ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​​​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ក្នុង​នោះ​មាន​ពល​ករ​ដែល​ទើប​ត្រឡប់​ពី​ក្រៅ​ប្រទេស


រូបឯកសារ៖ អ្នក​ចូលរួម​បោះឆ្នោត​រក​មើល​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជីឈ្មោះ​ ​មុនពេល​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​សង្កាត់ស្ទឹង​មានជ័យ​​ក្រុងភ្នំពេញ​ កាល​ពីថ្ងៃ​ទី០៤ ​ខែមិថុនា​ ឆ្នាំ​២០១៧។​ (នៅ វណ្ណារិន/វីអូអេ)
រូបឯកសារ៖ អ្នក​ចូលរួម​បោះឆ្នោត​រក​មើល​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជីឈ្មោះ​ ​មុនពេល​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​សង្កាត់ស្ទឹង​មានជ័យ​​ក្រុងភ្នំពេញ​ កាល​ពីថ្ងៃ​ទី០៤ ​ខែមិថុនា​ ឆ្នាំ​២០១៧។​ (នៅ វណ្ណារិន/វីអូអេ)

ខណៈ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខិត​ជិត​មក​ដល់ មន្រ្តី​ដែល​ធ្វើ​ការ​លើ​ផ្នែក​សង្កេត​ការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​មក​ពីក្រៅ​ប្រទេស ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​អាច​ចូល​រួម​បោះ​ឆ្នោត​ក្នុង​ការ​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ឃុំសង្កាត់​នៅទូទាំង​ប្រទេស​នាឆ្នាំ២០២២​ខាងមុខ។

គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)​នឹង​ចាប់​ផ្តើម​យុទ្ធនា​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២១ ដែល​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០​២១ នៅ​តាម​សាលា​ឃុំ​សង្កាត់ និង​នៅ​តាម​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​សង្កាត់​ទូទាំង​ប្រទេស។ បើ​តាម​គ.ជ.ប ប្រជា​ពល​រដ្ឋ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ មាន​ប្រមាណ​១០​លាន​៥​សែន​នាក់ ហើយ​ក្នុង​នោះ​ចំនួន​ប៉ាន់​ស្មាន​មិន​ទាន់​បាន​ចុះ​ឈ្មោះ មានប្រមាណ​១​លាន​៤​សែន​នាក់ ដែល​ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ បន្ថែម​ពី​នេះ ប្រជាពលរដ្ឋ​ដែលទើប​គ្រប់​អាយុ​១៨​ឆ្នាំ មាន​ប្រមាណ​១៨​ម៉ឺន​នាក់ ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

អង្គ​ការ​សង្គម​ស៊ីវិល​ដែល​តាម​ដាន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោតទៅ​ចុះ​ឈ្មោះ​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​អាច​ប្រើ​ប្រាស់​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​មេ​ដឹក​នាំ​ដែល​ខ្លួន​ពេញ​ចិត្ត។

លោក កន សាវាង្ស មន្រ្តី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គ​ការ​ខុម​ហ្វ្រេល(Comfrel) ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗនេះ​ថា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មិន​មែន​ជា​កាតព្វ​កិច្ច​របស់​ពល​រដ្ឋ ដែល​រដ្ឋ​តម្រូវ​ត្រូវ​តែ​ចុះ​ឈ្មោះ​នោះ​ទេ ប៉ុន្តែ​លោក​ថា​វា​គឺ​ជា​សិទ្ធិ​នៃ​ការសម្រេច​ចិត្ត​របស់​ពល​រដ្ឋ​ម្នាក់​ៗ​។ លោក​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ទោះ​បី​ជា​ពេល​នេះ ពួក​គេ​មួយ​ចំនួន​មិន​ទាន់សម្លឹង​ឃើញ​គណ​បក្ស​ណា​មួយ​ដែល​ខ្លួន​ពេ​ញ​ចិត្ត​ក៏​ដោយ។

