ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា កំពុង​ខ្វះ​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​សម្រាប់​ប្រមូល​ទិញ​ស្រូវ​ 


រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ប្រមូល​ទិន្នផល​ស្រូវ ដែល​ត្រូវបាន​ដាក់​ហាល​នៅ​លើ​ផ្លូវ​លំ​មួយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ។ (ស៊ុន ណារិន/VOA)

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ស្នើសុំ​ខ្ចី​ប្រាក់​ពី​ធនាគារ​ជនបទ​ដើម្បី​ត្រៀម​ទប់ទល់​នឹង​កង្វះ​ខាត​ហិរញ្ញប្បទាន​សម្រាប់​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ។

សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កំពុង​ស្វែង​រក​ប្រាក់កម្ចីបន្ទាន់​យ៉ាង​ហោចណាស់២០០លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ពីធនាគារ​អភិវឌ្ឍន៍​ជនបទ​ ដើម្បី​ផ្គត់ផ្គង់​លើ​កង្វះ​ខាត​ហិរញ្ញប្បទាន​ក្នុង​ការ​ប្រមូល​ទិញស្រូវពីកសិករ​ដែល​ចាប់​ផ្តើម​ពី​រដូវ​ច្រូត​កាត់​ឆ្នាំ​២០១៩​នេះរហូត​ដល់ដើម​ឆ្នាំ២០២០​ក្រោយនេះ។​ ​

លោក ​ចាន់ សុខឃាង ​អនុ​ប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​បាន​ថ្លែង​ប្រាប់ ​VOA ​ថា​ ​តម្រូវការ​ប្រាក់​កម្ចី​បន្ទាន់​ខាង​លើ​នេះ​កើត​មាន​ឡើង​ បន្ទាប់ពី​ធនាគារ​ពាណិជ្ជ​កាត់​បន្ថយ​ប្រាក់​កម្ចី​នៅ​ក្នុង​ផ្នែក​កសិកម្មនៅកម្ពុជា។​

«យើង​ត្រូវ​ការ​លុយ​២០០​លានដើម្បី​យក​មក​ប្រមូល​ទិញ​ស្រូវ​បន្ថែម​ ដោយសារ​តែ​ខាង​ធនាគារ​ពាណិជ្ជ​ហ្នឹង​ ​គាត់​ ក្រោយ​ពី​មាន​ការ​ដាក់​ការ close ​[បិទ] ​ពី​សហគមន៍​អឺរ៉ុប​មក​ ​គាត់​កាត់​បន្ថយ​កម្ចី​ក្នុង​វិស័យ​កសិកម្ម​ហ្នឹង។ ​អ៊ីចឹងអ្នក​ខ្លះ​គាត់​កាត់​បន្ថយ​៤០​ភាគ​រយ ​ អ្នក​ខ្លះ​៥០​ភាគ​រយអ៊ីចឹង​ទៅ​ណា៎។ ​អ៊ីចឹង​វា​ធ្វើ​ឲ្យ​ទុន​បង្វិល​មាន​ការ​ខ្វះ​ខាត»។​

លោក ចាន់ សុខឃាងបាន​បន្ត​ថា​ ​សហភាព​ស្រូវ​អង្ករ​កម្ពុជា​បាន​ដាក់​សំណើ​ទៅ​កាន់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ដែល​ជា​ធនាគារ​របស់​រដ្ឋ​ ​បង្កើត​ឡើង​ដើម្បីជួយ​ទ្រទង់​វិស័យ​កសិកម្ម​នៅ​កម្ពជា។ ​លោក​បន្ថែមថា​ ធនាគារអភិវឌ្ឍន៍​ជនបទ​នឹង​បញ្ជូន​សំណើ​បន្ត​ទៅ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ដែល​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​លើ​សំណើ​នោះ។​

លោក​ឡេង យេន ​កសិករ​នៅ​ឃុំ​ភ្នំតូច ​ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយ​មាន​ជ័យ ​មាន​ប្រសាសន៍​ថា​ ការ​លក់​ស្រូវ​ចេញ​នៅ​ឆ្នាំ​នេះ​ប្រឈម​នឹង​ការ​រាំងស្ទះ​ ​ ដោយសារ​តែ​កង្វះ​ខាត​ថវិកា​ពី​រោង​ម៉ាស៊ីន​កិន​ស្រូវ។​

