ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា​ខ្លួន​នឹង​ចូលរួម​កិច្ច​ពិភាក្សា​នុយក្លេអ៊ែរ បើ​សហរដ្ឋ​អាមេរិក​កាត់​បន្ថយ​ចំនួន​អាវុធ


រូបឯកសារ៖ ទង់ជាតិ​ចិន​និង​ទង់ជាតិ​សហរដ្ឋអាមេរិក​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ នៅ​ក្នុង​ជំនួប​ចរចា​​អំពី​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន កាល​ពី​ថ្ងៃ​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩។
រូបឯកសារ៖ ទង់ជាតិ​ចិន​និង​ទង់ជាតិ​សហរដ្ឋអាមេរិក​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ នៅ​ក្នុង​ជំនួប​ចរចា​​អំពី​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន កាល​ពី​ថ្ងៃ​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក​ដែល​ចង់​ឲ្យ​ខ្លួន​ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា​អំពី​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី គឺ​ជា​ឧបាយកល​ដើម្បី​ពន្លិច​ការ​ចរចា ប៉ុន្តែ​ខ្លួន​នឹង​ចូលរួម ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាត់​បន្ថយ​ចំនួន​អាវុធ​របស់​ខ្លួន​ឲ្យ​ស្មើ​នឹង​កម្រិត​របស់​ចិន។

សហរដ្ឋ​អាមេរិក និង​រុស្ស៊ី​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ខែ​មុន​នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស ដើម្បី​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​ថ្មី​ជំនួស​ឲ្យ​កិច្ច​ព្រមព្រៀង New START។ កិច្ច​ព្រមព្រៀង New STARTដាក់​កំហិត​ភាគី​នីមួយៗ​ឲ្យ​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​តែ​ចំនួន ១.៥៥០ តែ​ប៉ុណ្ណោះ ប៉ុន្តែ​កិច្ច​ព្រមព្រៀង​នេះ​នឹង​ផុត​កំណត់​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ទទូច​ឲ្យ​ចិន​ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា​នេះ ដោយ​លោក​បាន​លើក​ឡើង​អំពី​អ្វី​ដែល​លោក​និយាយ​ថា​ជា​អំណាច​គ្រប់គ្រង​ដោយ​សេរី​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

លោក Fu Cong អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​របស់​ក្រសួង​ការបរទេស​ចិន បាន​បញ្ជាក់​ថា ការ​ដាក់​សម្ពាធ​របស់​សហរដ្ឋ​អាមេរិក​នេះ «គ្មាន​អ្វី​ក្រៅ​ពី​ផែនការ​បង្វែរ​ភាព​តានតឹង​របស់​ពិភពលោក» និង «បង្កើត​នូវ​លេស​ដែល​សហរដ្ឋ​អាមេរិក​អាច​ដើរ​ចេញ​ពី​កិច្ច​ព្រមព្រៀង New START» នោះ​ទេ។

សហរដ្ឋ​អាមេរិក និង​រុស្ស៊ី​មាន​អាវុធ​នុយក្លេអ៊ែរ​ជាង ៩០% នៃ​អាវុធ​នុយក្លេអ៊ែរ​ទាំង​អស់​នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ Stockholm៕

XS
SM
MD
LG