ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពលម្អៀង​ផ្នែក​យេនឌ័រ​ដើរ​តួនាទី​នៅ​ក្នុង​ការ​យល់​ឃើញ​របស់​សាធារណជន​ចំពោះ​បេក្ខភាព​​ស្ត្រី​​​ក្នុង​ការ​ប្រជែង​​បោះឆ្នោត​ឆ្នាំ​២០១៦


លោក​ស្រី ​Hillary ​Clinton ​បេក្ខជនប្រធានាធិបតី​​ខាងគណបក្ស​ប្រជាធិបតេយ្យ។
លោក​ស្រី ​Hillary ​Clinton ​បេក្ខជនប្រធានាធិបតី​​ខាងគណបក្ស​ប្រជាធិបតេយ្យ។

នេះ​ជា​លើក​ដំបូង​ហើយ​​ដែល​​គណបក្ស​ធំ​មួយ​បាន​ជ្រើស​តាំង​ស្ត្រី​មួយ​រូប​គឺ លោក​ស្រី ​Hillary ​Clinton ​នៃ​គណបក្ស​ប្រជាធិបតេយ្យ ជា​បេក្ខជន​ប្រធានាធិបតី​របស់​ខ្លួន។

យុទ្ធនាការ​ឃោសនា​បោះឆ្នោតនៅសហរដ្ឋ​អាមេរិកនៅ​ឆ្នាំ​២០១៦នេះ​ មាន​ភាពមិន​ប្រក្រតី​លើ​ផ្នែក​ជា​ច្រើន ​ប៉ុន្តែ​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ មាន​លក្ខណៈ​ជា​ប្រវត្តិសាស្រ្ត។ នេះ​ជា​លើក​ដំបូង​ហើយដែលគណបក្ស​ធំ​មួយ​បាន​ជ្រើស​តាំង​ស្ត្រី​មួយ​រូប​គឺ លោក​ស្រី ​Hillary ​Clinton ​នៃ​គណបក្ស​ប្រជាធិបតេយ្យ ជា​បេក្ខជន​ប្រធានាធិបតី​របស់​ខ្លួន។ ប៉ុន្តែ​តើអ្វី​ទៅ​ដែល​បាន​អូស​បន្លាយ​ពេល​យ៉ាង​យូរ​ដើម្បី​សម្រេច​បាន​ការ​តែងតាំង​ដូច​នេះ ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ឈាន​មុខ​គេ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​លើក​កម្ពស់​ការ​ពង្រឹង​សិទ្ធិ​អំណាច​របស់​ស្ត្រី និង​ការ​អភិវឌ្ឍ​នៅ​ជុំវិញ​ពិភពលោក? ហើយ​តើ​ការ​ប៉ាន់ស្មាន​លើ​តួនាទី​របស់​ស្ត្រី​ជះ​ឥទ្ធិពល​យ៉ាងណា​ទៅ​លើ​ការ​ឆ្លើយ​តប​របស់​សាធារណជន​ចំពោះ​បេក្ខជន​ប្រធានាធិបតី​ជា​ស្រ្តី?

ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ស្រី​គ្លីនតុន បាន​និយាយ​ថា ​ការ​រិះគន់​លើ​លោកស្រីក្នុង​ពេល​កន្លង​មក​ ជា​ញឹកញាប់ ​មាន​បង្កប់​ភាព​លម្អៀងផ្នែក​យេនឌ័រ។ លោកស្រី​ Michele ​Swers ​សាស្រ្តាចារ្យ​ផ្នែកការ​សិក្សា​អំពី​រដ្ឋាភិបាល​អាមេរិក​នៅ​សាកលវិទ្យាល័យ ​Georgetown​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា ប្រជាជននៅតែ​ផ្សារ​ភ្ជាប់​ភាពរឹងមាំ​និង​គុណភាព​ជា​អ្នក​ដឹកនាំជាមួយ​បុរស។

«ស្ត្រី​ធ្វើ​ដំណើរ​នៅ​ក្នុង​ផ្លូវ​តូច​ចង្អៀត​ជាង​បុរស ដូច្នេះស្ត្រី​ដែល​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ត្រូវ​តែ​បង្ហាញ​ថា ពួកគេ​មាន​ទាំង​គុណសម្បត្តិ​ជា​អ្នកដឹកនាំ​ដូច​បុរស ហើយ​ថែម​ទាំង​មាន​បុគ្គលិក​លក្ខណៈ(ទន់ភ្លន់)​ដែល​គេ​គិត​ថា​ស្ត្រី​ត្រូវ​មាន​ផង​ដែរ»។

លោកស្រី Swers ​និយាយ​ថា លោក​ស្រី​គ្លីនតុន ត្រូវ​បាន​គេ​រិះគន់​ជា​ញឹកញាប់​ថា មិន​យល់​ពី​អារម្មណ៍​អ្នក​ដទៃ និងមាន​ល្បិច​កល។

