ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ចូល​ក្នុង​បញ្ជី​ឈ្មោះ​មេដឹកនាំ​ក្នុង​ពិភពលោក​ដែល​ឆ្លង​វីរុស​កូរ៉ូណា


រូបឯកសារ៖ លោកប្រធានាធិបតី Donald Trump បានលើក​គ្រវីដៃ​ទៅកាន់​អ្នកសារព័ត៌មាន​នៅពេលដែល​លោក​ចេញដំណើរ​ជាមួយ​ភរិយា​របស់​លោក គឺ​លោកស្រី Melania Trump ទៅ​ចូលរួម​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​លើក​ដំបូង​របស់​លោក​ជាមួយ​លោក Joe Biden នៅ​ទីក្រុង Cleveland រដ្ឋ Ohio។
រូបឯកសារ៖ លោកប្រធានាធិបតី Donald Trump បានលើក​គ្រវីដៃ​ទៅកាន់​អ្នកសារព័ត៌មាន​នៅពេលដែល​លោក​ចេញដំណើរ​ជាមួយ​ភរិយា​របស់​លោក គឺ​លោកស្រី Melania Trump ទៅ​ចូលរួម​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​លើក​ដំបូង​របស់​លោក​ជាមួយ​លោក Joe Biden នៅ​ទីក្រុង Cleveland រដ្ឋ Ohio។

លោក​ប្រធានាធិបតី​ Donald Trump​ បាន​ធ្វើ​តេស្ត​ឃើញ​វីរុសកូរ៉ូណា​ ដែល​ធ្វើ​ឲ្យ​លោក​ចូល​ក្នុង​បញ្ជី​ឈ្មោះ​មេដឹកនាំ​ពិភពលោក​មួយ​ក្រុម​តូច ​ដែល​បាន​ឆ្លង​ជំងឺ​នេះ។ ​

លោក Trump មាន​អាយុ ៧៤ ឆ្នាំ ​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។ ​ខាងក្រោម​នេះ​គឺ​ជា​បញ្ជី​មេដឹកនាំ​ដទៃទៀត​ ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩។​ មេដឹកនាំ​ខ្លះ​កំពុង​ផ្ញើ​សារ​បន់​ស្រន់​ឲ្យលោក ​Trump ​ឆាប់​ជា​សះស្បើយ។​

លោក Boris Johnson

នាយក​រដ្ឋមន្រ្តី​អង់គ្លេស ​Boris Johnson ​គឺ​ជា​មេដឹកនាំ​ពិភពលោក​សំខាន់​ដំបូង​គេ​ ដែល​ត្រូវបាន​បញ្ជាក់​ថា​ បាន​ឆ្លង​ជំងឺ​កូវីដ១៩ ​បន្ទាប់ពី​លោក​ប្រឈម​មុខ​នឹង​ការ​រិះគន់​ចំពោះ​ការ​មើលស្រាល​នៃ​ជំងឺ​រាតត្បាត​នេះ។ ​លោក​ត្រូវបាន​គេ​ផ្លាស់ប្តូរ​ទៅ​មន្ទីរ​ព្យាបាល​អ្នក​ជំងឺ​កម្រិត​ធ្ងន់ ​នៅក្នុង​ខែ​មេសា​ បន្ទាប់ពី​អាការៈរបស់​លោក​កាន់​តែ​ធ្ងន់ធ្ងរ ​មួយថ្ងៃ​បន្ទាប់ពី​លោក​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ក្រោយពី​ការធ្វើ​តេស្ត​ជា​ប្រចាំ​នោះ។ ​

ក្រុមមន្រ្តី​បាន​និយាយ​ថា លោក​ត្រូវបាន​គេ​បញ្ចូល​អុកស៊ីសែន ​ប៉ុន្តែ​មិន​ត្រូវ​ការ​ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម​ទេ។ ​ក្រោយ​មក​ លោក​បាន​ថ្លែង​អំណរគុណ​ដល់​បុគ្គលិក​សេវា​សុខភាព​ជាតិ​ ដែល​បាន​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​លោក​ នៅពេល​ដែល​ស្ថានភាព​ជំងឺ​របស់​លោក​មាន​សភាព​ធ្ងន់ធ្ងរ​នោះ។​ ព្រះអង្គម្ចាស់ ​Charles ​ដែល​ជា​អ្នក​ត្រូវ​ស្នង​រាជ​បល្ល័ង្ក​អង់គ្លេស ​ក៏​បាន​ធ្វើតេស្ត​រក​ឃើញ​ថា​ បាន​ឆ្លង​ជំងឺ​កូវីដ១៩​ផង​ដែរ​ កាលពី​ខែមីនា ​ហើយ​ព្រះអង្គ​មាន​អាការៈ​ជំងឺ​ស្រាល។​

