ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ហៅ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ពី​តំណែង​ថា​ជា «រដ្ឋប្រហារ»


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលទទួលស្វាគមន៍កងកម្លាំងទ័ពអាកាស នៅរដ្ឋ Virginia កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលទទួលស្វាគមន៍កងកម្លាំងទ័ពអាកាស នៅរដ្ឋ Virginia កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

លោក Pompeo ​បាន​ថ្លែង​ថា​សំណើរ​ទាំង​នោះបង្ក​ឲ្យ​មាន​ ‍«ការ​ព្រួយ​បារម្ភ​ផ្នែក​ផ្លូវ​ច្បាប់​និង​និតិវិធី​យ៉ាង​ធ្ងន់ធ្ងរ‍» ហើយ​បាន​ច្រាន​ចោល​ការ​ព្រមាន​ដែល​ថា ការ​មិន​សហការ នឹង​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​រារាំង​នោះ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump កំពុងរិះគន់​លើ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ពី​តំណែង​ថា​ជា «រដ្ឋប្រហារ» មួយ ស្រប​ពេល​ដែល​ថ្នាក់​ដឹកនាំ​នៃ​គណៈកម្មាធិការ​មួយ​ចំនួន​របស់​រដ្ឋសភា ​ចោទលោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ Mike Pompeo ថា​បាន​រារាំង​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​នៅ​ក្នុង​ការ​ប្រមូល​ព័ត៌មាន និង​សម្ភាសន៍​សាក្សី។

លោក Trump បាន​សរសេរ​នៅ​លើ​បណ្តាញ​ទាក់​ទង​សង្គម Twitter ថា៖ «ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ជា​បន្តបន្ទាប់​រៀង​រាល់​ថ្ងៃ​មក ខ្ញុំ​អាច​សន្និដ្ឋាន​បាន​ថា អ្វី​ដែល​កំពុង​តែ​កើត​ឡើង​គឺ​មិន​មែន​រឿង​ចោទ​ប្រកាន់​ទម្លាក់​ខ្ញុំ​ពី​តំណែង​ទេ។ វា​ជា​ការ​ធ្វើ​រដ្ឋប្រហារ​មួយ ដែល​មាន​បំណង​ដក​អំណាច​របស់​ប្រជាពលរដ្ឋ ដក​សំឡេង​ឆ្នោត​របស់​ពួកគេ ដក​សេរីភាព​របស់​ពួកគេ ដក​សិទ្ធិ​កាន់​កាំភ្លើង​របស់​ពួកគេ ដែល​មាន​ចែង​ក្នុង​វិសោធនកម្ម​រដ្ឋធម្មនុញ្​ទី​ពីរ ដក​យក​សាសនា យោធា ជញ្ជាំង​ព្រំដែន និង​សិទ្ធិ​ដែល​ព្រះ​ប្រទាន​ឲ្យ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​នាម​ជា​ពលរដ្ឋ​របស់​សហរដ្ឋ​អាមេរិក!»។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​សំឡេង​ភាគ​ច្រើន​នៃ​រដ្ឋសភា​សរអា​កំពុង​បន្ត​ការ​ស៊ើប​អង្កេត​ដើម្បី​រក​មើល​ថា​តើ​ពួកគេ​មាន​មូលហេតុ​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​តាម​ផ្លូវការ ​ក្រោម​អំណាច​របស់​ពួកគេ​ដែល​បាន​ចែង​ក្នុង​ធម្មនុញ្ញ​បាន​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។ រដ្ឋធម្មនុញ្ញ​សរអា​ចែង​ថា​សភា​អាច​ដក​មន្ត្រី​ណា​ដែល​ពាក់​ព័ន្ធ​ក្នុង «ទោស​ក្បត់ជាតិ ទទួល​សំណូក ឬ ឧក្រិដ្ឋកម្ម​និង​បទ​ល្មើស​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត។

នៅ​ថ្ងៃ​ពុធ​នេះ អគ្គ​អធិការកិច្ច​នៃ​ក្រសួង​ការ​បរទេសសរអា គ្រោង​នឹង​ជួប​ជាមួយ​បុគ្គលិក​មកពី​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ការ​ចាយវាយ​របស់​រដ្ឋាភិបាល គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​កិច្ចការ​ទូទៅ​របស់​រដ្ឋាភិបាល គណៈកម្មាធិការ​កិច្ចការ​បរទេស និង​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា និង​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា​អំពី​ឯកសារ​ដែល​សមាជិក​សភា​ស្នើ​សុំ​សម្រាប់​ការ​ស៊ើប​អង្កេត​លើ​ការ​សន្ទនា​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​រវាង​លោក Trump និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky។

គណៈកម្មាធិការ​ត្រួត​ពិនិត្យ​កិច្ចការ​សម្ងាត់ គណកម្មាធិការ​ត្រួត​ពិនិត្យ​ការ​ចាយវាយ​របស់​រដ្ឋាភិបាល គណកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស បាន​ស្នើ​ឲ្យ​អតីត​ឯក​អគ្គ​រដ្ឋទូតសរអា ប្រចាំ​ប្រទេស​អ៊ុយក្រែន លោកស្រី Marie Yonanovitch ផ្តល់​សក្ខីកម្ម នៅ​ថ្ងៃ​ពុធ​នេះ ប៉ុន្តែ​ជំនួប​នេះ ត្រូវ​បាន​ពន្យា​ពេល​រហូត​ដល់​សប្តាហ៍​ក្រោយ​វិញ។ អតីត​ប្រេសិត​ពិសេស​របស់​សរអា ទៅ​កាន់​ប្រទេស​អ៊ុយក្រែន លោក Kurt Volker ត្រូវ​គេ​រំពឹង​ថា​នឹង​ថ្លែង​ទៅ​កាន់​គណកម្មការធិការ​សភា​ទាំង​ឡាយ នៅ​ថ្ងៃ​ព្រហស្សតិ៍​ស្អែក​នេះ។

លោក Trump បាន​និយាយ​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ​នៅ​ក្នុង​ការ​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Zelensky។ អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​បាន​ដាក់​ពាក្យ​បណ្តឹង​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា លោក Trump មាន​បំណង​ស្វែង​រក​ការ​ជ្រៀតជ្រែក​របស់​បរទេស​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០២០ ខាង​មុខ​នេះ ដោយ​បាន​ស្នើ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ស៊ើប​អង្កេត​លើ​លោក Joe Biden ​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

កាលពី​ថ្ងៃ​អង្គារ លោករដ្ឋមន្ត្រី​ការ​បរទេស​សរអា Mike Pompeo បាន​ផ្ញើរ​លិខិត​មួយ​ច្បាប់​ ទៅ​កាន់​ប្រធាន​គណកម្មាធិការ​រដ្ឋសភា ទទួលបន្ទុក​កិច្ចការ​ការ​បរទេស គឺលោក​ Eliot Engel ដោយ​និយាយ​ថា សំណើរសុំ​ឯកសារ​ របស់​ក្រសួង​ការបរទេស និង ការ​កោះ​ហៅ​ឲ្យ​មន្ត្រី​ក្រសួង​ការ​បរទេស​ ដែល​កំពុង​កាន់​តំណែង និង​ដែល​បានចេញ​ពី​ក្រសួង​ហើយ​ ធ្វើការ​ផ្តល់​សក្ខីកម្ម​នោះ «អាច​ចាត់​ទុក​ថា​គ្មាន​អ្វី​ក្រៅ​ពី​ការ​ប្រឹង​ប្រែង​មួយ​ដើម្បី​បំភិត​បំភ័យ រករឿង និង ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​លើ​បុគ្គលិក​ក្រសួង​តែ​ប៉ុណ្ណោះ។

លោក Pompeo ​បាន​ថ្លែង​ថា​សំណើរ​ទាំង​នោះបង្ក​ឲ្យ​មាន​ ‍«ការ​ព្រួយ​បារម្ភ​ផ្នែក​ផ្លូវ​ច្បាប់​និង​និតិវិធី​យ៉ាង​ធ្ងន់ធ្ងរ‍» ហើយ​បាន​ច្រាន​ចោល​ការ​ព្រមាន​ដែល​ថា ការ​មិន​សហការ នឹង​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​រារាំង​នោះ។

លោក Engel និង​ប្រធាន​គណកម្មាធិការ​ត្រួត​ពិនិត្យ​ការ​ចាយវាយ​របស់​រដ្ឋាភិបាល លោក Elijah Cummings និង​ប្រធាន​គណកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​សម្ងាត់ លោក Adam Schiff បាន​ឆ្លើយ​តប​ ដោយ​ចង្អុល​របាយការណ៍​ទាំង​ឡាយ ដែល​ថា​លោករដ្ឋ​មន្ត្រី​ការ​បរទេស​ Pompeo បាន​ស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Trump និង លោក Zelenskiy ដូច្នេះ​គឺ​មាន​ន័យ​ថា លោក​មាន​ទំនាស់​ផល​ប្រយោជន៍​មួយ យ៉ាង​ជាក់​ស្តែង ហើយ​លោក «មិនគួរ​ធ្វើ​សេចក្តី​សម្រេច​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សក្ខីកម្ម ឬ ការ​ផ្តល់​ឯកសារ​ ដើម្បី​ការពារ​ខ្លួន​លោក ឬ ការពារ​លោក​ប្រធានាធិបតី​ទេ‍»។

​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក Pompeo បាន​ទទួល​ស្តាល់​ថា លោកពិត​ជា​បាន​ចូល​រួម​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ត្រាំ​និង​ប្រធានាធិបតី​អ៊ុយក្រែន ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេតលោក​ប្រធានាធិបតី​ត្រាំ​នោះ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ នៅ​ក្នុង​សន្និសិទ​សារព័ត៌មាន​មួយ នៅ​ក្នុង​ទីក្រុង Rome ប្រទេស​អ៊ីតាលី ដោយ​មិន​ផ្តល់​សេចក្តី​ពិស្តារ​អំពី​ពាក្យ​សម្តី​ នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ រវាង​លោក​ប្រធានាធិបតី Trump និង លោក​ប្រធានាធិបតី Volodymir Zelenskiy នៃ​ប្រទេស​អ៊ុយក្រែន​ទេ៕

ប្រែសម្រួលដោយលោក ប៉ូច រាសី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG