ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រោងចក្រ​បញ្ជាក់​ពី​សារៈសំខាន់​នៃ​​GS​P​និង​សុំ​ពង្រីក ​តែ​ព្រឹទ្ធសភា​ចង់​កាត់


រូបឯកសារ៖ លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ផ្តល់​បទសម្ភាសន៍​ដល់​អ្នកយកព័ត៌មាន​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ផ្តល់​បទសម្ភាសន៍​ដល់​អ្នកយកព័ត៌មាន​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)

កាលពីឆ្នាំ​២០១៧ កម្ពុជា​នាំផលិតផល​ផ្នែកធ្វើ​ដំណើរនេះ​ចូល​សហរដ្ឋ​អាមេរិក​ក្នុង​បរិមាណ​៤០០លាន​ដុល្លារ​។ បើគ្មានGSP ទេ ​ទំនិញ​ទាំង​នេះ​អាច​ត្រូវ​យក​ពន្ធគយ​​រហូតដល់​២០​ភាគ​រយ​​ដែល​ត្រូវ​ជា​៨០លានដុល្លារ។

តំណាង​ក្រុម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា​យល់​ថា ​ប្រព័ន្ធអនុគ្រោះពន្ធ​ GSP ​មាន​សារៈសំខាន់​សម្រាប់​បង្កើត​ការងារ​នៅកម្ពុជា ​ហើយបានសុំ​ឱ្យ​ពង្រីក​ដល់ផ្នែកផលិតស្បែកជើង​ទៀត​។ ប៉ុន្តែ​សមាជិកព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កំពុង​ស្នើឱ្យ​សើរើ​ឡើងវិញ​និង​អាច​ឈាន​ទៅ​កាត់ផ្តាច់​ បើ​កម្ពុជា​មិន​គោរព​តាម​បទដ្ឋានសិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ។ ​

លោក​ខេន លូ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ សមាគមកំពុង​តែ​ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន​ច្បាប់​ដើម្បី​បញ្ចុះ​បញ្ចូលសភា​សហ​រដ្ឋអាមេរិកឱ្យ​បញ្ចូលផលិត​ផល​ស្បែក​ជើង​នៅ​ក្នុង​កម្មវិធី​លើកលែង​ពន្ធGSPដែរ។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ធ្វើ​កិច្ចការ​នេះ​តាំងពីឆ្នាំ​២០១៧ ហើយលោកខេន លូ​ យល់​ថា​ បើ​សិន​ជា​សហរដ្ឋអាមេរិក​ផ្តល់​ឋានៈ​អនុគ្រោះពន្ធ​ដល់​ផ្នែកនេះគឺ​នឹង​កាន់តែ​ធ្វើឱ្យ​អ្នកវិនិយោគ​ទុន​មើលឃើញ​ពី​ភាព​ទាក់ទាញ​ហើយ​វិនិយោគលើវិស័យ​នេះ​ទៀត។​

«ប្រាកដ​ណាស់​ប្រសិន​បើ​ឋានៈអនុគ្រោះពន្ធ​ត្រូវបាន​ផ្តល់​ឱ្យ​ផ្នែក​ណាមួយ នោះ​គឺជា​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា​ទាក់ទាញ​អ្នកវិនិយោគទុន​និង​អ្នក​កុម្មង់​ទិញ​ចង់​ផលិត​ទំនិញនោះ‍»។​

ផលិតផល​ស្បែក​ជើងរបស់​កម្ពុជា​មានចំនួន​៧០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ហើយ​កាលពីឆ្នាំ​២០១៧​ កម្ពុជា​បាន​នាំចូល​សហរដ្ឋ​អាមេរិក​ចំនួន​២៧១​លាន​ដុល្លារ​ដោយបង់​ពន្ធធម្មតា។ សមាគមGMAC ​បាន​ឱ្យ​ដឹង​ថា​ ពន្ធ​នាំចូល​លើ​ផលិត​ផល​ស្បែក​ជើង​គឺ​មាន​ចំនួន​១០,៨​ភាគរយ។​

បច្ចុប្បន្ន​ ផលិតផល​កម្ពុជា​ដែល​នាំ​ចូល​សហរដ្ឋ​អាមេរិក​ក្រោម​កម្មវិធី​ GSP ​ភាគច្រើន​គឺ​ផលិតផលបម្រើ​ដល់​ការធ្វើ​ដំណើរ​ដែល​មាន​ដូច​ជា​ វ៉ាលី កាបូបស្ពាយ កាបូប​យួរដៃ និង​កាបូប​ដាក់​លុយ​ជាដើម។ កាលពីឆ្នាំ​២០១៧ កម្ពុជា​នាំផលិតផល​ផ្នែកធ្វើ​ដំណើរនេះ​ចូល​សហរដ្ឋ​អាមេរិក​ក្នុង​បរិមាណ​៤០០លាន​ដុល្លារ​។ បើគ្មានGSP ទេ​ទំនិញ​ទាំង​នេះ​អាច​ត្រូវ​យក​ពន្ធគយរហូតដល់​២០​ភាគ​រយដែល​ត្រូវ​ជា​៨០លានដុល្លារ។

