ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

GMAC​ការពារ​ការបញ្ឈប់​កម្មករ​រោងចក្រ​ជាង​១០០០​នាក់


រូបឯកសារ៖ លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែង​ជាមួយ​អ្នក​កាសែត​អំពី​បរិយាកាស​ការងារ​នៅ​ក្នុង​ប្រទេស​​នៅ​ក្នុង​​ពិធី​​ជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ (ហ៊ុល​ រស្មី​/VOA)
រូបឯកសារ៖ លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែង​ជាមួយ​អ្នក​កាសែត​អំពី​បរិយាកាស​ការងារ​នៅ​ក្នុង​ប្រទេស​​នៅ​ក្នុង​​ពិធី​​ជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ (ហ៊ុល​ រស្មី​/VOA)

លោក​ ​អាត់ ធន់​ ប្រធាន​សហភាព​​ការងារ​កម្ពុជា​ បានប្រាប់​ VOA​ ​ថ្លែង​ថា​​ ខាងភាគី​សហជីព​លោក​ ​កំពុង​ធ្វើ​យ៉ាង​ណា​ ឲ្យ​ថៅកែរោងចក្រ​ទទួល​កម្មករ​ ដោយ​មាន​កិច្ច​ព្រមព្រៀង​ច្បាស់​លាស់​ ​ពោល​គឺត្រូវ​ដាក់​កម្មករ​ឲ្យ​ស្ថិត​ក្នុង​មុខនាទីរបស់​ពួក​គេ​ដដែល។​

ក្រុម​តំណាង​អ្នក​ផលិត​សម្លៀកបំពាក់​នៅប្រទេស​កម្ពុជាបាន​ការពារ​ការបញ្ឈប់​កម្មករ​ជាង១.០០០​នាក់​នៅ​រោងចក្រ​ W&D (Cambodia) Co., Ltd​ ​ដែល​បាន​នាំ​គ្នា​តវ៉ា​ទាម​ទារ​ប្រាក់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំ​មុន​ឆ្នាំ​២០១៩។​ ​នេះបើ​យោង​តាម​សេចក្តី​ថ្លែងការណ៍របស់សមាគម​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា​ ឬហៅ​ថា​ ​(GMAC)​ ​ដែល​បាន​បង្ហោះលើ​គេ​ហទំព័រ​របស់​ខ្លួន​នា​សប្តាហ៍​នេះ។​

អ្នក​ការពារ​សិទ្ធិកម្មករ​ដែលជួយ​ខាង​ផ្លូវ​ច្បាប់​ដល់​កម្មករ​ដែល​មិន​ចូល​ធ្វើ​ការ​ ​ហើយ​ត្រូវ​បាន​បញ្ឈប់​ប្រមាណ​១២០០​នាក់នោះ​ ​លើក​ឡើង​ថា​ ​ភាគី​សមាគមនិយោជកតែងតែការពារ​សមាជិក​ខ្លួន ហើយ​បន្តចាប់​កំហុស​លើ​ក្រុម​កម្មករ។​

សេចក្តី​ប្រកាស​របស់​សមាគម​រោង​ចក្រ​កាត់​ដេរនៅកម្ពុជា​ ធ្វើ​នៅថ្ងៃទី​២៦​ ​ខែ​មករា​ ឆ្នាំ​២០១៩​ បាន​ពណ៌​នា​ ពីដំណើរការសម្រប​សម្រួល​របស់​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ៗ​ មានទាំង​មន្ត្រីក្រសួង​ការងារ​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ និង​សហជីព​ ក្នុង​ការបញ្ចប់វិវាទ​ការងារ​ ដែលបាន​ឈាន​ដល់​ការដាក់​ពាក្យ​បណ្តឹង​ទៅតុលាការ​ ដោយភាគី​រោងចក្រ​ W&D។​

សេចក្តីប្រកាស​របស់​ GMAC បាន​បន្ថែម​ថា៖​

«​រហូតមកដល់​បច្ចុប្បន្ន​នេះ​ រោងចក្រ​នៅ​តែប្រកាស​ស្វាគមន៍​ កម្មករទាំង​អស់​ចូល​មក​ធ្វើ​ការ​វិញ​ លើក​លែង​តែ​កម្មករ​មួយ​ចំនួន​តូច​ ដែលបិទ​ផ្លូវ​សាធារណៈនិងបង្កការ​រារាំង​កម្មករ​ឯទៀត​ មិន​ឲ្យ​ចូល​ធ្វើការ​ប៉ុណ្ណោះ​ ហើយ​ឥឡូវនេះ​ ក្នុង​ចំណោម​កម្មករ​និយោជិត​ចំនួន​ ១៧២៩​នាក់​ ដែល​បាន​ធ្វើ​កូដកម្ម​នោះ​ មានកម្មករ​និយោជិត​ចំនួន​ ៧៦០នាក់​បាន​ត្រឡប់​ចូល​ធ្វើការវិញ​។ សម្រាប់​កម្មករ​ដែល​ត្រឡប់​ចូល​ធ្វើការ​វិញ​ ​រោងចក្រ​រក្សា​អតីតភាព​ការងារ​ឲ្យនៅដដែល​ និង​ផ្តល់​ប្រាក់​រង្វាន់​ទៀងទាត់​តាម​ចំនួន​ថ្ងៃ​ ​ដែល​បាន​ធ្វើការ»។​

GMAC​ ​បាន​រៀបរាប់​បន្តថា​ កម្មករ​និយោជិត​នៅ​រោងចក្រW&D​ ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិនមែន​ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​កាន់​តែ​ប្រសើរ​នោះ​ទេ​ ​តែ​ដើម្បី​ទាមទារ​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ជា​កញ្ចប់​ដែលជាសកម្មភាពប្រឆាំង​នឹងប្រកាសមួយ​របស់​ក្រសួង​ការងារ​ ដែល​តម្រូវ​ឲ្យ​និយោជក​ទូទាត់ប្រាក់​បំណាច់​អតីតភាព​មុខ​ឆ្នាំ​២០១៩​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ​(នៅ​ក្នុង​ខែ​មិថុនា​ និង​ខែធ្នូ)។​

GMAC​ ​តមក​ទៀត​ អះអាងទៀតថា​ ជាការពិត​ការ​បញ្ឈប់​កម្មករ​និយោជិត​ដែលមិន​ចូល​ធ្វើ​ការ​ គឺ​ធ្វើ​តាម​នីតិវិធីត្រឹមត្រូវ​ ​ក្នុង​នោះមាន​នីតិវិធី​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ដែល​ឈាន​ដល់​ការ​រក​ដំណោះស្រាយ​នៅតុលាការ។​ នៅឯតុលាការ​ ក្រោយពីទទួលបាន​ដីការក្សា​ការពារ​ កម្មករ​និយោជិត​នៅតែ​បន្ត​កូដកម្មមិន​ព្រមចូល​ធ្វើការ​ ដែលការប្រព្រឹត្ត​ដូច្នេះ​ត្រូវ​ចាត់​ទុក​ជា​ «កំហុស​ធ្ងន់»។​

លោក​ ​អាត់ ធន់​ ប្រធាន​សហភាពការងារ​កម្ពុជា​ បានប្រាប់​ VOA​ ថា​ជារឿង​ធម្មតា​ដែលខាង​GMAC ​ត្រូវ​ការពារ​សមាជិក​ខ្លួន​ ​ទោះជា​សមាជិក​ខ្លួន​មិន​គោរព​សិទ្ធិ​កម្មករ​ក៏ដោយ​ ក៏​ប៉ុន្តែ​សម្រាប់​ខាង​សហជីព​លោក​ដែលកំពុង​ផ្តល់​សេវា​ផ្លូវ​ច្បាប់​ដល់​កម្មករប្រមាណ១២០០នាក់​ ដែល​មិន​ព្រម​ចូល​ធ្វើ​ការ​ព្រោះតែ​ការ​រើសអើងផ្សេង​ៗនោះ​ នឹង​នៅបន្ត​ទាមទារ​យក​កម្មករ​ទាំង​នេះ​ ឲ្យ​បាន​ចូល​ធ្វើ​ការដូចដើម​វិញ។​

លោក​ថ្លែង​ថា ខាងភាគី​សហជីព​លោក​ ​កំពុង​ធ្វើ​យ៉ាង​ណា​ ឲ្យ​ថៅកែរោងចក្រ​ទទួល​កម្មករ​ ដោយ​មាន​កិច្ច​ព្រមព្រៀង​ច្បាស់​លាស់​ ​ពោល​គឺត្រូវ​ដាក់​កម្មករ​ឲ្យ​ស្ថិត​ក្នុង​មុខនាទីរបស់​ពួក​គេ​ដដែល។​

«​ទីមួយ​គឺចុះកិច្ច​ព្រមព្រៀង​ឲ្យ​កម្មករ​និយោជិត​ហ្នឹង​ ចូល​ធ្វើ​ការ​វិញ​នៅកន្លែង​ដើម​ដដែល​ តួនាទី​ និង​មុខ​ងារ​ ហើយ​និង​កិច្ច​សន្យាការងារ​គេចាស់ដដែល»។​

មេ​ដឹកនាំ​សហជីព​រូប​នេះ​ ​បន្ថែម​ថា៖​

«ទីពីរ​ចំពោះ​ចំណុច​ផ្សេង​ៗ​ទៀត​ ពាក់​ព័ន្ធ​លុយ​បំណាច់​អតីតភាព​ការងារ​ លុយ​អីផ្សេង​ៗ​យើង​នឹង​ជជែក​គ្នា​ និង​ប្រហែល​ជា​យើង​មិនលើក​ទឹកចិត្ត​ឲ្យ​គុណផ្តាច់​សរុប​ទាំង​អស់​ទេ យើង​ឲ្យ​បើក​អី​ ឬក៏​ដោះស្រាយ​ដូច​រោងចក្រ​សហគ្រាស​ដទៃ​ទៀត​ដែរ»។​

កាលពី​ដើម​ខែ​មករា​ ឆ្នាំ​២០១៩​ ក្រុម​កម្មករ​រាប់​រយ​នាក់​នៅ​រោងចក្រ​ ​W&D​ ​បាន​សម្រេចចិត្ត​បិទផ្លូវ​មួយ​កំណាត់​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ​ឆ្ពោះ​ទៅកាន់សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ជើងឯក ​ បន្ទាប់​ពី​ការ​ទាមទារ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ប្រចាំ​ឆ្នាំ​អស់ពេល​មួយសប្តាហ៍ ហើយ​មិន​បាន​ជោគ​ជ័យ។​

ក្រុម​កម្មករ​ជាច្រើន​នាក់ដែល​ចូលរួមតវ៉ា​ទាមទារនោះ​ ​បាន​និយាយថា​ ការទាមទារ​របស់​ពួក​គាត់ធ្វើ​ឡើង​ ​ព្រោះ​ពួក​គាត់​ភ័យ​ខ្លាច​ថា​ ​ថៅ​កែរោងចក្រមិនបើក​ប្រាក់​បំណាច់​ប្រាំឆ្នាំ​របស់​ពួកគាត់​មុន​ឆ្នាំ​២០១៩​ ក្នុង​ករណី​ដែល​ថៅកែ​រោង​ចក្រ​បញ្ឈប់​ពួកគាត់​។​

​កម្មក​រមួយ​ចំនួន​ ​ដែល​មិន​ត្រូវ​បាន​រោងចក្រ​ W&D​ អនុញ្ញាត​ឲ្យចូល​ធ្វើ​ការ​វិញនោះ​ បានប្រាប់​ VOA ​កាល​ពី​ពេល​កន្លងមកថា​ ថៅកែរោងចក្រ​បាន​ទទួល​យក​កម្មករ​ណា​ដែលមិន​សូវ​លេចធ្លោ​ក្នុង​ការ​ធ្វើ​កូដកម្ម​កាលពីពេល​មុនតែ​ប៉ុណ្ណោះ។​ ​ពួកគាត់​និយាយ​ទៀត​ថា​ ជាងនេះ​ទៅទៀត​ ថៅកែ​រោង​ចក្រ​នេះ​ យក​តែ​កម្មករ​វ័យ​ក្មេង​ៗ​ជាស្ត្រី​ និង​មិន​ទទួល​យក​កម្មករ​ជាបុរស​ផងដែរ។​

លោក​ ​អាត់ ធន់​ ​បានបញ្ជាក់​បន្ថែមថា​ លោក​កំពុងបន្ត​ជជែក​ជាមួយក្រុម​អ្នក​បញ្ជាទិញ​ទំនិញ​ពី​រោងចក្រ​W&D​ ដើម្បីជំរុញ​ឲ្យ​រោងចក្រ​នេះ​ ​ព្រម​ទទួល​យក​កម្មករ​ដែល​កំពុង​គ្មានការ​ងារ​ធ្វើទាំង​អស់នោះ​ឲ្យបាន​ចូល​ធ្វើការ​វិញ៕

XS
SM
MD
LG