ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​សំខាន់ៗ​ដើម្បី​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​អាមេរិក


លោក​ស្រី​ Clinton បេក្ខជន​ខាង​គណក្ស​ប្រជាធិបតេយ្យ​ នៅ​លើ​ឆាក​ជាមួយ​ Alicia Machado ដែល​​ជា​បវរកញ្ញា​​ Pageant កាល​ពី​ឆ្នាំ១៩៩៦ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្នុង​រដ្ឋ​ Florida កាល​ពី​ថ្ងៃទី​១ ខែ​វិច្ឆិកា។

កាល​ពី​ថ្ងៃ​អង្គារ​ លោក​ស្រី​ Hillary Clinton ​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​លោក​ Donald Trump បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​សាធារណរដ្ឋបាន​ធ្វើ​ការ​ប្រជុំជាមួយ​ក្រុម​អ្នក​គាំទ្ររៀងៗ​ខ្លួន​នៅ​ក្នុង​រដ្ឋ​នានា​ដែល​អស់​លោក​ទាំង​ពីរថា​មាន​សារៈ​សំខាន់​នៅ​ក្នុង​សប្តាហ៍​ចុង​ក្រោយ​បង្អស់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

លោក​ស្រី​ Clinton ​បាន​ឈប់​សំចត​នៅ​ក្នុង​ក្រុង​បី​ក្នុង​រដ្ឋ​ Florida ​ដែល​ជា​កន្លែង​មាន​ថ្ងៃរះ​ចែង​ចាំង​ និង​ជា​កន្លែង​ដែល​មានពួក​អ្នក​ទេសចរ​ទៅ​កម្សាន្ត​ជា​ច្រើន​នៅក្នុង​ផ្នែក​អាគ្នេយ៍​ប្រទេស​អាមេរិក។ រដ្ឋ​នេះ​លោក ​Trump ​បាន​សារភាព​ថា​លោក​ត្រូវ​តែ​ឈ្នះ​ឆ្នោត​ក្នុង​រដ្ឋ​នេះ​ដើម្បី​បាន​កាន់​តំណែង​កំពូល​ក្នុង​សេត​វិមាន​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃអង្គារ​ក្រោយ​នេះ។

ការ​ស្ទង់មតិ​មួយ​ចំនួនកាល​ពី​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា​ លោក​មាន​ការ​គាំទ្រ​មួយ​ភាគ​រយ​លើស​លោក​ស្រី​ ​Clinton នៅ​ក្នុង​រដ្ឋ​ Florida​ ក៏ប៉ុន្តែ​លទ្ធផល​នៅ​ទី​នោះ​នៅ​តែ​មិន​ប្រាកដ​ជា ដែល​ជា​ហេតុ​នាំ​ឱ្យ​បេក្ខជន​ទាំង​ពីរ​នាក់​នេះ​ទៅ​ទស្សនា​ច្រើន​ដង​ក្នុង​រដ្ឋ​នេះ​នៅ​ក្នុង​ប៉ន្មាន​ថ្ងៃ​ចុង​ក្រោយ​នៃការ​ឃោសនា។

កាល​ពីថ្ងៃ​អង្គារ​ លោក​ Trump ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​រដ្ឋ​ពីរ​ដែល​នៅ​ទី​នោះ​ការ​ស្ទង់​មតិ​ច្រើន​ខែ​មក​ហើយ​បាន​បង្ហាញ​ថា​ លោក​ស្រី​ Clinton ​មានការ​គាំទ្រ​ច្រើន​ជាង​លោក​គឺ​រដ្ឋ​ Pennsylvania​ នៅក្នុង​ប៉ែក​ខាង​កើត​ប្រទេស​ និង​រដ្ឋ​ Wisconsin ​នៅ​ក្នុង​តំបន់​កណ្តាល​ខាង​លិច ក្នុង​សេចក្តី​សង្ឃឹម​ថា​ ក្រុម​អ្នក​បោះ​ឆ្នោត​ក្នុង​រដ្ឋ​ទាំង​នេះ​បោះ​ឆ្នោត​ឱ្យ​លោក​បាន​ច្រើន​ជាង​លោកស្រី​ Clinton​ ដើម្បី​ប្រគល់​ឱ្យ​លោក​នូវ​មាគារ​ទៅ​តំណែង​ប្រធានាធិបតី​ នៅ​មុន​លោក​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​រដ្ឋ​ Florida វិញ​នៅ​ថ្ងៃ​ពុធ។

ការ​ស្ទង់​មតិ​នៅ​ទូទាំង​ប្រទេស​នៅ​តែ​បង្ហាញ​ថា ​លោក​ស្រី​ Clinton ​អតីត​រដ្ឋ​មន្ត្រីការ​បរទេស​នាំ​មុខ​លោក​ Trump ​ដែល​ជា​មហា​សេដ្ឋី​អចលន​ទ្រព្យ​ប្រមាណ​ពីពីរ​ទៅ​បួន​ភាគរយ៕

XS
SM
MD
LG