សហព័ន្ធស្រូវអង្ករកម្ពុជាស្នើដល់សហគមន៍អឺរ៉ុបរក្សាទុក EBA សម្រាប់កម្ពុជាដោយលើកពីផលប៉ះពាល់ដល់ប្រជាកសិករកម្ពុជាជាច្រើន ប្រសិនបើកម្ពុជាបាត់បង់ EBA នេះ។ ប៉ុន្តែដំណាលគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានអះអាងជាថ្មីម្តងទៀតថា កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទទួលយកការសម្រេចរបស់សហភាពអឺរ៉ុបអំពីការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនេះ។
សហព័ន្ធស្រូវអង្ករកម្ពុជាដែលប្រមូលផ្តុំដោយក្រុមអ្នកជំនួញផ្នែកនាំអង្ករចេញ ស្នើសហគមន៍អឺរ៉ុបរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធ«អ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ»ហៅកាត់ថា EBA ដើម្បីជួយលើកកម្ពស់ជីវភាពកសិករកម្ពុជាជាង៥០ម៉ឺនគ្រួសារ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ សហព័ន្ធស្រូវអង្ករកម្ពុជាលើកឡើងថា «បើគ្មាន EBA នោះការប្រឹងប្រែងទាំងប៉ុន្មានក្លាយជាអសារបង់។ ហេតុនេះ សហព័ន្ធស្រូវអង្ករសូមទទូចស្នើសុំដល់សហគមន៍អឺរ៉ុបឲ្យជួយលើកកម្ពស់ជីវភាពប្រជាកសិករកម្ពុជាជាងកន្លះលានគ្រួសារ និងបន្តជួយរក្សាការងារដែលបាននិងកំពុងធ្វើកន្លងមក»។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំអង្ករចេញរបស់កម្ពុជាទៅកាន់ទ្វីបអឺរ៉ុបក្នុងឆមាសទី១ឆ្នាំ២០១៩ត្រឹមតែជិត៩៣.០០០តោនតែប៉ុណ្ណោះពោលគឺធ្លាក់ចុះពាក់កណ្តាលបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។ មូលហេតុគឺដោយសារការកំណត់យកពន្ធលើការនាំអង្ករកម្ពុជាចូលទៅកាន់ទីផ្សារអឺរ៉ុប។
សហព័ន្ធស្រូវអង្ករកម្ពុជាបន្ថែមថា ដោយសារការកំណត់ពន្ធនេះ ប្រជាកសិករកម្ពុជាជាង៥០០.០០០គ្រួសារទទួលរង«ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ»។ ហើយបញ្ហាទាំងនេះ«ធ្វើឲ្យពួកគេឈឺចាប់» ស្របពេលដែលសហគមន៍អឺរ៉ុបកំពុងពិចារណាដកនូវប្រព័ន្ធកម្មវិធីអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ(EBA)នោះ។
ប្រទេសកម្ពុជាទទួលបានការអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ(EBA) សម្រាប់ការនាំទំនិញទៅកាន់សហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ២០០១មក។ EBA នេះបានផ្តល់ផលចំណេញដល់កម្ពុជាចន្លោះពី៦០០ទៅ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ប៉ុន្តែក្រោយពីប្រទេសកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីកៀសគណបក្សនេះចេញពីការបោះឆ្នោត សហភាពអឺរ៉ុបបានព្រមានដកហូត EBA នេះពីកម្ពុជាដោយដាក់លក្ខខណ្ឌឲ្យកម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យ និងបើកសិទ្ធិសេរីភាពផ្នែកអង្គការសង្គម និងសិទ្ធិសេរីភាពផ្នែកនយោបាយឡើងវិញ។
សមាគមថៅកែរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC កាលពីពីរសប្តាហ៍មុន បានអំពាវនាវឲ្យសហភាពអឺរ៉ុបពិចារណាជាថ្មីម្តងទៀតចំពោះការព្យួរ EBA ដល់កម្ពុជាដោយលើកឡើងថា ការព្យួរការអនុគ្រោះពន្ធនេះនឹងធ្វើឲ្យកម្មកររោងចក្ររាប់សែននាក់បាត់បង់ការងារ និងក្រុមគ្រួសាររបស់ពួកគេប្រមាណបីលាននាក់ត្រូវរងផលប៉ះពាល់។
សហភាពអឺរ៉ុបទើបតែបញ្ចប់ការពិនិត្យលទ្ធភាពព្យួរ EBA ដល់កម្ពុជានៅថ្ងៃទី១២ ខែសីហា ក្រោយពីធ្វើការសិក្សាលើលទ្ធភាពព្យួរការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាចូលសហភាពអឺរ៉ុបនេះអស់រយៈពេលប្រាំមួយខែ។
ក្រោយការបិទបញ្ចប់បន្តិច រដ្ឋាភិបាលកម្ពុជាបានផ្ញើរបាយការណ៍លម្អិតស្តីពីលទ្ធផលនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ទៅកាន់គណៈកម្មការអឺរ៉ុប ដែលមន្ត្រីផ្លូវការអះអាងថា ដើម្បីតស៊ូមតិទាក់ទងនឹងគម្រោងព្យួរ «ការអនុគ្រោះពន្ធលើអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)»។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រាប់ VOA តាមសារអេឡិចត្រូនិក ឬអ៊ីមែល កាលពីសប្តាហ៍មុនថា ការសម្រេចចិត្តចុងក្រោយថា តើត្រូវដក ឬមិនត្រូវដក EBA ពីកម្ពុជានឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០។
លោកសរសេរតាមន័យដើមថា៖
«ការសម្រេចចិត្តនឹងពឹងផ្អែកទៅលើការវិភាគពីសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ដែលជាមូលដ្ឋាននៃការសម្រេចបង្កើតនីតិវិធី EBA»។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយកម្ពុជាមួយរូប លើកឡើងថា ក្រុមអ្នកជំនួញកម្ពុជាបារម្ភអំពីការបាត់បង់ EBA។ ដោយឡែករដ្ឋាភិបាលមានកង្វល់ដូចគ្នាដែរ គ្រាន់តែរដ្ឋាភិបាលមិនបង្ហាញជំហរបែបនេះឲ្យច្បាស់តែប៉ុណ្ណោះ។
«រដ្ឋាភិបាលមានគោលជំហរថា ឲ្យគេកាត់ក៏កាត់ទៅ ប៉ុន្តែក្រោមតុហ្នឹងក៏ដូចជាមានខំប្រឹងប្រែងពន្យល់គេ ហើយក៏ដូចជាបានដាក់សារណាអីទៅសហភាពអឺរ៉ុបដែរ ពីស្ថានភាពសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងគោលការណ៍ ឬក៏លក្ខខណ្ឌនៃការផ្តល់នូវរបបរួចពន្ធ EBA ហ្នឹង»។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ឡើងវិញក្នុងកិច្ចប្រជុំគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចចំពោះការសម្រេចណាមួយរបស់សហភាពអឺរ៉ុបទាក់ទងនឹងបញ្ហា EBA ។ នេះបើតាមលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា៕