ក្រសួងសុខាភិបាលកម្ពុជាប្រកាសថាមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះទេ ប៉ុន្តែមន្រ្តីអង្គការសុខភាពពិភពលោក (WHO) និងមន្រ្តីសុខាភិបាលកម្ពុជានៅតែព្រមានថា លទ្ធភាពនៃឆ្លងទ្រង់ទ្រាយធំនៅតែជាហានិភ័យខ្ពស់ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នដូចមុន។
ក្នុងសន្និសីទសារព័ត៌មានស្តីពីជំងឺកូវីដ១៩ នៅថ្ងៃច័ន្ទនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្លែងថា គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ កម្ពុជារកមិនឃើញតេស្តវិជ្ជមានជំងឺកូវីដ១៩នោះទេ។ លោកបន្តថា បើទោះបីជាមិនមានតេស្តវិជ្ជមានក្នុងរយៈពេលជាងមួយសប្តាហ៍នេះក្តី ក៏លោកនៅតែអំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ននិងមានអនាម័យខ្ពស់។
«មកទល់ពេលនេះគ្មានថ្នាំលេប ឬចាក់ព្យាបាលនៅឡើយទេ។ សូមបងប្អូនប្រជាពលរដ្ឋយកជាប់ជាមួយនូវម៉ាសទឹកអាល់កុល ឬទឹកជែលសម្លាប់មេរោគនិងបាក់តេរី ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ។ សូមកុំឲ្យមានការសោកស្តាយធ្លាក់មកលើខ្លួនយើង និងក្រុមគ្រួសារយើងឲ្យសោះ ដោយសារតែការធ្វេសប្រហែស និងមើលស្រាលជំងឺឆ្លងកូវីដ១៩»។
គិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២២នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយចំនួន ១០៧នាក់ ដែលមានជាង ៨៥ភាគរយនៃអ្នកឆ្លងវីរុសនេះ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងក្នុងសន្និសីទសារព័ត៌មានថា ប្រជាជនត្រូវមានការប្រុងប្រយ័ត្នដដែល ពីព្រោះជំងឺនេះអាចរាតត្បាតលឿន ប្រសិនបើមានការឆ្លងទៅសហគមន៍។
លោកស្រីបញ្ជាក់ថា៖ «យើងស្ថិតនៅក្នុងខ្សែបន្ទាត់ក្រហម អ៊ីចឹងជើងរបស់យើងកុំឲ្យចេញពីខ្សែបន្ទាត់ក្រហមឲ្យសោះ។ ធ្វើម៉េចឲ្យនៅប៉ុណ្ណឹង»។
លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជាថ្លែងក្នុងសន្និសីទនោះដែរថា បើទោះបីជាកម្ពុជាមិនមានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩ក្នុងរយៈពេលមួយសប្តាហ៍ជាប់គ្នាក្តី ក៏កម្ពុជាត្រូវតែបន្តត្រៀមសម្រាប់ការឆ្លងក្នុងសហគមន៍ដដែល។ លោកស្រីបញ្ជាក់ថា កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការឆ្លងវីរុសកូរ៉ូណានៅឡើយ។
លោកស្រីបញ្ជាក់ថា៖ «ជំងឺកូវីដ១៩ក្នុងប្រទេសណាក៏ដោយនឹងមិនបញ្ចប់នោះទេ បើវាមិនបញ្ចប់នៅគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក»។
បើតាមក្រសួងសុខាភិបាលការធ្វើតេស្តសរុបមានចំនួន ៩.៧៩២សំណាក នៅកម្ពុជាចាប់តាំងពីខែមករាមក។ កាលពីថ្ងៃច័ន្ទសប្តាហ៍មុន ក្រសួងសុខាភិបាលបានប្រកាសថា សំណាកដែលបានធ្វើតេស្តសរុបមានចំនួនជាង ៨.៩០០។ ដូច្នេះ ប្រមាណមួយសប្តាហ៍នេះកម្ពុជាបានធ្វើតេស្តសំណាកជាង ៨០០។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍ថា ចំនួននៃការធ្វើតេស្តក្នុងមួយថ្ងៃបានថយចុះពី ៥០០ មកនៅត្រឹម ១៥០ទៅ២០០ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដោយសារតែមិនមានករណីឆ្លងថ្មី។
«ពីមុនយើងរកឃើញអ្នកប៉ះពាល់ច្រើនដោយសារយើងមានវិជ្ជមាន។ ឧបមាថា ក្នុងករណីគាត់អញ្ជើញមកពីប្រទេសម៉ាឡេស៊ី យើងរកឃើញគាត់វិជ្ជមាន ដូច្នេះរកឃើញប៉ះពាល់ច្រើន។ ក្នុងមួយថ្ងៃយើងកើនដល់ទៅ ៥០០ករណី ជំនាន់នោះ ដោយសារអ្នកប៉ះពាល់ និងប៉ះពាល់ប្រយោលច្រើន។ តែកន្លងមកនេះដោយសារយើងលែងឃើញមានរកឃើញអ្នកវិជ្ជមាន អ៊ីចឹងអ្នកប៉ះពាល់ផ្ទាល់និងប៉ះពាល់ប្រយោល ក៏វាថយចុះទៅតាមនោះដែរ»។
លោកបន្តថា ការធ្វើតេស្តមនុស្សនៅតំបន់បឹងកេងកងកាលពីពេលថ្មីៗនេះ មិនមានលទ្ធផលវិជ្ជមាននោះទេ។
លោកស្រីវេជ្ជបណ្ឌិត Laurence Baril ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបញ្ជាក់នៅក្នុងសន្និសីទថា មានមនុស្សតិចជាង ៦ពាន់នាក់ត្រូវបានធ្វើតេស្តរកមេរោគកូរ៉ូណា គឺតិចជាងសំណាកសរុបដែលមានជាង៩ពាន់។
បើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល ជំងឺកូវីដ១៩អាចបញ្ចប់ទាំងស្រុងនៅកម្ពុជា លុះត្រាតែពិភពលោករកឃើញវ៉ាក់សាំងចាក់ការពារ និងថ្នាំព្យាបាលឲ្យមានប្រសិទ្ធភាព។ លោកក៏បានអំពាវនាវឲ្យប្រទេសដែលរកឃើញវ៉ាក់សាំង ឬថ្នាំព្យាបាលឲ្យផ្តល់មកកម្ពុជាឲ្យបានលឿនដើម្បីការពារ ដោយសារកម្ពុជាមិនទាន់មានការរីករាលដាលទៅសហគមន៍៕