លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទ បានថ្លែងថា ប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការស៊ីវិល នឹងត្រូវដំឡើងក្នុងឆ្នាំ២០២៣ ក្រោយខកខានមិនបានដំឡើងរយៈពេល២ឆ្នាំជាប់គ្នា ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
ក្នុងពិធីប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២២ របស់សាលាភូមិន្ទរដ្ឋបាល លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថានៅឆ្នាំ២០២៣ នឹងមានការដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការស៊ីវិល ដូចជាគ្រូបង្រៀន និងគ្រូពេទ្យដែលប្រាក់ខែបច្ចុប្បន្នប្រមាណ១លាន៣សែនរៀល នឹងត្រូវឡើងយ៉ាងតិចបំផុតត្រឹម១លាន៥សែនរៀល។ ចំណែកប្រាក់បៀវត្សរ៍របស់មន្ត្រីស៊ីវិលដទៃទៀត នឹងត្រូវដំឡើងពី១លាន២សែនរៀល ទៅ១លាន៤សែនរៀល។
លោកនាយករដ្ឋមន្រ្តីថ្លែងថា៖ «ពិតមែនហើយ សម្រាប់សារាចរណែនាំ ទាក់ទងនឹងការរៀបចំច្បាប់ថវិកា សម្រាប់ឆ្នាំក្រោយ គ្រោងនឹងដំឡើងបៀវត្សរ៍។ យើងខានដំឡើងបៀវត្សរ៍ឆ្នាំ២០២០ ក៏មិនបានឡើង ២០២១ ក៏មិនបានឡើង ឥឡូវ២០២២នេះ យើងនឹងចាប់ផ្តើមឡើង...»។
បើតាមលោក ហ៊ុន សែន ការដំឡើងប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការ គឺមិនគិតជាភាគរយទេ គឺគិតទៅតាមប្រាក់ខែជាក់ស្តែង។
លោកបន្ថែមថា៖ «បានសេចក្តីថាអ្នកប្រាក់ខែតិចឡើងបានច្រើនជាង អ្នកប្រាក់ខែខ្ពស់ឡើងបានតិចជាង។ នេះជារបៀបឡើង[ប្រាក់បៀវត្សរ៍មន្ត្រីរាជការ]»។
លោកនាយករដ្ឋមន្ត្រីក៏ឱ្យគិតគូរសាជាថ្មីនូវកម្រិតជាប់ពន្ធនៃប្រាក់ខែរបស់មន្ត្រីរាជការផងដែរ ដោយលោកលើកឡើងជាឧទាហរណ៍ថា បើប្រាក់ខែមន្រ្តីរាជការត្រឹម១លាន៥សែនរៀល ដូច្នេះត្រូវកំណត់ការជាប់ពន្ធពី១លាន៥សែន១រៀលឡើងទៅ។
លោក យក់ ប៊ុនណា រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ និងជាអ្នកនាំពាក្យបា្រប់វីអូអេថា ការគិតគូរប្រាក់បៀវត្សរ៍មន្ត្រីរាជការនេះ ស្របទៅតាមការវិវឌ្ឍសង្គមដែលនឹងធ្វើឱ្យជីវភាពរបស់មន្ត្រីរាជការមានភាពល្អប្រសើរ។
លោកថ្លែងថា៖ «យើងឃើញថា ការឡើងនេះនឹងសម្រួលជីវភាពរបស់គាត់[មន្រ្តីរាជការ]ឱ្យកាន់តែប្រសើរបន្ថែមទៀត នៅលើអ្វីដែលគាត់បានទទួលប្រាក់បៀវត្សរ៍ពីរដ្ឋនៅពេលបច្ចុប្បន្ននេះ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង យល់ថាការដំឡើងប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការ គឺជារឿងល្អ ប៉ុន្តែរដ្ឋត្រូវតែគិតគូរអំពីតម្លៃទំនិញលើទីផ្សារកុំឱ្យឡើងថ្លៃដូចការឡើងប្រាក់ខែ ដែលធ្វើឱ្យប៉ះពាល់ជីវភាពរបស់មន្ត្រីរាជការ។ លោកបន្តថា មន្ត្រីរាជការខ្លួនឯងក៏ត្រូវតែលុបបំបាត់អំពើពុករលួយ ជាពិសេសគ្រូបង្រៀន ត្រូវបញ្ឈប់យកលុយពីសិស្ស ឬបង្ខំឱ្យសិស្សរៀនគួរជាដើមដោយត្រូវងាកមកផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកបញ្ជាក់ថា៖ «បាទ ខ្ញុំគិតថាការឡើងប្រាក់ខែនេះ ជារឿងល្អប្រសើរសម្រាប់មន្ត្រីរាជការ ហើយក៏ជារឿងសំខាន់មួយដែរ។ ប៉ុន្តែទន្ទឹមហ្នឹងនេះដែរ គឺថាសម្រាប់គុណភាពសេវាសាធារណៈ ក៏គួរតែពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាពផងដែរ»។
បើតាមលោក យក់ ប៊ុនណា អ្នកនាំពាក្យក្រសួងមុខងារសាធារណៈ មន្ត្រីរាជការស៊ីវិលនៅកម្ពុជា មានចំនួនជាង២១ម៉ឺននាក់ ហើយនៅឆ្នាំ២០២២នេះ រដ្ឋាភិបាលមានគោលការណ៍ជ្រើសរើសក្របខណ្ឌសុខាភិបាលតែមួយប៉ុណ្ណោះ ដែលជ្រើសរើសមន្រ្តីប្រមាណជាង៣ពាន់នាក់៕