ក្រុមមន្ត្រីយុត្តិធម៌កម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ប្រកាសសហការគ្នារៀបចំយន្តការថ្មីមួយអំពីការអនុវត្តទោសមិនជាប់ក្នុងពន្ធនាគារ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងមន្ទីរឃុំឃាំង តែទាមទារឲ្យប្រជាពលរដ្ឋយល់ដឹងដើម្បីបញ្ចៀសនូវអំពើហិង្សា ឬការរើសអើងជាដើម។
មន្ត្រីសង្គមស៊ីវិលមួយចំនួនសាទរ និងផ្តល់ការគាំទ្រការវិវត្តថ្មីចុងក្រោយនេះ ពាក់ព័ន្ធនឹងការសម្រាលភាពណែនណាន់តាន់តាប់របស់អ្នកជាប់ឃុំក្នុងពន្ធនាគារ ប៉ុន្តែពួកគេលើកទឹកចិត្តឲ្យស្ថាប័នតុលាការ និងមន្ត្រីអនុវត្តច្បាប់គួរពិចារណាអំពីសិទ្ធិទទួលបានការជំនុំជំម្រះក្តីឆាប់រហ័ស និងប្រកបដោយយុត្តិធម៌ ដោយមិនគួរប្រើនីតិវិធីឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្នរង់ចាំការឡើងសវនាការជាជម្រើសអាទិភាពនោះទេ។
ក្នុងជំនួបរវាងរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងមន្ត្រីយុត្តិធម៌កម្ពុជាផ្សេងទៀត ជាមួយប្រធានផ្នែកទទួលបន្ទុកកិច្ចការពន្ធនាគារអាណត្តិថ្មីរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ប្រចាំទីក្រុងភ្នំពេញ លោក បាណាប៊េ រ៉ូត (Barnabe Reaud) ធ្វើឡើងក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី១ ខែកុម្ភៈ ភាគី ICRC បានបង្ហាញរបាយការណ៍របស់ខ្លួនអំពីភាពចង្អៀតណែនក្នុងពន្ធនាគារ ភ្ជាប់ជាមួយអនុសាសន៍មួយចំនួនក្នុងការដោះស្រាយបញ្ហាចង្អៀតណែននេះ។ លោក ជិន ម៉ាលីន តំណាងឲ្យរដ្ឋ មន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ អះអាងថា របាយការណ៍នោះ គឺដូចគ្នានឹងការរកឃើញកន្លងមករបស់ក្រសួងយុត្តិធម៌ ដែលបានធ្វើការតាមដាន និងវាយតម្លៃអំពីសភាពចង្អៀតណែនក្នុងពន្ធនាគាររបស់កម្ពុជា។
លោក ជិន ម៉ាលីន ដែលជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ផងនោះ បានប្រាប់វីអូអេថា ក្រសួង និងបន្តកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ក្នុងការបង្កើតយន្តការអនុវត្តទោសមិនជាប់ពន្ធនាគារ ដើម្បីកាត់បន្ថយភាពចង្អៀតណែននៃអ្នកជាប់ពន្ធនាការ។ ប៉ុន្តែលោកថា យន្តការនោះ អាចធ្វើទៅបាន លុះត្រាតែមានការបង្កើនការយល់ដឹងរបស់សាធារណជន និងពលរដ្ឋនៅតាមសហគមន៍ឲ្យជ្រាបអំពីអ្នកដែលជាប់ឃុំដែលត្រូវធ្វើសមាហរណកម្មនៅក្នុងសង្គមជាតិ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែដើម្បីអនុវត្តទោសទាំងអស់ហ្នឹង បានទាមទារឲ្យសហគមន៍យល់ [និង]ទទួលយកបាន សង្គមទទួលយកបាន ពីព្រោះក្នុងសង្គមយើង ប្រជាពលរដ្ឋគិតថា អ្នកទោសត្រូវនៅក្នុងគុក នៅក្នុងឃុំ ហើយបើដោះលែងមកក្រៅអាចមានបញ្ហា អាចមានអំពើហិង្សា អាចមានការរើសអើង មាក់ងាយអី មិនអាចធ្វើសមាហរណកម្មបាន»។
បើតាមលោករដ្ឋលេខាធិការ ជិន ម៉ាលីន ភាពចង្អៀតណែនក្នុងពន្ធនាគារនេះ គឺដោយសារអាជ្ញាធរមានសមត្ថកិច្ច បង្ក្រាបបទល្មើសបានច្រើន ដែលរួមមានបទល្មើសគ្រឿងញៀន បទល្មើសនេសាទ បទល្មើសព្រៃឈើជាដើម។
