ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី​ Clinton បន្ត​នាំ​មុខប៉ុន្តែការ​ស៊ើប​អង្កេត​លើ​អ៊ីម៉ែល​របស់​លោក​ស្រី​បន្ថែម​ភាព​មិន​ច្បាស់​លាស់​សម្រាប់​យុទ្ធនាការឃោសនា​បោះឆ្នោត


លោក​ស្រី Hillary Clinton ថ្លែង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​រដ្ឋ​ Ohio កាល​ពី​ថ្ងៃទី​៣១ ខែតុលា។
លោក​ស្រី Hillary Clinton ថ្លែង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​រដ្ឋ​ Ohio កាល​ពី​ថ្ងៃទី​៣១ ខែតុលា។

ការ​ស្ទង់មតិ​ជាតិ​នៅ​ក្នុង​ស.រ.អា.​បង្ហាញ​ថា​ លោកស្រី​ Hillary Clinton​ បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​នាំមុខ​បន្តិច​លើ​លោក Donald Trump ​បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សប្តាហ៍​ចុង​ក្រោយ​បង្អស់​នៃ​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី។

ក៏​ប៉ុន្តែ​ការ​បើក​ធ្វើការ​ស៊ើប​អង្កេត​ជា​ថ្មី​អំពី​អ៊ីម៉ែល​របស់​លោកស្រី Clinton នៅ​ពេល​លោក​ស្រី​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បាន​បន្ថែម​ភាព​មិន​ទៀង​ទាត់​មួយ​ទៅ​ក្នុង​ការ​ខិត​ខំប្រឹង​ប្រែង​របស់​លោក​ស្រី​ ដើម្បី​ឱ្យ​បាន​ទទួល​តំណែង​កំពូល​ក្នុង​សេតវិមាន។

ការ​ស្ទង់មតិ​ជាតិមួយ​ចំនួន​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​ថា ​លោកស្រី​ Clinton នាំ​មុខ​លោក​ Trump ពី​មួយ​ទៅ​បីភាគ​រយ ​ហើយ​បេក្ខជន​ទាំង​ពីរ​នាក់​នេះ​មាន​ការ​គាំទ្រ​ប្រកិតៗ​គ្នា​នៅ​ក្នុង​រដ្ឋមួយ​ចំនួន​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ដែល​នឹង​សម្រេច​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ ដែល​នឹង​ធ្វើ​ឱ្យ​បេក្ខជន​ម្នាក់​ក្នុង​បណ្តា​បេក្ខជន​ទាំង​ពីរ​នាក់​នេះ​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ទី​៤៥ ​របស់​ប្រទេស​អាមេរិក។​ការ​ស្ទង់​មតិ​ឯទៀតៗ​នៅ​តែបង្ហាញ​ថា​លោក​ស្រី​ Clinton​ មាន​ទំនង​ជា​ង​មុន​ថា​នឹង​ទទួល​ជ័យ​ជម្នះ។​

ការ​ឃោសនា​បោះឆ្នោត​ក្នុង​រយៈ​ពេល​យូរ​នេះ​ដែល​មាន​ការ​បត់​បែន​ច្រើន​នាំឱ្យ​ក្រុម​អ្នក​បោះ​ឆ្នោត​មិន​ចូល​ចិត្ត​ជា​មួយ​បេក្ខជន​ទាំង​ពីរ​នាក់​នេះ មាន​ភាពល្អក់​កករ​ថែម​ទៀត​នៅ​ពេល​លោក ​James Comey​ នាយកទីភ្នាក់ងារ​ FBI បាន​ប្រកាស​អំពី​ការ​ស៊ើប​អង្កេត​ថ្មី​មួយ​ដើម្បី​ពិនិត្យ​មើល​អ៊ីម៉ែល​រាប់​ពាន់​ដែល​បាន​ត្រូវ​រក​ឃើញ​នៅ​ក្នុង​កុំព្យូទ័រ​ របស់​ប្តី​នៃសហការី​សំខាន់​ម្នាក់​របស់​លោកស្រី​ Clinton។

ពួក​អ្នកស៊ើប​អង្កេត​បាន​ទទួល​ដីកា​ឆែក​ឆេរ​មួយ​ ហើយ​នៅ​ពេល​នេះ​កំពុង​ខិតខំ​ព្យាយាម​ធ្វើ​ឱ្យ​ដឹង​ថា​តើ​អ៊ីម៉ែល​ទាំង​នេះ​ មាន​ឯកសារ​ខាង​សន្តិសុខ​ជាតិឬ​ទេ​នៅ​ពេល​ដែល​លោកស្រី Clinton ​កាន់​តំណែង​ជា​អ្នក​ការទូត​កំពូល​របស់​ប្រទេសអាមេរិក​ពីឆ្នាំ​២០០៩​ ដល់​ឆ្នាំ២០១៣។​

នៅ​ពេល​ដែល​ពួក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បរិហារ​រិះ​គន់​ការ​បើក​ធ្វើការ​ស៊ើប​អង្កេត​ជា​ថ្មីដោយលោក​ Comey​ នេះ​ លោក​ Trump ​បាន​និយាយ​ប្រាប់​ការ​ប្រជុំ​មហា​ជន​មួយ​នៅក្នុង​រដ្ឋ​ Michigan ថា «វា​ជា​សេចក្តី​ក្លាហាន​ខ្លាំង»​ ដែល​លោក​ Comey ​ពីនិត្យ​មើល​អ៊ីម៉ែល​ របស់​លោកស្រី​ Clinton ជា​ថ្មី។ ​លោក Trump បាន​ថ្លែង​ថា «អ្វី​ដែល​លោក​បាន​ធ្វើ​ជា​ការត្រឹម​ត្រូវ»។

លោក​ស្រី​ Clinton ​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​គាំទ្រ​លោក​ស្រី​ដែល​អបអរសាទរ​ទទួល​លោក​ស្រី​នៅក្នុង​រដ្ឋ​ Ohio ​ថា ​លោក​ស្រី​មាន​ការ​ទុក​ចិត្ត​ថា​ពួក​អ្នក​ស៊ើប​អង្កេត​នឹង​សម្រេច​ការ​សន្មត​ដូច​គ្នា​នៅ​ក្នុងការ​ស៊ើប​អង្កេត​ថ្មី​នេះ​ដូច​ដែល​ពួក​គេ​បាន​សម្រេច​នៅ​ក្នុង​ការពិនិត្យ​កាលពី​ពេលមុន​ដែរ។​ លោកស្រី​បាន​ប្រកាស​ថា​ «គ្មាន​អ្វី​ខុស​ទេ​នៅ​ទីនេះ»៕

XS
SM
MD
LG