គណៈកម្មការជំនាញរបស់រដ្ឋាភិបាល បានស្នើសុំព្រះរាជទានអនុគ្រោះទោសដល់ទណ្ឌិតប្រមាណ៧០០ នាក់ ដែលក្នុងនោះមានការលើកលែងទោសចំនួន ១៩ នាក់ ហើយក្រៅពីនោះជាការបន្ធូរបន្ថយទោសពី ៦ ខែទៅ ១ ឆ្នាំ។
ក្រោយព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសសម្រាប់បុណ្យអុំទូកនេះ ទណ្ឌិតចំនួន ១៩ នាក់នេះ នឹងត្រូវដោះលែងភ្លាមៗពីពន្ធនាគារ។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
យោងតាមលោក គឹម សន្តិភាព គណៈកម្មការថ្នាក់ជាតិកាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចគោរពស្នើសុំទៅនាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោសដល់ទណ្ឌិតសរុប ៦៩៥ នាក់ ក្នុងនោះមានស្ត្រី ៦៥ នាក់។
លោកបន្តថា គណៈកម្មការបានស្នើសុំបន្ថយទោសមួយជីវិតមកនៅ ២០ ឆ្នាំចំនួន ៥ នាក់ ស្នើសុំលើកលែងទោសចំនួន ១៩ នាក់ ដែលជាទណ្ឌិតមានជំងឺរ៉ាំរ៉ៃ និងចាស់ជរា។ ក្រៅពីនោះជាការស្នើសុំបន្ធូរបន្ថយទោស ក្នុងនោះបន្ធូរបន្ថយទោសរយៈពេល ១២ ខែ មានចំនួន ៩២ នាក់ រយៈពេល ៩ ខែ មានចំនួន ៩៥ នាក់ និងរយៈពេល ៦ ខែ មានចំនួន ៤៨៤ នាក់។
លោក គឹម សន្តិភាព ថ្លែងប្រាប់ VOA ថាអ្នកទោសដែលត្រូវបន្ធូរបន្ថយទោស នឹងអាចចេញពីពន្ធនាគារនៅពេលណាមួយ អាស្រ័យទៅតាមទោសដែលពួកគេបានអនុវត្តហើយ។ ត្រង់ចំណុចនេះ លោកពន្យល់ថា ការបន្ធូរបន្ថយរយៈពេលជាប់ទោសអាចធ្វើទៅបាន សម្រាប់ទណ្ឌិតដែលបានជាប់ទោសមួយភាគបីហើយតែប៉ុណ្ណោះ។ ចំណែកការលើកលែងទោសឲ្យចេញពីពន្ធនាគារ គឺសម្រាប់ទណ្ឌិត ដែលជាប់ទោសពីរភាគបីរួចហើយ។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងចង់មិនចង់រយៈពេលហ្នឹង វាថយជាងមុន។ បានន័យថាខ្លីជាងមុន រយៈពេលដែលគាត់នៅក្នុងពន្ធនាគារ។ អញ្ចឹងរយៈពេលដែលមនុស្សត្រូវចេញពីពន្ធនាគារ ក៏វាលឿនជាងមុនដែរ។ ឧទាហរណ៍ថា យើងបន្ថយ ៦ ខែ មានន័យថា គាត់ចេញបានពីពន្ធនាគារ លឿនជាង ៦ ខែ នៃទោសដែលគាត់នៅសល់»។
មន្ត្រីក្រសួងយុត្តិធម៌រូបនេះឲ្យដឹងទៀតថា ការលើកលែងនិងបន្ធូរបន្ថយទោសនាឱកាសបុណ្យអុំទូកឆ្នាំឆ្នាំនេះ មានទណ្ឌិតច្រើនជាងឆ្នាំមុន ដែលកាលពីឆ្នាំ ២០១៩ មានប្រមាណ ៥០០ នាក់តែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ឆ្នាំនេះមានការស្នើសុំរហូតដល់ ១០៨៦ នាក់ ពីពន្ធនាគារតាមខេត្ត ហើយការបន្ធូរបន្ថយច្រើនជាងឆ្នាំមុនៗ គឺជាការចូលរួមចំណែកមួយ ដើម្បីកាត់បន្ថយការកកស្ទះក្នុងពន្ធនាគារ។
លោកមានប្រសាសន៍ថា៖ «ដោយសារចំនួនស្នើមកក៏វាច្រើនដែរ។ ចំនួនស្នើមកពីខាងក្រោម ពីគណៈកម្មការរាជធានីខេត្ត ជាមួយនឹងគណៈកម្មការក្រសួងមហាផ្ទៃសរុបវាឡើងដល់ ១ ពាន់នាក់ជាងឆ្នាំនេះ»។
លោក គឹម សន្តិភាព ពន្យល់ថា គណៈកម្មការជំនាញបានវាយតម្លៃបញ្ជីឈ្មោះអនុគ្រោះទោសយ៉ាងយកចិត្តទុកដាក់ ហើយមិនពិចារណាករណីដែលមាន «ភាពសាហាវយង់ឃ្នង» ដូចជាការរំលោភកូនខ្លួនឯង និងអនីតិជនជាដើម ប៉ុន្តែផ្តល់អាទិភាពករណីអ្នកទោសមានភាពចាស់ជរា ជំងឺ និងស្ត្រីមានកូន។
លោកមានប្រសាសន៍ថា៖ «គណៈកម្មការជាតិពិនិត្យទាំងទៅលើអង្គហេតុលើអំពើល្មើសហ្នឹង បន្ថែមពីលើអ្វីដែលជាការពិនិត្យរបស់គណៈកម្មការរាជធានីខេត្ត។ យើងពិនិត្យមើលទៅលើគេហៅថា ចរិតលក្ខណៈនៃការប្រព្រឹត្តបទល្មើសភាពសាហាវយង់ឃ្នងនៃអំពើល្មើស»។
លោក គឹម សន្តិភាព បន្តថា ច្បាប់អនុញ្ញាតឲ្យមានការបន្ធូរបន្ថយពីមួយជីវិតមក ២០ ឆ្នាំ បើទណ្ឌិតជាប់ពន្ធនាគារយ៉ាងតិច ៧ ឆ្នាំ ប៉ុន្តែករណីនេះត្រូវបំពេញលក្ខខណ្ឌជាទណ្ឌិតមានជំងឺរ៉ាំរ៉ៃ ចាស់ជរា ដែលលោកថាជាការផ្តល់ «ស្ថានភាពអនុគ្រោះប្រភេទមនុស្សធម៌»។
ជាធម្មតា ការលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិត ត្រូវបានធ្វើឡើង៣លើកក្នុងមួយឆ្នាំ គឺក្នុងពិធីបុណ្យចូលឆ្នាំខ្មែរក្នុងខែមេសា បុណ្យពិសាខបូជាក្នុងខែឧសភា និងបុណ្យអុំទូក។
លោក អំ សំអាត នាយករងអង្គការលីកាដូ មានប្រសាសន៍ថា ការអនុគ្រោះទោសនេះ នឹងជួយសម្រួលបន្ទុកសម្រាប់អ្នកចាស់ជរា និងមានជំងឺរ៉ាំរ៉ៃ ហើយវាជាជំហានមួយ ដើម្បីសម្រួលដល់ការកកចង្អៀតណែនក្នុងពន្ធនាគារ។ លោកជំរុញឲ្យដំណើរការនេះធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌សម្រាប់អ្នកជាប់ពន្ធនាគារ។
លោកថ្លែងប្រាប់ VOA ថា៖ «អញ្ចឹងសូមឲ្យគណៈកម្មការធ្វើការយ៉ាងម៉េច ឲ្យតម្លាភាព និងសុក្រឹត ហើយនិងយុត្តិធម៌ក្នុងការវាយតម្លៃ»។
លោកបន្ថែមថា ភាពចង្អៀតណែននៅតែជាបញ្ហានៅឡើយ បើទោះមានការបើកយុទ្ធនាការពន្លឿនការកកស្ទះសំណុំរឿងនៅតុលាការក៏ដោយ។
គួរបញ្ជាក់ថា អ្នកកំពុងជាប់ឃុំសរុបក្នុងពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា មានប្រមាណ ៣៩.០០០ នាក់ ក្នុងនោះទណ្ឌិតមានចំនួនជាង ១១.០០០ នាក់៕