កាលពី​សប្តាហ៍​មុន ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ពីរនាក់​បាន​ស្នើ​«ច្បាប់ពាណិជ្ជកម្ម​កម្ពុជា‍» ដើម្បី​តម្រូវ​ឱ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ពិនិត្យ​សើរើឡើងវិញ​លើ​ឋានៈ​អនុគ្រោះពន្ធ​ដែល​កម្ពុជា​ទទួលបាន​ហើយ​អាច​នឹង​ត្រូវ​ព្យួរ​ឬ​លុបចោល​បើ​សិន​ជា​រដ្ឋាភិបាលរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មិន​ធ្វើ​តាម​លក្ខខណ្ឌ​ដែល​បាន​តម្រូវ​ក្នុង​ច្បាប់​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិកទេ។

ការ​ស្នើច្បាប់​នេះ​កើតមានឡើង​ស្រប​ពេល​ដែល​សហភាពអឺរ៉ុប​កំពុង​តែ​ដំណើរការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​«រាល់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍»​(EBA) ​ពី​ប្រទេស​កម្ពុជា​ដែរ។ ការ​រួមគ្នា​របស់​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​កើត​មាន​ឡើង​ក្រោយពី​រដ្ឋាភិបាល​កម្ពុជា​បង្រ្កាប​លើ​ប្រព័ន្ធ​ព័ត៌មាន​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង។

លោក ខេន លូ​ បាន​បញ្ជាក់​ថា​ បើ​សិន​ជា​ពិនិត្យ​មើល​លើ​ហេតុផល​នៃ​ការ​ចេញ​ច្បាប់​នេះ​គឺ​«មិន​សម​ហេតុផល​ទេ‍»។

លោក​បាន​បន្ថែម​ថា៖

«ប៉ុន្តែ​អ្វីៗ​អាស្រ័យ​លើ​សមាជិក​ព្រឹទ្ធសភា​និង​សមាជិក​រដ្ឋ​សភា​នៅ​សហរដ្ឋ​អាមេរិក។ ជា​ការពិត​យោបល់​របស់​យើង​គឺ​ថា​សេចក្តីស្នើច្បាប់​នេះ​នឹង​មិនត្រូវ​បាន​អនុម័ត​ទេ​ដោយសារតែ​វា​នឹង​មិន​យុត្តិធម៌​ចំពោះ​កម្មករ​កម្ពុជា​ដែល​ធ្វើការនៅ​ក្នុង​វិស័យ​នេះទេ‍»។​

លោក​ ខេន លូ​ បន្ថែម​ទៀត​ថា​គឺ​អ្នកកុម្មង់ទិញ​អាមេរិកាំង​និង​អ្នកប្រើប្រាស់​ក៏​ទទួល​ផល​ពី​ប្រព័ន្ធ​ GSP ដែរ៖

«មិនមែន​អ្នកផលិត​នៅ​កម្ពុជា​ទេ​ដែល​សន្សំថវិកា​បាន​ គឺក្រុមហ៊ុន​អាមេរិកាំង​ដែលនាំ​ទំនិញ​ទាំងនោះ​ចូល​សហរដ្ឋ​អាមេរិក​ដែល​សន្សំលុយ​បាន​ពិតប្រាកដ។ មិនមែន​អ្នកផលិតទេ។ យើង​អត់​បង់​ពន្ធ​នាំចូលទេ នៅទីបំផុត​គឺ​អ្នកប្រើប្រាស់​ដែល​ជា​អ្នកទិញ​ផលិតផល​ដែល​មាន​តម្លៃ​ថោក‍»។​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​យល់​ថា​ការស្នើច្បាប់​នេះ​គឺជា​សេរីភាព​របស់​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិកដែល​កម្ពុជា​មិន​ជំទាស់​ទេ​ប៉ុន្តែកម្ពុជា​បាន​ចាប់ផ្តើម​រស់នៅ​«ដោយឯករាជ្យ​និង​ម្ចាស់ការ‍»​មួយចំនួនធំហើយ។

លោក​បន្ថែម​ថា៖

«ដូច្នេះ​គ្មានអ្វី​ដែល​យើង​ព្រឺខ្លាច​ការស្វែងរក​ដាក់​ទណ្ឌកម្ម​កម្ពុជា​ទេ​ពីព្រោះ​កម្ពុជា​ជួប​ទណ្ឌកម្ម​ដ៏អាក្រក់​នៃ​ប្រវត្តិសាស្រ្ត​របស់​យើង​។ ដូចជា​ទណ្ឌកម្ម​រត់ចោលកម្ពុជា​នៅក្នុង​សម័យ​កាលឆ្នាំ​៧០​ហើយ​បន្ទាប់​មក​សម័យ​កាល៧៩​ក៏គេ​ដាក់​ទណ្ឌកម្ម​មកលើ​កម្ពុជា​ទាំងសេដ្ឋកិច្ច​ក៏ដូច​ជាការងារ​ទូត​ដោយ​គេ​បាន​គាំទ្រ​ពួកខ្មែរ​ក្រហម​ដែល​ជា​ក្រុមឃាតករ​នោះឯង‍»។ ​

