ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កាត់​បន្ថយ​ចំណាយ​តាម​ក្រសួង​ស្ថាប័ន​៣​ឆ្នាំ​ជាប់​គ្នា ​ខណៈ​ព្យាករណ៍​សេដ្ឋកិច្ច​ធ្លាក់​ចុះ​មក​ត្រឹម​១,៩%


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​បន្ថយ​ការ​ចំណាយ​របស់​ក្រសួង​និង​ស្ថាប័ន​ជាតិ​៣​ឆ្នាំ​ជាប់​គ្នា ​ ខណៈ​កម្ពុជា​រំពឹង​ថា​ កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​មក​ក្នុង​រង្វង់​១,៩%​ក្នុង​ឆ្នាំ​២០២០​ ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩។​នេះ​បើ​តាម​សារាចរ​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ចុះ​ថ្ងៃ​ទី​៩​ ខែ​មិថុនា ​ឆ្នាំ​២០២០។​

សារាចរ​ណែនាំ​អំពី​ការ​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​ឆ្នាំ​២០២១-២០២៣​ ឲ្យ​ដឹង​ថា​ ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ធ្វើ​ឲ្យ​ស្ថាន​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ពិបាក​ប៉ាន់​ប្រមាណ​ឲ្យ​បាន​ច្បាស់​លាស់​គ្រប់គ្រាន់​នៅ​ដើម​ឆ្នាំ​២០២០។ រដ្ឋាភិបាល​បញ្ជាក់​ថា​ ​សេដ្ឋកិច្ច​កម្ពុជាក្នុង​ឆ្នាំ​២០២០​ ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​ នឹង​មាន​កំណើន​អវិជ្ជមាន​១,៩%​ដែល​ជា​អត្រា​មិន​ធ្លាប់​មាន​កន្លង​មក។​ពី​ដើម​ឡើយ កម្ពុជា​រំពឹង​ថា​ មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​៦,៥​%​ក្នុង​ឆ្នាំ​២០២០។ ​ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២១ ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ងើប​ឡើង​វិញ​មក​ក្នុង​អត្រា​កំណើន​៣,៥​% ដោយសារ​ការ​រំពឹង​ទុក​នៃ​ការ​ងើប​ឡើង​វិញ​យឺត​នៃ​សកម្មភាព​សេដ្ឋកិច្ច ​ជា​ពិសេស​ការ​កើន​ឡើង​ក្នុង​កម្រិត​ទាប​នៃ​តម្រូវ​ការ​ខាង​ក្រៅ​និង​ទំនុក​ចិត្ត​ទីផ្សារ​ក្នុង​ស្រុក។


រដ្ឋាភិបាល​ណែនាំ​ឲ្យ​ស្ថាប័ន​រដ្ឋ​ទាំង​អស់​ធ្វើ​ផែន​ការ​ថវិកា​កាត់​បន្ថយ​ការ​ចំណាយ​ដើម្បី​រដ្ឋាភិបាល​រៀបចំ​សម្រាប់​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២១​ និង​ឆ្នាំ​បន្ត​បន្ទាប់។​បើ​តាម​សារាចរ​នោះ ​ ចំណាយ​សរុប​របស់​ក្រសួង​និង​ស្ថាប័ន​ទាំង​អស់​ក្នុង​ឆ្នាំ​២០២១​មាន​ប្រមាណ​៣,៧​ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​២០២២ ​ប្រមាណ​៣,៧​ពាន់​លាន​ដុល្លារ​ដដែល​ និង​ជាង​៣,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣។​

សារាចរ​ឲ្យ​ដឹង​ថា​ ​វិស័យ​រដ្ឋបាល​ទូទៅ​ត្រូវ​បាន​គ្រោង​ចំណាយ​ប្រមាណ​១,៩៩%​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ដែល​ថយ​ចុះ​៦,៤% ​ធៀប​នឹង​ច្បាប់​ហិរញ្ញ​វត្ថុ​ក្នុង​ឆ្នាំ​២០២០។​វិស័យ​ការពារ​ជាតិ​ សន្តិសុខ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ត្រូវ​បាន​គ្រោង​ចំណាយ​ប្រមាណ​៣,៨៩​% ​ថយ​ចុះ​៤,៣%​វិស័យ​សង្គម​កិច្ច​ត្រូវ​បាន​គ្រោង​ចំណាយ​ប្រមាណ​៦,១៤​%​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប ​ថយ​ចុះ​១១,៣%។​

បើ​តាម​សារាចរ ​សន្ទស្សន៍​បៀវត្សរ៍​មូលដ្ឋាន​និង​កម្រិត​ប្រាក់​បំណាច់​មុខ​ងារ​របស់​មន្រ្តី​រាជការ​ទាំង​អស់​រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​មន្រ្តី​ជាប់​កិច្ច​សន្យា​និង​ប្រាក់​សោធន ​ត្រូវ​រក្សា​ស្មើ​នឹង​កម្រិត​ឆ្នាំ​២០២០។ ​ រដ្ឋាភិបាល​ក៏​នឹង​ផ្អាក​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​មន្រ្តី​រាជការ​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​៥​ម៉ឺន​រៀល​ក្នុង​១​នាក់​សម្រាប់​ឆ្នាំ​២០២១។​

តាម​គម្រោង​ពី​ដើម​ នៅ​ក្នុង​ឆ្នាំ​២០២០​ ​ រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៨,២​ពាន់​លាន​ដុល្លារ​អាមេរិក។​

លោក​ មាស សុខសេនសាន ​អ្នក​នាំពាក្យ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ មាន​ប្រសាសន៍​ថា​ នេះ​ជា​ពេលវេលា​ដែល​រដ្ឋាភិបាល​ត្រូវ​ការ​បន្ថយ​ការ​ចំណាយ​ដែល​មិន​ចំបាច់ ​ក្នុង​នោះ​មាន​បេសក​កម្ម​និង​សម្ភារៈ​មួយ​ចំនួន។​លោក​បន្ត​ថា​ រដ្ឋាភិបាល​នឹង​បន្ត​វិនិយោគ​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់ ​ការ​បង្កើត​ការងារ​និង​ប្រព័ន្ធ​ធារាសាស្រ្ត ​ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ។​ លោក​បន្ថែម​ថា​ ស្ថាប័ន​នីមួយៗ​នឹង​ដាក់​ផែន​ការ​មក​ ហើយ​នឹង​មាន​ការ​ចរចា​ជាក់​ស្តែង​ទាក់ទង​នឹង​ការ​ចំណាយ​អាទិភាព។​

លោក​ថ្លែង​ប្រាប់​VOA​ថា៖​ «រី​ឯ​ការ​អនុវត្ត​ជាក់ស្តែង​នៅ​ពេល​ដែល​យើង​ចរចា​រឿង​ថវិកា ​នៅ​ពេល​ដែល​យើង​រៀបចំ​ថវិកា ​ហើយ​យើង​ចរចា​ជាមួយ​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​នៅ​ពេល​ខែ​៧ ខែ​៨​មក​ដល់»។ ​ លោក​បន្ថែម​ថា៖ ​«ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា ​សុទ្ធ​តែ​ប៉ះពាល់​សេដ្ឋកិច្ច​ដូច​គ្នា។ ​ អ៊ីចឹង​គេ​ប្រឹង​រក​វិធី​ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ងើប​ឡើង​វិញ ​ ហើយ​វិធី​សាស្រ្ត​ដែល​ល្អ​គឺ​យើង​ត្រូវ​ចាក់​ឲ្យ​ចំ​ប្រើ​ថវិកា​ឲ្យ​ចំ​គោល​ដៅ ។ ​អាហ្នឹង​បាន​យើង​ជួយ​សេដ្ឋកិច្ច​បាន»។​

លោក​ឈឿន ប៊ុណ្ណារ័ត្ន ​អ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ ​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​បាន​លុប​ចោល​ការ​ជ្រើស​រើស​មន្រ្តី​រាជការ​ថ្មី​ជាង​៦​ពាន់​នាក់​ក្នុង​ឆ្នាំ​២០២០​នេះ។ ​ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា ​តើ​មាន​ការ​ជ្រើស​រើស​នៅ​ក្នុង​ឆ្នាំ​២០២១​ឬ​យ៉ាងណា។​

លោក​បញ្ជាក់​ថា៖ ​«គោល​ដៅ​យើង​ត្រូវ​តែ​សន្សំ​ពី​ព្រោះ​ដំណាក់​កាល​នេះ​មិន​មែន​តែ​កម្ពុជា​ទេ​គឺ​ប្រទេស​នៅ​លើ​សកល​លោក​ គឺ​មាន​ការ​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ទាំង​អស់​គ្នា»។​

កាល​ពី​ខែ​មេសា​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​បាន​សម្រេច​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ជាតិ​សរុប​ជាង​៩០០​លាន​ដុល្លារ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ។​កាល​ពី​សប្តាហ៍​មុន​ក្រសួង​ការងារ​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​បាន​បើក​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ និង​ទេស​ចរណ៍​ចំនួន​១៧.០៥២​នាក់​នៃ​រោងចក្រ​សហ​គ្រាស​ទាំង​៥០​ក្នុង​វិស័យ​កាត់​ដេរ​និង​ទេសចរណ៍។​ក្នុង​នោះ​១៥​ដុល្លារ​សម្រាប់​ការ​ព្យួរ​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ពី​៧​ថ្ងៃ​ទៅ​១០​ថ្ងៃ​ចំនួន​៣០​ដុល្លារ​សម្រាប់​រយៈ​ពី​១១​ថ្ងៃ​ទៅ​២០​ថ្ងៃ​និង​៤០​ដុល្លារ​សម្រាប់​រយៈ​ពេល​ព្យួរ​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ចាប់​ពី​២១​ថ្ងៃ​ទៅ​១​ខែ។​

កាល​ពី​ដើម​ខែ​មីនា​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​ស្ថាប័ន​ទាំង​អស់​ត្រូវ​កាត់​ការ​ចំណាយ​រហូត​ដល់​៥០% ​លើក​លែង​តែ​ក្រសួង​ការ​បរទេស ​ក្រសួង​ពាណិជ្ជ​កម្ម ​និង​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី ​ដែល​នឹង​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​ចំនួន​២៥%។​

លោក​មាន​ប្រសាសន៍​ថា៖ ​«មិន​ត្រឹម​តែ​មិន​ឲ្យ​(បង្កើន)​ការ​ចំណាយ​ទេ​យើង​កាត់​បន្ថយ​ការ​ចំណាយ​តែ​ម្តង។ ​ មានតែ​ចំណាយ​ទៅ​លើ​បៀវត្សរ៍​តែ​ប៉ុណ្ណោះ​ដែល​មិន​មាន​ការ​កាត់​បន្ថយ​ទេទាក់​ទង​ទៅ​នឹង​ការ​ការ​ចំណាយ​ចរន្ត ​ដែល​ក្នុង​មួយ​ខែ​យើង​ត្រូវ​ចំណាយ​ជាង​៤០០​លាន​ដុល្លារ​គឺ​អាហ្នឹង​មិន​អាច​ប៉ះពាល់​បាន​ទេ»។​លោក​បន្ថែម​ថា៖ ​«ហើយ​ខ្ញុំ​នឹង​សង្កេត​មើល​ថា​ តើ​រដ្ឋមន្រ្តី​ក្រសួង​ណា​ខ្លះ​ដែល​បន្ត​អនុវត្ត​ដែល​គេ​ហៅ​ថា​ យក​អា​វិធី​ហ្នឹង​យក​ទៅ​សម្រួល ​កុំ​ឲ្យ​បញ្ហា​ដាក់​មក ​ចាំ​ឲ្យ​នាយក​រដ្ឋមន្រ្តី​កាត់»។​

លោក ​Jayant Menon ​អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​ស្ថាប័ន​ស្រាវជ្រាវ ​ISEAS-Yusof Ishak ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បាន​ប្រាប់​វីអូអេ​នៅ​ក្នុង​សារ​អេឡិចត្រូនិក​ថា​ ប្រទេស​កម្ពុជា​រង​គ្រោះ​ខ្លាំង​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​នេះ ​ ដោយ​សារ​កម្ពុជា​ជា​ប្រទេស​តូច​ដែល​សេដ្ឋកិច្ច​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ពាណិជ្ជ​កម្ម​និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI)។​

លោក​បញ្ជាក់​ថា៖​ «ដូច្នេះ​វា​ជា​ពេល​មួយ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​កំណើន​នេះ​ ដោយ​បង្កើន​ការ​ចំណាយ​ មិន​មែន​បន្ថយ​នោះ​ទេ។​នេះ​នឹង​ជួយ​ប៉ះប៉ូវ​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋ​កិច្ច​និង​កម្រិត​ផល​ប៉ះពាល់​សង្គម ​ជា​ពិសេស​ទៅ​លើ​អ្នក​ក្រីក្រ»។​

គួរ​បញ្ជាក់​ថា ​ កាល​ពី​ចុង​ខែ​ឧសភា ​ធនាគារ​ពិភព​លោក​(World Bank) ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ ​ដោយ​លើក​ឡើង​ថា​ ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​មក​នេះ​កំពុង​រង​ការ​គំរាម​កំហែង​ខ្លាំង​បំផុត​ពី​ការ​រាត​ត្បាត​ជំងឺ​កូវីដ ​ដែល​នឹង​នាំ​ឲ្យ​ការងារ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាង​ហោច​ណាស់​១​លាន​៧០​ម៉ឺន​នាក់​«ស្ថិត​ក្នុង​ហានិ​ភ័យ»។​

ធនាគារ​ពិភព​លោក​បញ្ជាក់​ថា​ ដោយ​សារ​មូល​ហេតុ​នេះ​ក្នុង​ឆ្នាំ​២០២០​ កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​មាន​ល្បឿន​យឺត​បំផុត​មិន​ដែល​ធ្លាប់​ជួប​ប្រទះ​តាំង​ពី​ឆ្នាំ​១៩៩៤​មក។ ​វា​នឹង​ថមថយ​រហូត​ដល់​រវាង​-១​និង​-២,៩%។ ​ ធនាគារ​ពិភព​លោក​បន្ថែម​ថា​ នៅ​ក្នុង​ស្ថាន​ភាព​នេះ ​ ភាព​ក្រីក្រ​ក្នុង​ឆ្នាំ​២០២០​អាច​នឹង​កើន​ឡើង​ពី​៣​ទៅ​១១​ភាគ​រយ​ ប្រសិន​បើ​អ្នក​ដែល​ស្ថិត​ក្នុង​វិស័យ​រង​ផល​ប៉ះពាល់​បាត់​បង់​ចំណូល​អស់​៥០​ភាគ​រយ​ក្នុង​រយៈ​ពេល​៦​ខែ​ជាប់​គ្នា។ ​

លោក ​អ៊ិន ចាន់នី ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​VOA​ ថា​ វិបត្តិ​ហិរញ្ញ​វត្ថុ​សាកល​ឆ្នាំ​២០០៨ ​ជា​បទ​ពិសោធន៍​វា​ត្រូវ​ការ​រយៈ​ពេល​៣​ឆ្នាំ​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ងើប​ឡើង​វិញ។​លោក​បាន​ប្រៀប​ធៀប​ករណី​នេះ​ទៅ​នឹង​ជំងឺ​កូវីដ​ថា ​វា​មាន​លំនាំ​ប្រហាក់​ប្រហែល​គ្នា៕​

XS
SM
MD
LG