លោក Jair Bolsonaro

ប្រធានាធិបតី​ប្រេស៊ីល​លោក ​Jair Bolsonaro ​បាន​ប្រកាស​ថា​ លោក​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ​នៅ​ក្នុង​ខែ​កក្កដា​ ហើយ​បាន​ថ្លែង​ ជា​សាធារណៈសរសើរ​ថ្នាំ​គ្រុនចាញ់hydroxychloroquine ​ដែល​លោក​បានផ្សព្វផ្សាយ​ថា​ អាច​ព្យាបាលជំងឺ​ កូវីដ១៩ ហើយ​លោក​បាន​លេបថ្នាំនេះ​ខ្លួនឯង។ ​អស់រយៈពេល​ជាច្រើន​ខែ ​ លោក​និយាយ​បង្អាប់​ថា​ ​ជំងឺ​កូវីដ១៩ ជា​ជំងឺ​ផ្តាសាយ​កំប៉ិកកំប៉ុក ​ខណៈ​លោក​មិន​អើពើ​ទៅនឹង​ការ​រក្សា​គម្លាត​ពី​គ្នា​ ​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​មាន​មនុស្ស​ណែន​តាន់តាប់ ​ ហើយ​លោក​ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​មនុស្ស​ម្នារ​ចេញ​ ​អំឡុង​ពេល​លោក​ចេញពី​គេហដ្ឋាន​ប្រធានាធិបតី​ដោយ​មិន​ពាក់​ម៉ាស់​នោះ​ទេ។ ​

លោក Juan Orlando Hernandez​

ប្រធានាធិបតី​នៃ​ប្រទេស​ហុងឌូរ៉ាស ​លោក ​Juan Orlando Hernandez ​បាន​ប្រកាស​កាលពី​ខែមិថុនា​ថា ​លោក​បាន​ធ្វើតេស្តវិជ្ជមាន​រួម​ជាមួយ​នឹង​មនុស្ស​ពីរនាក់​ផ្សេង​ទៀត ​ដែល​បាន​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​លោក។​

លោក Hernández បាន​និយាយ​ថា​ លោក​បាន​ចាប់ផ្តើម​នូវ​អ្វី​ដែល​លោក​ហៅ​ថា ​ការ​ព្យាបាល ​MAIZ ​ដែល​ជា​ការពិសោធន៍​ថ្នាំ​ដែល​មិន​មាន​ការ​បញ្ជាក់ ​ដោយ​ដាក់​បញ្ចូល​គ្នា​នូវ​សារជាតិ ​microdacyn, azithromycin, ivermectin ​និង​ស័ង្កសី។​

លោក​ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​រយៈពេល​ខ្លី ហើយ​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ។ ​លោក​បាន​ចូលរួម​ក្នុង​ការ​អំពាវនាវដែល​កំពុង​កើនឡើងក្នុងការឲ្យ​មាន​សមធម៌​នៃ​ការ​ផ្តល់វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩ ​ ​ដោយ​លោក​បាន​សួរ​សំណួរ​នៅ​ឯ​កិច្ចប្រជុំ​មេដឹកនាំ​ពិភពលោក​នៅ​សហ​រដ្ឋ​អាមេរិក​នា​ពេល​ថ្មីៗ​នេះ​ថា ​«តើ​យើងទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ស្លាប់​ឬ?»​

លោក Alexander Lukashenko

ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko ​ដែល​បាន​ច្រានចោល​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​នេះ​ ដោយ​ចាត់ទុក​ថា ​ជា​«ជំងឺ​វិកលចរិក» ​ហើយ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ផឹក​ស្រា​វ៉ូដកា​ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​នោះ​ ​ ​បាន​និយាយ​កាល​ខែ​កក្កដា​ថា​ លោក​បាន​ឆ្លង​ជំងឺ​កូវីដ១៩ ​ ប៉ុន្តែ​លោក​មិន​មាន​រោគសញ្ញា​អ្វី​ទេ។ ​បេឡារុស គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន ​ដែល​មិនមាន​វិធានការ​ទូលំទូលាយ​ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃជំងឺ​កូវីដ១៩​នេះ​ទេ។ ​ មន្ត្រី​ជាន់ខ្ពស់​ដទៃទៀត​នៃ​ប្រទេស​ដែល​ស្ថិត​ក្នុង​អតីត​សហភាព​សូវៀត ​ហើយ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩ រួមមាន​នាយករដ្ឋ​មន្រ្តី​អាមេនី​លោក ​Nikol Pashinyan ​និង​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​លោក​ Mikhail Mishustin។