លោក​ថ្លែង​ថា៖ «រឿង​នេះ គឺ​ជា​រឿង​សំខាន់​ណាស់ គឺ​ថា​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​បំពេញ​សិទ្ធិ​របស់​គាត់​(ជា​មុន)​សិន(ដែល​នេះ​)​មិន​មែន​ជា​កាតព្វ​កិច្ច​ទេ គឺ​ជា​សិទ្ធិ​។ មាន​ន័យ​ថា​គាត់​ត្រូវ​តែ​ឲ្យ​មាន​ឈ្មោះ​របស់​គាត់​ឲ្យ​ប្រាកដ​ថា​ឈ្មោះ​របស់​គាត់​ត្រឹម​ត្រូវ ហើយ​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​រួច​រាល់​នៅ​ក្នុងអំឡុង​ពេលហ្នឹង។ ហើយ​ចាំ​ពេល​ដល់ខាង​មុខ ការ​ប្រើ​សិទ្ធិ និង​ការ​សម្រេច​ចិត្តយ៉ាង​ណា​(គឺ)បែប​ហ្នឹង​អាស្រ័យ​ទៅ​លើ​កា​រ​វិនិច្ឆយ ឬ​ការ​យល់​ឃើញ​ជាក់​ស្តែង​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ»។

លោក កន សាវាង្ស ឲ្យ​ដឹង​ថា​ប្រសិន​បើ​ប្រជាពល​រដ្ឋ​មិន​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោ​តនោះទេ គឺ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​នឹង​បាត់​បង់​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត។

លោក​ថ្លែង​ថា៖ «មិន​អាច​មាន​អ្វី​លើក​ឡើង​ថា​ខ្ញុំ​មិន​ពេញ​ចិត្ត ឬ​ក៏​ខ្ញុំ​បាត់​គណ​បក្ស​នយោ​បាយ​ខ្ញុំ ឬ(ការ​បោះ​ឆ្នោត)​មិន​ប្រក្រតី ឬ​ក៏​មិន​ល្អ​(លើក​ឡើង​បែប​នេះ​)ម៉េច​បាន បើ​យើង​អត់​បាន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ផង​(ហើយ)​យើង​អត់​បាន​សម្តែង​នូវ​ចំណុច​ណា​មួយ​ថា​យើង​ពេញ​ចិត្ត​ ឬ​មិន​ពេញ​ចិត្ត​ផង​ហ្នឹង​»​។

មន្រ្តី​សង្កេត​ការណ៍​បោះ​ឆ្នោត​រូប​នោះ ក៏​ជំរុញ​ឲ្យ​ស្ថាប័ន​គ.ជ.ប គួរ​តែ​រៀប​ចំ និង​សម្រួល​ក្នុង​ការ​ធ្វើលិខិត​ស្នាម​សម្រាប់ប្រជាពល​រដ្ឋឲ្យ​មាន​លក្ខណៈ​ងាយ​ស្រួល ដើម្បី​កុំឲ្យ​មាន​ភាព​ស្មុគ​ស្មាញ និង​ជួបបញ្ហា​ប្រឈម​នា​នា។ លោក​បន្ត​ថា​រដ្ឋាភិ​បាល​គួរ​តែ​សិក្សា​ពី​ការចុះ​ឈ្មោះ​ប្រជា​ពលរដ្ឋ​ដោយស្វ័យ​ប្រវត្តិ នៅ​ពេល​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត ដើម្បីសម្រួល​ភាព​ងាយ​ស្រួល​ដល់​ពួកគេ និងមិន​ចាំបាច់ចំណាយ​ពេល​ក្នុង​ការ​ទៅចុះ​ឈ្មោះ​បោះ​ឆ្នោត ដោយអាជ្ញាធរ​មូលដ្ឋាន​គ្រាន់​តែ​យក​លិខិត​ស្នាមទៅ​ឲ្យ​សាមី​ខ្លួន ឬ​អាណា​ព្យាបាល​សម្រាប់​ទៅបោះ​ឆ្នោត​បានតែ​ម្តង។

