រដ្ឋាភិបាលកម្ពុជាបានបន្ថែមដើមទុនដល់ធនាគារអភិវឌ្ឍន៍ជនបទចំនួន៥០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទ្រទ្រង់ឧស្សាហកម្មស្រូវ អង្ករ ក្នុងអំឡុងរដូវច្រូតកាត់ឆ្នាំនេះ និងដើម្បីជំរុញការនាំចេញ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ធនាគារអភិវឌ្ឍន៍ជនបទចេញផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះ។
ការសម្រេចបន្ថែមទុនវិនិយោគលើវិស័យស្រូវអង្ករនេះកើតមានឡើង បន្ទាប់ពីតំណាងអ្នកនាំអង្ករចេញទៅក្រៅប្រទេស និងម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅក្នុងប្រទេសប្រកាសស្វែងរកការផ្តល់ប្រាក់កម្ចីបន្ទាន់យ៉ាងហោចណាស់២០០លានដុល្លារសហរដ្ឋអាមេរិកដើម្បីទប់ទល់នឹងកង្វះខាងហិរញ្ញវប្បទានប្រមូលទិញស្រូវ ខណៈដែលធនាគារពាណិជ្ជបានបន្ថយការផ្តល់ប្រាក់កម្ចីមកឲ្យផ្នែកកសិកម្ម។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទចុះនៅថ្ងៃទី៥ខែធ្នូបានបញ្ជាក់ឲ្យដឹងថា ដើមទុនបន្ថែម៥០លានដុល្លារដែលសម្រេចផ្តល់ឲ្យដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះ អាចចាប់ផ្តើមប្រើប្រាស់បានចាប់ពីថ្ងៃទី៩ខែធ្នូឆ្នាំ២០១៩ សម្រាប់វិស័យកសិកម្ម«ជាពិសេសប្រើសម្រាប់រក្សាស្ថិរភាពថ្លៃនិងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ»។
តាមរយៈដើមទុនបន្ថែមនេះ ធនាគារអភិវឌ្ឍន៍ជនបទនឹងប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជក្រោមឈ្មោះថ្មីថា«ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម»។
លោកចាន់ សុខឃាង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះដើមទុនបន្ថែមនេះ ទោះបីជាវាមិនទាន់ឆ្លើយតបទៅនឹងចំនួនប្រាក់កម្ចីដែលលោកបានដាក់ស្នើសុំក៏ដោយ។
លោកបានប្រាប់ VOA ថា៖
«សម្រាប់ទុន៥០លាននេះគឺគាត់នឹងផ្តល់ជាទុនឲ្យទៅរោងម៉ាស៊ីនកិនស្រូវដើម្បីឲ្យចាប់ផ្តើមប្រមូលប្រជាកសិករចូលទៀត។ នៅក្នុងហ្នឹង យើងគិតថា ៥០លានដុល្លារនេះជួយទិញបានខ្ទង់ប្រហែលជាជិត២០ម៉ឺនតោន»។
យ៉ាងណាក៏ដោយ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានការព្រួយបារម្ភចំពោះការប្រែប្រួលអាកាសធាតុដែលអាចនឹងប៉ះពាល់ដល់គុណភាពស្រូវអង្ករ ហើយដែលបណ្តាលឲ្យតម្លៃស្រូវចុះថោក។
VOA មិនអាចទាក់ទងលោកកៅ ថាច នាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍ជនបទបានទេ នៅថ្ងៃសុក្រនេះ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល មានប្រសាសន៍ថា ដើមទុននេះគឺសម្រាប់ជួយសម្រួលដល់វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាដែលកំពុងខ្វះដើមទុន។
«យើងមានកម្រិតនិងព្រំដែនមួយក្នុងការជួយដល់កសិករក្នុងរឿងហ្នឹង តែគ្រាន់តែយើងជួយនៅក្នុងន័យជារបៀបពាណិជ្ជកម្មទេ»។
លោកកៅ ថាច នាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍ជនបទ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយកាលពីថ្មីៗនេះថា កង្វះខាតទុនសម្រាប់វិស័យស្រូវអង្ករនៅកម្ពុជាមានរវាង២០០លាននិង២៥០លានដុល្លារអាមេរិក។
អ្នកជំនាញកសិកម្ម លោកយ៉ង់ សាំងកុមាយល់ថា វិស័យស្រូវអង្ករកម្ពុជា ពិតជានៅខ្វះដើមទុនច្រើនក្នុងការទិញស្រូវអង្ករមកស្តុកទុក ហើយការផ្តល់ទុននេះមានភាពយឺតពេលបន្តិច ដោយសារតែរដូវច្រូតកាត់បានចាប់ផ្តើមតាំងពីខែវិច្ឆិកាមកម្ល៉េះ។
«ទម្រាំលុយហ្នឹងធ្លាក់ដល់ធនាគារអភិវឌ្ឍន៍ជនបទ ហើយទម្រាំធនាគារអភិវឌ្ឍន៍ជនបទទម្លាក់ដល់រោងម៉ាស៊ីនទៀត វាអាចត្រូវការពេលមួយអាទិត្យ ពីរអាទិត្យឬក៏អាចបីអាទិត្យអីទៀត ព្រោះនីតិវិធីនៃការខ្ចីហ្នឹងវារៀងអាចស៊ីពេល អ៊ីចឹងណា៎។ អ៊ីចឹងវាទម្រាំដល់ពេលហ្នឹង កសិករមួយចំនួនហ្នឹងគាត់លក់ស្រូវក្នុងតម្លៃថោកបាត់ហើយ ហើយស្រូវមួយចំនួនក៏វាហូរចេញបាត់ទៅក្រៅប្រទេសអ៊ីចឹង ជាពិសេសស្រូវម្លិះ ស្រូវក្រអូបអ៊ីចឹងទៅណា៎ បាទ»។
ឧស្សាហកម្មស្រូវអង្ករកម្ពុជាបានរងផលប៉ះពាល់យ៉ាងដំណំ បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចយកពន្ធលើការនាំចេញ។
កាលពីខែមករាឆ្នាំ២០១៩ សហគមន៍អឺរ៉ុបបានកំណត់ពន្ធរយៈពេល៣ឆ្នាំលើអង្ករពីកម្ពុជា និងភូមាក្នុងគោលបំណងការពារអ្នកផលិតអង្ករក្នុងសហគមន៍អឺរ៉ុបដូចជាអ៊ីតាលី បន្ទាប់ពីមានការកើនឡើងនៃការនាំអង្ករចូលពីប្រទេសនៅអាស៊ីទាំងពីរនេះ៕