លោកស្រី​ Sonya ​Michel​ ជា​សាស្រ្តាចារ្យ​មួយ​រូប ដែល​ការ​បង្រៀន​របស់​លោកស្រី​ផ្តោត​ទៅ​លើ​ប្រវត្តិសាស្រ្ត​ស្ត្រី​និង​យេនឌ័រ​នៃ​សាកលវិទ្យាល័យ​ Maryland ​បាន​និយាយ​ថា ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​លោក​ស្រី​ គ្លីនតុន បង្ហាញ​ភាព​ទន់ភ្លន់​របស់​លោកស្រី បែរ​ជា​មានប្រតិកម្ម​ផ្ទុយ​ពី​នោះ​ទៅ​វិញ។

«នៅ​ពេល​ដែល​លោក​ស្រី​កាន់​តែ​ព្យាយាម​ជៀសវាង​ពី​ការ​រិះគន់ទាំង​នោះ (ថា​មោះមុត​ដូច​បុរស​ពេក)​ ​មនុស្ស​ទូទៅ​តែង​ចោទ​សួរថា​ តើ​លោកស្រី​ខ្លាំង​ប៉ុណ្ណា? តើ​លោកស្រីរឹងមាំ​ប៉ុណ្ណា? អ្នក​ដឹង​ទេ​ថា ​តើ​លោកស្រីនឹង​អាច​បំពេញ​តួនាទីនៅ​លើ​ឆាក​អន្តរជាតិដោយ​របៀប​ណា»?

ប៉ុន្តែ​សាស្រ្តាចារ្យ Swers និយាយ​ថា ​ការ​រិះ​គន់​ដែល​លោក​ស្រី ​គ្លីនតុន ទទួល​បាន​គឺ​មិន​ត្រឹម​តែ​ដោយ​សារ​ភាព​លម្អៀង​យេនឌ័រ​តែ​ប៉ុណ្ណោះ​ទេ។

«ខ្ញុំ​គិត​ថា​ ការ​រិះគន់​ដែល​ទាក់ទង​ទៅ​នឹង​សារ​អេឡិចត្រូនិក ​និង​យុទ្ធនាការ​ដើម្បី​ប្រមូល​ការ​បរិច្ចាគ​ឲ្យ​មូលនិធិ​គ្លីនតុន​នោះ គឺ​សម​ស្រប​នៅ​ក្នុង​ន័យ​ដែល​ថា​ ការ​រិះគន់​នោះ​ចោទ​សួរ​ពី​តម្លៃ​ដែល​យើង​ប្រកាន់​ខ្ជាប់ទាក់ទង​នឹង​តម្លាភាព ភាព​ស្មោះត្រង់ និង​បុគ្គលិក​លក្ខណ:​នៃ​ភាព​ជា​អ្នកដឹកនាំ​របស់​យើង»។

ប៉ុន្តែ លោកស្រី​ Swers និយាយ​ថា ​វា​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​ដែល​សំណួរ​ទាំង​នោះ​ពាក់ព័ន្ធ​គ្នា​ទៅ​នឹង​ភាព​លម្អៀង​ផ្នែក​យេនឌ័រ ពីព្រោះ​ថា​ បេក្ខជន​ជា​ស្រ្តី ត្រូវ​បាន​គេ​គិត​ថា ត្រូវ​មាន​ភាព​ស្មោះត្រង់​ជាង ​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​ ​និង​គួរ​ឲ្យ​ចូលចិត្ត​ជាង​បុរស។

អ្នក​ផ្សាយ​ព័ត៌មាន​ជនជាតិ​អេស្ប៉ាញ​អ្នកស្រី Dori Toribio បាន​និយាយ​ថា បន្ថែម​ពី​លើ​នេះ​ទៀត ស្រ្តី​ក៏​ត្រូវ​ត្រៀម​ខ្លួន​ជាង​បុរស​ផង​ដែរ។

«បញ្ហា​សម្រាប់​ស្ត្រី​នៅ​ក្នុង​ឆាក​នយោបាយ​គឺ​ដូច្នេះ​ឯង។ អ្នក​ត្រូវ​តែ​ចាស់​ទុំ ហើយ​តាម​ការ​គិត​របស់​ខ្ញុំ​ អ្នក​ត្រូវ​តែ​ល្អ​ជាង​បុរស​១០​ដង​ ទើប​អ្នក​អាច​ឈាន​ទៅ​ដល់​ចំណុច​នោះ​បាន។ អ្នក​ត្រូវ​តែ​បង្ហាញ​ពីសមត្ថភាព​ខ្លួន​ឯង​ដល់​អ្នក​ដទៃគ្រប់​ពេល​វេលា»។

នៅ​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកាខាង​មុខ ពិភពលោក​នឹង​ដឹង​ហើយ​ថា ​តើ​អ្នក​បោះឆ្នោត​អាមេរិក នឹង​ជ្រើសរើស​ស្ត្រី​ឲ្យធ្វើ​ជា​ប្រធានាធិបតីសហរដ្ឋអាមេរិក​ដែរ​ឬ​ទេ? បើ​ការណ៍​នេះ​កើត​ឡើង វា​នឹង​លុប​បំបាត់​ចោល​នូវ​ឧបសគ្គ​ដ៏​ធំ​បំផុត ដែល​រារាំង​ស្រ្តី៕

ប្រែ​សម្រួល​ដោយ​ ផន ​បុប្ផា

អត្ថបទ​ទាក់ទង

XS
SM
MD
LG