លោកបានលើកឡើងពីដំណោះស្រាយដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារនេះថា៖ «ដំណោះស្រាយទីមួយ ការពង្រីកការកសាងហេដ្ឋរចនាសម្ព័ន្ធរូបវន្តពន្ធនាគារ ការពង្រឹងយន្តការស្តារនីតិសម្បទារ អ្នកជាប់ឃុំ ដើម្បីគាត់អាចធ្វើសមាហរណកម្មកែប្រែខ្លួន និងអាចទទួលបានការលើកលែងទោស និងការបន្ធូរបន្ថយទោស។ ហើយមួយទៀតជំរុញឲ្យមានការអនុវត្តយន្តការ ការអនុវត្តទោសមិនមែនពន្ធនាគារ បានន័យថា មានទោសដែរ ប៉ុន្តែមិននៅក្នុងពន្ធនាគារទេ ដូចជាការអនុវត្តទោសសហគមន៍ ឬមួយក៏ដោះលែងដោយមានលក្ខខណ្ឌ ដែលក្រសួងកំពុងតែអនុវត្ត»។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះពន្យល់បន្ថែមថា បើតាមក្រមព្រហ្មទណ្ឌ មានការចែងអំពីទោសច្រើនប្រភេទដូចជា ទោសខ្លះ ត្រូវតម្រូវឲ្យស្ថិតក្នុងពន្ធនាគារ។ទោសខ្លះ មិនមែនទោសក្នុងពន្ធនាគារ រួមមានទោសសហគមន៍ដែលមិនស្ថិតក្នុងពន្ធនាគារ ប៉ុន្តែត្រូវបានតាមដាន ត្រួតពិនិត្យ និងឃ្លាំមើល។ ទោសមួយចំនួនទៀត គឺសំដៅដល់ទោសពាក់កណ្តាលសេរីភាពដែលជាប់ឃុំពេលយប់ហើយអាចនៅក្រៅឃុំពេលថ្ងៃ ហើយការដោះលែងដែលមានលក្ខខណ្ឌ គឺជនជាប់ចោទបន្តមានទោសដដែល ប៉ុន្តែមិនដាក់ក្នុងពន្ធនាគារទេ គឺឲ្យទៅរស់នៅតាមសហគមន៍ធម្មតា ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌកាតព្វកិច្ចមួយចំនួន។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព យល់ថា បញ្ហាចង្អៀតណែនក្នុងពន្ធនាគារនេះ ជាបញ្ហារ៉ាំរ៉ៃមួយ ដែលចាំបាច់ត្រូវដោះស្រាយជាបន្ទាន់។ហើយស្ថាប័នតុលាការ មិនគួរប្រើនីតិវីធីឃុំខ្លួនជនជាប់ចោទឲ្យរង់ចាំសវនាការជាជម្រើសដំបូងនោះទេដើម្បីកាត់បន្ថយភាពចង្អៀតក្នុងពន្ធនាគារ ហើយត្រូវផ្តល់សិទ្ធិជំនុំជម្រះដោយយុត្តិធម៌ដល់ជនជាប់ចោទ។
អ្នកស្រីបានប្រាប់វីអូអេយ៉ាងដូច្នេះ៖ «ប៉ុន្តែការសិក្សានេះចាំបាច់បំផុត ខ្ញុំក៏គិតថា ក្រសួង ហើយស្ថាប័នពាក់ព័ន្ធ ទាំងតុលាការអីហ្នឹង ក៏ត្រូវពិនិត្យអំពីយន្តការរបស់ខ្លួនពាក់ព័ន្ធនឹងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ផងដែរចា៎។ យើងត្រូវមើលជ្រុងនៃទិដ្ឋភាពនៃសិទ្ធិមនុស្សហ្នឹង គឺពាក់ព័ន្ធការដាក់ឲ្យស្ថិតក្នុងការឃុំខ្លួនរង់ចាំសវនាការហ្នឹង។ នោះក៏ជាចំណោទ ឬកត្តាដែលនាំ ឲ្យមានការណែនណាន់ច្រើននៅក្នុងពន្ធនាគារដែរ»។
អ្នកស្រីបន្ថែមថា៖ «អ៊ីចឹងការពិនិត្យមើលលក្ខខណ្ឌដែលរដ្ឋាភិបាល ជាពិសេសស្ថាប័នតុលាការមិនគួរយកជម្រើសនៃការដាក់ឃុំខ្លួន រង់ចាំសវនាការហ្នឹងជាជម្រើសដំបូងនៃការសម្រេចចិត្តរបស់ខ្លួនហ្នឹងក៏ជាការចូលរួមចំណែកដែរ មិនមែនតែយើងត្រូវពិនិត្យមើលលើតែហេដ្ឋរចនាសម្ព័ន្ធទេ ប៉ុន្តែមើលលើជ្រុងសិទ្ធិជំនុំជម្រះដោយយុត្តិធម៍ដែរ»។
