ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Biden អំពាវនាវ​ឲ្យ​ព្រឹទ្ធសភា​ពន្យារពេល​បោះឆ្នោត​តែងតាំង​ចៅក្រម​តុលាការ​កំពូល


លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ថ្លែងអំពីការតែងតាំងបេក្ខជនចៅក្រមតុលាការកំពូលថ្មីម្នាក់ដោយលោកប្រធានាធិបតី Trump នៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​អាទិត្យ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បាន​អំពាវនាវ​ដល់​ព្រឹទ្ធសភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ ឲ្យ​ពន្យារពេល​បោះឆ្នោត​លើ​ការ​តែងតាំង​បេក្ខជន​ចៅក្រម​តុលាការ​កំពូល ​ដែល​លោក​ប្រធានាធិបតី Donald Trump បាន​ស្នើ​ឡើង ដោយ​លោក​បាន​បញ្ជាក់​ថា អ្នក​បោះឆ្នោត «នឹង​មិន​បណ្ដោយ​ឲ្យ​ការ​រំលោភ​អំណាច​នេះ​កើតឡើង​ឡើយ»។

លោក Biden បាន​និយាយ​ថា ព្រឹទ្ធសភា​គួរ​ពន្យារ​ពេល​លើ​រឿង​នេះ រហូត​ដល់​ក្រោយ​ពេល​ដែល​ប្រធានាធិបតី​ថ្មី​ស្បថ​ចូល​កាន់​តំណែង​នៅ​ខែ​មករា​ខាង​មុខ។ ប៉ុន្តែ​លោក Trump បាន​បញ្ជាក់​ថា ការ​តែងតាំង​របស់​លោក​ឲ្យ​អ្នកស្រី Amy Coney Barrett ធ្វើ​ជា​ចៅក្រម​តុលាការ​កំពូល គឺជា​កាតព្វកិច្ច​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី ទោះបីជា​ពី​មុន​មក​មិន​ដែល​មាន​ការ​តែងតាំង​ចៅក្រម​តុលាការ​កំពូល​កៀក​នឹង​ពេល​បោះឆ្នោត​យ៉ាង​នេះ​ក៏ដោយ។

ការ​លើក​ឡើង​របស់​លោក Biden កើត​ឡើង​ស្រប​ពេល​ដែល​ទាំង​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ បាន​ងាក​មក​ប្រើ​តំណែង​ចៅក្រម​តុលាការ​កំពូល​ដែល​នៅ​ទំនេរ ក្រោយពី​ចៅក្រម​តុលាការ​កំពូល​អ្នកស្រី Ruth Bader Ginsburg បាន​ស្លាប់​នេះ ដើម្បី​ទាក់ទាញ​អ្នក​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ។

លោក Trump បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ក្រោយពី​បាន​ស្នើ​តែងតាំង​អ្នកស្រី Barrett មក លោក​គិត​ថា អ្នកស្រី​អាច​ចូល​កាន់​តំណែង​មុន​ការ​បោះឆ្នោត។ ចំណែក​ឯ​លោក Biden វិញ​បាន​ថ្លែងថា បើ​លោក​ជាប់​ឆ្នោត ការ​តែងតាំង​អ្នកស្រី Barrett នេះ​គួរតែ​ដក​ចេញ​វិញ ហើយ​លោក​នឹង​ជ្រើសរើស​អ្នក​ផ្សេង​ឲ្យ​កាន់​តំណែង​ចៅក្រម​តុលាការ​កំពូល​នេះ៕

XS
SM
MD
LG