ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចព្រមព្រៀង​ពន្ធដារ​សាកល​គាំទ្រ​ដោយ​ប្រទេស​ចំនួន​១៣០


រូបឯកសារ៖ អាគារ​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថត​នៅ​ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២១។
រូបឯកសារ៖ អាគារ​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថត​នៅ​ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២១។

ប្រទេសចំនួន​១៣០ ​បាន​ព្រមព្រៀង​គ្នា​លើ​កំណែ​ទម្រង់​ពន្ធ​ដារ​សាកល​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ក្រុម​ហ៊ុន​ពហុជាតិបង់​ពន្ធ​ដារ​ត្រឹមត្រូវ​ ​ទោះជា​ពួកគេ​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ណា​ក៏​ដោយ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​ ឬ ​OECD​ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ក៏ប៉ុន្តែ​រដ្ឋ​ខ្លះ​នៅ​ក្នុង​សហភាព​អឺរ៉ុប​ បាន​បដិសេធ​ពុំ​ព្រម​ចុះ​ហត្ថលេខា។​ នេះ​បើ​តាមទីភ្នាក់ងារ​ព័ត៌មាន ​AFP។​

អង្គការ​ OECD ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​ក្រុមហ៊ុន​សាកល រួម​មាន​ក្រុមហ៊ុន ​Google, Amazon, Facebook ​និង ​Apple ​របស់​សហ​រដ្ឋ​អាមេរិក ​នឹង​ត្រូវ​យក​ពន្ធដារ​យ៉ាងហោច​ណាស់​១៥​ភាគ​រយ នៅ​ពេលកិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​អនុវត្ត។​

របប​ពន្ធដារ​ថ្មី​នឹង​បន្ថែម​ប្រាក់​ចំនួន​១៥០​ពាន់​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​នានា​នៅ​ពេល​ដែល​កិច្ច​ព្រមព្រៀង​នេះ​ចូល​ជាធរមាន ​ប្រហែល​នៅឆ្នាំ​២០២៣។​

កិច្ច​ព្រមព្រៀង​ផ្លូវ​ការ​កើត​មាន​ឡើង​ បន្ទាប់ពី​មាន​ការ​យល់ព្រម​ពី​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ជឿនលឿន​ជាង​គេ​ទាំង​៧ ឬ​ G-7 ​កាលពី​ខែ​មុន​ ហើយនៅ​ពេល​នេះ​ការ​ចរចា​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​របស់​ G-20​ ជា​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន និងកំពុង​លូតលាស់​ ​នៅ​ក្នុង​ទីក្រុង ​Venice ​ប្រទេស​អ៊ីតាលី​ ចាប់ពី​ថ្ងៃ​ទី៩​ ដល់​ថ្ងៃ​ទី១០​ ខែ​កក្កដា។​

លោក​ប្រធានាធិបតី ​Joe Biden ​បាន​បញ្ជាក់​ថា ​កិច្ច​ព្រមព្រៀង​ចុង​ក្រោយនេះ ​«ធ្វើ​ឲ្យ​យើង​កាន់តែ​មាន​លទ្ធភាពធ្វើកិច្ច​ព្រមព្រៀង​សាកល​ពេញលេញ ដើម្បី​ទប់​ស្កាត់​ការ​ប្រកួត​ប្រជែង​យក​ពន្ធ​ដារ​ពី​ក្រុមហ៊ុន​សាជីវកម្ម»។​

អាល្លឺម៉ង់​ ដែល​ជា​ប្រទេស​មួយទៀត​គាំទ្រ​ការ​ធ្វើ​កំណែ​ទម្រង់​ពន្ធដារ បាន​សរសើរ​កិច្ច​ព្រម​ព្រៀង​នោះ​ថា​ «ជា​ជំហានឆ្ពោះ​ទៅកាន់​យុត្តិធម៌​ពន្ធដារ» ​ហើយ​ប្រទេស​បារាំង​និយាយ​ថា ​វា​ជា​កិច្ចព្រម​ព្រៀង​ពន្ធដារ​ដ៏​មាន​សារៈ​សំខាន់​បំផុត​នៅ​ក្នុង​សតវត្សរ៍​នេះ។ ​កិច្ចព្រម​ព្រៀង​ពន្ធ​ដារ​សាកល​នេះ​ គាំទ្រ​ដោយ​ប្រទេស​ចំនួន​១៣០៕

XS
SM
MD
LG