ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទណ្ឌិត​ជាង​៥០០​នាក់​ត្រូវ​ស្នើ​សុំ​ឲ្យ​បន្ធូរ​បន្ថយ​និង​លើក​លែង​ទោស​​ នៅ​ពេល​ចូល​ឆ្នាំ​ខាង​មុខ


រូបភាព​ឯកសារ៖ អ្នកទោស​ អង្គុយ​នៅ​ក្នុង​រថយន្ត​ដឹក​អ្នកទោស​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)
រូបភាព​ឯកសារ៖ អ្នកទោស​ អង្គុយ​នៅ​ក្នុង​រថយន្ត​ដឹក​អ្នកទោស​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌បាន​ឲ្យ​ដឹង​ថា​ ទណ្ឌិត​ជាង ​៥០០ ​នាក់ ត្រូវ​បាន​ដាក់​ជា​សំណើ​សម្រាប់​ការ​លើក​លែង​ទោស​និង​បន្ធូរ​បន្ថយទោស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ហើយ​ចំនួន​ទណ្ឌិត​ជាក់​លាក់​នឹង​ត្រូវ​ប្រកាសនៅ​ពេល​ខាង​មុខ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ទណ្ឌិត​ជាង ​៥០០ ​នាក់ ត្រូវ​បាន​គណៈ​កម្មការតាមខេត្ត​និង​ក្រសួង​មហាផ្ទៃ​ ដាក់​មក​ក្រសួង​យុត្តិ​ធម៌​ ដើម្បីពិនិត្យ​វាយ​តម្លៃ​សម្រាប់​បន្ធូរ​បន្ថយ​ទោស និងលើក​លែង​ទោស។ លោក​បន្ថែម​ថា​ ក្រសួង​បា​ន​បិទ​បញ្ចប់​ការ​វាយ​តម្លៃ​រួច​ហើយ ប៉ុន្តែ​កំពុងបំពេញ​នីតិវិធី​បន្ត​និង​បូក​សរុបចំនួន​ទណ្ឌិត ដែល​លទ្ធ​ផលនឹង​ប្រកាស​ពីរ​បី​ថ្ងៃ​ខាង​មុខ​ទៀត។

លោក គឹម សន្តិភាព ថ្លែង​ថា​៖ «អត់​ទេ ខ្ញុំ​អត់​អាច​និយាយប្រហែល​បាន​ទេ ​បាទ។ ចាំ​បាន​ចំនួន​ពិតប្រាកដ។ ខ្ញុំ​គ្រាន់​តែ​ថា ​ទណ្ឌិត​ដែល​បាន​ស្នើ​ក្នុងបញ្ជី​ពន្ធនាគារ​រាជធានី​ខេត្ត​ ក៏​ដូច​ជា​មណ្ឌលកែ​ប្រែ​ឡើង​មក​នោះ គណៈ​កម្មការ​ជាតិ​ដែល​បាន​ទទួល​នោះ សំណើ​គឺ​ជាង​ ៥០០ ​[នាក់]។ ប៉ុន្តែ​លទ្ធ​ផល​នៃ​ការ​ប្រជុំ​ថា​បាន​ប៉ន្មាន​នោះ ខ្ញុំ​នឹង​ជម្រាប​ជូន​ជាក់​ស្តែង»។

កិច្ច​ប្រជុំវាយ​តម្លៃ​លើសំណើ​លើក​លែង​ទោស​និងបន្ធូរ​បន្ថយ​ទោសនេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ ទី​ ៣១ ខែ​មីនា ដោយ​មាន​ការ​ចូលរួម​ពី​លោក កើត រិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ​និង​វាយ​តម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ​ទណ្ឌិត​ចំនួន ៥៤២​ នាក់ ក្នុង​នោះ​មាន​ស្រ្តី​ចំនួន​ ៦៨ ​នាក់ ត្រូវបាន​ស្នើ​សុំ​ពី​គណៈ​កម្មការ​រាជ​ធានី​ខេត្ត​និង​គណៈ​កម្មការ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​លើក​លែង​ទោស។ ក្នុង​ចំណោម​ទណ្ឌិត​ជាង ​៥០០ នាក់​នោះ មាន​ ៧០ ​នាក់​ត្រូវ​ស្នើសុំ​លើក​លែង​ទោស និង​ក្រៅ​ពី​នោះ​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស។

លោក​ នុត សវនា អ្នក​នាំ​ពាក្យអគ្គនាយក​ដ្ឋាន​ពន្ធនា​គារនៃ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​នៅថ្ងៃ​សុក្រ​នេះ​ថា​ ក្រុម​ការងារ​បាន​សម្រេច​លើក​លែងនិងបន្ធូរ​បន្ថយ​ទោស​លើ​ទណ្ឌិតជាង​ ៥០០​ នាក់ ដែលបាន​ស្នើ​សុំ​នោះ​ ហើយ​នឹង​ស្នើ​ព្រះ​មហាក្សត្រ​ដើម្បី​ព្រះរាជ​ទាន​លើក​លែង​និង​បន្ធូរបន្ថយ​ទោស។ លោក​បន្ថែម​ថា ​អ្នក​ដែល​ត្រូវ​លើក​លែង​ទោស​មាន​ប្រមាណ ​៧០ ​នាក់ ហើយ​ពួកគេ​ត្រូវ​បំពេញ​លក្ខ​ខណ្ឌ​មួយ​ចំនួន។

លោក​ប្រាប់ ​VOA​ ថា៖ «ទីមួយ​គាត់​ត្រូវ​ជាប់​ពន្ធនា​គារ​ពីរ​ភាគ​បី​នៃ​ទោស​របស់​គាត់។ ហើយ​លក្ខ​ខណ្ឌ​ទីពីរ គាត់​បាន​បង្ហាញ​ថា​គាត់​បាន​កែ​ប្រែ​ខ្លួន ហើយ​បាន​ជួយ​ដល់​ការងារ​ក្នុង​ពន្ធនា​គារហ្នឹង​។ អ្នក​ខ្លះ​ហ្នឹង គាត់​មាន​ជំងឺ​រ៉ាំរ៉ៃ​ខ្លាំង ជំងឺដំណាក់កាល​ចុង​ក្រោយ។ អាហ្នឹង​គឺ​ពួក​គាត់អស់​ហ្នឹង សុទ្ធ​តែត្រូវ​បាន​លើកលែង​ហើយ ព្រោះមើល​ទៅ​យើង​ទុក​គាត់​ឲ្យ​ស្លាប់​នៅ​ក្នុង​គុក វាអាក្រក់​មើល​ពេក»។

បើ​តាម​លោក នុត សវនា អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនា​គារ​ទូទាំង​ប្រទេស​កម្ពុជា មាន​ប្រមាណ ​៣៩.​០០០ នាក់ គិត​ត្រឹម​ខែ​មេសា​នេះ ហើយ​ក្នុង​នោះ​ទណ្ឌិត​ដែល​តុលា​ការ​បាន​ប្រកាស​សាល​ក្រម​ជា​ស្ថាពរ មាន​ចំនួន​ជាង​ ១៣.០០០ ​នាក់ ដែលស្មើ​ជាង​ ៣០% ​នៃ​អ្នក​ជាប់​ពន្ធនាគារ​ទាំង​អស់។

ជា​ធម្មតា ការ​អនុគ្រោះ​ទោសរួម​មាន​ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃនិង​ចាស់​ជរា​ ការបន្ថយ​ទោស​មួយ​ជីវិត​មក​នៅ​រយៈ​ពេល​ណា​មួយ ការបន្ធូរ​បន្ថយ​ទោសរយៈ​ពេល ​១២ ​ខែ រយៈ​ពេល ៩ ខែនិង​រយៈ​ពេល ៦ ​ខែជា​ដើម។

លោក​ ស៊ឹង សែន​ករុណា អ្នក​នាំពាក្យ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ជំរុញ​ឲ្យ​មាន​ការ​ជ្រើស​រើ​ស​ទណ្ឌិត​សម្រាប់​លើក​លែង​ទោស​និង​បន្ធូរ​បន្ថយ​ទោស​នេះ ឲ្យ​ស្មើ​ភាព​គ្នា​កុំ​ឲ្យមាន​ការ​រើស​អើង​ប្រកាន់​បក្ស​ពួក​និង​អំពើ​ពុករលួយ។

