ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាននិងសហភាពអឺរ៉ុបបានជួបប្រជុំគ្នាលើកទី២២ រយៈពេលមួយថ្ងៃនៅទីក្រុង ប៊្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃច័ន្ទ ដោយផ្តោតលើការពង្រឹងទំនាក់ទំនងនិងសហប្រតិបត្តិការលើគ្រប់វិស័យ។
ក្នុងពេលដែលកិច្ចប្រជុំនោះកើតឡើងលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយថាក្នុងការពិភាក្សានោះ«ប្រទេសកម្ពុជាត្រូវតែស្ថិតក្រោមការពិនិត្យមើល»ផងដែរ ដោយលោកបានលើកឡើងពីករណីធ្វើបាបអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដូចជាករណីលោកគង់ ម៉ះ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៦ខែមករាដោយគ្រាន់តែលោកចែកផ្សាយបន្តពីការយកពន្ធអង្ករកម្ពុជាដែលនាំចូលទីផ្សារសហភាពអឺរ៉ុប។
សេចក្តីថ្លែងការណ៍របស់លោក សម រង្ស៊ី បានបន្តថា៖
«ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុបត្រូវតែទទូចថាទាំងសហភាពអឺរ៉ុបនិងកម្ពុជាត្រូវតែគោរពតាមពេញលេញនិងទាំងស្រុងតាមគ្រប់មាត្រានៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលផ្តល់មូលដ្ឋានសម្រាប់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជានិងការគោរពសិទ្ធិមនុស្សនិងសង្គមកិច្ច»។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថាកិច្ចប្រជុំថ្នាក់អន្តរជាតិដូចនេះគឺជាកាតព្វកិច្ចចាំបាច់ដែលត្រូវលើកយកករណីប្រទេសសមាជិកមកដោះស្រាយព្រោះវាជាការប៉ះពាល់ដល់សហគមន៍ទាំងមូល៖
«យើងក៏ជឿជាក់ដែរថាបើសិនជាប្រទេសណាមួយធ្វើឱ្យមានការអាក់ខាន រាំងស្ទះ នូវការវិវត្តន៍នៃការងារ នូវការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ មានការគោរពគ្នាទៅវិញទៅមកប្រទេសនោះច្បាប់ជាមិនរួចខ្លួនពីសម្ពាធពីសហគមន៍អឺរ៉ុបឬពីអាស៊ានទាំងមូលទេ»។
លោកស្រី ម៉ាចា គូស៊ីចាន់ស៊ីក អ្នកនាំពាក្យសហភាពអឺរ៉ុបខាងផ្នែកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសបានប្រាប់វីអូអេតាមសារអេឡិកត្រូនិកថាកិច្ចប្រជុំនោះមិនបានផ្តោតលើប្រទេសណាមួយឡើយដូច្នេះក៏មិនបានលើកឡើងពីករណីប្រទេសកម្ពុជាដែរ។
លោកស្រី ម៉ាចា គូស៊ីចាន់ស៊ីក បានបន្ថែមទៀតថាសហភាពអឺរ៉ុបកត់សម្គាល់ពីការវិវត្តន៍ថ្មីៗនៅប្រទេសកម្ពុជាដែលក្នុងនោះមានការដោះលែងអ្នកនយោបាយ សកម្មជនសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ក៏ដូចជាការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយជាដើម។ សហភាពអឺរ៉ុបចាត់ទុកថាវា«ជាជំហានវិជ្ជមាន»ហើយសង្ឃឹមថា«រដ្ឋាភិបាលនឹងធ្វើសកម្មភាពបន្ថែមទៀត»។
លោកស្រីបន្ថែមថាសហភាពអឺរ៉ុបនៅរក្សាច្រកចរចាបើកចំហជាមួយកម្ពុជាជានិច្ចនិងបញ្ជាក់ថា៖
«ប្រសិនបើកម្ពុជាចាត់វិធានការគួរឱ្យទុកចិត្តបាននិងជាទីពេញចិត្តដើម្បីដោះស្រាយយ៉ាងរហ័សនូវស្ថានភាពដែលបានបណ្តាលឱ្យយើងចាប់ផ្តើមដំណើរការដកហូតឋានៈអនុគ្រោះពន្ធ នោះសហភាពអឺរ៉ុបនឹងពិចារណាសភាពការណ៍នេះ»។
បើទោះបីជាកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងសហភាពអឺរ៉ុបមិនបានលើកឡើងដោយចំពោះលើករណីប្រទេសកម្ពុជាប៉ុន្តែបញ្ហាកម្ពុជាត្រូវបានលើកឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងលោកស្រី សេស៊ីលៀ ម៉ាល់ស្ត្រុម (Cecilia Malmstrom) ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបជាមួយនឹងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។
លោកស្រី សេស៊ីលៀ ម៉ាលស្ត្រុម បានបញ្ជាក់តាមសារធ្វីតថឺពីជំនួបជាមួយនឹងលោកប្រាក់ សុខុននៅក្នុងទីក្រុងប៊្រុចសែលថា៖
«យើងបានពិភាក្សាពីកិច្ចព្រមព្រៀងEBA និងលទ្ធភាពដកហូតឋានៈអនុគ្រោះពន្ធ។ ដោយបានបញ្ជាក់ពីការព្រួយបារម្ភរបស់យើងពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ។ សហភាពអឺរ៉ុបនៅបន្តច្រកចរចាបើកចំហដដែល»។
