ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលនិធិ Gates៖ មនុស្ស​រាប់​ពាន់​លាន​នាក់​ជាប់​ផុង​ក្នុង​វិសមភាព​​


រូបឯកសារ៖ លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft និងសប្បុរសជន
រូបឯកសារ៖ លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft និងសប្បុរសជន

ប្រជាជន​នៅ​តាម​តំបន់​ទាំង​នោះ​ជួប​ប្រទះ​នឹង​បញ្ហា​ជាច្រើន ដូចជា​បញ្ហា​អត្រា​មាន​កូន​ច្រើន​នៅ​ក្នុង​ពិភពលោក បញ្ហា​អត្រា​លូតលាស់​យឺត​របស់​កុមារ និង​មាន​ថ្នាំ​បង្ការ​តិចតួច។ 

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​មូលនិធិ Bill & Melinda Gates ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ​២៣ ខែកញ្ញា ​នេះ បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​រាប់​ពាន់​លាន​នាក់​នៅ​ក្នុង​ពិភពលោក​នេះ​ដែល​ជួប​ប្រទះ​នឹង​ភាព​ក្រីក្រ ដោយសារ​តែ​វិសមភាព។

ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ក្នុង​ពិភពលោក​ សូម្បី​តែ​របស់​ប្រជាជន​ក្រីក្រ​បំផុត​ បាន​ប្រសើរ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០០មក ប៉ុន្តែ​ប្រជាជន​រាប់​ពាន់​លាន​នាក់​កំពុង​ជាប់​ផុង​នៅ​ក្នុង​វិសមភាព​យ៉ាង​ចាក់ស្រេះ។

នេះ​គឺ​ជា​ការ​វាយតម្លៃ​របស់​មូលនិធិ Bill & Melinda Gates នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ទៅ​លើ​វឌ្ឍនភាព​ឆ្ពោះ​ទៅ​កាន់​យន្ដការ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្ដរភាព​ទាំង​១៧​របស់​អង្គការ​សហប្រជាជាតិ ដែល​ប្រទេស​ភាគច្រើន​បាន​សន្យា​ថា​នឹង​ព្យាយាម​សម្រេច​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ​នេះ។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំង​នោះ​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា។ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​លោក Bill Gates។

លោក Bill Gates បាន​ថ្លែង​ប្រាប់ VOA ថា៖ «ទោះ​ជា​យើង​សម្រេចបាន​វឌ្ឍនភាព​ដែល​យើង​សម្រេច​បាន​ក្នុង​ពេល​កន្លង​មក​ក៏​ដោយ ក៏​កុមារ​ជាង​១០%​ក្នុង​ប្រទេស​ជាច្រើនស្លាប់​មុន​អាយុ​៥​ឆ្នាំ។ ចំណែក​ឯ​នៅ​តាម​បណ្ដា​ប្រទេស​ធូរធារ​ជាង​នេះ​វិញ មាន​អត្រា​កុមារ​ស្លាប់​មុន​អាយុ​៥​ឆ្នាំ​ទាប​ជាង​១%។ ដូច្នេះ​គឺ​ថា កុមារ​ស្លាប់​មុន​អាយុ​៥​ឆ្នាំ​មាន​ចំនួន​១០%​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ហើយ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀតមាន​រហូត​ដល់ជិត​១៥%។ នេះ​គឺ​ជា​តួលេខ​ដ៏​ខ្ពស់​ហួសហេតុ​មួយ ហើយ​យើង​គួរ​តែ​ធ្វើ​ការងារឲ្យ​បាន​កាន់​តែ​ល្អ​ជាង​មុន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»។

មហាសេដ្ឋី​វ័យ​៦៣​ឆ្នាំ​រូប​នេះ ដែល​ជា​សហស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា Microsoft និង​ជា​សប្បុរសជន​ផ្នែក​សុខាភិបាល​ម្នាក់ បានផ្ដល់​បទសម្ភាសន៍​ដល់ VOA នៅ​ឯ​ការិយាល័យ​នៃ​មូលនិធិ​របស់​លោក។ បទសម្ភាសន៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មុន​ពេល​ដែល​របាយការណ៍​របស់​មូលនិធិ​លោក​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ស្រប​ពេល​ដែល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ឆ្នាំ​២០១៩​ចាប់​ផ្ដើម​។

របាយការណ៍​ឆ្នាំ​នេះ​ប្រើប្រាស់​ភូមិសាស្ត្រ​និង​យេនឌ័រសម្រាប់​ពិនិត្យ​មើល​ទៅ​លើ​ដំណើរ​វិវត្តន៍ ជាពិសេស​ផ្នែក​សុខភាព​និង​ការ​អប់រំ។

របាយការណ៍​នេះ​បាន​រកឃើញ​ថា «មាន​ការ​ផ្ដោត​យក​ចិត្ត​ទុកដាក់​ខ្លាំង​ជាងមុន​ទៅ​លើ​អត្រា​មរណៈ​របស់​កុមារ​និង​ការ​ទទួល​បាន​កម្រិត​អប់រំ​ទាប នៅ​ក្នុង​តំបន់ Sahel នៃ​ទ្វីប​អាហ្វ្រិក ក៏​ដូចជា​នៅ​តាម​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​ប៉ាគីស្ថាន អាហ្វហ្កានីស្ថាន និង​ប៉ែក​ខាង​ជើង​ប្រទេស​ឥណ្ឌា​ផង​ដែរ»។

ប្រជាជន​នៅ​តាម​តំបន់​ទាំង​នោះ​ជួប​ប្រទះ​នឹង​បញ្ហា​ជាច្រើន ដូចជា​បញ្ហា​អត្រា​មាន​កូន​ច្រើន​នៅ​ក្នុង​ពិភពលោក បញ្ហា​អត្រា​លូតលាស់​យឺត​របស់​កុមារ និង​មាន​ថ្នាំ​បង្ការ​តិចតួច។

