ក្រុមមេដឹកនាំនយោបាយជំទាស់នៅក្រៅប្រទេសប្រកាសពីផែនការជាក់លាក់ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត នៅក្នុងទឹកដីសហរដ្ឋអាមេរិកជាលើកដំបូងនៅទីក្រុងញូវយ៉កក្នុងនាមជានាយករដ្ឋមន្ត្រី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលរបស់ចលនាពលរដ្ឋខ្មែរដើម្បីប្រជាធិបតេយ្យ មេដឹកនាំនយោបាយជំទាស់ទាំងនោះនឹងដឹកនាំធ្វើបាតុកម្មនៅអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិ ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៣ល្ងាច ថ្ងៃទី២២ ខែកញ្ញា នៅទីធ្លាដែលនៅក្បែរអង្គការសហប្រជាជាតិ ឬ UN Plaza។ បាតុកម្មនេះមានគោលបំណងបង្ហាញពីការមិនមានភាពត្រឹមត្រូវនិងស្របច្បាប់នៃការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ពួកយើងជំរុញឱ្យរដ្ឋជាសមាជិកទាំងអស់ដើរចេញ នៅពេលដែលលោក ហ៊ុន ម៉ាណែត ឡើងថ្លែងសុន្ទរកថា ដើម្បីបង្ហាញការមិនពេញចិត្តពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៃរបប ហ៊ុន ម៉ាណែត»។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី វ័យ៤៥ឆ្នាំរបស់កម្ពុជា នឹងដឹកនាំប្រតិភូរបស់លោកទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣។
អតីតមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា បាតុកម្មនេះត្រូវបានរៀបចំឡើងតាមការគ្រោងទុកដោយអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅពេលពួកគេមិនអាចទទួលយកបានឡើយនូវតួនាទី និងវត្តមានរបស់លោក ហ៊ុន ម៉ាណែត នៅអង្គការសហប្រជាជាតិ ព្រោះការបោះឆ្នោតកន្លងទៅ មិនបានប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ទេ។
អ្នកស្រីថ្លែងថា៖ «ដូច្នេះយើងជាចលនាប្រជាធិបតេយ្យខ្មែរយល់ឃើញថា ប្រទេសម្ពុជាយើងត្រូវតែមាននាយករដ្ឋមន្ត្រីស្របច្បាប់ទៅអង្គុយនៅលើអាសនៈប្រទេសយើងនៅអង្គការសហប្រជាជាតិទើបជាការត្រឹមត្រូវដើម្បីលើកមុខ លើកមាត់ លើកកម្ពស់ និងតម្លៃនៃប្រជាជាតិយើង»។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេតាមទូរស័ព្ទនាថ្ងៃពុធនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា គម្រោងបាតុកម្មនៅក្រៅប្រទេសដែលដឹកនាំដោយថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ នឹងមិនអាចបំផ្លាញប្រតិភូកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ាណែត នៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកបានឡើយ។
លោកថ្លែងថា៖ «វាគ្មាននរណារារាំងបានទេ។ ទៅប្រជុំតាមការអញ្ជើញរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ សួរថា ខ្មែរនៅទីនោះប៉ុន្មានគ្រាប់ដែលបាតុកម្ម។ បាតុកម្មហ្នឹងគេឱ្យនៅតែកែងត្រង់ណាមួយទៅ តែហ៊ានដើរឆ្លងខ្សែគេ គេដាក់ហើយ!»
កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំនិងសមាជិកជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មនៅទីក្រុងឡូវែល (Lowell) សហរដ្ឋអាមេរិក ដោយប្រកាសបដិសេធមិនទទួលស្គាល់លោក ហ៊ុន ម៉ាណែត ដោយសារការបោះឆ្នោតកន្លងមកគ្មានភាពស្របច្បាប់ ហើយការតវ៉ាជំទាស់នឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត នឹងធ្វើឡើងនៅទីក្រុងញូវយ៉កនៅថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ លើកឡើងថា បាតុកម្មដែលនឹងធ្វើនៅបុរីញូវយ៉ក មិនពាក់ព័ន្ធជាមួយគណបក្សភ្លើងទៀននោះឡើយ ហើយថា វាជាសេរីភាពរបស់បុគ្គលម្នាក់ៗនៅក្នុងការធ្វើបាតុកម្មសម្តែងមតិ។
លោកថ្លែងថា៖ «ដូច្នេះនេះជារឿងរបស់គេទេ។ យើងមិនមានការពាក់ព័ន្ធ ហើយយើងមិនបានដឹងអំពីគម្រោងរបស់គេហ្នឹងទេ»។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លោក វណ្ណ ប៊ុនណា យល់ថា វាជារឿងធម្មតាសម្រាប់មេដឹកនាំកម្ពុជា នៅពេលចេញទៅចូលរួមកិច្ចប្រជុំខាងក្រៅប្រទេស ហើយមានក្រុមអ្នកធ្វើបាតុកម្មប្រឆាំង។ ប៉ុន្តែលោកថា វាមិនប៉ះពាល់ដល់ដំណើរការការទូតរបស់កម្ពុជានៅក្រៅប្រទេសនោះទេ។
បើតាមអ្នកស្រាវជ្រាវរូបនេះ ការពង្រឹងការទូតមានលក្ខណៈចម្រុះ ដោយការកសាងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសផ្សេងទៀតឱ្យបានល្អ ជាការចាំបាច់សម្រាប់នាយករដ្ឋមន្ត្រីថ្មីដើម្បីស្តារស្ថានភាពនយោបាយបច្ចុប្បន្ន។
លោកថ្លែងថា៖ «អ៊ីចឹងទេដើម្បីបង្កើតមិត្តច្រើនកាន់តែល្អ វាទាមទារឱ្យកម្ពុជា ទាមទារកែប្រែនយោបាយនៅក្នុងស្រុក ជាពិសេសការដោះស្រាយវិបត្តិ ឬក៏វិវាទនយោបាយរវាងអ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆាំងផងដែរ ដោយសារកត្តានយោបាយផ្ទៃក្នុងវាកំណត់គោលនយោបាយការបរទេស។ កាលណាយើងមាននយោបាយសាមគ្គីជាតិ វាធ្វើឱ្យកម្ពុជាមានកម្លាំងរួម ឬក៏មានទឹកមាត់ប្រៃដែរ»។
សហរដ្ឋអាមេរិកម្តងហើយម្តងទៀតលើកឡើងថា នៅពេលដែលរដ្ឋាភិបាលកម្ពុជាថ្មីចាប់ផ្តើមកាន់តំណែងរបស់ខ្លួន ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ មានឱកាសស្តារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ បញ្ចប់ការកាត់ក្តីដែលជំរុញដោយរឿងនយោបាយ ទម្លាក់ចោលការផ្តន្ទាទោសអ្នករិះគន់រដ្ឋាភិបាល និងអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបើកដំណើរការឡើងវិញ និងធ្វើការរបស់ពួកគេដោយគ្មានការជ្រៀតជ្រែកជាដើម៕