លោក​ថ្លែង​ថា៖ «កន្លង​មក យើង​តែង​តែក​ត់​សម្គាល់​ថា ​អ្នក​ដែល​គាត់​មាន​លទ្ធភាព​ខ្សត់​ខ្សោយហ្នឹង​មិន​សូវ​ត្រូវ​បាន​មាន​ការ​ពិចារណា​ទេ អញ្ចឹង​យើង​ចង់​ឲ្យ​ការ​វាយ​តម្លៃ​ទៅ​លើ​អ្នក​ដែល​គោរព​ទៅ​តាម​វិន័យ គោរព​ទៅ​តាម​ការ​អនុវត្តន៍ទោស​អី​ទាំង​អស់​ហ្នឹង ឲ្យ​មាន​ការ​វាយ​តម្លៃ​មាន​លក្ខណៈ​ស្មើ​ភាព​គ្នា»។

លោក​ក៏​ជំរុញ​ឲ្យ​មាន​ការ​ពិចារណា​លើ​ក្រុម​សកម្ម​ជន​មន​សិការ​សង្គម​និង​នយោបាយ ​សម្រាប់​ការ​លើក​លែង​និង​បន្ធូរ​បន្ថយ​ទោស​នេះ។ លោក​ក៏​ស្នើ​ឲ្យមាន​ការ​អនុវត្ត​ទោស​សហគមន៍​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​ចង្អៀតណែន​ក្នុងពន្ធនាគារ​ផង​ដែរ។​

ការ​លើក​លែង​និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត ត្រូវ​ធ្វើ​ឡើង​ ៥ លើក​ក្នុង​មួយ​ឆ្នាំ គឺ​ក្នុងពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ខែ​មេសា បុណ្យ​ពិសាខ​បូជា​ក្នុង​ខែ​ឧស​ភា​បុណ្យអុំទូក ទិវា​ជ័យ​ជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ​៧ មករា និង​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ៩​វិច្ឆិកា។ នេះ​បើ​យោង​តាម​ព្រះរាជ​ក្រឹត្យ​ថ្មី​ស្តី​ពី​ការ​លើក​លែង​ទោស និង​បន្ធូរ​បន្ថយ​ទោស ចុះ​ថ្ងៃ​ទី​ ១២ ខែមករា ឆ្នាំ​២០២១។ កាល​ពីមុន ការ​លើកលែង​និង​បន្ធូរ​បន្ថយ​ទោស ត្រូវ​ធ្វើ​ឡើង​តែ​៣​លើក​តែ​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ។

លោក អំ សំអាត នាយក​រង​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា ​វា​ជា​រឿង​ល្អ​មួយ​សម្រាប់​ការ​បន្ធូរ​បន្ថយ​ទោស​និង​លើកលែង​ទោស​ ដោយ​សារ​ពន្ធនាគារ​កម្ពុជា​មាន​ភាព​ចង្អៀតណែន ហើយ​លោក​បារម្ភ​អំពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា លោក​ជំរុញ​ឲ្យ​ដំណើរ​ការ​នេះ​ធ្វើ​ឡើង​ដោយ​មាន​ «​តម្លាភាពនិង​យុត្តិធម៌​» ​សម្រាប់​អ្នក​ជាប់​ពន្ធនាគារ។

លោក អំ សំអាត បន្ត​ថា កាល​ពី​មុន មាន​ភាព​ធូរ​រលុង​ក្នុង​ការ​លើក​លែង​ទោសនិង​បន្ធូរ​បន្ថយ​ទោស ប៉ុន្តែ​នៅ​ពេល ​ដែល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រតិកម្ម​ចំពោះ​ដំណើរ​ការ​នេះ​ ទើប​មាន​ការ​ពិនិត្យ​តឹង​រ៉ឹង​ក្នុង​ការ​វាយ​តម្លៃ៕

XS
SM
MD
LG