«បើ​តាម​ខ្ញុំ​ដឹង​គឺ​មក​ពី​កង្វះ​ថវិកា​ហ្នឹង​ឯង។ ​ម្ចាស់​រោង​ម៉ាស៊ីន​គ្នា​អត់​មាន​លុយ​ អត់​មាន​អីអ៊ីចឹង។ ​បើ​សិន​ជា​រដ្ឋអី​ទម្លាក់​លុយ​អី​ឲ្យ​អ្នក​មាន​រោងម៉ាស៊ីន​ធ្វើ​អាជីវកម្ម​ធំៗ​ទិញ​អីៗ​ទៅ​ ឲ្យ​លុយ​ទិញ​ដើម្បី​ឲ្យពួក​ម៉ាស៊ីន​អី​គាត់​ទិញ​ស្តុក​ទុក​ហ្នឹង​អាច​បាន​តម្លៃ​ខ្ពស់​ ​ហើយបើ​រដ្ឋ​អត់​ទម្លាក់​ឲ្យ​គ្នា​ ​គ្នា​បាន​លុយ​ណា​ទៅ​ទិញ!»​

VOA ​មិន​អាច​ទាក់ទង​លោកកៅ ថាច ​នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍន៍​ជនបទបាន​ទេ​ ​នៅថ្ងៃ​ពុធ​នេះ។​

ទោះយ៉ាង​ណា​ ​ លោកកៅ ថាច​បាន​ប្រាប់​សារ​ព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ថា ​កង្វះ​ខាត​ទុន​សម្រាប់​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​មាន​រវាង​២០០​លាន​និង​២៥០​លាន​ដុល្លារ​អាមេរិក។ ​លោក​បាន​បន្ត​ថា​ ​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​កំពុង​ជួប​ប្រទះ​កង្វះខាត​ទុន​ ចាប់តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន​មក​ ហើយ​នឹង​បន្ត​រហូត​ដល់​ខែមករាឆ្នាំ​បន្ទាប់ ​ដោយ​ហេតុ​ថា ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ទទួល​បាន​ប្រាក់​បង្វិល​សម្រាប់​បញ្ជា​ទិញ។​

លោក​យ៉ង សាំងកុមារ ​អ្នក​ជំនាញ​កសិកម្ម ​យល់​ថា​ ​កង្វះ​ខាត​ហិរញ្ញប្បទានគឺ​ជា​ឧបសគ្គ​មួយ​ដែលមិន​អាច​បើក​ផ្លូវ​ឲ្យ​វិស័យ​ស្រូវ​អង្ករ​កម្ពុជាមាន​សន្ទុះខ្លាំង​ ធៀប​នឹង​វិស័យ​ផ្សេងទៀត។​

«ធនាគារ​ពាណិជ្ជ​គ្រាន់​តែ​ជា​រឿង​មួយ​ទេ​ ​ប៉ុន្តែ​សំខាន់​គឺ​ធនាគារ​អភិវឌ្ឍន៍​ជន​បទ ​ដែល​ជា​ធនាគារ​របស់​រដ្ឋ។ ​ហើយ​ធនាគារ​ហាក់​ដូច​ជា​នៅ​ឆ្នាំ​ហ្នឹង​អត់​មាន​ការ​បង្កើន​ទុន​ ​បង្កើន​អី​ក្នុង​ការ​ទិញ​ស្រូវ​អង្ករ ​ទិញ​ស្រូវ​ស្តុក​ទុក»។​

លោក​បាន​បន្ថែម​ថា៖​

«អ៊ីចឹង​នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​យក​ពន្ធ​ទៅ​លើ​វិស័យ​ស្រូវ​អង្ករ​ហ្នឹង​ អ៊ីចឹង​ធ្វើ​ឲ្យ​វិស័យ​ស្រូវ​អង្ករ​យើង​វា​បាត់​បង់​សមត្ថ​ភាព​ប្រកួត​ប្រជែង​ហ្នឹង។ ​ ហើយ​នៅ​ពេល​យើង​យក​លុយ​ពី​ធនាគារ​ពាណិជ្ជ​ ​ហើយ​ធនាគារ​ពាណិជ្ជ​មិន​សូវ​ឲ្យ​លុយ​ ហើយ​ការ​ប្រាក់​ខ្ពស់​ដែរ​ ​ហើយ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​មិន​បន្ថែម​ទុន​ដើម្បី​ទម្លាក់​លុយ ​សរុប​មក​វា​មិន​ល្អ​ហ្មង​សម្រាប់​ឆ្នាំ​ហ្នឹង»។​

អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក​ចាន់ សុឃាង​កត់​សម្គាល់​ថា​ ​នា​ពេល​បច្ចុប្បន្ន ​ទុន​សរុប​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​មាន​ប្រហែល១៥០​លាន​ដុល្លារ​ ហើយ​ត្រូវ​ការ​ទុន​បង្វិល​ពី​៣០០​ទៅ​៣៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ​លោក​ក៏​បាន​ស្នើ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ចូល​រួម​ចំណែក​ក្នុង​ការ​ដោះ​ស្រាយ​កង្វះ​ហិរញ្ញប្បទាន​សម្រាប់​ការ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG