ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ក្នុង​ការ​ពិភាក្សា​ពីមេរោគ​កូរ៉ូណា​នៅ​ចុង​សប្តាហ៍​នេះ ​អាល្លឺម៉ង់​ពិចារណា​បិទ​ប្រទេស​របស់​ខ្លួន


លោក​ស្រី អធិការបតី​អាល្លឺម៉ង់ Angela Merkel ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន អំពី​វីរុស​កូរ៉ូណា នៅ​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​១១​ មីនា ២០២០។
លោក​ស្រី អធិការបតី​អាល្លឺម៉ង់ Angela Merkel ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន អំពី​វីរុស​កូរ៉ូណា នៅ​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​១១​ មីនា ២០២០។

ពលរដ្ឋ​អាល្លឺម៉ង់​អាច​ប្រឈម​ការ​បិទ​ប្រទេស​ទាំង​មូល​ដើម្បី​បញ្ឈប់​ការរាល​ដាល​នៃ​មេរោគ​កូរ៉ូណា ប្រសិន​បើ​ពួក​គេ​មិន​បាន​គោរព​បទ​បញ្ជា​ឲ្យ​ស្ថិត​នៅ​ក្នុង​ផ្ទះ​នៅ​ចុងសប្តាហ៍​នេះ​ទេ។ នេះ​បើ​តាម​ពួក​មន្រ្តី​កាល​ពី​ថ្ងៃ​សុក្រ។

លោកស្រី​ Helga Braun​ នាយ​ខុទ្ទកាល័យ​របស់​លោកស្រី​អធិការបរតី​ Angela Merkel បាន​ប្រាប់​ទស្សនាវដ្តី ​Spiegel​ ថា៖ «យើង នឹង​ពិនិត្យ​មើល​ឥរិយាបថ​របស់​ពលរដ្ឋ​នៅ​ចុង​សប្តាហ៍​នេះ។ នៅ​ថ្ងៃសៅរ៍​ស្អែក​នេះ​ គឺ​ជា​ថ្ងៃ​ផ្តាច់​ព្រាត់»។

ប្រទេស​អាល្លឺម៉ង់​បាន​ចេញ​វិធានការ​ដ៏​ធំ​មួយ​ដើម្បី​រឹត​ត្បិត​សកម្មភាព​សាធារណៈ​ក្នុង​ការ​ប្រឈម​ការ​រាល​ដាល​សាកល​នៃ​មេរោគ​កូរ៉ូណា ​ក៏ប៉ុន្តែ ​បាន​បញ្ឈប់​ភ្លាមៗ​ការ​បិទ​ជិត​ក្នុង​ទ្រង់​ទ្រាយ​ធំ​ដូច​នៅ​ក្នុង​ប្រទេស​បារាំង​ អ៊ីតាលី​និង​អេស៉្បាញ។

លោក​ស្រី​អធិការបតី Merkel​ត្រូវ​គេ​រំពឹង​នឹង​ជួប​នាយក​រដ្ឋមន្រ្តី​ក្នុង​តំបន់​ដើម្បី​ពិភាក្សា​ការ​បិទ​ប្រទេស​នៅ​ថ្ងៃ​អាទិត្យ​នេះ​ នៅ​ពេល​ដែល​មាន​ការ​ព្រួយ​កង្វល់​កាន់​តែ​ខ្លាំង​ឡើង​ថា សាធារណជន មិន​បាន​ស្តាប់​ការ​អំពាវ​នាវ​របស់​រដ្ឋាភិបាល​ឲ្យ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ផ្ទះ​ក្នុង​ពេល​មាន​វិបត្តិ​នេះ។

លោកស្រី​ Braun ​បាន​និយាយ​ថា៖ «យើង​សង្ឃឹម​ថា ពលរដ្ឋ​យល់​ពី​វិធានការ​នៅ​ពេល​ បច្ចុប្បន្ន​នេះ​ហើយ​ប្រុង​ប្រៀប​កាត់​បន្ថយ​ជីវភាព​សង្គម។ ប្រសិន​បើ​ យើង​ក្រឡេក​មើល​ប្រទេស​ជិត​ខាង ការណ៍​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​បិទ​ប្រទេស នឹង​ក្លាយ​ជា​បន្ទុក​យ៉ាង​ធំ​បំផុត»។

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ លោកស្រី​បាន​ព្រមាន​ថា វិធានការ​តឹង​តែង​កាន់​តែ​ច្រើន​ទៀត​នឹង​ត្រូវ​ដាក់​ចេញ ប្រសិន​បើ​ពលរដ្ឋ​បន្ត​ជួប​គ្នា​ក្នុង​កន្លែង​សាធារណៈ។

រង្គសាល ក្លឹប មជ្ឈមណ្ឌល​កំសាន្ត​និង​ហាង​លក់​ដូរ​មិន​សំខាន់ បាន​បិទ​ទ្វារ​រួច​ហើយ។

រដ្ឋ​ជា​ច្រើន បាន​ហាម​ឃាត់​ការ​ជួប​ជុំ​គ្នា​ដែល​មាន​មនុស្ស​ច្រើន​ ហើយ​លោក​ស្រី​អធិការបតី ​Merkel​ និង​មេដឹកនាំ​ផ្សេង​ទៀត​បាន​អំពាវ​នាវ​សាធារណ​ជន​ឲ្យ​ស្ថិត​នៅ​ផ្ទះ។

ទោះ​ជាយ៉ាង​នេៈ​ក៏​ដោយ មនុស្ស​ជា​ច្រើន​កំពុង​បន្ត​ជួប​គ្នា​នៅ​តាម​ផ្លូវ​ ដោយ​មាន​ការ​រៀប​ចំ​ពិធី​ជប់​លៀង ដែល​បណ្តាល​ឲ្យ​នាយក​រដ្ឋ​មន្រ្តី​តាម​រដ្ឋ​ព្រមាន​ថា​ ការ​បិទ​ប្រទេស​ នឹង​ក្លាយ​ជា​វិធានការ​ថ្មី​បន្ទាប់។

លោក ​infried Kretschmann នាយក​រដ្ឋ​មន្រ្តី​រដ្ឋ Baden-Wuerttemberg ភាគ​និរតី​អាល្លឺម៉ង់ ​បាន​និយាយ​ថា៖ «ប្រសិន​បើ​ ពលរដ្ឋ​គ្រប់​រូប មិន​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ខ្លួន​ទេ យើង​នឹង​មិន​អាច​បញ្ចៀស​វិធានការ​និង​ការ​ដាក់​ទណ្ឌកម្ម​តឹង​តែង​នោះ​ទេ»៕

XS
SM
MD
LG