បើតាមអ្នកស្រី ចក់ សុភាព ការស្តារនីតិសម្បទារបស់ទណ្ឌិត ឬអ្នកជាប់ឃុំក្នុងពន្ធនាគារ គឺមិនទាន់មានភាពល្អប្រសើរនៅឡើយ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ក្នុងការបង្កើតកម្មវិធីជាច្រើនទៀតដល់អ្នកជាប់ឃុំ ដើម្បីអាចជួយដល់សតិស្មារតី ការកែលម្អឬកែប្រែខ្លួនការផ្តល់ឱកាសក្នុងការអភិវឌ្ឍជំនាញរបស់ពួកគេ និងដើម្បីឲ្យទណ្ឌិតទាំងនោះ ចៀសឆ្ងាយ និងមិនវិលត្រឡប់ទៅធ្វើពីសកម្មភាពចាស់របស់ខ្លួន នៅពេលពួកគេមានជំនាញច្បាស់លាស់ណាមួយ ដែលអាចចូលរួមចំណែកអភិវឌ្ឍសហគមន៍របស់ពួកគេ។
អ្នកស្រីផ្តល់ការកត់សម្គាល់បន្ថែមថា៖ «កាលដែលយើងគិតគូរអំពីការកក់ស្ទះការណែនពន្ធនាគារជារឿងល្អ ហើយចាំបាច់ត្រូវដោះស្រាយ ពីព្រោះរឿងនេះ យូរហើយ។ ប៉ុន្តែបន្ថែមពីហ្នឹង ខ្ញុំក៏ចង់ឃើញថា ស្ថាប័នពាក់ព័ន្ធ គិតគូរបន្ថែមទៀតទៅលើយន្តការធ្វើយ៉ាងម៉េចឲ្យយើងឆ្លើយតបនឹងគោលដៅនៃការស្តារនីតិសម្បទារបស់ទណ្ឌិត ឬអ្នកជាប់ឃុំឃាំងទាំងអស់ហ្នឹង»។
អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា និយាយថា ភាពចង្អៀតណែនក្នុងពន្ធនាគារជាបញ្ហាដែលតុលាការរកច្រក បញ្ចៀសការឃុំខ្លួនជនសង្ស័យដែលមិនបានប្រព្រឹត្តកំហុសធ្ងន់ ចំពោះភាពសកម្មជួយកែលម្អចំណុចអវិជ្ជមានក្នុងសង្គម និងនយោបាយជាដើម។
លោកបានប្រាប់វីអូអេថា៖ «ដូចករណីសំណុំរឿងក្រុមសកម្មជននយោបាយ ក្រុមសង្គមអ្វីផ្សេងៗយើងដឹងហើយថា តែងតែមានការទទូចឲ្យមានការនៅក្រៅឃុំ ហើយពួកគាត់តែងតែប្តេជ្ញាចិត្ត ឆន្ទៈ នឹងចូលរួមបន្តនីតិវិធីរបស់តុលាការជាដើម រហូតដល់មានលក្ខខណ្ឌដែលអាចនៅក្រៅឃុំបាន ក៏ប៉ុន្តែយើងឃើញហើយ ខាងតុលាការ ហាក់ដូចជាមិនបានពិចារណាក្នុងការផ្តល់នូវសិទ្ធិសេរីភាព ទៅដល់អ្នកទាំងអស់ហ្នឹង ឲ្យបាននៅក្រៅឃុំទេ ក្នុងខណៈដែលពួកគេ អាចមានលទ្ធភាពគ្រប់គ្រាន់ ស្របតាមច្បាប់ទាំង អាសយដ្ឋាន ទាំងមុខរបរ ទាំងឆន្ទៈរបស់ពួកគាត់ក្នុងការចូលរួមនីតិវិធីរបស់តុលាការក៏ដោយ»។
កាលពីថ្ងៃទី ១៩ ខែមករា លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវឱ្យតុលាការ និងរាជរដ្ឋាភិបាលទម្លាក់បទចោទប្រកាន់នានា ដោយត្រូវផ្តល់ភាពយុត្តិធម៌ និងដោះលែងសកម្មជនសង្គម សកម្មជននយោបាយ និងអ្នកទោសមនសិការឲ្យមានសេរីភាព គ្រាមានការព្រួយបារម្ភនៃការរីករាលដាលជំងឺកូវីដ១៩ ប្រភេទថ្មី គឺអូមីក្រុង ដែលអាចឆ្លងក្នុងពន្ធនាគារ និងដែលជាកត្តាងាយរងគ្រោះបំផុត នៅពេលជនជាប់ចោទមួយចំនួនជាប់ឃុំលើសនីតិវិធីកំណត់ឬលើស១៨ខែ ដោយគ្មានទទួលបានការជំនុំជម្រះត្រឹមត្រូវ និងមិនទទួលបានយុត្តិធម៌។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមករាឆ្នាំ២០២២នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា អ្នកជាប់ឃុំក្នុងពន្ធនាគារប្រមាណ ៥៥% ក្នុងចំណោមអ្នកជាប់ឃុំសរុបប្រមាណ ៣៨.០០០ នាក់នៅទូទាំងប្រទេស ត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ ដូច្នេះលោកថា គ្រឿងញៀន«កំពុងវាយលុកសង្គមកម្ពុជាយ៉ាងធ្ងន់ធ្ងរ»៕