ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​វិភាគ​​វ័យ​ក្មេងប្ដេជ្ញា​បន្ត​បេសកកម្ម​របស់​លោក​បណ្ឌិត​ កែម ឡី


រូបឯកសារ៖ លោក កែម ឡី អ្នក​វិភាគ​ខាង​សង្គម និង​នយោបាយ​ដ៏​លេចធ្លោម្នាក់ ញញឹម ខណៈពេល​ដែល​លោក​បាន​ចូលរួម​ពិធីបុណ្យ​រំឭក​ខួប​៦៧ឆ្នាំ​ដែល​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​កាន់កាប់ នៅ​ជ្រោយចង្វារ ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក កែម ឡី អ្នក​វិភាគ​ខាង​សង្គម និង​នយោបាយ​ដ៏​លេចធ្លោម្នាក់ ញញឹម ខណៈពេល​ដែល​លោក​បាន​ចូលរួម​ពិធីបុណ្យ​រំឭក​ខួប​៦៧ឆ្នាំ​ដែល​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​កាន់កាប់ នៅ​ជ្រោយចង្វារ ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០១៦។

លោក ហង្ស វិទូ ប្រធាន​ក្រុម​អ្នក​វិភាគ​​វ័យក្មេង​នេះ បាន​ថ្លែង​ប្រាប់​ VOA កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៧ ខែ​កក្កដា​នេះ​ថា ក្រុម​របស់​លោក​ដែល​មាន​សមាជិក​ជា​អ្នកវិភាគ​វ័យ​ក្មេង​ជាង​១០​នាក់​ នៅ​តែ​មាន​ឆន្ទៈ​បន្ត​វេន​ពី​លោក​បណ្ឌិត​ កែម ឡី។

អ្នក​វិភាគ​ឯករាជ្យ​វ័យក្មេង​មួយ​ក្រុម ដែល​ធ្លាប់​ទទួល​ការ​បណ្ដុះ​បណ្ដាលពី​សំណាក់​លោក​បណ្ឌិត កែម ឡី បាន​ប្ដេជ្ញា​ថា ពួកគេ​នឹង​បន្ត​បេសកកម្ម​របស់​លោក​ កែម ឡី​ តទៅទៀត ទោះបីជា​ពួកគេ​និយាយ​ថា ការងារ​ជា​អ្នក​វិភាគ​បែប​នេះ​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់ ដែល​ពេលខ្លះ​រហូត​ដល់​អាច​បាត់បង់​ជីវិត​ដូច​លោក កែម ឡី ​ក៏​ដោយ។

ការ​លើក​ឡើង​នេះ​បាន​ធ្វើឡើង​មួយ​សប្ដាហ៍​ក្រោយ​ពី​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ នៅ​ក្នុង​ហាង​លក់​ទំនិញ​មួយ​កន្លែង​របស់​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ Caltex នៅក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែកក្កដា​កន្លង​ទៅ​នេះ។

លោក ហង្ស វិទូ ប្រធាន​ក្រុម​អ្នក​វិភាគវ័យក្មេង​នេះ បាន​ថ្លែង​ប្រាប់​ VOA កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៧ ខែ​កក្កដា​នេះ​ថា ក្រុម​របស់​លោក​ដែល​មាន​សមាជិក​ជា​អ្នកវិភាគ​វ័យ​ក្មេង​ជាង​១០​នាក់​ នៅ​តែ​មាន​ឆន្ទៈ​បន្ត​វេន​ពី​លោក​បណ្ឌិត​ កែម ឡី។

«‍យើង​បន្ត​ហ្នឹង​ គឺ​ថា​យើង​បន្ត​បេសកកម្ម​ក្នុង​ការ​វិភាគ។ ទោះ​បី​ជា​អត់​ពី​លោក​បណ្ឌិត​ កែម ឡី​ ទៅ ក៏​យើង​នៅ​តែ​បន្ត​ឡើង​វិភាគ ដោយ​យើង​នៅ​តែ​និយាយ​ពាក្យ​ពិត ដោយ​យើង​អត់​មាន​ភ័យខ្លាច​អី​ទេ។ យើង​ឃើញ​នរណា​ខុស យើង​ថា​ខុស។ យើង​ឃើញ​នរណា​ត្រូវ​ យើង​ថា​ត្រូវ​ មិនមែន​គេ​សម្លាប់​ប៉ុណ្ណឹង​អាច​បំបិទ​មាត់​យើង​បាន​ទេ»។

លោក កែម ឡី គឺ​ជា​អ្នក​វិភាគ​បញ្ហា​សង្គម ​និង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ល្បី​ល្បាញ ដោយ​សារ​ការ​វិភាគ​ត្រង់ៗ និង​ចំៗ​ទៅលើ​បញ្ហា​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស ដោយ​មិន​ខ្លាច​រអា ទោះបីជា​ការ​វិភាគ​របស់​លោក​ពេល​ខ្លះ​ប៉ះ​ចំ​លើ​បុគ្គល​ផ្ទាល់​ ឬ​ផល​ប្រយោជន៍​របស់​អ្នកមាន​អំណាច​ ឬមាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល​ គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ។