ដើម្បី​ទទួល​បាន​ឋានៈ​អនុគ្រោះពន្ធ​GSP ​កម្ពុជា​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​រដ្ឋសភា​ជាតិ​ដាក់ចេញ​ក្នុងនោះ​មានដូចជា​ការគោរព​សិទ្ធិ​កម្មករ លុបបំបាត់​ពលកម្ម​កុមារ​ និង​ការពារ​កម្មសិទ្ធិ​បញ្ញាជាដើម។​

លោក​ ចាន់ សុផល នាយកមជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​លើកឡើង​ថា ស្ថានភាព​សិទ្ធិ​ពលករ​មាន​ការ​ប្រសើរឡើង៖​

«កន្លង​មក​ បើ​តាម​ការ​អង្កេត​នៅ​ក្នុង​ស្រុក​ក៏​ដូចជា​របាយការណ៍​ផ្សេងៗ​យើង​ឃើញ​ថា​លក្ខខណ្ឌការងារ​របស់​កម្មករ​រោងចក្រ​មាន​ការប្រសើរឡើង​ ដូច​ជា​ប្រាក់បៀវត្សរ៍​ចេះ​តែ​មានការ​កើនឡើង​ល្អ​ក្នុង​រយៈ​ពេល​៥ឬ៦ឆ្នាំ​កន្លង​មក​ ហើយ​ក៏​មាន​របប​សន្តិសុខ​សង្គម​មានការ​កែប្រែ​មួយ​ចំនួន​ជា​វិជ្ជមាន​។ មាន​ចំណុច​អវិជ្ជមាន​នៅតែ​មានអីចឹង​ ប៉ុន្តែ​បើ​និយាយ​ពី​ស្ថានភាពរួមយើង​ឃើញ​ថា​មានការ​កែលម្អ​ប្រសើ​រ​ជាង​អតីត​កាល​ទៅទៀត‍»។

​លោក​ចាន់ សុផល បន្ថែមថាក្នុងរយៈពេល​៥ឆ្នាំទៀត​យ៉ាង​យូរ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ចេញ​ផុត​ពី​ឋានៈ​ប្រទេស​ដែលមាន​ការអភិវឌ្ឍន៍តិចគឺ​អាច​នឹង​បាត់​បង់​ឋានៈ​អនុគ្រោះពន្ធ​ដូច​គ្នា​គ្រាន់តែ​ថា​បើ​ការបាត់​បង់​នៅ​ពេល​នេះ​គឺ​មាន​ការប៉ះពាល់ខ្លះ។

លោក​បន្ថែម​ថាកម្ពុជា​ត្រូវ​កែទម្រង់​ខ្លះ ដោយកាត់​បន្ថយ​របាំង​ផ្សេងៗ​ដូច​ជា​ការ​ចំណាយ​ក្រោម​តុ​ជាដើម។ ​

«អាច​ថា​មាន​ការ​ប៉ះទង្គិច​ដល់​សហគ្រាស​មួយចំនួន​ហើយ​ក៏​អាច​ថា​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​យើង​ថមថយ​ចុះ​ខ្លះ​ក្នុងរយៈ​ពេល​មួយ​ឆ្នាំ​ពីរ​ឆ្នាំ ​ប៉ុន្តែ​បើ​ដោះស្រាយ​បាន​ល្អ​ វា​កាន់​តែ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រឹងប៉ឹង​រឹងមាំ​បាន​ល្អ​ទៅមុខ​ទៀត​។ ជារួម ខ្ញុំ​ថា​កម្ពុជា​អាច​បើ​ប្រឹងប្រែង​ទាំងអស់​គ្នា​គ្រប់​ស្ថាប័ន​ទាំងអស់​គ្នា​អាច​ដើរ​ដោយខ្លួន​ឯង​បាន​ គ្រាន់តែ​ថា​ដំបូង​ពិបាក​អាច​មាន​ការឈឺ​ចាប់​ខ្លះ‍»។

​កម្ពុជា​ស្ថិតនៅក្នុង​ចំណោម​ប្រទេស​ដែលទទួល​បាន​ឋានៈ​អនុគ្រោះពន្ធ​ដែលមានការអភិវឌ្ឍន៍​តិចតួចដូច​ជា​ភូមា សូម៉ាលី ទីម័រ​ខាងកើត ណេប៉ាល់ រ៉្វាន់ដា កុងហ្កោ និង​យ៉េម៉ែន។

កម្ពុជា​នាំទំនិញ​ចូល​ទីផ្សារ​សហរដ្ឋ​អាមេរិកសរុប​ចំនួនជាង​៣.២៦៥​លានដុល្លារក្នុង​ឆ្នាំ​២០១៨។ ភាគច្រើន​នៃទំនិញ​នេះ​គឺ​សម្លៀកបំពាក់ ខោអាវ​ចាក់ ស្បែក​ជើង​ ស្បែក ​និង​ប្លាស្ទិក៕

XS
SM
MD
LG