តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន គឺលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning ដែលបានថ្លែងនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី១១ ខែកញ្ញា។
បើតាមអ្នកនាំពាក្យរូបនោះ លោក ហ៊ុន ម៉ាណែត នឹងជួបជាមួយបណ្តាមេដឹកនាំកំពូលៗរបស់ចិនរួមមាន លោកស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន លោក លី ឈាង នាយករដ្ឋមន្ត្រីចិន និងមេដឹកនាំផ្សេងៗទៀត។
អ្នកស្រីបន្ថែមថានេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីកម្ពុជាមកកាន់ប្រទេសចិនបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ និងថានេះបង្ហាញពីសារៈសំខាន់របស់រដ្ឋាភិបាលកម្ពុជាថ្មីនៅក្នុងទំនាក់ទំនងជាមួយចិន។
អ្នកស្រីបញ្ជាក់ថា៖«តាមរយៈដំណើរទស្សនកិច្ចនេះ ចិនរង់ចាំដាក់ផែនការសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិននៅថ្ងៃអនាគត ជាពិសេសពង្រឹងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការរួមមាន«ច្រកទ្វារអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រកទ្វារត្រីនិងស្រូវ» ឱ្យលឿនតាមដែលអាចធ្វើទៅបាន»។
កម្ពុជាត្រូវបានអ្នកវិភាគខ្លះមើលឃើញថា នៅរក្សាចំណងទាក់ទងស្អិតល្មួតជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលកំពុងប្រកួតប្រជែងជាមួយនឹងសហរដ្ឋអាមេរិក លើបញ្ហាជាច្រើន ដែលមានទាំងក្នុងការដណ្តើមឧត្តមភាពភូមិសាស្ត្រនយោបាយ យោធា និងសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅផ្នែកខ្លះទៀតរបស់សាកលលោក។
អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់វីអូអេថា ការប្រកួតប្រជែងគ្នារវាងចិននិងអាមេរិកគឺកំពុងតែកើនកម្តៅនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
អ្នកវិភាគរូបនេះចោទសួរពីភាពវ័យឆ្លាតនៅក្នុងការរក្សាជំហររបស់កម្ពុជានៅក្នុងដំណាក់កាលដែលប្រទេសនេះមាននាយករដ្ឋមន្ត្រីថ្មី ហើយពិភពលោកកំពុងឃើញការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយយ៉ាងស្រួចស្រាល់រវាងចិន និងសហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «តើកម្ពុជាហ្នឹង position (ជំហរ) ដាក់ទីតាំង កំណត់ទីតាំងរបស់ខ្លួននៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយបច្ចុប្បន្ននេះដោយរបៀបណាដើម្បីធ្វើម៉េចអាចទាញផលប្រយោជន៍ឱ្យច្រើនបំផុតពីការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាចទាំងពីរហ្នឹង»។
ដោយឡែក អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក លឹម ឆាយ យល់ថា កម្ពុជា និងចិនបន្តមានទំនាក់ទំនងល្អជាមួយគ្នា ព្រោះប្រទេសទាំងពីរត្រូវការគាំទ្រគ្នាទៅវិញទៅមកលើរបៀបវារៈជាក់លាក់ក្នុងវិស័យនយោបាយ និងការទូត។
លោកប្រាប់វីអូអេថា៖ «វាច្បាស់ណាស់ថា កម្ពុជាគាំទ្រគោលនយោបាយចិនតែមួយហើយកម្ពុជាចាត់ទុកករណីនៅ Xinjiang ហុងកុង និងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ដោយមិនជ្រៀតជ្រែក។ ត្រឡប់មកវិញ ចិនគាំទ្រការអភិវឌ្ឍរបស់កម្ពុជា»។
ទោះជាយ៉ាងណា លោកព្រមានថា កម្ពុជាមិនគួរដើរតែតាមដានជើងរបស់ចិននោះទេ ពីព្រោះវាអាចធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានលើអធិបតេយ្យភាពនិងឯករាជ្យភាពនៃគោលនយោបាយការបរទេសនិយមកណ្តាលរបស់កម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ក្រោមការដឹកនាំរបស់លោកហ៊ុន ម៉ាណែត កម្ពុជាបន្តរក្សាគោលនយោបាយការបរទេសស្របទៅតាមរដ្ឋធម្មនុញ្ញ ដែលចែងអំពីការប្រកាន់ខ្ជាប់ជានិច្ចនូវគោលជំហរអព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។
លោកថ្លែងថា៖«បើសិនជាទំនាក់ទំនងមួយមើលទៅឃើញថាវារាងជិតស្និទ្ធជាមួយគ្នាខ្លាំង ដោយសារតែមានផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក មានសកម្មភាពច្រើន មានគម្រោងច្រើន ដែលត្រូវធ្វើការជាមួយគ្នា។អ៊ីចឹងមើលទៅហាក់បីដូចជាឃើញថារាងស្និទ្ធ ប៉ុន្តែជារឿងធម្មតាទេនេះ។សំខាន់នៅត្រង់បន្ទាត់គោលនយោបាយកម្ពុជាគឺរាប់អានមិត្តភក្តិទាំងអស់នៅក្នុងពិភពលោកហ្នឹង។ មិនថាប្រទេសតូច ប្រទេសធំទេគឺស្មើភាពគ្នា»។
លោក ហ៊ុន ម៉ាណែត ធ្លាប់បានបានបញ្ជាក់នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនកាលពីកន្លងទៅថា កម្ពុជានៅតែរក្សាគោល«ជំហរឥតប្រែប្រួល» របស់រដ្ឋាភិបាលថ្មីចំពោះគោលនយោបាយចិនតែមួយ និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ភាគីទាំងពីរបានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។
នៅក្នុងដំណើរមកកាន់កម្ពុជារយៈពេល២ថ្ងៃកាលពីកន្លងទៅ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនក៏ធ្លាប់បានលើកឡើងដែរថាប្រទេសចិនគាំទ្រយ៉ាងរឹងមាំដល់ប្រទេសកម្ពុជា និង«មានទំនុកចិត្តយ៉ាងស៊ីជម្រៅ» ចំពោះកម្ពុជានិងថ្នាក់ដឹកនាំរបស់កម្ពុជា៕