កាល​ពី​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​ឆ្នាំ​២០១៨ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ទៅ​បោះ​ឆ្នោត​នោះ​ទេ ដោយ​សារ​អវត្ត​មាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​គណ​បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ អាច​ចូល​រួម​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ឬ​យ៉ាង​ណា។ នៅ​ក្នុង​ដំណាក់​កាល​នៃ​ជំងឺ​កូវីដ​១៩​នេះ ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ជា​ពិសេស​នៅ​ប្រទេស​ថៃ ក៏​បាន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ហើយ​មិន​អាច​ត្រឡប់​ទៅ​វិញ​បាន​នៅ​ពេល​នេះ។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​នៃ​អង្គការ​និក​ហ្វិច(Necfic)​ដែល​ធ្វើ​ការ​លើ​ការ​បោះ​ឆ្នោត​ដែរ បាន​លើក​ទឹក​ចិត្តឲ្យ​ប្រជាពល​រដ្ឋ​ទៅ​ចុះ​ឈ្មោះ​ឲ្យ​បាន​គ្រប់​គ្នា​ផង​ដែរ។ លោក​បន្ត​ថា​រដ្ឋា​ភិបាល​គួរ​តែ​ផ្សព្វ​ផ្សាយ និង​លើក​ទឹក​ចិត្ត​ប្រជា​ពល​រដ្ឋ​ទៅ​ចុះ​ឈ្មោះ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ជា​ពិសេស​ពលករ​ដែល​ទើប​ចូល​មក​ប្រទេស​កម្ពុជា​វិញ និង​អ្នកដែល​រស់​នៅ​តំបន់​ដាច់​ស្រយាល។ លោក​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​គិត​គូរ​អំពី​ប្រព័ន្ធ​ចុះ​ឈ្មោះ​ចល័ត​សម្រាប់​ពល​រដ្ឋ​ទូទៅ មិន​ថា​អ្នក​រស់​នៅ​ក្នុង​ប្រទេស​ ឬ​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត។

លោក​ថ្លែង​ថា៖ «ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​មិន​ទាន់​បា​ន​ទៅ​ចុះ​ឈ្មោះ​ (គឺ)​ឲ្យ​គាត់ទៅ​ចុះ​ឈ្មោះ ទោះ​បី​ជា​គាត់​មិន​ទាន់​សម្លឹង​ឃើញ​គណ​បក្សណា​ក៏​ដោយ​ ប៉ុន្តែ​ជំហានទី​មួយ​ រយៈ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត វា​មាន​ថ្ងៃ​កំណត់​គេ(បើ​)​ហួស​ថ្ងៃ​(កំណត់​ហើយ​គាត់)​ចង់​ទៅ​ចុះ​ឈ្មោះ គឺ​គេ​អត់​ចុះ​ឈ្មោះ​ឲ្យ​ទៀត​ទេ​។ គាត់​ត្រូវ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​(​ជា​មុន)​សិន (ទើប​)​គាត់​នឹងធ្វើ​ការ​សម្រេច​ចិត្ត​តាម​ក្រោយ​ទៀត​ថា​គណ​បក្ស​ណា​ដែល​គាត់​ពេញ​ចិត្ត​ដូច​ខ្ញុំ​ជម្រាប​ជូន​អញ្ចឹង»។

របាយ​ការណ៍​របស់​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ខែ​សីហា ឲ្យ​ដឹង​ថា​មាន​ពលករ​ទេសន្តរ​ប្រវេសន៍ ឬពលករ​ចំណាក​ស្រុក​ជាង​២២៥,០០០​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៥៦% បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ពី​ប្រទេស​ជិត​ខាង​មក​កម្ពុជា​វិញ ចាប់​តាំង​ពី​ការ​រាត​ត្បាត​ជា​សា​កល​នៃ​ជំងឺ​កូវីដ​១៩។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពីលោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​របស់​គ.ជ.ប និង​លោក ឌឹម​ សុវណ្ណ​រុំ អ្នក​នាំពាក្យ​ម្នាក់​ទៀត​បាន​នៅ​ឡើយ​ទេ។

លោក អ៊ូ ចន្ទ​រ័ត្ន អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ហើយ​បាន​បង្កើត​គណបក្ស​នយោ​បាយ ​«កែ​ទម្រង់​កម្ពុជា» ថ្លែង​ថា​លោក​ចង់​ឃើញ​ការ​ពន្យារ​ពេល​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដើម្បី​ឲ្យពល​រដ្ឋ​គ្រប់​គ្នា និង​ពលករ​មក​ពី​ក្រៅ​ប្រទេស​ មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការទៅចុះ​ឈ្មោះ​បោះ​ឆ្នោត ដោយ​សារពេល​នេះ​ប្រជា​ពល​រដ្ឋ​កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច និង​មិន​បាន​គិត​គូរ​អំពី​ការ​បោះ​ឆ្នោត​នោះ​ទេ។

លោក​ប្រាប់​វីអូអេ​ថា៖ «ការ​បោះ​ឆ្នោត​នេះ​អាច​នឹង​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ទូទៅ​ទេ ដោយ​សារ​មា​ន​អ្នក​(ខ្លះ)​ទៅ​ចុះ​ឈ្មោះ អ្នក​(ខ្លះ)​មិន​ទៅ​ចុះ​ឈ្មោះ​ មាន​អ្នក​មិន​ខ្វល់​បែប​ហ្នឹង​។ ហើយ​អ្វី​ដែល​ច្បាស់ គណ​បក្សកាន់​អំណាច​ដែល​មាន​សមា​ជិកក្នុង​ដៃ ​ដែល​គ្រប់​គ្រង​បាន​តឹង​រ៉ឹងតាំងពី​ថ្នាក់​មូល​ដ្ឋាន​ ថ្នាក់​ភូមិ​ឃុំ។ សមា​ជិក​របស់​គាត់​ច្បាស់​ជា​ទៅ​នឹង​ទៅ​មើល​ចុះ​ឈ្មោះ ទៅ​មើល​ឈ្មោះ ទៅ​បោះ​ឆ្នោត។ ហើយ​បើខ្ញុំ​គិត​ បើ​យល់​ល្អ​គួរ​តែ​ពន្យារ​ពេល​នៃ​ការ​បោះ​ឆ្នោត»។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០១៧ សំឡេង​ឆ្នោត​គាំទ្រ​ខុស​គ្នា​ប្រមាណ​៤​សែន​៨​ម៉ឺន​សំឡេង ដែល​កាល​នោះ គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ប្រមាណ​៣​លាន​៥​សែន ហើយ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ទទួល​បាន​ប្រមាណ​៣​លាន​សំឡេង។

អ្នក​វិភាគ​នយោបាយ​ លោក​ សេង សារី ប្រាប់​វីអូអេ​ថា​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​កុំ​ឲ្យ​មាន​ការគំរាម​កំហែង​ពី​អាជ្ញាធរ​ ថា​គាត់​មាន​និន្នាការ​គណបក្ស​ប្រឆាំង ឬគណ​បក្ស​ផ្សេង​ណា​មួយ។ លោក​បន្តថា​ប្រសិន​បើ​មិន​មាន​វត្ត​មាន​គណ​បក្ស​ប្រឆាំង​ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល​គណបក្ស​កាន់​អំណាច​ទេ នោះ​ការប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត គឺ​មិន​មាន​តម្លា​ភាព​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ទោះ​បី​ជា​មាន​ការ​ចុះ​ឈ្មោះបោះ​ឆ្នោត​ច្រើន ទៅ​តាម​អ្វី​ដែល​ជា​ការ​គ្រោង​ទុក​ ឬរំពឹង​ទុក​របស់​គ.ជ.ប​ក៏ដោយ​ ប៉ុន្តែ​វា​អត់​បញ្ជាក់​ថា​ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន​បង្ហាញ​ពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​មាន​តម្លាភាព​ យុត្តិធម៌ ប្រជា​ធិប​តេយ្យ​ទេ»។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​គ.ជ.ប ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​កញ្ញា លក្ខខណ្ឌ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​យុទ្ធនា​ការ​ថ្មី​នេះ គឺ​សម្រាប់​ប្រជា​ពល​រដ្ឋខ្មែរ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ ហើយ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន​មក​ និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង ដែល​កើត​មុន ឬ​កើត​ត្រឹម​ថ្ងៃ​ទី៦​ ខែ​មិថុនា​ ឆ្នាំ​២០០៤ និងប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​លំនៅ​ឋាន ​ឬ​ទី​សំណាក់​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី​ ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោតនៅ​តាម​ឃុំ សង្កាត់ដែល​សាមី​ខ្លួន​កំពុង​រស់​នៅ ឬ​ស្នាក់​អាស្រ័យ​នៅ៕

XS
SM
MD
LG