រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កំពុងស្ថិតនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីពិភាក្សាជាមួយសមភាគីរបស់លោកមកពីក្រុមប្រទេស G-7។ នៅក្នុងជំនួបផ្លូវការនិងការពិភាក្សាក្រៅផ្លូវការរយៈពេល ៣ ថ្ងៃ នេះ វិបត្តិជំងឺកូវីដ១៩ បញ្ហារុស្ស៊ី និងបញ្ហាចិន ទំនងជាស្ថិតក្នុងចំណោមរបៀបវារៈនៃការពិភាក្សា។
បញ្ហាអ៊ីរ៉ង់និងបញ្ហាកូរ៉េខាងជើង ដែលកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសទាំងពីរនេះជាចំណុចផ្ដោតនៃការចរចាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ គ្រោងនឹងត្រូវបានពិភាក្សានៅក្នុងពិធីទទួលទានអាហារស្វាគមន៍ពេលល្ងាចនៅយប់ថ្ងៃចន្ទនេះ។
ជំនួបក្រៅផ្លូវការរបស់លោក Blinken នៅថ្ងៃចន្ទនេះ រួមមានការចចាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Chung Eui-yong រដ្ឋមន្ត្រីការបរទេសព្រុយណេលោក Il Dato Erywan Yusof រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក Dominic Raab។
ការិយាល័យការបរទេសរបស់ចក្រភពអង់គ្លេសបានបញ្ជាក់ថា លោក Raab និងលោក Blinken នឹងពិភាក្សាគ្នាអំពីបញ្ហាអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ ចិន និងពាណិជ្ជកម្ម នៅក្នុងជំនួបរវាងលោកទាំងពីរ។
ការចរចាថ្នាក់រដ្ឋមន្ត្រីរបស់ក្រុមប្រទេស G-7 នេះ នឹងដាក់ចេញនូវមូលដ្ឋានសម្រាប់កិច្ចប្រជុំរបស់មេដឹកនាំមកពីប្រទេសទាំងនេះនៅក្នុងចក្រភពអង់គ្លេសនៅខែមិថុនាខាងមុខ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ជំនួបនៅសប្តាហ៍នេះគឺជាឱកាសដើម្បីពិភាក្សាអំពី «ការធ្វើឲ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច សិទ្ធិមនុស្ស សន្តិសុខស្បៀងអាហារ សមភាពយេនឌ័រ និងការជំរុញភាពក្លាហានដល់ស្ត្រីនិងកុមារី»។
បន្ទាប់ពីកិច្ចប្រជុំ G-7 លោក Blinken គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីជួបជាមួយនឹងលោកប្រធានាធិបតី Volodymyr Zelenskyy និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀត៕