រីឯលោកប្រាក់ សុខុន ក៏បានបញ្ជាក់តាមទំព័រហ្វេសប៊ុករបស់លោកដែរថាលោកបានជួបពិភាក្សាការងារជាមួយលោកស្រី សេស៊ីលីលៀ ម៉ាលស្រ្តុម នៅក្រៅកិច្ចប្រជុំលើកទី២២ រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុបដែរប៉ុន្តែលោកមិនបានបញ្ជាក់ពីជំហររបស់កម្ពុជាទេ។
លោកស្រី មូរ សុខហួរ បានបន្ថែមដែរថា៖
«ដូច្នេះលោកស្រី សេស៊ីលៀ ម៉ាលស្ត្រុម បង្ហាញខ្លួនកាលពីម្សិលមិញនៅចំពោះកម្ពុជាយើងថាEU គេមិនដកថយទេ។ ក៏ប៉ុន្តែគេនៅតែទុកពេលវេលា ទុកពេលហ្នឹងចំហរដើម្បីជជែកគ្នា គឺមានន័យថាទុកឱ្យរបបលោកហ៊ុន សែននេះបំពេញនូវអ្វីដែលជាលក្ខខណ្ឌរបស់EU បើសិនជាចង់ប្រើទីផ្សាររបស់ EU»។
សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការពិនិត្យមើលលទ្ធភាពដកឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ»(EBA) តាំងពីខែតុលាមកដោយសារតែការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាក្រោយពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើទុក្ខបុកម្នេញអ្នកនយោបាយអតីតគណបក្សប្រឆាំង បង្ក្រាបលើបណ្តាញព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលនៅមុនពេលបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨។
សារព័ត៌មាន Bloomberg របស់សហរដ្ឋអាមេរិកបានរាយការណ៍កាលពីថ្ងៃអង្គារថាសហភាពអឺរ៉ុបបានស្នើឱ្យរដ្ឋសមាជិករបស់ខ្លួនផ្តល់ការយល់ព្រមត្រឹមថ្ងៃទី២៩ខែមករានេះដើម្បីព្យួរឋានៈអនុគ្រោះពន្ធEBA។
សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំជាងគេបំផុតរបស់កម្ពុជាហើយ ការអនុគ្រោះពន្ធធ្វើឱ្យកម្ពុជាចំណេញប្រាក់ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ។ ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៍មុនសហភាពអឺរ៉ុបបានចាប់ផ្តើមយកពន្ធអង្ករកម្ពុជារយៈពេល៣ឆ្នាំដោយសារតែបរិមាណនាំចូលមានការកើនឡើងច្រើន ដែលការណ៍នេះធ្វើឱ្យកម្ពុជាត្រូវបង់ពន្ធចំនួន៥០លានដុល្លារក្នុងមួយឆ្នាំៗ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាការចរចាគ្នារវាងកម្ពុជានិងសហភាពអឺរ៉ុបកំពុងតែដំណើរការហើយរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួននឹងបង់ពន្ធដោយសារតែចំណូលកើនឡើងក្នុងប្រទេសដែលជាលក្ខខណ្ឌមួយតម្រូវឱ្យប្រកួតប្រជែងស្មើភាពជាមួយនឹងប្រទេសដទៃទៀត។
លោក ផៃ ស៊ីផាន បានបន្ថែមទៀតថា៖
«អង្គការពិភពលោក ដូចជាធនាគារពិភពលោក ដូចជារូបិយវត្ថុអន្តរជាតិ បានវាយតម្លៃថាកម្ពុជាមានចំណូលខ្ពស់ដែលឈរលំដាប់ទីមួយនៅតំបន់ អាស្រ័យហេតុដូច្នេះវាជាកត្តាមួយដែលធ្វើឱ្យយើងមានការពិបាកក្នុងការស្វែងរកកិច្ចអនុគ្រោះពន្ធទាំងអស់។ ដូច្នេះយើងនឹងប្រឈមការបង់ពន្ធខ្លះហើយក៏ប៉ុន្តែបង់ពន្ធប៉ុណ្ណាដែលជាភាពអនុគ្រោះសម្រាប់កម្ពុជាយើងទៅមុខទៀត»។
ប៉ុន្តែខាងវិស័យឯកជនមានជំហរផ្សេងពីនេះ។ សភាពាណិជ្ជកម្មកម្ពុជា និងតំណាងខាងវិស័យឯកជនផ្សេងទៀត មានទាំងខាងសភាពាណិជ្ជកម្មសហភាពអឺរ៉ុប អ្នកផលិតសម្លៀកបំពាក់នៅកម្ពុជា ឬ GMAC និងសហជីពក៏បានផ្ញើលិខិតមួយកាលពីថ្ងៃច័ន្ទដែរ ជូនអ្នកស្រី សេស៊ីលៀ ម៉ាលស្ត្រុម ដោយបានបញ្ជាក់ឲ្យដឹងថា ទោះបីសហភាពអឺរ៉ុបមិនទាន់ផ្តល់សេចក្តីសន្និដ្ឋានចុងក្រោយថា នឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាក៏ដោយ ពោលគឺគិតចាប់តាំងពីការប្រកាសផ្លូវការនៃការដកប្រព័ន្ធអនុគ្រោះពន្ធនេះមកនោះ ក៏«ផលវិបាលជាច្រើននៃការសម្រេចចិត្តនេះនឹងបង្កការខូចខាតខាងសេដ្ឋកិច្ចធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា»ផងដែរ។
ក្រុមតំណាងវិស័យឯកជនបានឲ្យដឹងទៀតថា «ការសម្រេចនោះនឹងអាចជាការមិនអើពើដល់ការខិតខំយ៉ាងសម្បើមរបស់វិស័យឯកជនកម្ពុជាដើម្បីធ្វើឲ្យស្របតាមគុណតម្លៃ និងគោលនយោបាយជាមួយគំរូសេដ្ឋកិច្ច ដែលនាំមុខដោយសហភាពអឺរ៉ុប»៕