកបន្ថែមថា កិច្ចព្រមព្រៀង RCEP ក៏នឹងជួយជំរុញបន្ថែមលើការនាំចេញផលិតផលកសិកម្មរបស់ម្ចាស់សិប្បកម្ម និងសហគ្រាសកែច្នៃផលនេសាទនៅក្នុងគម្រោងCAPFish។
លោកលើកឡើងថា៖ «ចង់និយាយថា នៅពេលដែលយើងបង្កើតគម្រោងនេះមក មិនមែនគោលដៅផ្តោតទៅលើ RCEP នោះទេ ប៉ុន្តែការរួមចំណែកគឺពិតណាស់ ពីព្រោះថា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់ គឺជំរុញឱ្យមានការបង្កើននូវសកម្មភាពសេដ្ឋកិច្ចនៅក្នុងការនាំចេញនាំចូល»។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ ប្រាប់វីអូអេថា ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅចិននេះ ជាការចាប់ផ្តើមនៃដំណើរកិច្ចព្រមព្រៀង RCEP និងការលូតលាស់ទីផ្សារកសិកម្មរបស់កម្ពុជា បើទោះចំនួននៃការនាំចេញនាពេលថ្មីៗនេះនៅតិចតួចក៏ដោយ។
អ្នកជំនាញរូបនេះសង្ឃឹមថា រាជរដ្ឋាភិបាលនឹងជំរុញការនាំចេញនេះបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀង RCEP។
លោកបញ្ជាក់ថា៖«យើងឃើញថា កសិកម្មយើងនៅមានកម្រិត។ អ៊ីចឹងកាលណាយើងមានទីផ្សារគឺលើកទឹកចិត្តឱ្យអ្នកផលិតកាន់តែផលិតច្រើន ហើយការផលិតកាន់តែច្រើនបាន ជួយដល់កសិករយើងកាន់តែច្រើននៅក្នុងការផលិតនិងចិញ្ចឹមសត្វទាំងអស់នេះ។ ក្នុងករណីនេះដែរ ក្រសួងកសិកម្មក៏ត្រូវតែធ្វើការជាបន្ទាន់ដែរដើម្បីគាំទ្រទៅដល់ការផលិត គាំទ្រទៅដល់ទីផ្សារ»។
គោលបំណងនៃកិច្ចព្រមព្រៀង RCEPនេះ គឺបន្ទាបពន្ធគយ បើកឱ្យមានការធ្វើពាណិជ្ជកម្មលើផ្នែកសេវាកម្ម និងលើកកម្ពស់ការវិនិយោគដើម្បីជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ឱ្យតាមទាន់ប្រទេសដទៃទៀតនៅលើពិភពលោក៕