ព្រះអង្គម្ចាស់ Albert ​II នៃ​ប្រទេស​ម៉ូណាកូ

ព្រះ​បរមរាជវាំង​នៃ​ប្រទេស​ម៉ូណាកូ​នៅ​ខែមីនា​បាន​ឲ្យ​ដឹង​ថា ​ អ្នក​គ្រប់គ្រង​មេ​ដឹកនាំ​ប្រទេស​ដ៏​តូច​មួយ​នៅ​តំបន់​មេឌីទែរ៉ាណេ​នេះ​ បាន​ធ្វើតេស្ត​មាន​លទ្ធផល​វិជ្ជមាន​ ​ប៉ុន្តែ​ព្រះរាជ​សុខភាព​របស់​ព្រះអង្គ​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ។​ ព្រះអង្គ​គឺជា​ប្រមុខ​រដ្ឋ​ទីមួយ ​ដែល​មាន​ព្រះ​បន្ទូល​ជា​សាធារណៈ​ថា ​ព្រះអង្គ​បាន​ឆ្លង​ជំងឺ​កូវីដ១៩​នេះ។​

លោក Alejandro Giammattei

ប្រធានាធិបតី​ហ្គាតេម៉ាឡា​លោក ​Alejandro Giammattei ​បាន​និយាយ​ថា ​លោក​បាន​ធ្វើតេស្តឃើញមានជំងឺ​កូវីដ១៩ ​កាលពីខែ​កញ្ញា។ លោក​បាន​ថ្លែង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​ថា៖​ «អាការៈជំងឺ​របស់​ខ្ញុំ​ស្រាល​ណាស់។ ​រហូត​មក​ដល់​ពេល​នេះ​ ខ្ញុំ​ឈឺ​ខ្លួន។ ​ថ្ងៃ​នេះ ​ខ្ញុំ​ឈឺ​រាង​អន់​ជាង​ម្សិលមិញ។​ វា​ឈឺ​ដូចជា​ជំងឺ​ផ្តាសាយធំ។​ ខ្ញុំមិនគ្រុន​ទេ។ ខ្ញុំក្អក​បន្តិច​បន្តួច»។ លោក​បាន​និយាយ​ថា​ លោក​នឹង​ធ្វើការ​ពី​ផ្ទះ។​

អ្នកស្រី Jeanine Anez ​

កាលពី​ខែ​កក្កដា​ ប្រធានាធិបតី​ស្តីទី​នៃ​ប្រទេស​ប៊ូលីវី​អ្នកស្រី ​Jeanine Anez ​បាន​ឆ្លង​ជំងឺ​កូវីដ១៩ ​ដែលបណ្តាល​ឲ្យ​អ្នក​ស្រី​ ត្រូវនៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ​(ធ្វើ​ចត្តាឡីស័ក)​ ប៉ុន្តែ​អ្នក​ស្រី​ថា ​អ្នក​ស្រី​បាន​ស្រួល​ខ្លួន​ហើយ។ ​

លោក Juis Abinader​

ប្រធានាធិបតី​សាធារណរដ្ឋ​ដូមីនិក​ដែល​ទើប​ឈ្នះ​ឆ្នោត​ គឺ​លោក​ Juis Abinader ​បាន​ឆ្លង​ និង​រើប​ពី​ជំងឺ​កូវីដ១៩ ​ក្នុង​អំឡុង​ពេល​លោក​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត។​ លោក​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ​(ធ្វើចត្តាឡីស័ក្ត)​ជា​ច្រើន​សប្តាហ៍​ មុន​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា​កន្លង​ទៅ។ ​

អ៊ីរ៉ង់​

ប្រទេស​អ៊ីរ៉ង់​ ដែល​ជាកន្លែង​ឆ្លង​វីរុស​កូរ៉ូណា​ដំបូង​គេ​នៅមជ្ឈិម​បូពា៌ ​មានមន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជា​ច្រើន​នាក់​បាន​ធ្វើ​តេស្ត​រកឃើញ​ថា បាន​ឆ្លង​ជំងឺ​កូវីដ១៩។ ​ក្នុង​ចំណោម​មន្ត្រី​ទាំង​នោះ​មាន​អនុ​ប្រធានាធិបតី​អ៊ីរ៉ង់​ជាន់​ខ្ពស់​លោក​ Eshaq Jahangiri ​និង​លោក​អនុប្រធានាធិបតី ​Massoumeh Ebtekar។ ​សមាជិក​នៃ​គណៈ​រដ្ឋមន្ត្រី​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ ក៏​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ​ដែរ។ ​

ឥណ្ឌា​

អនុប្រធានាធិបតី​ឥណ្ឌា​លោក​ M. Venkaiah Naidu ​អាយុ​៧១​ឆ្នាំ​បាន​ធ្វើ​តេស្ត​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ជំងឺ​កូវីដ១៩ ​ ក៏ប៉ុន្តែ​ការិយាល័យ​របស់​លោក​បាន​បញ្ជាក់​ថា​ លោក​មិន​មាន​រោគសញ្ញា​អ្វីទេ​ ​ហើយ​លោក​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក។ ​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ឥណ្ឌា​លោក ​Amit Shah ​ដែល​ជា​មនុស្ស​សំខាន់​ទី២​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​Narendra Modi ​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​កូវីដ១៩​ នៅ​មន្ទីរ​ពេទ្យ ​កាលពី​ខែ​មុន​ ហើយ​បាន​រើប​ពី​ជំងឺ​នេះ។ ​

រដ្ឋមន្ត្រី​ថ្នាក់​ក្រោម​ខាង​ផ្លូវ​ដែក​របស់​ប្រទេស​ឥណ្ឌា ​លោក ​Suresh Angadi ​គឺ​ជា​រដ្ឋមន្ត្រី​ទី​មួយ​ដែល​បាន​បាត់បង់​ជីវីត​ដោយសារ​តែ​ជំងឺ​កូវីដ១៩ ​កាលពី​សប្តាហ៍​មុន។

​អ៊ីស្រាអែល​

កាលពី​ខែ​មេសា​ ​ពេល​នៅ​ជា​រដ្ឋមន្ត្រី​សុខាភិបាល​អ៊ីស្រាអែល ​លោក ​Yaakov Litzman​ បាន​ធ្វើ​តេស្ត​ឃើញ​ថា​ ​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ ហើយ​លោក​បាន​រើប​ពីជំងឺ​នេះ។​ លោក ​Litzman​ គឺជា​មេដឹកនាំ​សហគមន៍​សាសនា​ ultra-Orthodox​ ​របស់​អ៊ីស្រាអែល ​ដែល​មាន​អត្រាឆ្លង​ជំងឺ​រាតត្បាតនេះ​ច្រើន ​ពីព្រោះមេដឹកនាំ​សាសនា​ជា​ច្រើន​នាក់​ បាន​បដិសេធ​ចាត់​វិធានការ​តឹងរ៉ឹង​នានា​លើ​សកម្មភាព​ជួប​ជុំ​សាសនា។ ​

លោក ​Rafi Peretz ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​រដ្ឋ​ក្រុង​ Jerusalem ​បាន​តេស្ត​រក​ឃើញ​ថា ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ​កាលពី​អំឡុង​រដូវក្តៅ​កន្លង​ទៅ ​ពេល​ដែល​ករណី​ឆ្លង​បាន​កើន​ឡើង​ទូទាំង​ប្រទេស​ ហើយ​លោក​បានជាសះស្បើយ។ ​

អាហ្រ្វិក​ខាង​ត្បូង

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​លោក​ Nosiviwe Mapisa-Nqakula ​និង​រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​រ៉ែ​ និង​ថាមពល​លោក ​Gwede Mantashe ​និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក ​Thulas Nxesi ​បាន​ឆ្លង​ជំងឺ​កូវីដ១៩ ​ពេលករណី​ជំងឺ​នេះ​កើនឡើង​កាលពី​ខែ​មិថុនា ​និង​កក្កដា​កន្លង​ទៅ​នេះ។​

ស៊ូដង់​ខាង​ត្បូង​

អនុ​ប្រធានាធិបតី​ស៊ូដង់​ខាង​ត្បូង​លោក ​Riek Machar ​និង​សមាជិក​នៃ​គណៈ​រដ្ឋមន្ត្រី​មួយ​ចំនួន​ផ្សេង​ទៀត ​បាន​ឆ្លង​ជំងឺ​កូវីដ១៩។ ​

ហ្គាំប៊ី​

កាលពី​ខែ​កក្កដា​កន្លង​ទៅ​ អនុ​ប្រធានាធិបតី​ហ្គាំប៊ី​អ្នកស្រី​ Isatou Touray ​និង​រដ្ឋមន្ត្រី​ក្រសួង​ហរិញ្ញវត្ថ​ ក្រសួង​ថាមពល​ និង​ក្រសួង​កសិកម្ម បាន​ឆ្លង​ជំងឺ​កូវីដ១៩។​

ហ្គីណេប៊ីសូ​

កាលពី​ខែ​មេសា ​នាយក​រដ្ឋមន្ត្រី​ហ្គីណេប៊ីសូ​លោក​ Nuno Gomes Nabiam ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់ និងអ្នកនាង ទែន សុខស្រីនិត

XS
SM
MD
LG