ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani រួមជាមួយអនុប្រធានាធិបតីនិងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរបស់លោក បានឡើងជិះយន្តហោះចាកចេញពីប្រទេសកាលពីថ្ងៃអាទិត្យ ដែលបានអនុញ្ញាតឲ្យពួកបះបោរតាលីបង់ឡើងកាន់អំណាចវិញនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ក្នុងរយៈពេល២០ឆ្នាំបន្ទាប់ពីការទន្ទ្រានខាងយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបណ្តេញពួកគេចេញពីអំណាច។
មិនមានការអត្ថាធិប្បាយពីលោកប្រធានាធិបតី Ghani ឬរដ្ឋបាលរបស់លោកនៅក្នុងរដ្ឋធានីកាប៊ុលទេ។ នៅក្នុងសារថតសំឡេងមួយកាលពីថ្ងៃសៅរ៍ លោក Ghani បានថ្លែងទៅកាន់ប្រទេសជាតិថា លោកបានពិគ្រោះយោបល់ទាំងជាមួយសហគមន៍ជាតិនិងអន្តរជាតិសំខាន់ៗស្តីពីស្ថានភាពបច្ចុប្បន្នដែលលោកបានហៅថា «សង្គ្រាមដែលត្រូវគេបង្ខិតបង្ខំ»។
អនុប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Amrullah Saleh ដែលត្រូវបានគេរាយការណ៍ថា បានអមដំណើរលោកប្រធានាធិបតី Ghani និងមន្ត្រីផ្សេងទៀតចាកចេញពីប្រទេស បានបញ្ជូនសារតាម Twitter ដែលបានសន្យាថា មិនចុះចាញ់ក្រុមតាលីបង់ទេ ក៏ប៉ុន្តែ លោកមិនបានឆ្លើយតបសារដែលបានរាយការណ៍ថា លោកបានចាកចេញពីប្រទេសនោះទេ។
រដ្ឋមន្ត្រីការពារជាតិអាហ្វហ្កានីស្ថានលោកBismillah Mohammadi បានត្អូញត្អែរនៅលើសារ Twitter ដែលទំនងសំដៅដល់លោកប្រធានាធិបតី Ghani និងសហការីរបស់លោកថា ពួកគេ «យល់ព្រមចុះចាញ់ដោយងាយស្រួលនិងលក់មាតុភូមិ អាមនុស្សចង្រៃ និងក្រុមរបស់វា»។
ក្រុមតាលីបង់បានដណ្តើមកាន់កាប់តំបន់ភាគច្រើននៅក្នុងប្រទេសអាហ្វហ្កានីស្ថានក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ ហើយបានទៅផ្នែកសំខាន់នានានៃរដ្ឋធានីកាប៊ុលកាលពីថ្ងៃសៅរ៍។
ប្រភពនានាដែលបានដឹងពីព្រឹត្តិការណ៍នេះដោយផ្ទាល់បានប្រាប់វីអូអេថា កាលពីព្រឹកថ្ងៃអាទិត្យ គណៈប្រតិភូតាលីបង់មួយក្រុមបានចូលរួមក្នុងការចរចាជាមួយពួកមេដឹកនាំក្រុមជីហាតអាហ្វហ្កានីស្ថាន ពួកអ្នកនយោបាយ និងចាស់ព្រឹទ្ធាចារ្យនានា ដែលទាមទារឲ្យលោកប្រធានាធិបតី Ghani ចុះចេញពីតំណែង។
ក្រុមតាលីបង់បានរក្សាការចរចាដែលថា ពួកគេនឹងមិនទាក់ទងលោក Ghani នៅក្នុងការផ្ទេរអំណាចណាទេ ដោយនិយាយថា លោកមិនមែនជាប្រធានាធិបតីស្របច្បាប់ទេ។
គេមិនទាន់ដឹងថា តើនរណាបានទាក់ទិននៅក្នុងការចរចានោះទេ ក៏ប៉ុន្តែ លោក Abdullah Abdullah ដែលបានមើលការចរចាសន្តិភាពផ្ទៃក្នុងនៅអាហ្វហ្កានីស្ថានដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកជាមួយក្រុមតាលីបង់ គឺស្ថិតក្នុងចំណោមក្រុមអ្នកចរចាកាលពីថ្ងៃអាទិត្យនោះ។
ប្រភពនានាបានប្រាប់ VOA ថា នៅក្រោមកិច្ចព្រមព្រៀងដែលបានធ្វើឡើងនោះ គណៈប្រតិភូរបស់មេដឹកនាំអាហ្វហ្កានីស្ថាន រួមមានលោក Abdullah ផងនឹងធ្វើដំណើរទៅកាន់ប្រទេសកាតាជាទីកន្លែងដែល «ការផ្ទេរអំណាចទៅឲ្យក្រុមតាលីបង់» នឹងធ្វើឡើងជាផ្លូវការ។
អ្នកនាំពាក្យក្រុមតាលីបង់លោក Suhail Shaheen ដែលតំណាងឲ្យការិយាល័យនយោបាយរបស់ក្រុមនោះនៅរាជធានីដូហានៃប្រទេសកាតា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកអ្នកប្រយុទ្ធបះបោរបានទទួលបញ្ជាដោយផ្ទាល់មិនឲ្យប៉ះពាល់ជនណាម្នាក់ឬវាយប្រហារទ្រព្យសម្បត្តិរដ្ឋាភិបាលនិងឯកជនក្នុងអំឡុងនៃការរុលទៅមុខរបស់កងទ័ពនោះទេ។
លោក Shaheen បាននិយាយទៀតថា៖ «ជនណាម្នាក់ដែលបានរកឃើញថាមានកំហុសនឹងត្រូវកាត់ទោសនិងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីក្រុមតាលីបង់»។ លោកបានទទូចថា ក្រុមអ៊ីស្លាមនេះបានរក្សាការតាំងចិត្តរបស់ខ្លួនកាលពីដំបូងថា ខ្លួនចង់បាន«ការផ្ទេរអំណាចដោយសន្តិវិធី» ដោយបានស្តីបន្ទោសរដ្ឋាភិបាលរបស់លោក Ghani ថា «បានជំរុញឲ្យមានជម្រើសសង្គ្រាម»។
អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បានបញ្ជាក់នៅលើសារតាម Twitter កាលពីរសៀលថ្ងៃអាទិត្យថា ពួកអ្នកប្រយុទ្ធរបស់ក្រុមតាលីបង់បានចូលដល់កន្លែងសំខាន់ៗនៅក្នុងរដ្ឋធានីកាប៊ុលដើម្បីរារាំងភាពច្របូកច្របល់និងការលួចយកឥវ៉ាន់ បន្ទាប់ពីកងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថានបានបោះបង់ចោលទីតាំងសំខាន់ៗទាំងនោះ៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន