ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកបើកចំហឲ្យមានការប្រជុំមួយលើកទៀតជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ទោះបីជារដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបង្ហាញសញ្ញាថា ខ្លួនមិនមានចំណាប់អារម្មណ៍នៅក្នុងការចាប់ផ្ដើមឡើងវិញនូវកិច្ចពិភាក្សាដែលជាប់គាំងអំពីរឿងនុយក្លេអ៊ែរនេះក៏ដោយ។
លោក Trump បានលើកឡើងដូច្នេះនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងអ្នកស្រី Greta Van Susteren នៃទូរទស្សន៍ Gray។
លោក Trump បញ្ជាក់ដូច្នេះថា៖ «ខ្ញុំយល់ថា ពួកគេចង់ជួបពិភាក្សា ហើយយើងនឹងប្រាកដជាជួបពិភាក្សាជាមិនខាន»។ ក្រោយមក លោកបានបន្ថែមថា៖ «ខ្ញុំនឹងជួបពិភាក្សា ប្រសិនបើខ្ញុំគិតថា វាមានប្រយោជន៍»។
នៅពេលដែលអ្នកស្រី Van Susteren ដែលជាអ្នកយកព័ត៌មានឲ្យ VOA ផងនោះ បានសួរថាតើលោក Trump គិតថា ការប្រជុំដូចនេះនឹងមានប្រយោជន៍ឬក៏អត់នោះ លោក Trump បានឆ្លើយដូច្នេះថា៖ «ប្រហែលជាមានប្រយោជន៍។ ខ្ញុំមានទំនាក់ទំនងល្អបំផុតជាមួយនឹងលោក [Kim Jong Un] ដូច្នេះវាប្រហែលជាមានប្រយោជន៍»។
ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ពីរដងកាលពីសប្ដាហ៍មុនថា ខ្លួនគ្មានចំណាប់អារម្មណ៍នៅក្នុងការពិភាក្សាបន្ថែមទៀតជាមួយនឹងសហរដ្ឋអាមេរិកនោះទេ ដោយបានទទូចថា កិច្ចប្រជុំមួយលើកទៀតមានតែផ្ដល់ប្រយោជន៍ដល់ស្ថានភាពនយោបាយរបស់លោក Trump នៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
កាលពីដើមខែនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានបញ្ជាក់ថា លោកចង់ឃើញលោក Trump និងលោក Kim Jong Un ជួបពិភាក្សាគ្នាម្ដងទៀត មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកចូលមកដល់នៅខែវិច្ឆិកាខាងមុខ៕