ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ការពារ​សិទ្ធិ​ពលករ​សាទរ​ចំពោះ​​ក្រុម​ពាណិជ្ជករ​ដែល​សុំ​កុំ​ឲ្យ​សហភាព​អឺរ៉ុប​​ផ្អាក​ការ​គាំទ្រ​ខាង​ពាណិជ្ជកម្ម


រូបឯកសារ៖ លោក​រ៉ុង​ ឈុន ថ្លែង​នៅ​ក្នុង​សន្និសិទ​សារព័ត៌មាន​ស្ដីអំពី​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គជប) ​នៅ​ថ្ងៃ​ពុធ ទី​១២ ខែតុលា ឆ្នាំ​២០១៦ នារាជធានី​ភ្នំពេញ។​( ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​រ៉ុង​ ឈុន ថ្លែង​នៅ​ក្នុង​សន្និសិទ​សារព័ត៌មាន​ស្ដីអំពី​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គជប) ​នៅ​ថ្ងៃ​ពុធ ទី​១២ ខែតុលា ឆ្នាំ​២០១៦ នារាជធានី​ភ្នំពេញ។​( ឡេង ឡែន/VOA)

បន្ទាប់​ពី​សហភាព​អឺរ៉ុប​ប្រកាស​យក​ពន្ធ​លើ​ការ​នាំ​អង្ករ​ចូល​ពី​កម្ពុជា​កាលពី​ពាក់​កណ្តាល​ខែ​មករា​​ឆ្នាំ​២០១៩​​​​នោះ​ ​ក្រុម​តំណាង​វិស័យ​ឯកជន​ចំនួន​៣៩​ស្ថាប័ន​​បាន​ផ្ញើ​លិខិត​ទៅ​មន្ត្រី​ជាន់​ខ្ពស់​សហគមន៍​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជ​កម្ម​ឲ្យ​គិតគូរ​ពី​ផល​វិបាក​របស់​កម្ពុជា​បន្ថែម​ទៀត ​​បើ​សហគមន៍​នេះ​ដក​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ​ EBA ​ពី​កម្ពុជា។​ ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​នៅ​កម្ពុជា​​ស្វាគមន៍​កា​រស្នើ​នេះ។

ក្រុម​អ្នក​ការពារ​សិទ្ធិ​ពលករ​នៅ​ប្រ​ទេស​កម្ពុជា​បាន​សាទរ​ចំពោះ​ការ​ខិតខំ​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​ដែល​បាន​ចូល​រួម​ជាមួយ​ក្រុម​អ្នក​តំណាងវិស័យ​ឯកជន​ចំនួន​៣៨​ផ្សេង​ទៀត​សើ្ន​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ពិចារណា​រក្សា​ទុក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម​ឈ្មោះ​«អនុ​គ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ»​ឬ​ ​EBA ​ដែល​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា​នាំ​ទំនិញដោយ​គ្មាន​ជាប់​ពន្ធ​ចូល​ក្នុង​ទីផ្សារ​សហ​ភាព​អឺរ៉ុប​ ដែល​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក។

លោក ​រ៉ុង ឈុន​ ​ប្រធាន​សហភាព​សហជីព​កម្ពុជា ​បាន​ចាត់​ទុក​ថា ​ការ​ប្រឹងប្រែង​របស់​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ជា​សេចក្តី​ក្លាហាន​មួយ​ ​ព្រោះ​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក បានមាក់​ងាយ​ជា​ច្រើន​ដង​មក​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​នេះ។​

លោក​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖​

«ក្នុង​នាម​យើង យើង​សុំ​កោត​សរសើរនូវ​សេចក្តី​ក្លាហាន​ក្នុង​ការ​លើក​ឡើង​នូវ​បញ្ហា​ទាំង​អស់​នេះមាន​ន័យ​ថា​ ​ទទួល​ទៅ​នឹង​ការណ៍​ពិត​ ​អ្វី​ដែល​កើត​ឡើង បន្ទាប់​ពីការ​បាត់​បង់​ប្រ​ព័ន្ធ​អនុ​គ្រោះ​ពន្ធ»។​

