ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សកម្មភាព​ជា​ច្រើន​របស់​​​លោក Trump ធ្វើ​ឲ្យ​​លំបាក​ស្វែង​រក​ដាន​នៃ​ការ​ឆ្លង​​ជំងឺ​កូវីដ១៩ ​


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងអ្នកស្រីចៅក្រម Amy Coney Barrett ឈរលើវេទិកានៅក្នុងឧទ្យានផ្កាកុលាបដោយមានអ្នកចូលរួមអង្គុយក្បែរគ្នា ក្នុងពិធីតែងតាំងអ្នកស្រី Barrett ជាបេក្ខជនចៅក្រមតុលាការកំពូល នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ព្រឹត្តិការណ៍ខ្លះ​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ចូលរួម​កាល​ពី​សប្តាហ៍​មុន ​ទំនង​ជា​ពិធី​ដែល​នាំ​ឲ្យ​ងាយ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ហើយ​ដែល​នេះ​បាន​សន្សល់ទុកនូវ​ដាន​នៃអ្នក​ដែល​បាន​ឆ្លង​យ៉ាង​ច្រើន ហើយ​ដែល​កំពុង​ធ្វើ​ឲ្យ​ពិបាក​កំណត់​ថា ​តើ​អ្នក​ណា​បាន​ចម្លង​អ្នក​ណា។​

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក​ប្រធានាធិបតី បាន​ចូលរួម​ការ​រៃអង្គាស​ប្រាក់​ នៅ​ឯ​សណ្ឋាគារ​របស់​លោក ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោកស្រី Ronna McDaniel ប្រធាន​គណៈកម្មាធិការ​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​ ដែលបាន​ស្ថិត​នៅ​ក្នុង​ពិធី​នោះ បានធ្វើ​តេស្តវិជ្ជមាន​ មានជំងឺ​កូវីដ​១៩។

នៅ​ថ្ងៃ​បន្ទាប់​ សេតវិមាន​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀប​ចំ​ពីធី​សម្រាប់​លោកស្រី​ចៅក្រម Amy Coney Barrett ដែល​ជា​អ្នក​បាន​ទទួលបាន​ការ​តែងតាំង​ពី​លោក Trump ដើម្បី​ជំនួសចៅក្រម​តុលាការ​កំពូល​ Ruth Bader Ginsburg ដែលបានទទួលមរណភាព។

សមាជិក​ព្រឹទ្ធសភា​ពីរនាក់​ ដែលបាន​ចូលរួម​ពិធី​នោះ​គឺ​លោក Thom Tillis នៃរដ្ឋ North Carolina និង​លោក Mike Lee មកពី​រដ្ឋ Utah រួម​ជាមួយ​លោក John Jenkins សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យ Notre Dame បាន​រាយការណ៍​ថា ​ពួក​គេបាន​ឆ្លង​ជំងឺ​កូវីដ​១៩។

នៅ​ឯ​ការជជែក​ដេញដោលរវាង​បេក្ខជន​ប្រធានាធិបតី​ កាល​ពី​ថ្ងៃ​អង្គារ ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio លោកស្រី​ Melania Trump ភរិយា​លោក​ប្រធានាធិបតី និង​កូនរបស់​លោក Trump បាន​អង្គុយ​ក្នុងសាល​ដោយ​មិន​មាន​ការពាក់ម៉ាស់ ទោះ​បី​វេជ្ជបណ្ឌិត​មក​ពី​គ្លីនិក​ក្រុង Cleveland បាន​ឲ្យ​ម៉ាស់​ទៅ​ពួកគេ​ក៏ដោយ។

លោក Bill Stepien នាយក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump បាន​រាយការណ៍​ថា លោកធ្វើ​តេស្ត​ឃើញ​មានជំងឺ​កូវីដ១៩ ក្រោយពីលោក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ Cleveland។

កាល​ពី​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ Minnesota ដើម្បី​ចូល​រួម​ពិធី​រៃអង្គាស​ថវិកាមួយ ដោយ​ត្រូវ​អម​ដំណើរ​ដោយ​ជំនួយការ​កំពូល​ម្នាក់របស់​លោក ​គឺ​អ្នកស្រី Hope Hicks។

អ្នកស្រី Hicks បាន​ធ្លាក់​ខ្លួន​ឈឺពេល​ត្រឡប់​មក​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ ហើយអ្នកស្រី​ក៏​បាន​ធ្វើ​ដំណើរ​ជាមួយ​លោក​ Trump ​នៅ​ក្រុង Cleveland ដែរ។ អ្នកស្រី Hope Hicks ត្រូវ​បាន​រាយការណ៍​ថា​ បានធ្វើ​តេស្ត​ឃើញមាន​កូវីដ១៩ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ គឺ​មួយ​ថ្ងៃ​មុន​ការ​ប្រកាស​របស់​លោក​ Trump និង​ភរិយា​លោក​ ថា ​អ្នក​ទាំង​ពីរ​ក៏ធ្វើ​តេស្ត​វិជ្ជមាន​មាន​វីរុស​នេះ៕

XS
SM
MD
LG