មុន​ពេល​លោក​ត្រូវ​បាន​ធ្វើ​ឃាត លោក​ កែម ឡី បាន​បើក​យុទ្ធនាការ​ស្រាវជ្រាវ​ដើម្បី​ចងក្រង​ឯកសារ​មួយ​ឈុត ដែល​លោក​ហៅ​ថា «‍យុទ្ធនាការ​១០០រាត្រី» ដោយ​គ្រោង​ធ្វើ​ដំណើរ​ទៅ​តាម​តំបន់​ជនបទ​ជាច្រើន​ទូទាំង​ប្រទេស​ ដើម្បី​ជួប​ជាមួយ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ផ្ទាល់ និង​គ្រោង​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អឺរ៉ុប​ផង​ដែរ​ក្នុង​យុទ្ធនាការ​ស្រាវជ្រាវ​របស់​លោក។

ប៉ុន្តែ នៅ​ពេល​យុទ្ធនាការ​របស់​លោក​បាន​ចាប់​ផ្ដើម​មិន​ទាន់​បាន​ពាក់​កណ្ដាល​ផ្លូវ​ផង លោក​ក៏​ត្រូវ​បាន​បាញ់​ស្លាប់​យ៉ាង​សាហាវ​ព្រៃផ្សៃ។ នេះ​បើ​យោង​តាម​ប្រភពម្នាក់​ដែល​ស្និត​នឹង​រូប​លោក កែម ឡី។

មុន​ពេល​លោក​ត្រូវ​បាន​ធ្វើ​ឃាត លោក​ កែម ឡី ក៏​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​របាយការណ៍​ចុងក្រោយ​បំផុត​មួយ​របស់​អង្គការ​ Global Witness​ ដែល​មាន​ចំណងជើង​ថា «Hostile Takeover» ដែល​រៀបរាប់​ពី​បណ្ដាញ​នៃ​ក្រុមហ៊ុន​រកស៊ី​ចំនួន​ជាង​១០០​ក្រុម​ហ៊ុន​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នក​វិភាគ​ម្នាក់​ដែល​ធ្លាប់​ធ្វើការ​វិភាគ​ជាមួយ​លោក​បណ្ឌិត កែម ឡី បាន​លើកឡើង​ថា ការ​បាញ់សម្លាប់​លោក កែម ឡី អាច​បណ្ដាល​មក​ពី​ការ​វិភាគ​ចំៗ និង​ត្រង់ៗ​របស់​លោក កែម ឡី ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អ្នកមាន​អំណាច​ណា​ម្នាក់ ឬ​ក៏​ធ្វើ​ឲ្យ​«ជន​ទី៣ ដែល​អាច​នៅ​ក្នុង​ស្រុក​ ឬ​នៅ​ប្រទេស​ជិតខាង» ខឹង​សម្បារ​ និង​ក្ដៅ​ក្រហាយ​ចំពោះ​ការ​និយាយ​ចំៗ​របស់​លោក​ កែម ឡី។

លោក ហង្ស វិទូ ប្រធាន​ក្រុម​អ្នក​វិភាគ​ឯករាជ្យ​វ័យក្មេង បាន​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រុម​របស់​លោក​បាន​ប្ដេជ្ញា​ថា នឹង​បន្ត​បេសកកម្ម​ស្រាវជ្រាវ​ និង​ចងក្រង​ឯកសារ ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម​ ដូច​លោក​បណ្ឌិត​ កែម ឡី បាន​ធ្វើ​កន្លង​មក​តទៅ​ទៀត។

«ដោយ​សារ​ឥឡូវ យើង​នៅ​មាន​បញ្ហា​ខាង​ផ្នែក​ថវិកា​ អញ្ចឹង​ដូច​ជា​ការ​ទៅ​អឺរ៉ុប​នេះ​ យើង​គិត​ថា​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ប៉ុន្តែ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​កោះ​ទាំង​៦២ ដែល​នៅ​ជាប់​ព្រំដែន​យួន ព្រំដែន​សៀម​ហ្នឹង យើង​គិត​ថា បើ​យើង​មាន​សមត្ថភាព យើង​នឹង​នៅ​តែ​បន្ត​ធ្វើ ដើម្បី​ឲ្យ​កូន​ខ្មែរ​យើង​មាន​ឯកសារ​គ្រប់គ្រាន់​អំពី​កោះ​ទាំងឡាយ​ហ្នឹង ដែល​វា​ងាយ​រងគ្រោះ​ពី​ការ​ឈ្លាន​ពាន​ពី​បរទេស​ហ្នឹង»។

លោក​ ហង្ស វិទូ ថ្លែង​បន្ត​ថា សមាជិក​នៃ​ក្រុម​វិភាគ​របស់​លោក ដែល​សុទ្ធតែ​ជា​យុវជន​អាយុ​ក្រោម​៣០​ឆ្នាំ សុទ្ធ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​បន្តវេន​ពី​លោក​បណ្ឌិត កែម ឡី​ ដើម្បី​ឈាន​ទៅ​សម្រេច​បេសកកម្ម​របស់​លោក៕

XS
SM
MD
LG