លិខិត​របស់​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ និង​តំណាង​ខាង​វិស័យ​ឯកជន​ផ្សេង​ទៀត មាន​ទាំង​ខាង​សភាពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប ​អ្នក​ផលិត​សម្លៀក​បំពាក់​នៅ​កម្ពុជា​ ​ឬ​ ​GMAC​ ​និង​សហជីព​ចុះ​ថ្ងៃ​ទី​២១ខែ​មករា​ ដែល​បាន​ផ្ញើ​ជូន​អ្នកស្រី Cecilia Malmstrom​ ​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​របស់​សហ​ភាព​អឺរ៉ុប​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ ទោះបី​សហ​ភាព​អឺរ៉ុប​មិន​ទាន់​ផ្តល់​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ​ថា​ ​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​ពី​កម្ពុជា​ក៏​ដោយ​ ពោល​គឺ​គិត​ចាប់តាំង​ពី​ការ​ប្រ​កាស​ផ្លូវ​ការ​នៃ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធនេះ​មកនោះ​ ក៏​«ផល​វិបាល​ជា​ច្រើន​នៃ​ការ​សម្រេច​ចិត្ត​នេះ​នឹង​បង្កការ​ខូច​ខាត​ខាង​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរមក​លើ​ប្រទេស​កម្ពុជា»​ដែរ។​

ក្រុម​តំណាង​វិស័យ​ឯកជន​បាន​ឲ្យដឹង​ទៀត​ថា​ ​«ការ​សម្រេចនោះ​នឹង​អាចជា​មិន​ការ​អើពើ​ដល់​ការ​ខិត​ខំយ៉ាង​សម្បើម​របស់​វិស័យ​ឯកជន​កម្ពុជាដើម្បី​ធ្វើ​ឲ្យ​ស្រប​តាម​គុណតម្លៃ​ និង​គោល​នយោបាយ​ជាមួយ​គម្រូសេដ្ឋកិ​ច្ច​ ដែល​នាំមុខ​ដោយ​សហភាព​អឺរ៉ុប»។​

លិខិត​របស់​ក្រុម​តំណាង​វិស័យ​ឯកជន​នេះបាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ជំនួស​មក​វិញ​ យើង​សុំ​ឲ្យ​គណៈ​កម្មការ​អឺរ៉ុប​ពិនិត្យ​ស្ថាន​ភាព​បច្ចុប្បន្នតាម​រយៈ​បរិការណ៍​នៃ​ប្រវត្តិ​សាស្ត្រ​ដ៏​លំបាក​របស់​ប្រទេស​កម្ពុជា»។​

លោក​រ៉ុង ឈុន​ ដែល​ជា​អតីត​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅកាត់​ថា​(គ.ជ.ប.)​ មកពី​កូតា​គណបក្សសង្គ្រោះ​ជាតិ​ ដែល​ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​នោះ​ ​មាន​ប្រសាសន៍​បន្ថែម​ថា​ ក្រុម​តំណាង​វិស័យ​ឯ​កជន​ទាំង​នេះត្រូវ​រកច្រក​ជជែក​ជាមួយ​រដ្ឋា​ភិបាល​ខ្មែរ​ដើម្បី​ការ​ពារ​ឲ្យ​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​នេះ។

«យើង​ចង់​ផ្តល់​អនុសាសន៍​ជូន​ដល់​សភា​កម្ពុជា​ ក៏ដូច​អ្នក​វិនិយោគ​វិស័យ​ឯកជន​ គួរ​តែ​លើក​បញ្ហា​ហ្នឹង​ទៅ​ជជែក​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា​ វា​ប្រសើរ​ជាងការ​លើក​ឡើងទៅ​ដាក់​គណៈ​កម្មការ​សភា​អឺរ៉ុប»។​

អតីត​សមាជិក​គ.ជ.ប.រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ ពេល​វេលា​នៅ​មាន​ច្រើន​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ ដែល​ចង់​ឃើញ​កម្ពុជា​មាន​ការ​អនុវត្តលទ្ធិ​ប្រជា​ធិបតេយ្យ​ខ្ជាប់ខ្ជួន​នោះ។​ ​លោក​បន្ត​ថា​ ​បញ្ហា​អាច​នឹង​ធូរស្រាល​មក​វិញ​ បើ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​សេរី​ភាព​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ឲ្យ​បាន​ធ្វើ​នយោ​បាយ​ឡើង​វិញ​ ហើយ​មាន​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ។​

លោក​ឃុន ថារ៉ូ​ ​មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central)​ប្រាប់​ ​VOA ​ថា​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិលមិន​ចង់​ឃើញ​ពល​រដ្ឋ​ខ្មែរ​រង​ការ​លំបាក​ខាង​សង្គម​ និង​សេដ្ឋ​កិច្ច​ ដោយ​ការបាត់​បង់​ការ​ងារ​ធ្វើ​នោះ​ទេ។​

