បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton បានថ្លែងសុន្ទរកថាអំពីសេចក្តីប្រកាសរបស់ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI ដែលថាខ្លួនបានរកឃើញអ៊ីមែលថ្មីៗទាក់ទិននឹងការប្រើប្រាស់ប្រព័ន្ធអ៊ីមែលឯកជនក្នុងពេលដែលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ហើយកំពុងតែត្រួតពិនិត្យទៅលើករណីនេះ។
លោកស្រី Clinton បានបង្ហាញខ្លួនកាលពីថ្ងៃសុក្រត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះមុននឹងមានសេចក្តីប្រកាសដោយនាយកទីភ្នាក់ងារ FBI លោក James Comey ដែលបានថ្លែងថាអ៊ីមែលទាំងនោះបានលេចឡើង ក្នុងអំឡុងពេលធ្វើការស៊ើបអង្កេតមួយផ្សេងទៀតដែលអាចធ្វើឲ្យប៉ះពាល់ដល់លោកស្រី Clinton។
លោកស្រី Clinton បានអំពាវនាវឲ្យទីភ្នាក់ងារ FBI បញ្ចេញព័ត៌មានទាំងអស់ដែលមានជាប់ទាក់ទិនជាមួយនឹងការស៊ើបអង្កេតទៅលើការរកឃើញថ្មីនោះ។ លោកស្រីបានថ្លែងថា៖«យើងអំពាវនាវឲ្យទីភ្នាក់ងារ FBI ចេញផ្សាយព័ត៌មានទាំងអស់ដែល FBI មាន។ បើទោះបីជាលោក Comey នាយក FBI បានបង្ហាញថាព័ត៌មានថ្មីទាំងនោះមិនសំខាន់ក៏ដោយ គួរតែបង្ហាញឲ្យឃើញអ៊ីមែលទាំងនោះទៅ»។
លោកស្រីក៏បានថ្លែងថា លោកស្រីមានការជឿជាក់ថាការពិនិត្យពិច័យបន្ថែមនេះនឹងមិនអាចផ្លាស់ប្តូរសេចក្តីសម្រេចរបស់ទីភ្នាក់ងារ FBI ទៅលើករណីរបស់លោកស្រីកាលពីខែកក្កដានោះទេ។ ស្របពេលជាមួយគ្នានេះដែរ លោក Comey បានថ្លែងថា លោកស្រី Clinton ពិតជាធ្វេសប្រហែសខ្លាំងណាស់ ដែលលោកស្រីបានរក្សាអ៊ីមែលរដ្ឋាភិបាលនៅលើប្រព័ន្ធអ៊ីមែលឯកជន ប៉ុន្តែលោកក៏បានថ្លែងទៀតថា មិនមានភស្តុតាងណាមួយដែលថាលោកស្រីបានចែករំលែកព័ត៌មានសម្ងាត់ជាមួយនឹងភាគីមិនស្របច្បាប់ដោយចេតនាហើយព្យាយាមលាក់បាំងនោះគឺគ្មាននោះទេ៕