ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អ.ស.ប.​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ចេញ​ទិន្នន័យ​ជំងឺ​កូវីដ​ក្នុង​ពន្ធនាគារ​


រូប​ឯកសារ៖ មណ្ឌលអប់រំកែប្រែទី០១ នៃ​ពន្ធនាគារ​ព្រៃ​ស ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

ទីភ្នាក់ងារ​នានា​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ដែល​ក្នុង​នោះ​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ចេញ​ជា​សាធារណៈ​នូវ​ទិន្នន័យ​ទាំង​ស្រុង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ចូល​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន​នៅ​កម្ពុជា។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ.ស.ប.​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ឱ្យ​ដឹង​ថា​ អ.ស.ប.​ដែល​បាន​ផ្ដល់​ជំនួយ​ដល់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​នូវ​សម្ភារៈ​អនាម័យ​មួយ​ចំនួន​តាម​ការ​ស្នើ​សុំ​នោះ​ក៏​មិន​មាន​ទិន្នន័យ​ក្នុង​ដៃ​អំពី​ចំនួន​ពន្ធនាគារ​និង​អ្នក​ជាប់​ឃុំ​ដែល​បាន​ឆ្លង​នោះ​ដែរ។​

រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បញ្ជាក់​ទេ​ថា​ចំនួន​ឆ្លង​ក្នុង​ពន្ធនាគារ​មាន​ប៉ុន្មាន​ករណី​ តែ​បើ​តាម​អ្វី​ដែល​មន្ត្រី​ធ្លាប់​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​គឺ​មាន​យ៉ាង​ហោច​ណាស់​១៥៨​ករណី​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ពន្ធនាគារ​ខេត្ត​កណ្ដាល​និង​មណ្ឌល​អប់រំ​កែប្រែ​ទី១​(ម១)​នៃ​ពន្ធនាគារ​ព្រៃ​ស។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ធំៗ​ចំនួន​ពីរ​គឺ​Human Rights Watch​ និង​Amnesty International ​បាន​អះអាង​កាល​ពី​ថ្ងៃ​អាទិត្យកន្លង​ទៅ​ថា ខ្លួន​មាន​ទិន្នន័យ​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​ដែល​ថា​ ចំនួន​ឆ្លង​មាន​រាប់​រយ​ករណី​ហើយ​កំពុង​រាលដាល​ចូល​មន្ទីរ​ឃុំឃាំង​មួយ​ទៀត​គឺ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​(គុកPJ)។​

លោក​នុត សវនា​អ្នក​នាំពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​មិន​បាន​លើក​ទូរស័ព្ទ​វីអូអេ​ស្នើ​សុំ​ការ​បំភ្លឺ​និង​ឆ្លើយ​តប​ទេ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ។​លោក​ធ្លាប់​ច្រាន​ចោល​ការ​អះអាង​របស់​អង្គការ ​Human Rights Watch ​និង ​Amnesty International។​

ជំនួយ​ដែល​អ.ស.ប.​បាន​បញ្ជូន​ទៅ​ឱ្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នោះ​មាន​ថ្នាំ​រាប់​ម៉ឺន​បន្ទះ​ស្មើ​នឹង​រាប់​សិប​ម៉ឺន​គ្រាប់​និង​សម្ភារៈ​ប្រឆាំង​កូវីដ​រួម​មាន​សម្លៀក​បំពាក់​ពេទ្យ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។​

អ.ស.ប. ក៏​បាន​ស្នើ​ឱ្យ​រដ្ឋ​ពិចារណា​ឡើង​វិញ​និង​ចាត់​ទុក​ការឃុំ​ខ្លួន​រង់​ចាំ​សវនាការ​ជា​ជម្រើស​ចុង​ក្រោយ​ដើម្បី​បន្ធូរបន្ថយ​បន្ទុក​ពន្ធនាគារ​ដែល​គិត​ត្រឹម​ដំណាច់​ខែធ្នូ​មាន​អ្នក​ជាប់​ឃុំ​ប្រមាណ​៤ម៉ឺន​នាក់៕

XS
SM
MD
LG