ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា៖ មេដឹកនាំ​ពិភពលោក​មាន​ការ​ព្រួយបារម្ភ​អំពី​វត្តមាន​របស់​លោក Donald Trump ​សម្រាប់​តំណែង​ជា​ប្រធានាធិបតី


មេដឹកនាំ​ពិភពលោក​ថត​រូប​ជា​ក្រុម​នៅ​ថ្ងៃទី​១​នៃ​កិច្ចប្រជុំកំពូល​របស់​មេដឹកនាំ​ពិភពលោក​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ជាង​បំផុត​ទាំង​៧ (G7) នៅ​ក្នុង​​ក្រុង Ise Shima ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​មាន​ប្រសាសន៍​ថា មេដឹកនាំ​ពិភពលោក​មួយ​ចំនួន​ដែល​លោក​បាន​និយាយ​ជាមួយ មាន​ការព្រួយបារម្ភ​អំពី​វត្តមាន​របស់​លោក Donald Trump ដែល​ជា​បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​នៅ​ក្នុង​ឆ្នាំ​២០១៦ ហើយ​លោក​ក៏​បាន​ធ្វើ​ការ​រិះគន់​ធ្ងន់ៗ​ទៅ​លើ​មហាសេដ្ឋី​ដែល​និយាយ​បំផ្លើស​រូប​នេះ​ផង​ដែរ។ ​

ដោយ​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង​ឆ្នេរសមុទ្រ Ise Shima នៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​កិច្ចប្រជុំកំពូល​របស់​មេដឹកនាំ​ពិភពលោក​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ជាង​បំផុត​ទាំង​៧ លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា ពិភពលោក​កំពុង​តែ​ផ្តោត​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង ដោយសារ​តែ​សហរដ្ឋអាមេរិក​គឺ​ស្ថិតនៅ​ក្នុង​ចំណុច​សំខាន់​នៃ​សណ្តាប់ធ្នាប់​ពិភពលោក។

លោក Trump នាំ​មុខ​គេ​នៅ​ក្នុង​ការប្រជែង​ដើម្បី​ទទួល​បាន​ការ​តែងតាំង​ពី​គណបក្ស​សាធារណរដ្ឋ ដោយ​ផ្អែក​លើ​សម្តី​ដ៏​ចម្រូងចម្រាស​របស់​លោក​អំពី​ជន​អន្តោប្រវេសន៍​និយាយ​ភាសា​អេស៉្បាញ​និង​អ្នក​កាន់​សាសនា​ឥស្លាម។ លោកTrump ក៏​បាន​ស្នើ​ឲ្យ​ដក​កម្លាំង​យោធា​អាមេរិក​ពី​ប្រទេស​ជប៉ុន​ និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដែរ ដោយ​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង​នោះ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ពី​កូរ៉េ​ខាង​ជើង​បាន។ ​

លោក​អូបាម៉ា​បាន​និយាយ​ថា បណ្តា​មេដឹកនាំ​ដែល​ជា​ដៃគូ​របស់​លោក​មិន​ច្បាស់​នោះ​ទេ ថា​នឹង​យកចិត្ត​ទុកដាក់​លើ​សម្តី​របស់​លោក Trump ប៉ុណ្ណា ដែល​សម្តី​របស់​លោក Trump បង្ហាញ​ពី​ការ​មិនយល់​ដឹង​ពី​កិច្ចការ​ពិភពលោក ឬ​អាកប្បកិរិយា​កោងកាច ឬ​ជា​ចំណាប់អារម្មណ៍ដើម្បី​ទទួល​បានព័ត៌មាន​បង្ហោះ​លើ​បង្ហាញ​សង្គម tweeter និង​ចុះ​ផ្សាយ​លើកាសែត​ទំព័រ​មុខ។

លោក​ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ថា លោក​និង​មេដឹកនាំ G-7 ដទៃទៀត​បាន​ពិភាក្សា​អំពី​ឧបសគ្គ​ដែល​ប្រឈម​នឹង​សេដ្ឋកិច្ច​សាកលលោក​នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​កិច្ចប្រជុំ​កំពូល​នេះ និង​មធ្យោបាយ​ក្នុង​ការរក្សា​សេដ្ឋកិច្ច​ដែល​បាន​ស្តារ​នៅ​ក្នុង​សហរដ្ឋអាមេរិក​នោះ៕​

XS
SM
MD
LG