មេដឹកនាំប្រទេសអាឡឺម៉ង់និងបារាំងនឹងអញ្ជើញទៅដល់ក្រុងមូស្គូនៅថ្ងៃសុក្រនេះ ដើម្បីបង្ហាញផែនការសន្តិភាពថ្មីមួយ សម្រាប់បញ្ចប់ការវាយប្រយុទ្ធគ្នាដែលកើនច្រើនឡើងនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើតនៅជិតព្រំដែនប្រទេសរុស្ស៊ី។
លោកស្រីអធិការបតីប្រទេសអាឡឺម៉ង់ Angela Merkel និងលោកប្រធានាធិបតីប្រទេសបារាំង Francois Hollande នឹងបង្ហាញសេចក្តីស្នើរបស់ប្រទេសទាំងពីរដល់លោកប្រធានាធិបតីប្រទេស រុស្ស៊ី Vladimir Putin នៅថ្ងៃសុក្រនេះ មួយថ្ងៃក្រោយកិច្ចប្រជុំនៅក្រុងកៀវ (Kyiv) ជាមួយលោកប្រធានាធិបតីប្រទេស អ៊ុយក្រែន Petro Poroshenko ដែលបស្ចឹមប្រទេសជាអ្នកគាំទ្រ។
កិច្ចប្រជុំនេះបានបិទទ្វារសម្រាប់បណ្តាញផ្សាយព័ត៌មាន តែលោក Poroshenko បានថ្លែងថា ផែនការនេះបាន«លើកកម្ពស់សេចក្តីសង្ឃឹម»ចំពោះបទឈប់បាញ់គ្នាមួយ៕