ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋាភិបាល​កម្ពុជា​​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូថ្មី​ ដើម្បី​ធានា​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន


រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្មនៃ​​ក្រសួង​មហាផ្ទៃ​ក៏បាន​ជម្រាបដល់​ពលរដ្ឋ​ត្រូវ​ភ្ជាប់​ទៅជាមួយ​នូវឯកសារ​ដូចជា​ ​សំបុត្រ​កំណើត​ ​ឬ​សំបុត្រ​បញ្ជាក់​កំណើត​ និង​សៀវភៅ​គ្រួសារ​ ​ឬសៀវភៅ​ស្នាក់​នៅ​ ​ឬ​លិខិត​បញ្ជាក់​ទីលំនៅ​ ​និង​អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរគំរូចាស់។​

រ​ដ្ឋាភិបាល​កម្ពុជា​ ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​នេះ​ ​ដែល​កាន់​អត្ត​សញ្ញាណ​ប័ណ្ណ​ខ្មែរ​គំរូ​ចាស់​ ​និង​ពលរដ្ឋ​ដែល​ត្រូវធ្វើ​អត្តសញ្ញាណ​ប័ណ្ណថ្មី​ឲ្យ​ប្រញាប់​ធ្វើ​អត្ត​សញ្ញាណប័ណ្ណ​គំរូថ្មី​ដើម្បី​ធានានូវ​សិទ្ធិសេរីភាព​ ​និង​ផលប្រយោជន៍​ស្របច្បាប់​ផ្ទាល់ខ្លួន​របស់​ពួកគេ។​ ​នេះបើយោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ​ ដែល​ ​VOA​ ​បាន​ទទួល។​

​សេចក្តី​ជូន​ដំណឹង​របស់​អគ្គ​នាយក​ដ្ឋាន​អត្តសញ្ញាណកម្មនៃក្រសួង​មហាផ្ទៃ​ ​ចុះថ្ងៃទី​៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ​បាន​បញ្ជាក់​ឲ្យដឹងថា​ ​«អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​គំរូចាស់​ទាំង​អស់​នឹង​ត្រូវ​អស់​សុពល​ភាព​ប្រើ​ប្រាស់​នៅត្រឹមថ្ងៃ​ចន្ទ​ ​ទី៣១​ ខែធ្នូ​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ»។​

​សេច​ក្តី​ជូន​ដំណឹង​បាន​សរសេរ​តាមន័យ​ដើម​ថា៖​

«​ដើម្បី​ធានា​បាន​នូវ​សិទ្ធិសេរីភាព​ ​និង​ផលប្រយោជន៍​ស្របច្បាប់​ផ្ទាល់​ខ្លួន​ ​អគ្គនាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម​ សូមអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរទាំងពីរភេទ​ ដែលកំពុង​ប្រើប្រាស់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ​គំរូចាស់​ទាំង​អស់​ និង​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​១៥ឆ្នាំឡើង​ ដែល​ពុំទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី​ សូមមេត្តា​ រួសរាន់​ទៅបំពេញ​បែបបទ​ស្នើសុំ​ផ្តល់​អត្តសញ្ញាណ​សញ្ជាតិ​ប័ណ្ណ​ខ្មែរ​ គំរូថ្មី​នៅបណ្តា ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ សង្កាត់​ ឬ​អធិការដ្ឋាន​នគរបាល​រាជធានី​ ខេត្ត​ ដែល​ខ្លួន​រស់​នៅ​ ឬស្នាក់​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​នៅផ្សារ​ទំនើបអ៊ីអន​ម៉ល ​២​ ​សែនសុខ»។​

​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្មនៃក្រសួង​មហាផ្ទៃ​ ក៏បាន​ជម្រាបដល់​ពលរដ្ឋ​ត្រូវ​ភ្ជាប់​ទៅជាមួយ​នូវឯកសារ​ដូចជា​ ​សំបុត្រ​កំណើត​ ​ឬ​សំបុត្រ​បញ្ជាក់​កំណើត​ និង​សៀវភៅ​គ្រួសារ​ ​ឬសៀវភៅ​ស្នាក់​នៅ​ ​ឬ​លិខិត​បញ្ជាក់​ទីលំនៅ​ ​និង​អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរគំរូចាស់។​

​នាយ​ឧត្តមសេនីយ៍​ ​កង សុខន​ ​អគ្គនាយក​នៃអគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​របស់​ក្រសួង​មហាផ្ទៃ​ បញ្ជាក់​ប្រាប់ VOA នៅថ្ងៃ​សុក្រនេះ​ថា​ ពលរដ្ឋ​ដែលត្រូវធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី​ ​មាន​ពេល​តែ​៣០ថ្ងៃ​តែប៉ុណ្ណោះ​ ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី​នេះ​ ពោល​គឺត្រឹម​ថ្ងៃនៃការ​ជូន​សេចក្តី​ជូន​ដំណឹង​ខាងលើនេះ។​

