រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo និយាយថា លោក នឹងធ្វើដំណើរទៅកាន់តំបន់អាស៊ីទៅតាមការគ្រោងទុក ដើម្បីបញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់សហរដ្ឋអាមេរិកដល់សម្ព័ន្ធមិត្តរបស់ខ្លួននៅទីនោះ បើទោះបីនៅពេលនេះ លោកប្រធានាធិបតី Donald Trump បានឆ្លងជំងឺកូវីដ១៩ ក៏ដោយ។
លោក Pompeo នឹងចាកចេញនៅថ្ងៃអាទិត្យទៅកាន់ប្រទេសជប៉ុន ម៉ុងហ្គោលី និងប្រទេសកូរ៉េខាងត្បូង។
លោក Pompeo បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងប្រទេសក្រូអាស៊ី មុនពេលវិលត្រឡប់មកកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញ កាលពីថ្ងៃសុក្រ ដោយលោកបានបញ្ជាក់ថា លោកនិងលោកស្រី Susan ភរិយារបស់លោក ទើបតែបានធ្វើតេស្តអវិជ្ជមានមិនមានជំងឺកូវីដ១៩ ហើយថា លោកបានជួបលោកប្រធានាធិបតី Trump ចុងក្រោយបំផុតកាលពីថ្ងៃទី១៥ ខែកញ្ញា ។
លោក បាននិយាយទៀតថា លោកនិងភរិយារបស់លោក កំពុងបន់ស្រន់ឲ្យលោកប្រធានាធិបតីនិងភរិយារបស់លោក បានឆាប់សះស្បើយ។
លោក David Stilwell ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើតនិងមហាសមុទ្រប៉ាស៊ីហ្វិក បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទ កាលពីថ្ងៃសុក្រ អំពីដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេស Pompeo នៅពេលខាងមុខ។
លោក Stilwell បាននិយាយថា លោក Pompeo នឹងឈប់សំចតដំបូងនៅទីក្រុងតូក្យូ ហើយវាចំពេលវេលាដ៏ល្អ ពីព្រោះលោក Yoshihide Suga នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន បានទើបតែចូលកាន់តំណែង។ លោក Stilwell បាននិយាយទៀតថា សហរដ្ឋអាមេរិក មើលឃើញជំនួបនេះថា ជាការបញ្ជាក់ឡើងវិញនូវការរឹតចំណងភាពជាដៃគូ។
លោក Stilwell បាននិយាយទៀតថា៖ «ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងជប៉ុនដូចដែលយើងបាននិយាយកាលពីមុន ជាភាពដ៏រឹងមាំនៃសន្តិភាព សន្តិសុខនិងវិបុលភាពសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
លោក Stilwell ដែលជាអ្នកការទូតកំពូលអាមេរិកាំងម្នាក់សម្រាប់តំបន់អាស៊ីខាងកើត បាននិយាយថា លោករដ្ឋមន្ត្រីការបរទេស Pompeo នឹងចូលរួមជំនួបថ្នាក់រដ្ឋមន្ត្រីរបស់ក្រុមចតុភាគី នៅក្នុងទីក្រុងតូក្យូ ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា។ កន្លងមក ចិនប្រកាសប្រឆាំងក្រុមចតុភាគីនេះថា ជាការប៉ុនប៉ងមួយដើម្បីរាំងខ្ទប់ការអភិវឌ្ឍរបស់ខ្លួន។
ដំណើរទស្សនកិច្ចរបស់លោក Pompeo កើតមានឡើង នៅពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន បានធ្លាក់ដល់ចំណុចទាបបំផុត ហើយលោក Pompeo ជាអ្នករិះគន់គណបក្សកុម្មុយនិស្តចិនដ៏ខ្លាំងបំផុតមួយ និងអ្វីដែលលោកមើលឃើញថាជាគោលនយោបាយដ៏គគ្លើនរបស់របស់រដ្ឋាភិបាលក្រុងប៉េកាំង៕