ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​កំពុង​ពិនិត្យ​មើល​​​ជំនួយ​ខាង​យោ​ធា​​ឲ្យ​កង​កម្លាំង​អ៊ុយ​ក្រែន


មេ​ដឹក​នាំ​នៃ​ក្រុម​ឧទ្ទាម​ផ្តាច់​ខ្លួន​​ដែល​ហៅ​ខ្លួន​​ឯង​ថា សាធារណៈ​រដ្ឋ​ប្រជាមានិត​ Donetsk លោក Alexander Zakharchenko (កណ្តាល) ចាក​ចេញ​បន្ទាប់​សម័យ​ប្រជុំ​លើក​ដំបូង​នៃ​សភា​ក្នុង​តំបន់​នៅ​ក្នុង​ក្រុង Donetsk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
មេ​ដឹក​នាំ​នៃ​ក្រុម​ឧទ្ទាម​ផ្តាច់​ខ្លួន​​ដែល​ហៅ​ខ្លួន​​ឯង​ថា សាធារណៈ​រដ្ឋ​ប្រជាមានិត​ Donetsk លោក Alexander Zakharchenko (កណ្តាល) ចាក​ចេញ​បន្ទាប់​សម័យ​ប្រជុំ​លើក​ដំបូង​នៃ​សភា​ក្នុង​តំបន់​នៅ​ក្នុង​ក្រុង Donetsk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

កាសែត​នាំមុខ​មួយ​របស់​សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ពិចារណា​ជំហរ​របស់​ខ្លួន​លើ​ការផ្តល់​អាវុធ​និង​ឧបករណ៍​សម្រាប់​ការពារ​ប្រទេស​ដល់​រដ្ឋាភិបាល​ទីក្រុង​គាវ (Kyiv)។

កាសែត The New York Times ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ខណៈ​ពេល​ដែលលោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា ​មិន​បាន​ធ្វើ​សេចក្តី​សម្រេច​អំពី​ការផ្គត់​ផ្គង់​ជំនួយ​អាវុធ​ទៅ​កង​កម្លាំង​សន្តិសុខ​អ៊ុយក្រែន​ ​រដ្ឋបាល​របស់​លោក​កំពុង​ពិនិត្យ​មើល​ពី​បញ្ហា​នៃ​ជំនួយ​ខាង​យោ​ធា​នេះ។

កាសែត​នោះ​បាន​រាយការណ៍​ទៀត​ថា ​មន្រ្តី​ដែល​មិន​ប្រាប់​អត្តសញ្ញាណ​និយាយ​ថា ​លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry លោក​ឧត្តមសេនីយ៍​ Martin Dempsey​នាយកអគ្គសេនាធិការ​កង​ទ័ព​សហរដ្ឋ​អាមេរិក និង​លោកស្រី Susan Rice ​ទី​ប្រឹក្សា​សន្តិសុខជាតិរបស់​លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​បើក​ចំហ​ការពិភាក្សាថ្មី​អំពី​ការផ្តល់​ជំនួយ​អាវុធ​ដល់​កងទ័ព​ប្រទេស​អ៊ុយក្រែន។

កាសែត The New York Times ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស Chuck Hagel បាន​ផ្តល់​ការគាំទ្រ​រួច​ទៅ​ដោយ​ផ្តល់​អាវុធ​ការពារដល់​កងទ័ព​រដ្ឋាភិបាល​ដែល​ប្រធានាធិបតី​ Petro Poroshenko ​នៃ​ប្រទេស​អ៊ុយក្រែន​បាន​ស្នើ​សុំ​កាល​ពី​ខែ​វិច្ឆិកា។

កាសែត​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឧត្តមសេនីយ៍​ Philip Breedlove មេបញ្ជាការ​យោ​ធា​របស់​អង្គការ​អូតង់ ​ក៏​បាន​គាំទ្រ​ពី​ការ​ផ្តល់​ជំនួយ​ខាង​យោ​ធា​ដល់​ប្រទេស​អ៊ុយក្រែន​ផង​ដែរ។

កាសែត The New York Times ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា សេចក្តី​រាយការណ៍​ឯករាជ្យ​មួយ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃច័ន្ទ​នេះ​ដោយ​អតីត​មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​៨​នាក់ ដែល​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិកបញ្ជូន​អាវុធ​និង​ឧបករណ៍​កាពារ​ប្រទេសដែល​តម្លៃ​ទឹក​ប្រាក់​៣​ពាន់​លាន​ដុល្លា​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន កំពុង​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដ៏​ក្តៅ​គគុក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន។

​កាល​ពី​ខែ​ធ្នូ ​លោក​អូបាម៉ា​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីព្រាង​ច្បាប់​មួយ​ដែល​អនុញ្ញាតិ​ឲ្យ​ផ្តល់​ជំនួយ​ខាង​អាវុធ​និង​ឧបករណ៍​យោ​ធា​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៣៥០​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​ទីក្រុង​គាវ៕

XS
SM
MD
LG