​លោក​មានប្រសាសន៍​ថា៖​

«នែ៎បញ្ជាក់​អ៊ីចេះនែ៎​ រយៈពេល​គឺ​ ៣០ថ្ងៃ​យ៉ាងយូរ​ក្នុង​ថ្ងៃ​ធ្វើការ»។​

​លោក​ ​កង សុខន​ ​មាន​ប្រសាសន៍​បន្ថែម​ថា ​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ​១០លាននាក់​ ​បាន​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរ​គំរូថ្មី​ ហើយនៅសល់​ប្រមាណ​តែជាង ២០ម៉ឺននាក់​ទៀតប៉ុណ្ណោះ​ ដែល​មិន​ទាន់​បាន​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូថ្មីនេះ។​

​«បើតាម​លេខ​មូល​ដែល​យើង​ធ្វើ​រួចហើយ​ បន្តបន្ទាប់​មកដល់នេះ​ ប្រហែល​ជាង ​១០លាន​ហើយ»។​

​លោក​នាយឧត្តម​សេនីយ៍​ ​កង សុខន បាន​បញ្ជាក់​ទៀតថា​ ការ​ចុះបញ្ជី​សុំ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី​នេះ​ គឺ​ផ្តោត​ជាសំខាន់​តែលើ​ពលរដ្ឋ​ដែលមាន​សញ្ជាតិខ្មែរ។​ ​លោក​បញ្ជាក់​ទៀតថា​ ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ជា​ខ្មែរ​ ក៏អាច​ស្នើសុំ​អត្តសញ្ញាណប័ណ្ណ​គំរូថ្មីនេះ​ផងដែរ។​

​គិត​ត្រឹមឆ្នាំ​២០១៧​ ​កម្ពុជា​មានចំនួន​ប្រជាជន​ប្រ​មាណ​ជា​១៦.១លាននាក់។​ ​នេះ​បើ​តាមរបាយការណ៍​របស់​ធនាគារ​ពិភព​លោក​ចុង​ក្រោយ​បំផុត​ស្តីពី​បច្ចុប្បន្នភាព​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ដែល​ចេញផ្សាយ​ជាសាធារណៈ​កាលពី​ដើមខែតុលា​ ឆ្នាំ​២០១៨​នេះ។​

​ប្រជា​ពល​រដ្ឋ​ខ្មែរ​ត្រូវគេ​សង្កេត​ឃើញ​ថា​ ​មាន​ការ​បារម្ភចំពោះ​កំណើន​ជនជាតិ​វៀតណាម​មាន​សញ្ជាតិខ្មែរនៅ​កម្ពុជា​ ​ដែល​កងទ័ព​នៃ​ប្រទេសនេះ​ ​ត្រូវបាន​ក្រុមមន្ត្រីជាន់​ខ្ពស់​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​កម្ពុជា​ បាន​សម្តែងការ​ដឹងគុណ​ចំពោះ​ជួយ​រំដោះ​ពលរដ្ឋខ្មែរ​ពីរបបប៉ុល​ ពត​ដ៏អាស្រូវ​ចំពោះ​ការ​កាប់​សម្លាប់​ពល​រដ្ឋ​ខ្លួន​ឯង។​

​ក៏ប៉ុន្តែ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ជនជាតិ​ចិន​ត្រូវ​គេ​សង្កេត​ឃើញ​ថា ​បាន​សម្រុក​ចូល​មក​កម្ពុជា​ ​តែ​មិនទាន់​មាន​សេចក្តីរាយ​ការណ៍​បញ្ជាក់​ថា ​មាន​ជនជាតិ​ចិនប៉ុន្មាន​នាក់​ ដែលបាន​ទទួល​សញ្ជាតិ​ខ្មែរ​ ដូច​ជនបរទេស​មួយចំនួន​មក​ពីប្រទេស​នៅលោក​សេរី​។​ សកម្មជន​សិទ្ធិ​មនុស្ស​នៅ​តាម​សហគមន៍​មួយចំនួន​យល់​ថា វត្តមាន​ជនជាតិចិន​កាន់តែ​ច្រើន​នៅ​កម្ពុជា បាន​បង្ក​ការ​ភ័យខ្លាច​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

ជាង​នេះ​ទៅ​ទៀត ការ​ចូល​មក​របស់​ជនជាតិចិន​យ៉ាង​គំហុក​នេះ​កើត​មាន​ឡើង​ នៅ​ពេល​ប្រទេស​កម្ពុជា​បាន​ងាក​ទៅ​រឹត​ចំណង​ការ​ទូត​ និង​កងទ័ព​កាន់តែ​ស្អិត​ល្មួត​ផងដែរ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ដែល​បាន​ផ្តល់​ជំនួយ​ឥត​សំណង និង​យោធា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​កត់សម្គាល់​របស់​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​សង្គម និង​នយោបាយ​នៅ​កម្ពុជា៕

XS
SM
MD
LG