ស្ត្រី​ជួប​ប្រទះ​នឹង​បញ្ហា​ទាំង​នេះ​ច្រើន​ជាង​បុរស។ ក្មេងស្រី​តែងតែ​ទទួល​បាន​ការ​អប់រំ​តិច​ជាង​ក្មេង​ប្រុស ហើយ​ក្មេងស្រី​នៅ​តំបន់​ភាគ​ខាងត្បូង​វាល​ខ្សាច់​សាហារ៉ា​ជាមធ្យម​ទទួល​បាន​ការ​អប់រំ​តិច​ជាង​ក្មេង​ប្រុស​ចំនួន​ពីរ​ឆ្នាំ។ ទោះ​បី​ជា​ក្មេង​ស្រី​ទទួល​បាន​ការ​អប់រំ​ល្អ​ក៏​ដោយ ក៏​ពួកគេ​កម្រ​នឹង​ប្រើប្រាស់​ចំណេះដឹង​ទាំង​នោះ​ដើម្បី​ធ្វើ​ការងារ​បាន​ប្រាក់​កម្រៃ​ណាស់។ របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ទូទាំង​ពិភពលោក គម្លាត​រវាង​ស្ត្រី​និង​បុរស​ក្នុង​វិស័យ​ការងារ​ខុស​គ្នា​ចំនួន​២៦%។

ការ​តាម​ដាន​ត្រួតពិនិត្យ​ទៅ​លើ​ដំណើរ​វិវត្តន៍​នេះ​គឺ​ស្រប​គ្នា​ជាមួយ​នឹង​ការ​ប្ដេជ្ញា​របស់​មូលនិធិ Gates ដែល​រួម​មាន​ទាំង​ការ​លើក​កម្ពស់​វិស័យ​សុខាភិបាល​នៅ​ទូទាំង​ពិភពលោក និង​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ដល់​បណ្ដា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប។

ចាប់​តាំង​ពី​មូលនិធិ​នេះ​ចាប់​ផ្ដើម​ដំណើរការ​កាល​ពី​ឆ្នាំ​២០០០​មក មូលនិធិ​នេះ​បាន​ចំណាយ​ប្រាក់​អស់​រាប់​ពាន់​លាន​ដុល្លារ​ទៅ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​នានា ដូចជា​លើក​កម្ពស់​វ៉ាក់សាំង​បង្ការ​និង​អាហារូបត្ថម្ភ ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​និង​ជំងឺ​ដទៃទៀត គាំទ្រ​គំនិត​ច្នៃប្រឌិត​ថ្មី​ដើម្បី​ផលិត​បង្គន់​អនាម័យ និង​ធានា​ប្រមូល​ទិន្នន័យ​នានា​ដែល​ចាំបាច់​ដើម្បី​កំណត់​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ។

ដូចដែល​បណ្ដាញ​សារព័ត៌មាន Vox បាន​លើកឡើង​ ជារៀងរាល់​ឆ្នាំ មូលនិធិ Gates បាន​ចំណាយ​ប្រាក់​ទៅ​លើ​វិស័យ​សុខាភិបាល​ក្នុង​ពិភពលោក​អស់​ច្រើន​ជាង​អង្គការ​សុខភាព​ពិភពលោក WHO និង​បណ្ដា​ប្រទេស​ភាគច្រើន​ទៅ​ទៀត។ មូលនិធិ​នេះ​បាន​ក្លាយ​ជា​មូលនិធិ​សប្បុរសធម៌ ដែល​មាន​ប្រាក់​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក គឺ​ដល់​ទៅ​៤ម៉ឺន​៦ពាន់​៨​រយ​លាន​ដុល្លារ គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៨​ នេះ។ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​គេហទំព័រមូលនិធិ​នេះ។

ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​បាន​ចោទជាសំណួរ​អំពី​តួនាទី​នៃ​សប្បុរសធម៌​ផ្នែក​សុខាភិបាល​នៅ​ក្នុង​ការ​អភិវឌ្ឍ។

នាយក​ផ្នែក​ទំនាក់ទំនង​នៃ​មូលនិធិ​សប្បុរសធម៌ Wellcome លោក Mark Henderson បាន​សរសេរ​នៅ​ក្នុង​គេហទំព័រ​សប្បុរសជន Inside Philanthropy កាលពី​សប្ដាហ៍​មុន​ថា៖ «មូលនិធិ Gates មូលនិធិ Rockefeller និង​មូលនិធិ Wellcome ​ដែល​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ប្រហែលជា​ចំណាយ​ប្រាក់​ក្នុង​ចេតនា​សប្បុរស ប៉ុន្តែ​មូលនិធិ​ទាំង​នោះ​ត្រូវ​ពិភាក្សា​អំពី​អំណាច​ដ៏​ខ្លាំងក្លា​ដែល​ពួកគេ​មាន នោះ​គឺ​អំណាច​ដែល​មិន​ចាំបាច់​មាន​ការ​ទទួល​ខុសត្រូវ​ច្រើន​»។

លោក Mark Henderson បាន​ប្រកាស​ថា មូលនិធិ​សប្បុរសធម៌​ដែល​ធ្វើការ​លើ​ផ្នែក​សុខភាព​ និង​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ ឡុងដ៏ ហើយ​ក៏​ជា​មូលនិធិ​ដែល​ចំណាយប្រាក់​ច្រើន​បំផុត​ទីពីរ បន្ទាប់​ពី​មូលនិធិ Gates នេះ នឹង​បង្កើន​តម្លាភាព​របស់ខ្លួន៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG