ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ នៅថ្ងៃសុក្រនេះ ពិភាក្សាពីគម្រោងដោះលែងអ្នកកំពុងជាប់ឃុំដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីកាត់បន្ថយភាពចង្អៀតណែន និងទប់ស្កាត់ជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រនេះ បញ្ជាក់ថា លោកនិងក្រុមការងារក្រសួងមហាផ្ទៃ បានប្រជុំអន្តរក្រសួងជាមួយរដ្ឋមន្រ្តីនិងក្រុមការងារក្រសួងយុត្តិធម៌ ស្ដីពីការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ។
ទំព័រហ្វេសប៊ុកនោះបន្ថែមថា៖ «ក្នុងស្ថានភាពនៃការប្រឈមមុខនឹងវិបត្តិកូវីដ១៩ ថ្វីដ្បិតថា មានបណ្ដាប្រទេសមួយចំនួនបានសម្រេចដោះលែងអ្នកទោសខ្លះ ប៉ុន្តែនៅកម្ពុជាស្ថានភាពមិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ។ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ គឺជាកិច្ចការសំខាន់បំផុតមួយរបស់ក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ ទន្ទឹមនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ដោយសារភាពណែនចង្អៀតជ្រុលក្នុងពន្ធនាគារទូទាំងប្រទេស ព្រមជាមួយការកើតមានជំងឺកូវីដ១៩ផងនោះ ក្រសួងមហាផ្ទៃស្នើឲ្យក្រសួងយុត្តិធម៌ពិនិត្យផ្លូវច្បាប់ក្នុងការពន្លឿនការកាត់ទោស និងដោះលែងអ្នកកំពុងជាប់ឃុំពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ លោកបន្តថា អ្នកដែលអាចត្រូវបានស្នើឲ្យដោះលែងត្រូវតែស្ថិតក្នុងបទល្មើសគ្រឿងញៀនកម្រិតស្រាល ដោយមានការពិនិត្យ និងសម្រេចពីតុលាការ។ យ៉ាងណាក្តី លោកបដិសេធមិនប្រាប់ពីចំនួនអ្នកជាប់ឃុំជាក់លាក់ ដែលនឹងត្រូវស្នើឲ្យដោះលែងនោះទេ។
«ប្រសិនបើឧក្រិដ្ឋជន ត្រូវបានតុលាការលោកពន្លឿននីតិវិធី កាត់ទោសឲ្យបានប្រសើរឬឲ្យគ្នាបានរួចខ្លួនក្តី ឧទាហរណ៍ថា មានការលើកលែងទោសក្តី ការបន្ធូរបន្ថយទោសក្តី ឬក៏ការដោះលែងដោយមានការឃ្លាំមើលក្តី ឬក៏កាត់តម្រឹមក្តី អាហ្នឹងក៏បានច្រើនដែរ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបញ្ជាក់ថា ការដោះលែងអ្នកជាប់ឃុំក្នុងករណីនេះនឹងមិនមានទាក់ទងនឹងការប្រើប្រាស់លុយឡើយ។
លោក ខៀវ សុភ័គ បន្ថែមថា នេះជាលើកទីមួយដែលក្រសួងពាក់ព័ន្ធពិភាក្សាក្នុងការដោះលែងអ្នកជាប់ឃុំដោយសារបទល្មើសគ្រឿងញៀន។ យ៉ាងណាក្តី លោកថា សមត្ថកិច្ចនឹងបន្តទប់ស្កាត់និងអនុវត្តបទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព។
បើតាមលោក ខៀវ សុភ័គ គិតត្រឹមថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ នេះ អ្នកកំពុងជាប់ឃុំសរុបក្នុងពន្ធនាគារនៅទូទាំងប្រទេសមានចំនួនជិត ៤ ម៉ឺននាក់ (៣៨.៩១១)។ ក្នុងនោះទណ្ឌិតមានចំនួនជាង ១១.០០០ នាក់ (១១.០៤៦) ចំណែកពិរុទ្ធជនដែលមិនទាន់មានការកាត់ទោស មានចំនួនជិត ១៤.០០០នាក់ (១៣.៧២៩)។ លោកបន្ថែមថា ១ភាគ៣ នៃអ្នកជាប់ឃុំសរុបប្រមាណ ៤ ម៉ឺននាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ជារៀងរាល់ឆ្នាំ កម្ពុជាតែងដោះលែងអ្នកទោសដែលប្រព្រឹត្តបទល្មើសជាទូទៅ តែមិនដែលមានការដោះលែងអ្នកទោស ឬអ្នកជាប់ឃុំពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននោះទេ។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រនេះ ដោយគ្រាន់តែប្រាប់ថា ក្រសួងពាក់ព័ន្ធនឹងប្រកាសអំពីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារនេះ នៅសប្តាហ៍ក្រោយ។
នាយករងអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោកអបអរសាទរចំពោះការសម្រេចក្នុងគោលបំណង ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារនេះ។ ប៉ុន្តែលោកសុំសមត្ថកិច្ចអនុវត្តករណីពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះប្រកបដោយតម្លាភាព។
«យើងគួរតែពិនិត្យពិចារណា ទី១ទៅលើបទល្មើសមជ្ឈឹម ដែលកម្រិតមួយដែលយើងអាចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ឬក៏ធ្វើការដោះលែងបាន។ បើសិនជាឧក្រិដ្ឋជនគ្រឿងញៀន ឬក៏ពាក់ព័ន្ធនឹងគ្រឿងញៀនធំៗ អាហ្នឹងក៏មិនអាចនឹងធ្វើការដោះលែងបានដែរ។ ហើយខ្ញុំសុំអំពាវនាវឲ្យធ្វើយ៉ាងណា ក្នុងការពិនិត្យពិចារណាក្នុងការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ឬការដោះលែងនេះ ធ្វើឡើងដោយមានតម្លាភាព និងភាពត្រឹមត្រូវ»។
បើតាមលោក អំ សំអាត ភាពចង្អៀតណែនក្នុងពន្ធនាគារកម្ពុជា រហូតដល់ពេលខ្លះតម្រូវឲ្យអ្នកជាប់ឃុំផ្លាស់វេនគ្នាដើម្បីសម្រាក ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពរបស់អ្នកជាប់ឃុំ ដោយសារបញ្ហាអនាម័យ និងអាចប៉ះពាល់ដល់សុខភាពមន្រ្តីពន្ធនាគារ ប្រសិនបើមានករណីឆ្លងជំងឺ។
លោក អំ សំអាត បន្ថែមថា កន្លងទៅមានសេចក្តីរាយការណ៍ថា អ្នកសេពគ្រឿងញៀនមួយចំនួនដែលត្រូវបានចាត់ទុកថាជាជនរងគ្រោះ ត្រូវបានចោទប្រកាន់ថា ជាអ្នកជួញដូរគ្រឿងញៀន នៅពេលត្រូវបានចាប់ខ្លួន។
លោក ជិន ម៉ាលីន អ្នកនំាពាក្យរបស់ក្រសួងយុត្តិធម៌លើកឡើងថា បើមានករណីនេះមែន វាជារឿងខុសច្បាប់ ហើយលោកជំរុញឲ្យអ្នកដែលលើកឡើងករណីនេះ គួររាយការណ៍ទៅសមត្ថកិច្ច ដោយភ្ជាប់ជាមួយភស្តុតាងផងដែរ។
«ការលើកឡើងទាំងអម្បាលមាណហ្នឹង គឺសុទ្ធតែជារឿងខុសច្បាប់ទាំងអស់។ អ៊ីចឹងប្រសិនបើអ្នកលើកឡើងហ្នឹងមានភស្តុតាង មានមូលដ្ឋានច្បាស់លាស់ សូមធ្វើការសហការជាមួយសមត្ថកិច្ចដើម្បីសមត្ថកិច្ចមានមូលដ្ឋានធ្វើអធិការកិច្ច និងយកអ្នកដែលប្រព្រឹត្តមកទទួលខុសត្រូវតាមផ្លូវច្បាប់»។
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២០.៤៩០ នាក់។ ករណីបទល្មើសគ្រឿងញៀនធំៗ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ១៤០ នាក់ ក្នុងនោះមេខ្លោង ២៧ នាក់ ខ្សែរយៈបណ្តាញចំនួន ១១៣ នាក់។
កាលពីថ្ងៃទី ៥ ខែមេសា អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅអាមេរិក បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបន្ទាន់ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ក្នុងពន្ធនាគារ ដោយការដោះលែងអ្នកជាប់ឃុំ និងអ្នកទោសកម្រិតស្រាលមួយចំនួន ដូចជាអ្នកដែលកំពុងរង់ចាំការកាត់ទោស ដែលអង្គការនេះចាត់ទុកថា មិនគួរត្រូវគេចាប់ឃុំតាំងពីដំបូង អ្នកទោសដែលកំពុងមានជំងឺរ៉ាំរ៉ៃ អ្នកទោសវ័យចាស់ជរាស្ត្រីមានផ្ទៃពោះ ឬស្ត្រីដែលជាប់ពន្ធនាគារដោយមានកូនតូចៗនៅជាប់ជាមួយជាដើម៕