«យើង​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​បន្ត​យក​ចិត្តទុក​ដាក់​ ​ហើ​យត្រូវ​ពិនិត្យ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​នៅ​ក្នុង​អនុសាសន៍​ ដែល​ EU​ បាន​ដាក់​ឲ្យ​ប្រទេស​កម្ពុជា​ ​ពីព្រោះ​ថា​ ​ប្រព័ន្ធ​នៃ​ការ​អនុ​គ្រោះ​ពន្ធ​ ​EBA​ ​នេះ​ ​គឺ​ជា​យន្ត​ការ​នៅ​ក្នុង​ការ​ជួយ​ទ្រទ្រង់​នៅ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អន់​ថយ​ ដូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ដើម​ហ្នឹង»។​

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក ​គិត ម៉េង​ ប្រធាន​ក្រុមហ៊ុន​ Royal Group​ និង​ជា​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ ​តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​

លិខិតរបស់​ក្រុម​តំណាង​វិស័យ​ឯក​ជន​ចំនួន​៣៩​ស្ថាប័ន​នោះ​បាន​ធ្វើ​ឡើង​ ក្នុង​ថ្ងៃ​ដែល​អ្នកស្រី Cecilia Malmstrom ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បទេស​កម្ពុជា​ នៅ​ក្រៅ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាននិង​សហភាព​អឺរ៉ុប ​ដែល​បាន​ធ្វើ​ឡើង​នៅទីក្រុង​ ប៊្រុចសែល​ ​ប្រទេស​ ប៊ែលហ្សិក។​

ក្រោយ​ជំនួបនោះ​ អ្នកស្រី​ ​Cecilia Malmstrom ​បាន​សរសេរ​លើ​គណនី​ ​Twitter​ ​របស់​អ្នក​ស្រី​ថា​ សហភាព​អឺរ៉ុប​បន្ត​រក្សា​ច្រក​សន្ទនា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។​

អ្នកស្រី​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ថ្ងៃនេះ​ ​យើងបាន​ជួប​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ ​លោក​ប្រាក់​ សុខុន។​ យើង​បាន​ពិភាក្សា​កិច្ច​ព្រម​ព្រៀង​ EBA ​និង​លទ្ធភាព​នៃ​ការ​ដកប្រព័ន្ធ​អនុគ្រោះពន្ធ។​ ​យើង​បាន​រំឭកឡើង​វិញ​នូវ​ការ​បារម្ភ​របស់​ពួក​យើង​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ។​ ​សហភាព​អឺរ៉ុបបន្ត​រក្សា​ទុក​គន្លង​សន្ទនា​ឲ្យ​នៅចំហ​ដដែល»។​

លោក​ប្រាក់ សុខុនក៏​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ក្នុង​ន័យ​ដើមថា៖​

«ថ្ងៃ​នេះ​ ​ខ្ញុំ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ស្រីសេស៊ីលីយ៉ា​ ម៉ាល​ស្រ្តុម​ ស្នង​ការ​ពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប​នៅ​ក្រៅ​កិច្ច​ប្រជុំ​លើក​ទី​២២រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន-សហភាព​អឺរ៉ុប​ នៅ​ទីក្រុង​ប៊្រូសស៊ែល»។​

លោក ​ប្រាក់ សុខុនមិន​បាន​និយាយ​ឲ្យចំ​ប្រធាន​បទ​ការ​ពិភាក្សាដែល​ផ្តោត​លើ​កិច្ចព្រម​ព្រៀង​ ​EBA ដូច​អ្នកស្រី ​Cecilia Malmstrom​ នោះ​ទេ។​ ​ប្រមុខ​កិច្ច​ការ​បរទេស​កម្ពុជា​រូប​នេះ​ក៏មិន​បាន​ផ្តល់​ការ​អធិប្បាយ​ណាមួយ​អំពី​កិច្ច​ព្រម​ព្រៀង​នេះ​ដែរ។​

ទាក់​ទិន​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ ​EBA​ នេះ​ ​សហភាព​អឺរ៉ុប​បាន​សម្រេច​ទុក​ពេល​១២​ខែ​ឲ្យ​កម្ពុជា​ស្តារ​ស្ថាន​ភាព​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ ​មុន​នឹង​សម្រេច​ដក​ពន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​ ​ដែល​នឹង​មិន​ឲ្យ​កម្ពុជា​ជាប់​ពន្ធ​មាន​ទឹក​ប្រាក់​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​ការនាំចូល​ទំនិញ​ទៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG