ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ទូត​អាល្លឺម៉ង់​បញ្ចប់​បេសកកម្ម​​ការ​ទូត​ដោយ​​បារម្ភ​ពី​​ស្ថានភាព​នយោបាយ​កម្ពុជា


រូប​ឯកសារ៖ លោក Joachim von Marschall ឯកអគ្គរដ្ឋទូត​ប្រទេស​អាល្លឺម៉ង់​​ថ្លែង​ក្នុង​​​ពិធី​សម្ពោធ​បូជនីយដ្ឋាន​មួយ​នៅ​សារមន្ទីរ​ទួលស្លែង​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៥។ (រូបថត​ផ្តល់​ឲ្យ​ដោយស្ថានទូត​អាល្លឺម៉ង់)
រូប​ឯកសារ៖ លោក Joachim von Marschall ឯកអគ្គរដ្ឋទូត​ប្រទេស​អាល្លឺម៉ង់​​ថ្លែង​ក្នុង​​​ពិធី​សម្ពោធ​បូជនីយដ្ឋាន​មួយ​នៅ​សារមន្ទីរ​ទួលស្លែង​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៥។ (រូបថត​ផ្តល់​ឲ្យ​ដោយស្ថានទូត​អាល្លឺម៉ង់)

លោក Joachim von Marschall ​​ថ្លែង​ថា បរិយាកាស​នយោបាយ​​និង​សង្គម​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈ​បែកបាក់​ខ្លាំង ដែល​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ព្រឹត្តិការណ៍​ការ​សម្លាប់​សកម្មជន​ដូច​ជា​លោក កែម ឡី​ នា​ពេល​ថ្មីៗ​នេះ​ជា​ដើម។

លោក Joachim von Marschall អតីត​ឯក​អគ្គរដ្ឋទូតប្រទេស​អាល្លឺម៉ង បាន​បញ្ចប់​បេសកកម្មការ​ទូត​នៅ​កម្ពុជា​កាល​ពី​ដើម​សប្តាហ៍​មុន ដោយ​មាន​ទស្សនវិស័យអាប់អួរ​អំពី​ស្ថានភាព​នយោបាយ​ សេដ្ឋកិច្ច និង​កិច្ច​ប្រឹងប្រែង​កំណែទម្រង់​នៅ​កម្ពុជា​ នៅ​មុន​ការ​បោះឆ្នោត​ខាង​មុខ។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ VOA កាល​ពី​សប្តាហ៍​មុន នៅ​មុន​ពេល​ចាក​ចេញ​ពី​កម្ពុជា​។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​អតីត​ឯក​រដ្ឋទូត​អាល្លឺម៉ង់​រូប​នេះ​ បាន​ចាប់​ផ្តើម​បេសកកម្ម​ការ​ទូត​នៅ​កម្ពុជា​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៣ គឺ​នៅ​ក្នុង​អំឡុង​ស្ថានភាព​នយោបាយ​រញ៉េរញ៉ៃ​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ ​ជា​ប្រវត្តិសាស្ត្រ​មួយ​ ដែល​គណបក្ស​ប្រឆាំង​បាន​កើន​ប្រជាប្រិយភាព។ លោក​បាន​បញ្ចប់​អាណត្តិ​ការ​ទូត​នៅក្នុង​បរិបទ​ភ្លាមៗ​ក្រោយ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​សង្គម​លោក កែម ឡី។

ក្នុង​អំឡុង​ពេល​៣​ឆ្នាំ​នៃ​អាណត្តិ​ការ​ទូតនេះ លោក Joachim von Marschall អតីត​ឯកអគ្គរដ្ឋ​ទូត​អាល្លឺមង់ បាន​ជួប​ទាំងការ​ឡើង​កម្តៅ​និង​ចុះ​កម្តៅ​ក្នុង​នយោបាយ​កម្ពុជា មាន​រួម​ទាំងកិច្ចប្រឹងប្រែង​«វប្បធម៌‍​សន្ទនា‍»​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​ និង​ការ​បង្ក្រាប​កាន់​តែ​ខ្លាំង​លើ​សង្គម​ស៊ីវិល។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​តាម​ទូរស័ព្ទ​ជាមួយ​លោក​ សឹង សុផាត នៃ VOA កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​អាណត្តិ​ការ​ទូត​របស់​លោក ​អតីត​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​រូប​នេះថ្លែង​ថា បរិយាកាស​នយោបាយនិង​សង្គម​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈ​បែកបាក់​ខ្លាំង ដែល​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ព្រឹត្តិការណ៍​ការ​សម្លាប់​សកម្មជន​ដូច​ជា​លោក កែម ឡី​ នា​ពេល​ថ្មីៗ​នេះ​ជា​ដើម។

រូប​ឯកសារ៖ លោក Joachim von Marschall ឯកអគ្គរដ្ឋទូត​ប្រទេស​អាល្លឺម៉ង់​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខាមួយ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយស្ថានទូត​អាល្លឺម៉ង់)
រូប​ឯកសារ៖ លោក Joachim von Marschall ឯកអគ្គរដ្ឋទូត​ប្រទេស​អាល្លឺម៉ង់​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខាមួយ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយស្ថានទូត​អាល្លឺម៉ង់)

ចំពោះ​វិស័យ​សេដ្ឋកិច្ច លោកថា ថ្វី​បើ​កម្ពុជា​បាន​ចូល​ក្នុង​ចំណាត់​ថ្នាក់​ប្រទេស​មាន​ចំណូលមធ្យម​កម្រិត​ទាប​ក្តី (lower middle-income country) ក៏​កិច្ច​ប្រឹងប្រែង​កំណែទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជានា​ពេល​កន្លង​មកនៅ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​គម្លាត​ទ្រព្យ​សម្បត្តិ​ដ៏​ធំ​រវាង​អ្នក​មាន​និង​អ្នកក្រ​ដែល​ត្រូវ​បានបង្ហាញ​ជា​ថ្មី​ទៀត​នៅ​ក្នុង​របាយការណ៍​អង្គការ​ Global Witness នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

លោក​អតីត​ឯកអគ្គរដ្ឋទូត Joachim von Marschall បាន​អំពាវនាវ​ឲ្យ​មាន​ការ​សន្ទនា​ខាង​នយោបាយ ប៉ុន្តែ​និយាយ​ថា​គេ​មិន​គួរ​មាន​ការ​រំពឹង​ទុកអ្វី​អំពី​ការ​ផ្លាស់​ប្តូរនយោបាយ​កម្ពុជា​ឲ្យ​ហួស​ពី​«លទ្ធភាព​ជាក់ស្តែង‍»​នោះ​ទេ ដោយ​លោក​អះអាង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​នៅ​កាន់​អំណាច​ជា​ដាច់​ខាត។

យ៉ាង​នេះ​ក្តី អ្នក​ការ​ទូត​ទើប​ចប់​អាណត្តិ​រូប​នេះមាន​សុទិដ្ឋិនិយម​ថា​ ការ​ផ្លាស់​ប្តូរ​នឹង​មាន​ជា​ដាច់​ខាត ​ក្នុង​រយៈ​យូរ​ទៅ​មុខ ដែល​ការ​ផ្លាស់​ប្តូរ​នេះ​នឹង​ត្រូវ​ជំរុញ​ដោយ​យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា​ដែល​មាន​ការ​ទាមទារ​និង​ការ​រំពឹង​ទុក​ក្នុង​ជីវិត​ច្រើន​ជាង​មុន។ សូម​ស្តាប់​បទ​សម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៖

XS
SM
MD
LG